ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ចាត់​ទុក​ការ​បាត់​យន្តហោះ​ជើងហោះហើរ​លេខ MH៣៧០ ថា​ជួប « គ្រោះថ្នាក់ »

0 0
Cambodia Website Design

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មករា ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ថា ការ​បាត់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines ដែល​មាន​ជើង​ហោះហើរ​លេខ MH៣៧០ កាល​ពី​ខែ​មីនា ឆ្នំា ២០១៤ គឺ​ជា​រឿង​គ្រោះថ្នាក់ និង​ថា អ្នកដំណើរ​ទំាង ២៣៩នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​នោះ ក៏​ប្រហែល​ជា​ស្លាប់​អស់​បាត់​ទៅ​ហើយ។ ការ​ចេញ​មុខ​ប្រកាស​ជា​ផ្លូវការ​ពី​មូលហេតុ​នៃ​ការ​បាត់​យន្តហោះ​នោះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ជន​រងគ្រោះ​អាច​ផ្តើម​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន Malaysia Airlines ក៏ដូច​ពី​ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត។

ការ​ប្រកាស​ជា​ផ្លូវការ​របស់​រដ្ឋអំណាច​ម៉ាឡេស៊ី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​លោក​អាហ្សារូដឌីន អាប់ឌុល រ៉ាម៉ាន ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី។ លោក​រ៉ាម៉ាន​បាន​ប្រកាស​តាម​ទូរទស្សន៍​ដោយ​បាន​ចាត់​ទុក​ការ​បាត់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines កាល​ពី​ខែ​មីនា ឆ្នំា ២០១៤ ថា ជា​រឿង​គ្រោះថ្នាក់ និង​ថា អ្នកដំណើរ​ទំាង ២៣៩នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​នោះ ក៏​ប្រហែល​បាន​ស្លាប់​អស់​បាត់​អស់​ហើយ។ គួរ​រម្លឹក​ជូន​ថា យន្តហោះ​មួយ​គ្រឿង​របស់ Malaysia Airlines ប្រភេទ​ប៊ូអ៊ីង ៧៧៧ ដែល​មាន​ជើង​ហោះហើរ​លេខ MH៣៧០ បាន​បាត់​ដំណឹង​សូន​ឈឹង​តំាង​ពី​ថ្ងៃទី ៨ មីនា ឆ្នំា ២០១៤ ក្រោយ​ពី​ហោះ​ឡើង​បាន​បន្តិច​ពី​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡំាពួ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកំាង ប្រទេស​ចិន។

Cambodia Website Design

តាម​ការ​សន្និដ្ឋាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហោះ​ឡើង​បាន ១ម៉ោង​ភ្លាម យន្តហោះ​នោះ​បាន​ប្តូរ​ទិសដៅ​​ដោយ​អ្នក​បើកបរ​មិន​បាន​ប្រាប់​ពី​មូលហេតុ។ ដំបូង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច រួច​ទៅ​ទិស​​ខាង​ត្បូង​ឆ្ពោះ​ទៅ​មហាសមុទ្រ​ឥណ្ឌា​ និង​ដែល​ប្រហែល​ជា​បាន​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ​ក្រោយ​ពី​បាន​បន្ត​ហោះហើរ​ជា​ច្រើន​ម៉ោង​មក។ អ្នក​បើកបរ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ទំាង​អស់ តែ​ការ​សន្និដ្ឋាន​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​ដោយ​ផ្កាយរណប។ តែ​យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​ពី​ទីកន្លែង​ពិត​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់​ទេ ហើយ​ក៏​គេ​នៅ​មិន​ទាន់​បាន​រក​ឃើញ​បំណែក​ណា​មួយ​របស់​យន្តហោះ​នោះ​ដែរ ទោះ​បី​ជា​មាន​ប្រតិបត្តិការ​ស្វែង​រក​យ៉ាង​ធំធេង​ក៏​ដោយ។

ជិត​មួយ​ឆ្នំា​មក​ហើយ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​កំពុង​រង់ចំា​ដំណឹង និង​ការ​ពិត​ជុំ​វិញ​ការ​បាត់​យន្តហោះ​នោះ។ ទីបំផុត​ពេល​នេះ រដ្ឋអំណាច​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​បាន​សម្រេច​ចិត្ត​ប្រកាស​ជា​ផ្លូវការ​ថា យន្តហោះ​នោះ​បាន​ជួប​គ្រោះថ្នាក់ និង​អ្នកដំណើរ​អាច​ស្លាប់​ទំាង​អស់​គ្នា។ ការ​ប្រកាស​របៀប​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អាច​ទទួល​បាន​សំណងជំងឺ​ចិត្ត​ពី Malaysia Airlaines ក៏​ដូច​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត។ តែ​កំហឹង​របស់​ក្រុមគ្រួសារ​ជន​រងគ្រោះ​នៅ​តែ​មាន ដោយ​ពួក​គេ​អះអាង​ថា បើ​យន្តហោះ​នោះ​ជួប​គ្រោះថ្នាក់​ធ្លាក់​មែន រដ្ឋអំណាច​ត្រូវ​តែ​យក​ភស្តុតាង​មក​បង្ហាញ។

ឆ្នំា ២០១៤ ជា​ឆ្នំា​ខ្មៅ​ងងឹត​ចំពោះ​ក្រុមហ៊ុន Malaysia Airlines ជាមួយ​នឹង​ការ​បាត់​យន្តហោះ​ជើង​ហោះហើរ​លេខ MH៣៧០ ជាមួយ​នឹង​អ្នកដំណើរ ២៣៩នាក់ និង​ជើងហោះហើរ​លេខ MH១៧ ដែល​ត្រូវ​គ្រាប់​មីស៊ីល​ផ្ទុះ​ឆេះ​នៅ​ប៉ែកខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កក្កដា​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៦២នាក់៕

ប្រភព៖ http://km.rfi.fr/

You might also like More from author

Leave A Reply

Your email address will not be published.