គយគន់សម្រស់កញ្ញា មាស​ សុខសោភា

0 10
Cambodia Website Design

តារាចម្រៀងដែលមានទាំងរូបសម្បត្តិស្រស់សោភាក៏ដូចជាសមត្ថភាពផងនោះ កញ្ញា មាស សុខសោភា ត្រូវបានគេស្គាល់តាមរយៈបទចម្រៀងដែលមានចំនងជើងថា ហេតុអ្វីចិត្តនៅតែនឹក ហើយនិង អូននឹក នឹកបង តាមរយៈផលិតកម្មរស្មីស្ទឹងសង្កែ ដែលជាវិថីនាំអោយកញ្ញាទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈនៃកម្ពុជា។ នៅក្នុងឆ្នាំ ២០០៥ នាងបានផ្លាស់ប្ដូរទៅកាន់ផលិតកម្ម U2 ពេលនោះបទចម្រៀងដែលកញ្ញាទទួលការទាក់ទាញពីទស្សនិកជនយ៉ាងច្រើនទាំងក្នុង និង ក្រៅប្រទេសនោះគឺបទ How Do I Live ដែលបទនេះហើយធ្វើអោយកញ្ញាទទួលបានការកោតសរសើរអំពីការច្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ។

កាលពីឆ្នាំ ២០០៨ កញ្ញា មាស សុខសោភា ត្រូវបានផលិតកម្ម M ចុះកុងត្រាអោយធ្វើជាអ្នកចម្រៀងប្រចាំផលិតកម្មមួយនេះ ហើយបទចម្រៀងដែលមិត្តអ្នកស្ដាប់ចាំមិនភ្លេចនោះ គឺបទ ១០០០ រាត្រី ដែលទទួលបានប្រជាប្រិយភាពបំផុតក្នុងអាជីពសិល្បៈរបស់នាងហើយធ្វើអោយនាងក្លាយជាកំពូលតារាចម្រៀងមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំ ២០០៩ នាងក៏បានទៅច្រៀងនៅផលិតកម្ម សាន់ដេ វិញដែលមានបទចម្រៀងពេញនិយមជាច្រើនបន្ថែមទៀតផងដែរ មានដូចជាបទ Come Back To Me ១០០ ភាគរយ ហើយនិង ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនអាចជួបគ្នា ក៏ដូចជាបទចម្រៀងផ្សេងៗទៀតផងដែរ។

ចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន តារាចម្រៀង មាស សុខសោភា គឺជាតារាចម្រៀងប្រចាំផលិតកម្ម Town ហើយបទចម្រៀងជាច្រើនដូចជា I Am Sorry ក្រែងចិត្តសង្សារចាស់ ពេលគេងលក់ទើបអាចភ្លេចបង ក៏ដូចជា គេមានសំណាងអូនមានទឹកភ្នែក គឺសុទ្ធសឹងតែជាបទដែលបានទាក់បេះដូងប្រិយមិត្តមិនតិចដែរ។

Cambodia Website Design

សំនៀងដែលមិនមានភាពរីងស្ងួតរបស់កញ្ញា បានធ្វើអោយកញ្ញាមានឱកាសចេញទៅសំដែងនៅឯក្រៅប្រទេសដែលមានប្រជាជនខ្មែរផងដែរ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ប៊េលហ្សិក ស៊ុយអែត អូស្រ្តាលី ថៃ និង ជប៉ុនជាដើម ដោយបានពាំនាំយកមកវិញនូវមោទនភាពសំរាប់ប្រទេសកម្ពុជា។

ក្រៅពីការច្រៀង កញ្ញាក៏មានមុខមាត់នៅក្នុងវីដែអូផ្សព្វផ្សាយរបស់ MIMI និង Calipzo ក៏ដូចជាស្ពតអប់រំផ្សេងៗទៀតជាច្រើន លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០១១ ដែលជាពេលវេលាដ៏អស្ចារ្យ និង មិនអាចកាត់ថ្លៃបានរបស់មាស សុខសោភា គឺកញ្ញាបានឈ្នះពានរង្វាន់ តារាចម្រៀងវ័យក្មេងហើយច្រៀងពិរោះ (Young Singer With The Most Beautiful Voice) ពីកម្មវិធីអាណាចក្រតារា ដែលវាគឺជាជោគជ័យធំបំផុតរបស់កញ្ញាក្នុងអាជីពសិល្បៈ។

កញ្ញា មាស សុខសោភា ធ្លាប់មានបទពិសោធក្នុងការច្រៀងអោយផលិតកម្មទាំងក្នុងស្រុក និង ក្រៅស្រុកសរុប ២១ ផលិតកម្ម ដែលគូសបញ្ជាក់អោយឃើញថាកញ្ញាមិនត្រឹមតែសំបូរទៅដោយបទពិសោធច្រើនប៉ុណ្ណោះទេ ថែមទាំងចេះអត់ធ្មត់ និង ចេះបត់បែនទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

នៅក្នុងឆ្នាំ ២០១១ ដោយឃើញពីភាពលំបាករបស់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ កញ្ញាក៏បានបង្កើតជាមូលនិធិមួយដែលមានឈ្មោះថា “Meas Soksophea Heart Foundation” ក្រោមការជួយជ្រោមជ្រែងដ៏ធំជាមួយបណ្ដាអនិកជនខ្មែរដែលរស់នៅប្រទេសកាណាដា បូករួមជាមួយធនធានខ្លួនរបស់កញ្ញា។ មូលនិធិនេះគឺមិនមែនត្រឹមតែជួយដល់ជនរងគ្រោះទឹកជំនន់ប៉ុណ្ណោះទេ វាក៏បានរួមចំនែកក្នុងការជួយប្រជាជនដែលជួបការលំបាកផ្សេងៗទៀតដែរ ដូចជាកុមារកំព្រា ហើយនិងជនពិការជាដើម។ បទចម្រៀងដែលធ្វើការបកស្រាយដោយកញ្ញា មាស សុខសោភាដែលមានចំនងជើងថា ទឹកចិត្ត ត្រូវបាននិពន្ធឡើងដើម្បីបង្ហាញអំពីសេចក្ដីថ្លែងអំណរគុណទៅដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក ក៏ដូចជាបរិចាកធនធានផ្ទាល់ខ្លួនរបស់ពួកគេទៅអោយជនរងគ្រោះតាមរយៈមូលនិធិ ទឹកចិត្តមាសសុខសោភា ហើយក៏ដើម្បីបង្ហាញនូវសកម្មភាពក្នុងការផ្ដល់ជំនួយទៅអោយជនរងគ្រោះទាំងអស់នេះ បើទោះបីជាវាមិនអាចជួយអោយពួកគេអោយចាកផុតពីភាពលំបាកជានិរន្តរ័ក៏ដោយ។

You might also like More from author

Leave A Reply

Your email address will not be published.