សម រង្ស៊ី​ ថា​បក្ស​ប្រឆាំង​នឹង​បន្ថយ​ការ​រិះគន់ CPP

0
Cambodia Website Design

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​នឹង​បន្ថយ​សម្តី​រិះគន់​ទៅ​លើ​គណបក្ស​ប្រជាជន​ពី​ព្រោះ​ថា ​គណបក្ស​ទាំង​ពីរ​ពេល​នេះ​ជា​ដៃគូ​សន្ទនា ហើយ​ត្រូវ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​គូ​ប្រជែង ប៉ុន្តែ«​មិន​មែន​ជា​សត្រូវ» ទេ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អត្ថាធិប្បាយបែប​នេះ តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ នៅ​រដ្ឋសភា ដែល​ប្រធាន​ក្រុម​ភាគ​ច្រើន​និង​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋ​សភា ដែល​ទើប​តែង​តាំង​ថ្មី បាន​ថ្លែង​​ពី​សារៈ​សំខាន់​នៃ​ការ​គោរព​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ឆ្នាំ​មុន។

សម្តី​របស់​លោក សម រង្ស៊ី ​បាន​ធ្វើ​ឡើង​រយៈពេល ១០ ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រិះ​គន់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេសគឺ​លោក កឹម សុខា អនុប្រធាន ​ដែល​បាន​បន្ត​រិះគន់​មក​លើ​រូប​លោក​ផ្ទាល់ បើ​ទោះ​​ជា​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃទី​២២ កក្កដា ​​ឆ្នាំ​មុន បាន​សន្យា​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី​ក៏​ដោយ។

Cambodia Website Design

មួយ​ថ្ងៃ​មុន​​ពេល​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា ​លោក​ កឹម សុខា បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​​ខ្លាំង​ៗ​មក​លើ​លោក​នាយក​រដ្ឋ​មន្រ្តី ក្នុង​វេទិកា​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​ លោក ហ៊ុន សែន ឆ្លើ្លយតប​វិញ។

លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា៖ «ថ្ងៃនេះ ខ្ញុំ​វាយបក​វិញ​ ហើយ​ខ្ញុំ​សូម​ប្រាប់​ឯក​ឧត្តម សម រង្ស៊ី វប្បធម៌​សន្ទនា ឯក​ឧត្តម គ្មាន​ប្រសិទ្ធ​ភាព​ទេ។ យើង​​មិន​ចាំ​បាច់​សន្ទនា​ទៀត​ទេ»។

ចាប់​តាំង​ពី​មាន​ការ​ថ្លែង​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​រួម​បញ្ចូល​នូវ​ការ​អំពាវ​នាវ​ឲ្យ​​កាត់​ទោស​​តំណាង​រាស្រ្ត​គណបក្ស​​ប្រឆាំង​ទាំង ៧ រូប​ ឲ្យ​​ឆាប់​​រហ័ស​លើ​បទ​ចោទ​បះបោរ ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​​ស្ងៀមស្ងាត់ ដោយ​លោក សម រង្ស៊ី បាន​ថ្លែង​ជា​ច្រើន​​លើក​ថា លោក​ចង់​កាត់​បន្ថយ​ភាព​តាន​តឹង។

2-story-2

ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​​ម្សិលមិញ លោក សម រង្ស៊ី បាន​​​ថ្លែង​ថា លោក​រីករាយ ដែល​ «វប្បធម៌​នៃ​ការ​លុប​បំ​បាត់​ត្រូវ​បាន​ជំនួស​ដោយ​វប្បធម៌​សន្ទនា» លោក​ក៏​ទទួល​ស្គាល់​ថា វា​មាន​ន័យ​ថា ​គណបក្ស​ប្រឆាំង​ត្រូវ​បន្ទន់​សំឡេង​របស់​ខ្លួន​បន្ដិច។

