លោក វណ្ណ មូលីវណ្ណ សម្ងំ​រម្ងាប់​អារម្មណ៍​ក្នុង​ក្រុង​សៀមរាប​សម្រាប់​ជីវិត​ចុងក្រោយ

3
Cambodia Website Design

នៅលើ​ផ្លូវ​ដីក្រហម​តូច​មួយ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប​ចម្ងាយ​ប្រហែល​ជា ៥០០​ម៉ែត្រ​ពី​ផ្លូវលំ​ធំ​មួយ​ដែល​អ្នក​សៀមរាប​ហៅថា ផ្លូវ​៦០​ម៉ែត្រ អ្នកដំណើរ​ឆ្លងកាត់​ទី​នោះ​ចាប់​អារម្មណ៍​ទៅលើ​ផ្ទះ​ម៉ូដ​សម័យ​បារាំង​មួយ បើទោះ​ជា​មាន​ព័ទ្ធ​របង​ជិត​ក៏ដោយ​។

នៅពេល​សាកសួរ​អ្នក​នៅ​ក្បែរៗ នោះ ភូមិគ្រឹះ​បែប​បុរាណ​នេះ​គឺជា​ទីស្នាក់​អាស្រ័យ​របស់«​បិតា​ស្ថាបត្យកម្ម​នៃ​ប្រទេស​កម្ពុជា​»​ដ៏ល្បីល្បាញ​នា​សម័យ​សង្គម​រាស្ត្រនិយម គឺ​លោក វណ្ណ មូលីវណ្ណ​។

បើ​គ្រាន់តែ​ចំណាយ​ពេល​ប្រាំ​នាទី​តាម​បណ្តោយ​ផ្លូវដី​ក្រហម​ដែល​មាន​ជង្ហុក​ដោយ​អន្លើៗ និង​មាន​ផ្ទះ​តូចៗ​តាម​ដងស្ទឹង​ជាច្រើន ដែល​មាន​ប្រជាពលរដ្ឋ​លក់​ជា​បន្លែ ផ្លែឈើ និង​គ្រឿងទេស​បន្តិចបន្តួច​ចិញ្ចឹម​ជីវិត​នោះ​យើង​នឹង​ទៅ​ដល់​ភូមិគ្រឹះ​ដែល​លោក វណ្ណ មូលីវណ្ណ មក​សម្ងំ​ស្នាក់នៅ​ជាមួយ​ភរិយា ដើម្បី​បាន​រម្ងាប់​អារម្មណ៍​នៅក្នុង​ជីវិត​ចុងក្រោយ​របស់​លោក​។

Cambodia Website Design

ម្ចាស់ផ្ទះ​លក់​ភេសជ្ជៈ​នៅលើ​ដងផ្លូវ​នេះ អ្នកស្រី ចាន់ ធី បាន​ប្រាប់​កម្ពុជា​ចុងសបា្តហ៍​ថា គាត់​បាន​ឮ​តៗ​គ្នា​ថា លោកតា វណ្ណ មូលីវណ្ណ បាន​មក​រស់នៅ​ក្នុង​ភូមិគ្រឹះ​នេះ ប៉ុន្តែ​គាត់​មិន​ដែល​មាន​ឱកាស​បាន​ឃើញ​គាត់​ផ្ទាល់​ទេ​។

អ្នកមីង​ថា​៖ «​អ្នក​ជិតខាង​គេ​ប្រាប់​ខ្ញុំ​ថា លោក វណ្ណ មូលីវណ្ណ មក​នៅ​ទី​នេះ តែ​ពី​ដំបូង​ខ្ញុំ​មិន​សូវ​ជឿ​ដែរ ពីព្រោះ​មិន​ដែល​ឃើញ​គាត់​ចេញ​ចូល​តាម​ផ្លូវ​នេះ​សោះ​។ ប៉ុន្តែ​គេ​ថា គឺ​ប្រាកដ​ណាស់ គាត់​គឺជា​ស្ថាបត្យករ​កម្ពុជា​ដ៏​កំពូល​១​រូប និង​ល្បី​ឈ្មោះ​បំផុត​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ឥឡូវ​គាត់​មក​រស់នៅ​ទី​នេះ​ហើយ​»​។

