Global Witness​៖ ​ក្រុមហ៊ុន​​ទ្រី​ ភាព​​នាំ​ឈើ​​ចេញ​​ជិត​​មួយ​​ពាន់​ម៉ែត្រ​គូប​​ជា​រៀងរាល់​ថ្ងៃ

2
Cambodia Website Design

អង្គការ​​Global Witness ​ដែល​មាន​​មូលដ្ឋាន​​នៅ​ក្នុង​​ប្រទេស​​អង់គ្លេស​ បាន​​រកឃើញ​ថា ​ក្រុមហ៊ុន​​ទ្រី ​ភាពគ្រុប​​របស់​លោក​​ឧក​ញ៉ាទ្រី ភាព​ បាន​​នាំ​ចេញ​​ឈើ​ប្រណីត​ៗ​ពី​​កម្ពុជា​​ប្រមាណ​៩០០​ម៉ែត្រ​គូប​​ជា​​រៀងរាល់​ថ្ងៃ​។ ​តាម​រយៈ​​របាយការណ៍​​របស់​ខ្លួន​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ ​អង្គការ​​Global Witness ​បាន​​បង្ហាញ​ថា ​៨៥​ភាគរយ​​នៃ​​ឈើ​​ប្រណីត​​កម្ពុជា​​​ត្រូវ​បាន​​នាំ​ចេញ​​ទៅ​កា​​ន់​​ប្រទេស​​ចិន​។

នៅក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់៣២ទំព័រ​របស់ខ្លួន អង្គការ​Global Witness បាន​បញ្ជាក់ថា ឈើ​ប្រណីត​ទាំងនោះ ត្រូវបាន​ក្រុមហ៊ុន​ទ្រី ​ភាព​គ្រុប ​កាប់​នៅក្នុង​តំបន់​អភិរក្ស និង​តំបន់​ឧទ្យាន​ជាតិ។ ក្រៅពីនេះ ក្រុមហ៊ុន​ទ្រី ភាព ក៏បាន​កាប់​ឈើ​នៅក្នុង​តំបន់​ដី​សម្បទាន​ដែល​ខ្លួន​ទទួលបាន​ពី​រដ្ឋាភិបាល​ជាច្រើន​ហិកតា និង​នៅក្នុង​តំបន់​ស្ថិត​នៅក្បែរនោះ​ផងដែរ។

របាយ​ការ​ណ៏​ប្រចាំ​ខែកុម្ភៈ ក្រោម​ចំណង​ថា តម្លៃ​ឈើ​ប្រណីត ឫ The Cost of Luxury នេះ ត្រូវបាន​អង្គការGlobal Witness បាន​ចំណាយពេល​ដល់​ទៅ៨ខែ ដើម្បី​ធ្វើការ​ស៊ើបអង្កេត ប្រមូល​ឯកសារ និង សម្ភាស​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា។ របាយការណ៍​នេះ បាន​រកឃើញថា លោក​ឧក​ញ៉ា​ទ្រី ​ភាព បាន​សហការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រីនគរបាល​ផ្សេងទៀត​ក្នុង​រៀបចំ​នាំ​ឈើ​ប្រណីត​ទាំងនោះ​ចេញទៅ​ក្រៅប្រទេស។ បើតាម​របាយ​ការ​ណ៏​ដដែល ក្រុមហ៊ុន​ទ្រី​ ភាព​គ្រុប បាន​នាំចេញ​ឈើ​ប្រណីត​តាម​កំពង់ផែ​ក្រុងព្រះសីហនុ​ទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ឈ្មោះថា Kin Chung នៅក្នុង​ទីក្រុង​ហុងកុង មុននឹង​ដឹកជញ្ជូន​បន្តទៅ​កាន់​ប្រទេស​ចិន។ យោងតាម​ឯកសារ​មួយ​ដែល​អង្គការ​Global Witness ទទួលបាន បញ្ជាក់ថា ទំហំ​ទឹកប្រាក់​នៃ​ការនាំ​ឈើ​ប្រណីត​ចេញ​នេះ គឺមាន​ចំនួន៥,៦លាន​ដុល្លារ​អាមេរិក ដោយមាន​ដាក់ឈ្មោះ​រដ្ឋបាល​ព្រៃឈើ ជា​អ្នក​នាំចេញ។