លោក​បញ្ជាក់ថា៖ «មាន​ន័យ​​ថា យើង​ត្រូវ​គោរព​គ្នាទៅ​វិញ​ទៅ​មក​ជា​ដៃគូ​សន្ទនា។ យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​សកម្មភាព និង​ទាំង​សម្តី។ យើង​មាន​វិធី​ជា​ច្រើន​​ក្នុង​ការ​និយាយ»។ «​ហើយ​ យើង​​ក៏​ត្រូវ​ទទួល​យក​ការ​ពិត ដែល​យើង​មិន​មែន​ជា​សត្រូវ​ទេ។ យើង​​ជា​គូ​ប្រជែង​ដែល​ប្រជែង​ដើម្បី​អំណាច»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា នេះ​មាន​ន័យ​ថា គណបក្ស​របស់​លោក​លែង​ធ្វើ​ការ​រិះគន់​ខ្លាំង​ៗ​ជា​សាធារណៈ​លើ​គណបក្ស​ប្រជាជន​ឬ​ក៏​ថា ​គណបក្ស​របស់​លោក​ចុះ​ញ៉ម​ចំពោះ​ការ​ថ្លែង​គំរាម​របស់​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា លោក​បាន​​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ឥឡូវ​នេះ​នឹង​ព្យាយាម​ផ្តោត​លើ​​ការ​បង្ហាញ​ខ្លួន​ឯង​ជា​ជម្រើស​ផ្សេង​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​សុន្ទរកថា។

លោក​ថ្លែង​ថា៖ «វា​អាច​មាន​ន័យ​ថា យើង​ត្រូវ​ផ្លាស់​ប្តូរ​បន្តិច​នូវ​ពាក្យ​សម្តី ប៉ុន្តែ វា​មិន​ផ្លាស់​ប្តូរ​អ្វីទេ។ ការ​ពិត​យើង​ព្យាយាម​​សម្រេច​​គោល​បំណង​តែ​មួយ ដើម្បី​កំណែ​ទម្រង់​ប្រទេស»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​បាតុកម្ម​តាម​ផ្លូវ​ដែល​បាន​ស្រែក​រិះ​គន់​​កាល​ពី​ចុង​ឆ្នាំ ២០១៣ ​បន្ទាប់​ពី​អះអាង​ថា ​មាន​ការ​បន្លំ​​ការ​បោះ​ឆ្នោត​ជាតិ ដោយ​គណបក្ស​កាន់​អំណាច។ ​ម្តង​នោះ ​​មាន​បាតុករ​រាប់​ម៉ឺន​នាក់​ បាន​ចូល​រួម​ក្នុង​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង ដែល​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។​

ពេល​ជាប់​គាំង​នយោ​បាយ​ជិត​មួយ​ឆ្នាំ លោក​នាយក​រដ្ឋមន្រ្តី​ ជា​ញឹក​ញាប់​បាន​​ចាត់​ទុក​​​លោក កឹម សុខា​ ថា ជា​ជន​ក្បាល​​រឹង​ បើ​ធៀប​នឹង​លោក សម រង្ស៊ី ហើយ​ថែម​ទាំង​បាន​ចោទ​លោក កឹម សុខា ម្តង​នោះ​ថា​ បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ទទួល​​បរាជ័យ។

លោក កឹម សុខា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិល ថា​តើលោក​ពេញ​ចិត្ត​​​នឹង​សេចក្តី​សម្រេច​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ផ្លាស់​ប្តូរ​​​ពាក្យ​ពេចន៍​ខ្លួន​ឬ​យ៉ាង​ណា?

លោក ស ខេង ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​ជាមួយ​នឹង​លោក សម រង្ស៊ី ក្នុង​ន័យ​ផ្សេង​​ ដោយ​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​ឈរ​លើ​គោល​ការណ៍​សហការ​គ្នា​បម្រើ​ពលរដ្ឋ​និង​លើក​កម្ពស់​វប្បធម៌​សន្ទនា។

លោក​រដ្ឋ​មន្រ្តី​​បាន​លើក​ឡើង​ជា​​ប្រយោល​អំពី​ភាព​តាន​តឹង​ថ្មីៗ​នេះ។ លោក ស ខេង បាន​បញ្ជាក់​ថា៖ «យើង​កំពុង​ពិនិត្យ​សកម្មភាព​របស់​គណបក្ស​ទាំង​ពីរ ហើយ​ថា​ តើ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​​កិច្ច​ព្រម​ព្រៀង​​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ២០១៤ ឬ​ក៏យ៉ាង​ណា​?»។
មេ​ដឹក​នាំ​ទាំង​ពីរ​នៃ​ក្រុម​ភាគ​តិច និង​ភាគ​ច្រើនក្នុង​សភា​ នឹង​​ជួប​ប្រជុំគ្នា​ជា​ផ្លូវការ​រៀង​រាល់​ ៣ ខែម្តង​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.