ACU នឹង​ចាត់​ការ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​មួយ

0 2
Cambodia Website Design

ភ្នំពេញៈ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​ ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បំបែក​សំណុំ​រឿង​ពុក​រលួយ​ជា​ប្រព័ន្ធ​មួយ ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​វិស័យ​មួយ​របស់​ជាតិ នឹង​បន្ត​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី​ និង​អ្នក​ផ្តល់​ព័ត៌មាន​រឿង​អំពើ​ពុក​រលួយ ​ឲ្យ​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។

បន្ទាប់​ពី​អញ្ជើញ​ទៅ​បើក​វគ្គ​បណ្តុះ​បណ្តាល​មួយ ស្តីពី​តួនាទី​របស់​អ្នក​កាសែត ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​អភិបាល​កិច្ច​ល្អ និង​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​រសៀល​ថ្ងៃចន្ទ លោក​ឱម យ៉ិនទៀង បាន​ថ្លែង​ថា ក្នុង​ឆ្នាំ ២០១៤ ACU ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​ ១០០៨ ក្នុង​នោះ មាន​ពាក្យ​បណ្តឹង​អនាមិក ៥០​ភាគរយ និង​បាន​ចាត់​ការ​ខ្លះ នៅ​សល់​ខ្លះ។

លោក​បន្ត​ថា ក្នុង​រយៈ​ពេល ៤ ឆ្នាំ​កន្លង​មក ​ការ​បំបែក​សំណុំ​រឿង​ពុក​រលួយ គឺ​បាន​សម្រេច​ករណី​តែ​មួយៗ​ទេ ប៉ុន្តែអ្វី​ដែល​ថ្មី​សម្រាប់​ឆ្នាំ ២០១៥​ នេះ គឺ​មាន​បណ្តាញ​មួយ​ ដែល​ឃុប​ឃិត​គ្នា​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជាតិ​ ក្នុង​វិស័យ​មួយ​របស់​ជាតិ​ហើយ​អង្គភាព​នេះ កំពុង​ដំណើរ​ការ​លើ​បញ្ហា​ដ៏​តាន​តឹង​មួយ​នេះ​ ដែល​អង្គភាព​ស្នើ​រក្សា​សិទ្ធិ មិន​ទម្លាយ​ព័ត៌មាន រហូត​ដល់​​​ចេញ​លទ្ធផល​ជា​ផ្លែផ្កា​សិន​ ដោយ​សន្យា​ថា នឹង​យក​អ្នក​សារព័ត៌មាន​ទៅ​ជាមួយ​ផង ដើម្បី​យក​ព័ត៌មាន​នោះ​ផង​ដែរ។

Cambodia Website Design

លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់ថា៖ «អ្នក​ខ្លះ​ចេះ​​តែ​ចោទ​ថា​ នយោបាយ ចាប់​តែ​អ្នក​តូច​ មិន​ចាប់​អ្នក​ធំ​ យើង​អត់​ទេ ឲ្យ​តែ​មាន​ភ័ស្តុ​តាង​គ្រប់-​គ្រាន់​ គឺ​យើង​ចាប់​ទាំង​អស់​ អ្នក​ធំ​​ អ្នក​តែង​តាំង​ដោ​យ​ព្រះ​រាជ​ក្រឹត្យ ​អ្នក​កណ្តាល ​តែង​តាំង​ដោយ​អនុក្រឹត្យ និង​អ្នក​តូច​គឺ​ដោយ​​ប្រកាស​ ក្នុង​ហ្នឹង​យើង​ឃើញ ​អត្រា​អ្នក​ធំ​ ដែល​យើង​ចាប់​សឹង​ច្រើន​ជាង​ផង»។

ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី ​និង​ប្រភព​ផ្តល់​ព័ត៌មាន គឺ​ត្រូវ​បាន​សរសេរ​ជាង ២ ឆ្នាំ​ហើយ​ក្រោម​កិច្ច​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ មុន​នឹង​បញ្ជូន​ទៅ​កាន់​​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី។

លោក​បញ្ជាក់ថា៖ «សួរ​ថា​ តើ​យើង​ការពារ​បែប​ណា? ​កន្លង​មក​អ្នក​ផ្តល់​ប្រភព​ខ្ញុំ​ហែក​​ឈ្មោះ​ចោល គ្មាន​ឲ្យ​នរណា​ដឹង​ទេ។ ចឹង​រឿង​ច្បាប់​នេះ យើង​គិត​ថា​ គួរ​ចាំបាច់​ធ្វើ ​យើង​ក៏​ឃើញ​រដ្ឋាភិបាល​ក៏​មាន​ឆន្ទៈ​ដែរ​ យើង​ខ្ញុំ​នឹង​ស្នើ​ជា​ផ្លូវ​ការ​ទៅ​ទៀត»។

នាយក​ខុន្ទ​កាល័យ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ លោក សន សោភ័ណ បាន​ឲ្យ​ដឹង​ថា ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ការពារ​សាក្សី នៅ​កំពុង​ដំណើរ​ការ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ថ្លែងថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ទទួល​បាន​លទ្ធផល​ច្រើន គឺ​មក​ពី​អ្នក​រាយ​ការណ៍​ផ្តល់​ព័ត៌មាន ដែល​ផ្តល់​កិច្ច​សហការ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ ដែល​ដូច្នេះ​ ការ​ធានា​នូវ​សុវត្ថិភាព​របស់​ពួក​គាត់ គឺជា​កត្តា​ចាំ​បាច់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពន្លឿន​នីតិ​វិធី​ដើម្បី​អនុម័ត​ច្បាប់​នេះ។

លោក ព្រាប កុល បញ្ជាក់​ថា៖ «ច្បាប់​ហ្នឹង លើក​ទឹក​​ចិត្ត​ឲ្យ​អ្នក​រាយ​ការណ៍​ គាត់​មាន​ភាព​​កក់​ក្តៅ គាត់​មាន​ការ​ចូល​រួម​សហការ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ ហើយ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ អ្វី​ដែល​យើង​ទទួល​បាន​លទ្ធ​ផល​ច្រើន​នោះ ​គឺ​បាន​មក​ពី​ការ​រាយ​ការណ៍​នេះ​ឯង»៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.