រដ្ឋ​មន្ត្រី​មហាផ្ទៃ​ព្រមាន​ធ្ងន់ៗ​ចាត់​វិធានការ​លើ​អ្នក​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ

0 1
Cambodia Website Design

ភ្នំពេញៈ រដ្ឋាភិបាល​ជា​ថ្មី​ម្តង​ទៀត​បាន​ព្រមាន​ខ្លាំងៗ​ក្នុង​ការ​ធ្វើ​ចំណាត់​ការ​លើ​បណ្តា​ក្រុមហ៊ុន ឬ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កេរិ៍្ត​ឈ្មោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ស្រប​ច្បាប់ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រឹត​តែ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​តែង​តាំង​មន្ត្រី​នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋ​មន្ត្រី​នៃ​ក្រសួង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មន្ត្រី​របស់​ក្រសួង​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ក្រសួង​ក៏​បាន​ធ្វើ​ការ​អង្កេត​នៅ​ទូទាំង​ខេត្ត​ក្រុង​បាន​ឲ្យ​ដឹង​ថា គឺ​ពិត​ជា​មាន​ការ​ផ្តល់​កម្ចី​ពី​ស្ថាប័ន​មួយ​ចំនួន​ដែល​ជ្រក​ក្រោម​រូបភាព​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​ដែល​បង្ក​ជា​ភាព​វឹកវរ​ក្នុង​វិស័យ​នេះ។

លោក​ថ្លែង​ថា ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​គឺ​មាន​ទឹក​ប្រាក់​ឲ្យ​ខ្ចី​រហូត​ដល់​ជាង ៣,៥ ពាន់​លាន​ដុល្លារ​អាមេរិក។ ដោយ​ឡែក​សម្រាប់​តែ ខេត្ត​បាត់ដំបង មួយ​មាន​ដល់​ទៅ ២៨៣ លាន​ដុល្លារ។

Cambodia Website Design

លោក​បន្ត​ថា៖ «ក្នុង​ចំណោម​មីក្រូ​ដែល​ឲ្យ​ខ្ចី​ហ្នឹង វា​មាន​មីក្រូ [ហិរញ្ញវត្ថុ] ខ្លះ​ចុះ​បញ្ជី​ដែល​និយតករ​គឺ​ធនាគារ​ជាតិ តែ​មីក្រូ [ហិរញ្ញ​វត្ថុ] ខ្លះ​អត់​ចុះ​បញ្ជី»។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន បន្ទាប់​ពី​និយតករ និង​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​សង្កេត​ឃើញ​មាន​កំណើន​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​សមាគម​ដែល​អះអាង​ថា ជា​ស្ថាប័ន​សប្បុរសធម៌ ហើយ​ប្រតិបត្តិការ​ឲ្យ​ខ្ចី​ដោយ​តាំង​ខ្លួន​ជា​គ្រឹះស្ថាន មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​បំភាន់​ការ​យល់​ដឹង​របស់​ប្រជាជន។

គិត​ទល់​ដំណាច់ ឆ្នាំ​២០១៤ ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​សរុប ៣៩ ស្ថាប័ន។ ទិន្នន័យ​ចុង​ក្រោយ​ពី​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បង្ហាញ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​បាន​ផ្តល់​ប្រាក់​កម្ចី​សរុប​ជាង ២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ ខែ​ធ្នូ ២០១៤ ក្នុង​នោះ​អ្នក​ទទួល​កម្ចី​សរុប​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​មាន​ជិត ១,៨ លាន​គ្រួសារ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.