អ្នកមីង​បន្ត​ថា ៖ «​បើ​យ៉ាង​នេះ​មែន វា​ជា​កិត្តិយស​សម្បើម​ណាស់​សម្រាប់​អ្នក​រស់នៅ​តាម​មាត់ស្ទឹង​សៀមរាប​យើង​នេះ​»​។

ពេល​ចូល​ដល់​ទីតាំង​ដែល​លោក វណ្ណ មូលីវណ្ណ បាន​ជ្រើសរើស​ជា​លំនៅឋាន​អចិន្រៃ្តយ៍ ទី​នោះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង បរិស្ថាន​ធម្មជាតិ​ស្ងប់ស្ងាត់ និង​ជា​បណ្តុំ​នៃ​រុក្ខជាតិ​តូច​ធំ​គ្រប់​ប្រភេទ ដែល​ជា​ទី​សែនមនោរម្យ​គួរ​ឲ្យ​ចង់​រស់នៅ​ក្រៃលែង​។ ផ្ទះវីឡា​នោះ​ស្ថិត​នៅក្នុង​ភូមិ​ទ្រាំង ឃុំ​ស្លក្រាម ស្រុក​សៀមរាប ជា​ផ្ទះថ្ម​ពីរ​ជាន់ ជញ្ជាំង​ពណ៌​កំបោរ​ស្រាល មាន​ឆ្នូត​ស​ដែល​មាន​រានហាល​សម្រាប់​អង្គុយ​លេង​ផង​ដែរ​។

អ្នក​នៅ​សៀមរាប​មាន​តិចតួច​ណាស់ ដែល​បាន​ដឹង​ពី​វត្តមាន​របស់​លោក វណ្ណ មូលីវណ្ណ មក​ស្នាក់​នៅក្នុង​ខេត្ត​ជា​តំបន់​ទេសចរណ៍​វប្បធម៌​ដ៏ធំ​នេះ ដោយសារ​តែ​រូបលោក​និង​គ្រួសារ​មិន​ចង់​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​។

ក្នុង​ជំនួប​ជាមួយ​កម្ពុជា​ចុងសប្តាហ៍ ក្នុង​បន្ទប់​សៀវភៅ​ដ៏ប្រណីត លោក​បាន​បង្ហាញ​ខ្លួន ក្នុង​សម្លៀកបំពាក់​សមសួន និង​រៀបរយ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​គឺ​ក្នុង​វ័យ​ជិត​ ​៩០ ឆ្នាំ​ទៅ​ហើយ លោក​នៅ​តែ​អាច​ដើរ​ឡើង​កាំជណ្តើរ​មួយៗ​ដោយ​មិន​បាច់​មាន​អ្នក​គ្រាហ៍​ឡើយ។ ប៉ុន្តែ ក៏​មាន​លោកពូ ជឿន ជា​មនុស្ស​ជំនិត​ម្នាក់​ដែរ ដែល​តាម​ឃ្លាំមើល​ពីក្រោយ​ដោយ​ប្រុងប្រយ័ត្ន​។

ស្នាមញញឹម​ដ៏ស្រទន់​លោក បាន​បង្ហាញ​យ៉ាងច្បាស់​នៅលើ​ផ្ទៃមុខ​ដ៏ម៉ឺងម៉ាត់។ ជាមួយ​នឹង​សម្តី​ស្វាគមន៍​មួយៗ តែ​ច្បាស់ៗ ដោយ​ស្រដី​ថា ៖ «​ខ្ញុំ​នឹង​ចំណាយ​ជីវិត​ចុងក្រោយ រស់នៅ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​នេះ​ហើយ​»​។

លោកតា​បញ្ជាក់​ថា ៖ «​អស់​ផ្លូវ​ចេញ​ទៅ​ណា​រួច​ហើយ ទៅណា​ទៀត​កើត ចាស់​ប៉ុណ្ណឹង​ហើយ សុំ​តែ​សុខ​ទេ​»​។ លោក​និយាយ​បណ្តើរ​សម្លឹង​ទៅ​មាត់បង្អួច​មើល​ទៅ​ឆ្ងាយ ហាក់​ចង់​បង្ហាញ​ថា​នៅ មាន​រឿងរ៉ាវ​ច្រើន​ដែល​នៅ​ដក់​ជាប់​ក្នុង​ជីវិត​របស់​លោក​។

បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​មក​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ លោក​ប្រាប់​ថា ពីព្រោះ​តែ​កន្លង​មក​លោក​ធ្លាប់​មក​បំពេញ​ការងារ​នៅ​ខេត្ត​នេះ ក្នុង​ឋានៈ​ជា​«​ប្រធាន​អាជ្ញាធរ​អប្សរា នៅក្នុង​ឆ្នាំ ​២០០២»​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ដោយ​កាលពី​ដើម ខ្ញុំ​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ក្នុង​អំឡុង​ឆ្នាំ ២០០២…​តែ​រាជរដ្ឋាភិបាល​បាន​ដក​ខ្ញុំ​ចេញ​ពី​តំណែង ដោយ​បាន​រៀបចំ​ព្រះរាជក្រឹត្យ​ថ្វាយ​ព្រះអង្គ សីហនុ ដែល​ពេល​នោះ ព្រះអង្គ​ជា​ប្រមុខរដ្ឋ ជា​ស្តេច​សោយរាជ្យ.ដើម្បី​ប្រគល់​អាជ្ញាធរ​អប្សរា​ជូន​លោក សុខ អាន​។ ដល់​ពេល​ព្រះករុណា បាន​ទទួល​ព្រះរាជក្រឹត្យ លោក​បាន​ឡាយ​ព្រះហស្ត​លើ​ព្រះរាជក្រឹត្យ​នោះ ហើយ​ទ្រង់​បាន​ឡាយប្រទាន​ព្រះរាជក្រឹត្យ​មួយ​ទៀត តែងតាំង​ខ្ញុំ​ជា​ឧត្តមទីប្រឹក្សា​ផ្ទាល់​របស់​ព្រះអង្គ​»​។

ដោយសារ​លោក​ធ្លាប់​មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយ​ខេត្ត​សៀមរាប​នេះ​ហើយ ទើប​បាន​ជា​លោក​នាំ​គ្រួសារ​ត្រឡប់​មក​រស់នៅ​ក្រុង​សៀមរាប​នេះ​វិញ ក្នុង​បំណង​ចំណាយ​ពេល​សម្រាប់​ជីវិត​ចុងក្រោយ​មក​រស់នៅ​ឲ្យ​បាន​ស្ងប់​អារម្មណ៍​ផុត​ពី​រឿងរ៉ាវ​ផ្សេងៗ ជា​កង្វល់​។ លោក​បញ្ជាក់​ថា បាន​មក​រស់នៅ​ក្រុង​សៀមរាប​នេះ​បាន​៦​ខែ​ហើយ គឺ​ចាប់​តាំងពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៤ មក​ម្ល៉េះ​។

លោក វណ្ណ មូលីវណ្ណ មាន​ប្រសាសន៍​ថា៖ «រស់នៅ​ទីនេះ​ស្ងប់ស្ងាត់ សម្បូរ​ធម្មជាតិ និង​ជាទី​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​ភ្នំពេញ​»​។

បន្ទាប់ពី​លោក​ត្រូវ​រាជរដ្ឋាភិបាល​ដក​តួនាទី ពី​ប្រធាន​អាជ្ញាធរ​អប្សរា លោក វណ្ណ មូលីវណ្ណ បាន​ចំណាយ​ពេល​ប្រមាណ​ជា​៤​ឆ្នាំ ចងក្រង​ជា​សៀវភៅ​ឯកសារ​មួយ​ក្បាល​មាន​ចំណងជើង​ថា​«​បុរី​នៅ​អាស៊ីអាគ្នេយ៍ អតីត​និង​បច្ចុប្បន្ន​» ដើម្បី​ទុកជា​កេរ​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ស្វែងយល់​។

សៀវភៅ​ឯកសារ​មួយ​នេះ បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ជា​ស្ថាពរ​និង​បោះពុម្ព​ជា​ភាសាខ្មែរ​ចំនួន ៧៥០ ក្បាល និង​ជា​ភាសា​បារាំង​១​ពាន់​ក្បាល​ក្នុង​ឆ្នាំ ២០០៩ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សម្តេច​ព្រះបាទ នរោត្តម សីហនុ សម្តេចម៉ែ មុនិនាថ សីហនុ និង​ព្រះបាទសម្តេច នរោត្តម សីហមុនី រួមទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ សៀវភៅ​នេះ​ក៏​មាន​ជំនួយ​ឧបត្ថម្ភ​ពី​មន្ត្រី​ស្ថានទូត​ស្វ៊ីស ធនាគារ ANZ Royal Bank ក្រុមហ៊ុន Comin Khmere និង​ឯកឧត្តម គាត ឈន់ កាលពី​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

