បុរស​តាំង​ខ្លួន​ជា​សាវ័ក​ព្រះ​អះអាង​ថា អង្គរវត្ដ​កសាង​ដំបូង​នៅ​ទឹក​ដី​ឥណ្ឌា

0 1
Cambodia Website Design

សៀមរាប: បុរស​មាន​ជំនឿ​លើ​អធិធម្មជាតិ​ដ៏ល្បី​ម្នាក់​របស់​ឥណ្ឌា​ដែល​អះអាង​ថា ខ្លួន​មាន​សាវ័ក ១០​លាន​នាក់​ បាន​រ៉ាយ​រ៉ាប់​ក្នុង​វីដេអូ​លើ​គេហទំព័រ​យូធូប​ជា​ហូរហែថា ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ដំបូង​បំផុត​ត្រូវ​បាន​កសាង​លើ​ទឹក​ដី​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​ឯណោះ​​ ហើយ​ប្រាសាទ​​អង្គរ​វត្ដ​នេះ​ត្រូវ​បាន​កសាង​តាំងពី ៣​ពាន់​ឆ្នាំ​មុន​ម្ល៉េះ។

វីដេអូ​របស់​លោក នីធី​យ៉ាន់ណានដា សាញ្ញា​ ឬ​ស្វាមិ នីធីយ៉ាន់ណានដា​ ត្រូវ​បាន​បង្ហោះ​ក្នុង​ខែ​តុលា និង​ខែ​ធ្នូ​ឆ្នាំ​ទៅ​ដោយ​មុន​ពេល​លោក​មក​ខេត្ដ​សៀមរាប​តែ​បន្ដិច​ដើម្បី​រៀបចំ​សិក្ខា​សាលា​ភាវនា​រយៈ​ពេល​៣​សប្ដាហ៍​ដែល​ចំណាយ​ប្រាក់​១​ម៉ឺន​ដុល្លារ​នៅ​សណ្ឋាគារ​ Empress Angkor​។

150130_20a

Cambodia Website Design

ក្នុង​ជំនួប​នោះ លោក​បាន​អំពាវ​នាវ​ដល់​អ្នក​ចូលរួម​ថា សូម​យល់​ឲ្យ​ច្បាស់​ថា ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​មាន​អាយុ​កាល​លើស​ពី​ ៩០០​ ទៅ​ ១០០០ ​ឆ្នាំ​ដែល​ក្រុម​ប្រវត្ដិវិទូ​បស្ចិម​ប្រទេស​បាន​កត់​ត្រា​ ហើយ​ប្រាសាទ​ជា​ច្រើន​មិន​ត្រូវ​បាន​កសាង​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ។

លោក បន្ដ​ថា ប្រាសាទ​ទាំង​នោះ​ត្រូវ​បាន​កសាង​ និង​ឆ្លាក់​ដំបូង​ក្នុង​រដ្ឋ​តាមិល ណាឌូ ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ ជា​កន្លែង​ដែល​ថ្ម​ផ្គុំ​រួច​ដាក់​លេខ​សម្គាល់​ រុះរើ និង​បញ្ជូន​តាម​នាវា​មក​កម្ពុជា​។ មក​ដល់​ទីនេះ ទើប​មាន​ការ​ផ្គុំ​ដំឡើង និង​ឆ្លាក់​ម្ដង​ទៀត​។

បុរស​រូប​នេះ​លើក​ឡើង​ថា តម្រូវ​ការ​ប្រើ​សត្វ​ដំរី​ជួយ​កិច្ចការ​មនុស្ស​ក៏​ត្រូវ​ដឹក​ពី​ឥណ្ឌា​ដែរ ពីព្រោះ​ប្រជាជន​ខ្មែរ​គ្មាន​លទ្ធភាព​ប្រើ​សត្វ​ដំរី​បាន​ទេ​។

ក្រុម​ប្រវត្ដិ​វិទូ​នៅ​កម្ពុជា​បាន​ច្រាន​ចោល​​ការ​អះអាង​​ដោយ​​ចាត់​ទុក​ជា​សម្ដី​គួរ​ឲ្យ​ចង់​សើច និង​ហួស​ការ​ពិត​។

ក្នុង​សុន្ទរកថា លោក ​ណាន​ដា បាន​សន្និដ្ឋាន​ថា សម័យ​កាល​ស្ដេច​ហ៊្វូណន ដែល​មាន​ផ្ទៃ​ដី​លាត​សន្ធឹង​ដល់​ទឹក​ដី​វៀតណាម​ កម្ពុជា​ និង​ថៃ​នា​ពេល​បច្ចុប្បន្ន​ ទំនង​ជា​មាន​ប្រវត្ដិ​តាំង​ពី​សតវត្សរ៍​ទី​១ និង​ទី​៦ ឬ​ទី​៧​ មក​ម្ល៉េះ​ក្នុង​សម័យ​អាណាចក្រ​ខ្មែរ​ដែល​មាន​​មូលដ្ឋាន​រឹង​មាំ​តាំង​ពី​ឆ្នាំ​៨០២ ក្រោម​​ការ​ដឹក​នាំ​​ស្ដេច​ជ័យវរ្ម័ន​ទី២។

