កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​ចាប់​បើកធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ

0

កិច្ចប្រជុំ​ស្តីពី​បញ្ហា​អាកាស​ធាតុ​បាន​ចាប់ផ្តើម​បើក​ធ្វើ នៅថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ កិច្ចប្រជុំនេះ​ធ្វើឡើង​ក្នុងគោលដៅ​ស្វះស្វែង​រក​កិច្ចព្រមព្រៀង​បឋម​មួយ ដើម្បី​​យក​ទៅ​ជជែក​​និង​អនុម័ត នៅ​ក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ ដែល​នឹង​ត្រូវ​បើក​ធ្វើ នៅ​ចុងឆ្នាំ​២០១៥ នៅ​ក្នុង​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល​១សប្តាហ៍ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ តំណាង​រដ្ឋាភិបាល​​មក​ពី​ប្រទេស​ចំនួន ១៩៥ ក្រោម​កិច្ចសម្របសម្រួល​របស់​អ.ស.ប នឹង​ជជែក​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅ​រៀបចំ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​មួយ​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឡើងកម្តៅ​នៃ​ភព​ផែនដី។ បន្ទាប់​មក​ សេចក្តីព្រាង​នេះ​នឹង​ត្រូវ​​គេ​យក​ទៅ​ជជែក​គ្នា និង​អនុម័ត នៅ​​ក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ​របស់​អ.ស.ប ដែល​នឹង​ត្រូវ​ធ្វើ នៅ​ខែធ្នូ នៅ​ក្នុង​ទីក្រុង​ប៉ារីស។ គឺ​កិច្ចព្រមព្រៀង​នេះ​ហើយ​ដែល​នឹង​ត្រូវ​ចូល​មក​ជំនួស​ពិធីសារ​ក្រុង​ក្យូតូ ដែល​នឹង​ត្រូវ​អស់សុពល​ភាព នៅ​ឆ្នាំ​២០២០​ខាងមុខ។

គោលដៅ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើងកម្តៅ​នៃ​ភពផែនដី​ត្រូវ​បាន​គេ​ដឹង​គ្រប់គ្នា​ជា​សកល​ទៅហើយ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី កើនឡើង​លើស​ពី ២អង្សា ពីព្រោះ​បើ​តាម​អ្នក​ជំនាញ​ខាង​អាកាសធាតុ ប្រសិនបើ​សីតុណ្ហភាព​កើនឡើង​លើស​ពី ២អង្សា​វា​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ខុស​ពី​ធ​ម្មតា​បង្ក​ទៅជា​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូសាស្រ្ត ដល់​សេដ្ឋកិច្ច និង​ដល់​សង្គម​ ជាពិសេស នៅ​ក្នុង​ប្រទេស​ក្រីក្រ។

អ្នកវិទ្យាសាស្រ្ត​បាន​ធ្វើការ​ព្រមាន​រួចទៅហើយ​ថា នៅ​ក្នុង​ស្ថានភាព​នៃ​ការ​វិវឌ្ឍអាកាសធាតុ​បច្ចុប្បន្ន​នេះ ប្រសិនបើ​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​សមស្រប​ទេនោះ សីតុណ្ហភាព​នៃ​ភពផែនដី​នឹង​ត្រូវ​កើនឡើង ពី ៤ ទៅ ៥អង្សា នៅ​ចុងសតវត្សរ៍​នេះ។

វិធានការ​ចម្បងបំផុត​នៅ​ក្នុង​ទប់ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី គឺ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​​ឧស្ម័នមួយ​ចំនួន ដែល​គេហៅថា “ឧស្ម័នផ្ទះកញ្ចក់” ជាពិសេស គឺ​ឧស្ម័នកាបូនិក ដែល​កើតចេញ​ពី​សកម្មភាព​ដឹកជញ្ជូន ម៉ាស៊ីន​រោងចក្រ និង​​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត ដែល​ត្រូវ​ការ​ប្រើ​ថាមពល​ផូស៊ីល (ជាពិសេស ប្រេង និង​ធ្យូងថ្ម)។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​មាន​ការប្រចាំគ្នា រវាង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​ដែល​ទើប​នឹង​រីកលូតលាស់​ថ្មី ជាពិសេស គឺ​រវាង​​បណ្តា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ ដូចជា សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា និង​រុស្ស៊ី ជាដើម។

បណ្តា​ប្រទេស​ក្រីក្រ ដែល​ងាយរងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​កំពុងតែ​ធ្វើ​ការ​ទាមទារ​ផងដែរ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ​​​ផ្តល់​ជំនួយ​​ ចំនួន ១០០ពាន់លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ ទៅតាម​ការសន្យា ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុង​ការ​សម្របខ្លួន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

ប្រភប៖ http://km.rfi.fr/

You might also like More from author

Leave A Reply

Your email address will not be published.