សៀវភៅ​«​បុរី​នៅ​អាស៊ីអាគ្នេយ៍ អតីត​និង​បច្ចុប្បន្ន​» នេះ​កំពុង​តែ​បន្ត​បកប្រែ​ជា​ភាសា​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ដែល​នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៥ នេះ​។

ក្រៅពី​សៀវភៅ​ឯកសារ​នេះ លោក វណ្ណ មូលីវណ្ណ ក៏​បាន​ចងក្រង​ជា​សៀវភៅ​ផ្សេង​ទៀត ទុកជា​កេរដំណែល​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​មាន​បំណង​ដើរ​តាម​លំអាន​លោក​ច្រើន​ទៀត​។ សៀវភៅ​ទាំង​នោះ​រួមមាន «​គម្រោង​រៀបចំ​ទីក្រុង​ភ្នំពេញ និង​សៀវភៅ​គម្រោង​ទីក្រុង​ខ្មែរ​បុរាណ​»​។​ល​។

លោក វណ្ណ មូលីវណ្ណ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​មាន​កន្លងមក ពុំ​បាន​ផ្តោត​ទៅលើ​ផ្នែក​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​ចំពោះ​បុរេប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទេ​។ ទន្ទឹម​នឹង​នោះ សិស្សនិស្សិត​តែងតែ​មិន​យក​ចិត្ត​ទុកដាក់​ទៅលើ​អតីតកាល​ដែល​កន្លង​ហួស​ទាំងអស់​នោះ​ទេ​ជាពិសេស​គឺ​សម័យ​ខ្មែរក្រហម​។

ដូច្នេះ​គោលបំណង​នៃ​សៀវភៅ​ឯកសារ​របស់​លោក គឺ​ព្យាយាម​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ទាំងអស់​ឲ្យ​បាន​លម្អិត​ជាង​អ្នក​សរសេរ​ពី​មុនៗ។

លោក​បាន​បញ្ជាក់​ថា៖ «​សៀវភៅ​ទាំងអស់​នេះ មាន​លក់​នៅ Monument Book សូមមេត្តា​ជួយ​ជាវ ផង​ចុះ​»​។

ក្នុង​បន្ទប់​សៀវភៅ​នៅក្នុង​គេហដ្ឋាន​របស់​លោក វណ្ណ មូលីវណ្ណ មាន​រៀបចំ​សៀវភៅ​ជាច្រើន​ប្រភេទ យ៉ាង​មាន​សណ្តាប់ធ្នាប់​។ នៅ​ពី​លើ​ទូ​សៀវភៅ​មាន​តម្កល់​រូប​ចម្លាក់​បុរាណ​ខ្មែរ ចំនួន​៩ ក្នុង​ចំណោម​នោះ​ក៏​មាន​តាំង​ព្រះសិរ ព្រះបាទ ជ័យវរ្ម័ន​ទី​៧ មួយ​ដែរ​។ រីឯ​នៅ​ក្បែរ​បង្អួច ក៏​មាន​រូបចម្លាក់​ស្បែក​ព្យួរ​នៅលើ​ជញ្ជាំង ដែល​ជួយ​រំលេច​សម្រស់​បន្ទប់​សៀវភៅ​នេះ ឲ្យ​កាន់តែ​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​បន្ថែម​មួយ​កម្រិត​ទៀត​។

លោក វណ្ណ មូលីវណ្ណ កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ស្រុក​រាម​ (​ជំនាន់​នោះ​) ក្នុង​ខេត្ត​កំពត​។

លោក វណ្ណ មូលីវណ្ណ បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។ បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​វិញ​។

លោក​បន្ត​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ​ដែល​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

លោក​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៥​។ មួយ​ឆ្នាំ​ក្រោយមក​ក៏​ត្រូវ​ព្រះករុណា​សម្តេចឪ សីហនុ បាន​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោក​ជា​ព្រឹទ្ធបុរស​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​(​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរប្លង់​ស្ថាបនា​អគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ស្នាដៃ​របស់​លោក​ខ្លះ​ឈរ​យ៉ាង​សង្ហា​ប្រដំប្រសង​គ្នា ជាមួយ​នឹង​សំណង់​អគារ​បុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យ​អាណានិគម​។

អំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា ជា«​យុគមាស​» ស្នាដៃ​សំខាន់ៗ របស់​លោក​មាន ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក វិមានឯករាជ្យ សាលសន្និសីទ​ចតុមុខ សាលមហោស្រព​ទន្លេបាសាក់ ​(​ភ្លើង​ឆេះ​រលាយ​បាត់​រូប​) អគារ​ទី​ស្តីគណៈរដ្ឋមន្ត្រី (​ចាស់​វាយចោល​) និង​វិមាន​រដ្ឋ​ចំការមន អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​(ភ្នំពេញ)​… ។ លោក​ក៏​បាន​គូរ​ប្លង់​វត្តអារាម និង​ស្ថានទូត​ខ្មែរ នៅ​បរទេស​ជាច្រើន​ទៀត​ផង​ដែរ​។

នៅ​ឆ្នាំ​១៩៦២ លោក វណ្ណ មូលីវណ្ណ បាន​រចនា​សំណង់​កីឡដ្ឋានជាតិ​ដែល​មាន​លទ្ធភាព​ផ្ទុក​មនុស្ស​៦​ម៉ឺន​នាក់ ដែល​នោះ គឺជា​ពហុកីឡដ្ឋាន​ដែល​គេ​ឲ្យ​តម្លៃ​បំផុត​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​កីឡា​ដ៏ធំ​បំផុត​តែ​មួយ​នៅ​កម្ពុជា​។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅក្នុង​ល្បឿន​យ៉ាង​លឿន​ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡា​អាស៊ី​ឆ្នាំ​ ១៩៦៣ តែ​ក្រោយមក​ត្រូវ​បាន​លុបចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ​១៩៦៤ អម ដោយ​ហ្វូង​មនុស្ស​អបអរសាទរ​យ៉ាងច្រើន​។

ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៧១ លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់ពី​របប​លន់នល់ ចូល​កាន់កាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៧០​។ លោក​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​នៅក្នុង​ឆ្នាំ​១៩៩១ ដែល​នៅក្នុង​ឆ្នាំ ១៩៩៣ លោក​ត្រូវ​បាន​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ (​ព្រះបរមរតនកោដ្ឋ​) តែងតាំង​ជា​ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​។

រំឭក​ទៅ​ដល់​ស្នាដៃ​នា​សម័យ​សង្គមរាស្ត្រនិយម​របស់​លោក ដែល​សព្វថ្ងៃនេះ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ លោក​បាន​ដកដង្ហើម​ធំ​យ៉ាងវែង ហាក់​ដូច​ចង់​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​ពន់ពេក ចំពោះ​ការ​បាត់បង់​អ្វីៗ​ដែល​លោក​បាន​ខិតខំ​កសាង​សម្រាប់​ប្រទេសជាតិ ដ៏កម្សត់​មួយ​នេះ​។

ក្រោយពី​អាន​បញ្ជី​សង្ខេប​ស្នាដៃ​ការងារ​ស្ថាបត្យកម្ម​របស់ លោក វណ្ណ មូលីវណ្ណ ពី​ឆ្នាំ​១៩៥៦ ដល់ ឆ្នាំ​១៩៧០ រួច​មក លោក​បាន​ប្រាប់​យ៉ាងខ្លី អំពី​ស្នាដៃ​លោក​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្មាន​ស្តាយស្រណោះ​ថា ៖ «​ខ្ញុំ​ស្តាយ​…​តែ​ខ្ញុំ​ធ្វើអ្វី​…ក៏​មិន​កើត​ដែរ​»​។

លោក​បាន​ត្រឹមតែ​ឈរ​មើល​ស្នាដៃ​ទាំង​នោះ ត្រូវគេ​បំផ្លាញ​ជា​បន្តបន្ទាប់ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ទ្រាំទ្រ​នឹង​ភាព​ឈឺចាប់​នេះ​បាន​ដូច​លោក​។