Cambodia Website Design

លោក​ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ បានចាត់ទុក​របាយការណ៍​នោះ​ថា មិនមែនជា​រឿង​ថ្មី​នោះទេ​សម្រាប់​កម្ពុជា។ មិនមែនជា​រឿង​ថ្មី គឺ​ដោយសារតែ​អង្គការ​អន្តរជាតិ​នេះ ក៏​ធ្លាប់​បានចេញ​របាយការណ៍​ស្រដៀង​គ្នា​នេះ​នាពេល​កន្លងមក​ផងដែរ។ លោក​ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​អះអាងថា ការគ្រប់គ្រង​ព្រៃឈើ នៅ​កម្ពុជា​គឺ រដ្ឋបាល​ព្រៃឈើ​អនុវត្ត​ទៅតាម​ច្បាប់ និង​គោលការណ៍​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ហើយ​ការដាក់​ឈ្មោះ​រដ្ឋបាល​ព្រៃឈើ នៅលើ​ឈើ​ប្រណីត​ដែល​នាំចេញ​នោះ គឺជា​ស្តង់ដារ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុងនាម​ជា​អ្នកត្រួតពិនិត្យ​ការនាំ​ឈើ​ចេញ។

យ៉ាងណាក៏ដោយ អង្គការGlobal Witness បានលើកឡើង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ដែរ​ថា ឈើ​ប្រណីត​របស់​កម្ពុជា​ប្រមាណ ៨៥ភាគរយ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​កំណើន​នៃ​ការនាំចេញ​ឈើប្រណិត​ពី​កម្ពុជា​ទៅ​ចិន​បាន​កើនឡើង​ដល់១៥០ភាគរយ​ពី​ឆ្នាំ២០១៣ មក​ឆ្នាំ២០១៤។ ជាមួយនឹង​ការរកឃើញ​បែបនេះ អង្គការGlobal Witness បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ទ្រី ​ភាព​គ្រុប និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​សហការគ្នា​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទាំងនោះ។ បន្ថែម​លើ​នេះ អង្គការ​ធ្វើការ​បរិស្ថាន​មួយ​នេះ ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ចិន និង​អាជ្ញាធរ​ក្រុង​ហុងកុង ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ក្នុងការ​បញ្ឈប់​ការទទួល​ការនាំ​ចូល​ឈើប្រណីតៗពី​ប្រទេស​កម្ពុជា​តទៅទៀត។

លោក​ឆេង គឹម​ស៊ុន បាន​បញ្ជាក់ថា រដ្ឋបាល​ព្រៃឈើ បាននិងកំពុង​ត្រួតពិនិត្យ​ជាប្រចាំ​លើ​ការនាំចេញ​ឈើ​របស់​ក្រុមហ៊ុនផ្សេងៗ ពោលគឺ​បានធ្វើ​ឡើង​មុន​ការស្នើ​របស់​អង្គការ​Global Witnessនេះ​ទៅទៀត។ ប្រធាន​រដ្ឋបាល​ព្រៃឈើ​រូបនេះ ទទួលស្គាល់ថា ក្រុមហ៊ុន​ទ្រី ភាព ពិតជា​នាំ​ឈើ​ចេញទៅ​កាន់​ប្រទេស​ចិន​មែន ប៉ុន្តែ​ការនាំចេញ​ដល់​ទៅ៩០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នោះ មិនមាន​ច្បាប់​ណា​អនុញ្ញាត​នោះឡើយ៕

ប្រភព៖ RFI Khmer

Comments

comments

You might also like More from author