អាល្លឺម៉ង់​និង​អាមេរិ​ក​មាន​ជំហរ​ផ្ទុយ​គ្នា​ខាង​ផ្គត់​ផ្គង់​អាវុធ​ដល់​ទាហាន​អ៊ុយក្រែន ?

3
Cambodia Website Design

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ ដោយ​គ្មានលទ្ធផល និង​បាន​ទាមទារ​​ឱ្យ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បញ្ចេញ​សកម្មភាព​ជួយ​នាំ​សន្តិភាព​ឱ្យ​អ៊ុយក្រែន​ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល ​ត្រូវ​បន្ត​សកម្មភាព​​ការ​ទូត​រួម​គ្នា​ទៀត ដោយ​ត្រូវ​ជួប​ចរចា​គ្នា​បួន​ភាគី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី និង​សមភាគី​អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ។ គ្រប់​ភាគី​ពាក់​ព័ន្ធ​សុទ្ធ​តែ​យល់​ថា​ ដំណោះ​ស្រាយ​តាម​ផ្លូវការ​ទូត​ តាម​ផ្លូវ​នយោបាយ​ជា​មធ្យោបាយ​ដ៏​ប្រពៃ​ជាង​គេ​ក្នុង​វិបត្តិ​អ៊ុយក្រែន ប៉ុន្តែ​ជា​លើក​ទី​មួយ អាល្លឺម៉ង់​និង​សម្ព័ន្ធ​មិត្ត​អាមេរិក បាន​បង្ហាញ​ជំហរ​ផ្ទុយ​គ្នា​ជា​សាធារណៈ​​ជុំ​វិញ​ការ​បញ្ជូន​អាវុធ​ទៅ​ជួយ​រដ្ឋាភិបាល​អ៊ុយក្រែន។

បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន ត្រូវ​បន្ត​ជួប​ពិភាក្សា​គ្នា​លើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​​លោក​ស្រី​មែរកិល និង​លោក​ហ្វ្រង់ស័រ​ហូឡង់ នៅ​ក្រុង​មីស្កន៍​ ថ្ងៃពុធ​ទី​១១​កុម្ភៈ​ខាង​មុខ។ នេះ​ជា​លទ្ធផល​នៃ​ជំនួប​តាម​ទូរស័ព្ទ​។

ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​នេះ សកម្មភាព​ការទូត នយោបាយ​​អាច​ផុស​ផុល​ខ្លាំង ព្រោះ​​​ជា​ពេលវេលា​ផ្តាច់​ព្រ័ត្រ​ សម្រេច​ថា តើ​គំនិត​ផ្តួច​ផ្តើម​សន្តិភាព​បារាំង-អាល្លឺម៉ង់ នឹង​មាន​​ជោគជ័យ​ ឬ​បរាជ័យ​ធ្លាក់​ទឹក។ នេះបើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ដែល​ដូច​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ដែរ មាន​ជំហរ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់។

Cambodia Website Design

ម្សិលមិញ​នៅ​ពេល​ត្រលប់​មក​ដល់​ប្រទេស​បារាំង​វិញ លោកហ្វ្រង់ស័រ​ហូឡង់ ​ បាន​ប្រកាស​ចាត់​ទុក​ជំនួប​ជាមួយ​លោក​ពូទីន ថា​ជា​សំណាង​ចុងក្រោយ ​សម្រាប់​សន្តិភាព​អ៊ុយក្រែន។ ហើយ​បើ​នៅ​តែ​គ្មាន​លទ្ធផល​ទៀត គឺ​មាន​តែ​សង្គ្រាម​​ប៉ុណ្ណោះ។ ជា​មួយ​នឹង​ប្រសាសន៍​បែប​នេះ ខាង​លោ​ក​ពូទីន ក៏​បាន​បញ្ចេញ ប្រតិកម្ម​តប​វិញ​យ៉ាង​ទាន់ហន់ នៅ​ល្ងាច​មិញ ថា​រុស្ស៊ី​មិន​ដែល​គិត​ចង់​ធ្វើ​សង្គ្រាម​ម្តង​ណា​ឡើយ រុស្ស៊ី​បើក​ចំហ​ជា​និច្ច​ដល់​ការចរចា។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី មាន​សុទិដ្ឋនិយម​ខ្លាំង ថា​កិច្ចព្រមព្រៀង​មួយ​នឹង​អាច​លេច​ជា​រូប​រាង​បាន​។ បើ​តាម​ប្រភព​​ស្និទ្ធ​ប្រធានាធិបតី​បារាំង​ មាន​ចំណុច​ជា​ច្រើន​ដែល​​ត្រូវ​បន្ត​ពិភាក្សា​គ្នា​ និង​ដែល​ត្រូវ​ឱ្យ​រុស្ស៊ី​គាំទ្រ​ដើម្បី​អាច​ចេញ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ជា​និរន្ត​បាន​ មាន​ជា​អាទិ៍​ លក្ខន្តិកៈ​ដែន​ដី​ភាគ​ខាង​កើត​អ៊ុយក្រែន កាប់កាប់​ដោយ​ពួក​ប៉ះបោរ​ចង់​ផ្តាច់​ទឹក​ដី ការ​ត្រួត​ពិនិត្យ​​ព្រំដែន ការ​ដក​អាវុធ​ធុន​ធ្ងន់ …

ផ្តល់​សព្វាវុធ ឬ​ផែនការ​សន្តិភាព ?