ទោះ​ជា​យ៉ាងនេះ ពេល​នេះ​លោក វណ្ណ មូលីវណ្ណ បាន​មក​រស់​នៅក្នុង​ខេត្ត​សៀមរាប ហើយ​ដែល​ទី​នេះ ក៏​អាច​នឹង​ក្លាយ​ទៅ​ជា​ឱសថ​ដែល​អាច​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​លោក​មួយ​ចំណែក​ដែរ​។

សព្វថ្ងៃ​នេះ លោក វណ្ណ មូលីវណ្ណ មាន​កូនប្រុស​៣​នាក់ និង​កូន ស្រី​៣​នាក់​។ កូនប្រុស​ស្រី​ចំនួន​៥​នាក់ កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​បារាំង ខណៈ​កូនស្រីពៅ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ដែរ​ថា ពុំ​មាន​កូន​ណា​ម្នាក់ បាន​ដើរ​តាម​គន្លង​របស់​លោក​នោះ​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា​៖«​អត់​មាន​ទេ អត់​មាន​អ្នក​រៀន​ជំនាញ​ដូច​ខ្ញុំ​ទេ គេ​រៀន​ខាង​ផ្នែក​វិស្វករ ផ្នែក​ច្បាប់ ផ្នែក​សេដ្ឋកិច្ច …»​។

រំឭក​ពី​ស្នាដៃ​របស់​លោក​ក្នុង​ខេត្ត​សៀមរាប ពុំ​មាន​ច្រើន​ប៉ុន្មាន​ទេ គឺ​មាន​តែ​ព្រលានយន្តហោះ​ដំបូង​នៅ​តំបន់​អង្គរ ដែល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩៦៣ សព្វ​ថ្ងៃនេះ​បាន​ក្លាយ​ជា​បន្ទាយ​កងទ័ព​ទៅ​ហើយ​។

ចំណែក ក្នុង​ឆ្នាំ​១៩៥៨ ដល់​ឆ្នាំ​១៩៦៦ លោក​បាន​រៀបចំ​ការ​បញ្ចាំង​ពន្លឺ​លើ​ប្រាសាទ​អង្គរវត្ត បច្ចេកទេស​រៀបចំ​ភ្លើង​និង​សំឡេង សម្រាប់​ការ​សម្តែង​សិល្បៈ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​ សៀមរាប របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ស៊ូ កាណូ ប្រធានាធិបតី​ទីតូ និង​ឧត្តមសេនីយ៍ សាល ដឺហ្គោល​។ ពិសេស​លោក​ក៏​បាន​គូរប្លង់​មេ ក្នុង​ខេត្ត​សៀមរាប នៅពេល​ដែល​លោក​ធ្វើការ​ក្នុង​អាជ្ញាធរ​អប្សរា​ផង​ដែរ​។

ដោយ​ចង់​បញ្ជាក់​បន្ថែម​ទៅលើ​ការ​រស់នៅ​ជា​អចិន្រៃ្តយ៍​ក្នុង​ខេត្ត​នេះ លោក​ញញឹម​ប្រាប់​ថា «ខ្ញុំ​បាន​រក​កន្លែង​ធ្វើ​«​ចេតិយ​» ទុក​សម្រាប់​ខ្លួនឯង និង​ភរិយា​រួច​ហើយ​ដែល​មាន​ទីតាំង​ក្នុង​«​វត្ត​ព្រះឥន្ទកោសិយ ឬ វត្តលើ​»​ជា​វត្ត​ដែល​មាន​អាយុកាល​ចំណាស់ និង​ជា​វត្តមាន​ប្រាសាទ​តាមឿង នៅ​ក្នុង​បរិវេណ​វត្ត​ផង​»។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ឥឡូវ​កំពុង​តែ​ស្វែងរក​កន្លែង​ទុក​សង់​ចេតិយ.សម្រាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ [​ភរិយា​] មែនទែន​ទៅ គឺ​នៅក្នុង​វត្ត​ព្រះឥន្ទ​កោសិយ»​។ លោកពូ ជឿន បាន បន្ថែម​ថា​៖ «​យើង​សុំ​ដី​លោក​ធ្វើ​ចេតិយ​។ សុំ​បាន​ហើយ ហើយ​ក៏​គូសប្លង់​រួចរាល់​ដែរ តែ​មិន​ទាន់​បាន​កសាង​នៅ​ឡើយ​ទេ​»​៕

Comments

comments

You might also like More from author