យ៉ាងណាមិញ លោក​ Damian Evans ជា​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រ៉ូប៊ឺត​គ្រីស្ទី​នៅ​សាកល​វិទ្យាល័យ​ស៊ីដនី ដែល​មិន​ធ្លាប់​ឮ​ប្រវិត្ដិ​សាស្ដ្រ​បែប​នេះ បាន​ឲ្យ​ដឹង​ថា​៖ «​ការ​អះអាង​របស់​បុរស​ជាតិ​ឥណ្ឌា​នោះ​គ្មាន​មូលដ្ឋាន​​អ្វី​ទេ​។ ងាយ​យល់​ទេ​ ប្រាសាទ​បុរាណ​នានា​សុទ្ធ​តែ​មាន​សិលា​ចារឹក​ដែល​ប្រាប់​យើង​អំពី​ឆ្នាំ​កសាង​ ជា​ការ​បរិច្ឆេទ​ដែល​មិន​គួរ​ច្រឡំ​ឡើយ​»។

ចំណែក​ឯលោក ដូមីនីក ស៊ូទីហ្វ (Dominique Soutif) ជា​នាយក Ecôle Français d’Extrême Orient​ បាន​លើក​ឡើង​ថា​៖«​វា​គឺជា​ការ​ភូត​ភ​កុហក។ ខ្ញុំ​មិន​ដែល​បាន​ឮ​បែប​នេះ​ពី​មុន​មក​ទេ​។ ប្រាកដ​ណាស់ ពេល​ខ្លះ​មាន​គេ​និយាយ​បែប​ផ្សេង​ពី​ប្រាសាទ​ខ្មែរ ប៉ុន្ដែ​មិន​ដល់​ថ្នាក់​ហ្នឹង​ឡើយ​»។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន លោក នីធីយ៉ាន់ណានដា ត្រូវ​បាន​ចាត់​ទុក​ជា «​អវតារ​រស់​នៃ​ការ​ត្រាស់​ដឹង​» ហើយ​គេហទំព័រ​យូធូប​បង្រៀន​ពី​ចិត្ដ​វិទ្យា​របស់​លោក​មាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត​រហូត​ដល់​ ១៨​ លាន​ដង​។ លោក​គឺជា​ស្ថាបនិក​អាស្រម​ម្នាក់​នៅ​ក្បែរ​​ទីក្រុង​បាងហ្គាលូ​ ដែល​​បង្រៀន​ភាវនា យោគៈ និង​កម្មវិធី​លំហាត់​ប្រាណ​សុខភាព​ ហើយ​ក៏​ធ្វើ​ដំណើរ​បង្រៀន​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

គេហទំព័រ ​ LinkedIn របស់​ហ្គូរូ បាន​ចុះ​ផ្សាយ​ថា លោក​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​មហារីក​ដោយ​គ្រាន់​តែ​ស្ទាប​តែ​បន្ដិច​ផង​ដែរ​។

កាល​ពី​ខែ​សីហា​កន្លង​ទៅ បុរស​មាន​ជំនឿ​លើ​អធិធម្មជាតិ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ប្រទេស​ឥណ្ឌា​បង្គាប់​ឲ្យ​ធ្វើ​តេស្ដ​លើ​សមត្ថភាព​ផ្លូវ​ភេទ​ក្រោយ​ពី​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​បទរំលោភ​បំពាន​ផ្លូវ​ភេទ និង​រំលោភ​សេពសន្ថវៈ​ ដោយ​អះអាង​ថា លោក​ជា​មនុស្ស​អសមត្ថភាព​ផ្លូវ​ភេទ​។

សាវ័ក​របស់​លោក​បាន​អះអាង​ថា​ វីដេអូ​ដែល​បង្ហាញ​ពី​ភ័ស្ដុតាង​ចោទ​ប្រកាន់​លោក​​ជា​រឿង​ប្រឌិត​។ ​

លោក Andreas Pfohl ​​ឲ្យ​ដឹងថា​ សិក្ខា​សាលា​​នៅ​ខេត្ដ​សៀម​រាប​កាល​ពីខែ​ធ្នូ​ មាន​អ្នក​ចូល​រួម ៥០០​នាក់​។ បុរស​ជនជាតិ​អាល្លឺម៉ង់​ វ័យ​៥៥​ឆ្នាំ ដែល​ធ្វើ​ការ​ផ្នែក​ច្បាប់​ បាន​ចូលរួម​សិក្ខាសាលា​គ្រប់​ទាំង​អស់ ដោយ​សារ​ចង់​ដឹង​ចង់​ឮ​ឲ្យ​កាន់​តែ​ច្បាស់​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​បាន​ឮ​ឈ្មោះ​គាត់​ពី​មុន​មក​ទេ​ ប៉ុន្ដែ​ខ្ញុំ​ចូល​ចិត្ដ​វប្បធម៌​ឥណ្ឌា​​។ ​តាម​ពិត ខ្ញុំ​មិន​ឮ​គាត់​និយាយ​អ្វី​អំពី​ប្រាសាទ​អង្គរ​វត្ដ​ទេ​ក្រៅ​តែ​ពី​ថា វា​ជា​ប្រាសាទ​ដ៏​ធំ​របស់​ពិភព​លោក​​នោះ​»។

អ្នក​ចូលរួម​ម្នាក់​​ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ បាន​និយាយ​ថា​៖ «​លោក នីធីយ៉ាន់ណានដា ​ជា​មនុស្ស​អស្ចារ្យ និង​មិន​ធម្មតា​ទេ​។ គាត់​មាន​ហ្សេន​ខ្ពស់​បំផុត​លើ​លោក​!»៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.