លោកស្រី​មែលកិល ដែល​មាន​ជំហរ​ដូច​គ្នា​ជាមួយ​បារាំង​ បាន​បដិសេធ​ដាច់​អហង្ការ មិន​បញ្ជូន​អាវុធ​ទៅ​ឱ្យ​ទាហាន​អ៊ុយក្រែន​ឡើយ​ ព្រោះ​យល់​ថា​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​​ទេ។ លោកស្រី​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក​ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ អាមេរិក​កន្លង​មក​បាន​ផ្តល់​ជំនួយ​​យោធា​ ជា​គ្រឿង​មិន​ផ្ទុះ​ ដល់​អ៊ុយក្រែន​សម្រាប់​ការពារ​ខ្លួន តែ​ក៏​កំពុង​ចោទ​សួរ​​ដែរ​ថា​តើ​វិបត្តិ​អ៊ុយក្រែន នឹង​ត្រូវ​ដោះស្រាយ​បាន​ដោយ​កម្លាំង​យោធា។

សម្រាប់​អាមេរិក និង​អ៊ុយក្រែ​ន​ផ្ទាល់ ​ទាហាន​អ៊ុយក្រែន​ត្រូវ​ការ​​មាន​សព្វាវុធ​ខ្លាំង​និង​ទំនើប ទើប​អាច​​មាន​លំនឹង​អាច​ប្រៀប​នឹង​កម្លាំង​​ព្រមទាំង​អាវុធ​យុទ្ធភណ្ឌ ធុន​ធ្ងន់​ទំនើបៗ​របស់​រុស្ស៊ី​ផ្តល់​ឱ្យ​ពួក​ឧទ្ទាម​ឡើយ។ លោក​ប៉ូរ៉ូឆេនកូ បាន​ថ្លែង​ទាមទារ​នៅ​ល្ងាច​មិញ ឱ្យ​​ប្រជាជន​ និង​ថ្នាក់​ដឹកនាំ​អឺរ៉ុប និង​ពិភពលោក​ ជួយ​គាំទ្រ​អ៊ុយក្រែន​ឱ្យ​​ឯករាជ្យ​មាន​ឯករាជ្យ​រឹង​ម៉ាំ ទាំង​ខាង​នយោបាយ​ សេដ្ឋកិច្ច និង​យោធា ទើប​អាច​ដោះស្រាយវិបត្តិ​បច្ចុប្បន្ន​នេះ​បាន។

សមាជិក​ព្រឹទ្ធសភា​អាមេរិក បក្សសាធារណរដ្ឋ ដែល​មាន​វត្តមាន​ក្នុង​សន្និសីទ​ក្រុង​ម៉ុយ​និច ម្សិលមិញ​ដែរ​បាន​ វាយប្រហារ​ចំៗ លោក​ស្រី​មែលកិល​ថា​បែរ​ខ្នង​ដាក់​សម្ព័ន្ធ ដោយ​មិន​ព្រម​​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។ ចំណែក​​អនុប្រធានាធិបតី​អាមេរិក លោក ចូបៃដិន  បាន​គូស​បញ្ជាក់​បែបបន្ធូរ​បន្ថយ​ស្ថានការណ៍​ថា រុស្ស៊ី​របស់​លោក​ពូទីន​សន្យា​ច្រើន​ជ្រុល​រក​សន្តិភាព​ឱ្យ​អ៊ុយក្រែន និង​បាន​បញ្ជូន​អាវុធ​រថក្រោះ កម្លាំង​ទាហាន និង​អាវុធ​ដល់​ពួក​បះបោរ​ភាគ​ខាង​កើត​ ដូច្នេះ ​អាមេរិកបន្ត​ជួយ​អ៊ុយក្រែន​​នូវ​ជំនួយ​សន្តិសុខ។ ប៉ុន្តែ​មិន​មែន​ញុះ​ញង់​ឱ្យ​មាន​សង្គ្រាម​ទេ គឺ​ឱ្យ​​ក្រុង​គៀវ​​​មានលទ្ធភាព​​-សិទ្ធិការពារ​ខ្លួន។ លោក​ចន ឃែរី ក៏​បាន​ចេញ​មុខ​អះអាង​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ ប្រឆាំង​ដាច់​ខាត​ថា​គ្មាន​ភាព​ប្រេះឆា​ ក្នុង​រង្វង់​សម្ព័ន្ធមិត្ត​ឡើយ៕

Comments

comments

You might also like More from author