កម្មករ​​​ ៤ ​ពាន់​នាក់​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

0 0
Cambodia Website Design

ភ្នំពេញៈ យ៉ាង​ហោច​ណាស់ មាន​កម្មករ​និយោជិត​ជាង​ ៤​ ពាន់​នាក់ បាន​ទទួល​រងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ ២០១៤ ក្នុង​នោះ​ស្លាប់​ចំនួន ៧៣ នាក់ គឺ​មាន​ការ​កើនឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៣។ នេះ​បើ​យោង​តាម​របាយការណ៍​ការងារ របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ស្តីពី​លទ្ធផល​ការងារ​សម្រេច​បាន​ឆ្នាំ ២០១៤ ដែល​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ​។

របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​គ្រោះថ្នាក់​នៅពេល​ធ្វើ​ដំណើរ​របស់​កម្មករ​និយោជិត មាន​ចំនួន ៣៨០០ ករណី​ដែល​បណ្តាល​ឲ្យ​កម្មករ​និយោជិត​ទទួល​រងគ្រោះថ្នាក់​សរុប​ចំនួន ៤៧៣៧ នាក់​ក្នុង​នោះ បង្ក​ឲ្យ​មាន​កម្មករ​និយោជិត​ស្លាប់​ចំនួន​៧៣ នាក់ របួស​ធ្ងន់​ចំនួន​៧៨៩ នាក់ និង​របួស​ស្រាល​មាន​ចំនួន​ដល់​ទៅ​៣៨៧៥ នាក់​។

ចំនួន​នេះ បើ​ប្រៀបធៀប​ឆ្នាំ ២០១៣ មាន​ការ​ថយចុះ​ចំនួន ៣៦ ករណី តែ​ជនរងគ្រោះ​សរុប​មាន​ការ​កើនឡើង​ចំនួន ៤៣ នាក់ ស្លាប់​មាន​ការ​កើនឡើង​៦ នាក់​របួស​ធ្ងន់​កើនឡើង ៦០ នាក់​និង​របួស​ស្រាល​ថយចុះ​ចំនួន ៣២ នាក់។

Cambodia Website Design

ខណៈ​ដែល​មាន​ការ​កើនឡើង​នូវ​ចំនួន​ជនរងគ្រោះ សរុប ទាំង​អ្នកស្លាប់ និង​អ្នក​រងរបួស​ធ្ងន់ បេឡា​ជាតិ របប​សន្តិសុខ​សង្គម​ក៏​មាន​ការ​កើនឡើង នូវ​ចំនួន​កម្មករ​និយោជិត​ដែល​ចូល​ជា​សមាជិក​របស់​ខ្លួន​ចំនួន​រហូត​ដល់​ទៅ​៤១៩ ៧៦៥ នាក់​ផង​ដែរ។

ក្នុង​ចំណោម​គ្រោះថ្នាក់​ទាំងនេះ គឺ​កម្មករ​និយោជិត​ប្រើប្រាស់​ម៉ូតូ​មាន​ចំនួន​២៦៦៩ ករណី​រថយន្ត​ចំនួន​៣៤៨ ករណី រ៉ឺម៉ក​ចំនួន ៥២ ករណី ព្រមទាំង​មធ្យោបាយ​ផ្សេងៗ មាន​ចំនួន ៣១ ករណី។

លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោលនយោបាយ នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ជួប​ជាមួយ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ Sixplus Industry Co.LTD កាលពី​ថ្ងៃ​អាទិត្យ​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​កម្មករ​និយោជិត​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ គឺ​បណ្តាល​មកពី​អ្នកបើកបរ​តាម​បណ្តា​រោងចក្រ​ដោយ​ភាគច្រើន​មិន​មាន​ប័ណ្ណ​បើកបរ។

លោក​ថ្លែង​ថា​៖ «យើង​ឃើញ​ថា​ពួកគាត់​ជា​អ្នក​បើកបរ​អត់​ព្រម​ប្រឡង​យក​ប័ណ្ណ​បើកបរ​ទេ អ៊ីចឹង​យើង​មាន​គម្រោង​ជាមួយ​ក្រសួង​សាធារណការ​ក្រសួង​មហាផ្ទៃ​បង្រៀន​គាត់​និង​រៀបចំ​ប្រឡង​យក​ប័ណ្ណ​បើកបរ​នៅ​រោងចក្រ​តែ​ម្តង»។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ ក្នុង​ចំណោម​អ្នក​បើកបរ​ចំនួន ១៦០០ នាក់​មាន​អ្នក​មាន​ប័ណ្ណ​បើកបរ​តែ ៧៨៦ នាក់​ប៉ុណ្ណោះ​គឺ​ស្មើ​នឹង​ ៤៩,២១​%​។ ចំណែក​យានយន្ត​ដឹក​កម្មករ ដែល​មាន​ស្លាក​លេខ​ត្រឹមត្រូវ មាន​ចំនួន ១១៣៣ យានយន្ត និង​មិន​ទាន់​មាន​ស្លាក​លេខ​មាន​៤៦៧ យានយន្ត។

លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា វិធានការ​ខាងលើ ជា​ការ​រួមចំណែក ក្នុង​ការ​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​បច្ចុប្បន្ន​នេះ ជា​ក្តីកង្វល់​ខណៈ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​មាន​ការ​កើនឡើង​នូវ​ចំនួន​អ្នកស្លាប់ ស្ទើរតែ​ជា​រៀងរាល់​ថ្ងៃ។

លោកស្រី​បញ្ជាក់​ថា​៖ «ករណី​គ្រោះថ្នាក់​ចរាចរណ៍ អាច​កើនឡើង លើ​មនុស្ស​គ្រប់​គ្នា មិន​ថា កម្មករ និយោជិត​នោះ​ទេ ដូច្នេះ អ្នកបើកបរ​ដែល​ដឹកកម្មករ​ជាច្រើន​នាក់​ត្រូវ​គិត​ពី​សុវត្ថិភាព​ជាចម្បង»។

លោក​ចាន់ សាវ៉ាន់ អ្នកបើក​រថយន្ត​ដឹក​កម្មករ នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​គម្រោង​របស់​របប​សន្តិសុខ​សង្គម​ដែល​ចង់​ឲ្យ​អ្នក​បើកបរ​ប្រឡង​យក​ប័ណ្ណ​បើកបរ​នៅ​មូលដ្ឋាន​។

លោក​ថ្លែង​ថា​៖​«​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​វា​ជា​កាព្វកិច្ច​សម្រាប់​អ្នកបើកបរ​ដែល​ត្រូវ​តែ​គោរព​ច្បាប់​ទាំងអស់​គ្នា​»​៕

ប្រភព៖​ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.