គណៈកម្មការ​ទី​១​រដ្ឋសភា​ស្នើឲ្យ​បញ្ឈប់​ប្រើ​តុលាការ​គាបសង្កត់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី

0 0
Cambodia Website Design

ភ្នំពេញៈ គណៈកម្មការ​ទី​១​រដ្ឋសភា បាន​ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួយ​អន្តរាគមន៍​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី ដោយ​មិន​ត្រូវ​ឲ្យ​ក្រុមហ៊ុន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ មក​ធ្វើការ​គាបសង្កត់​ភាគី​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពេល​កន្លងមក​ទៀត​ឡើយ។

ការស្នើ​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រវាង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ផ្នែក​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម នា​ទីស្តី​ការ​ក្រសួង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង។ ក្នុង​នោះ មាន​បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកលៀប​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​តាមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេង និង​រយហ្វេង ព្រមទាំង​ករណី​ទំនាស់​ដីធ្លី​ជាច្រើន​ទៀត​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កោះកុង។

Cambodia Website Design

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង បាន​ថ្លែង​ថា ខណៈ​ដែល​ក្រសួង​កសិកម្ម​បាន​និង​កំពុង​ធ្វើការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ទាំងនេះ គណៈកម្មការ​រដ្ឋសភា​ស្នើឲ្យ​ក្រសួង​ជួយ​ធ្វើ​យ៉ាងណា ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​កុំ​ឲ្យ​ភាគី​ម្ខាង​ទៀត ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ទៅ​គាបសង្កត់​ភាគី​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា​៖ «​គណៈកម្មការ​ស្នើសុំ​ឲ្យ​ការ​រក​ដំណោះស្រាយ​ហ្នឹង កុំ​យក​តុលាការ​មក​ដាក់​គំនាប​ភាគី​ប្រជាពលរដ្ឋ ធ្វើ​ម៉េច​ដោះស្រាយ​ទៅ​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា​ទៅ ឲ្យ​វា​ចប់​ទៅ»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន បាន​បញ្ជាក់​ជំហរ​ថា ក្រសួង​នឹង​បន្ត​អន្តរាគមន៍ និង​ជំរុញ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ធ្វើ​យ៉ាងណា​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​។

លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​បញ្ហា​ទាំង​បី​ចំណុច​ហ្នឹង នៅ​មាន​ពន្លឺ​ដែល​អាច​យើង​ដោះស្រាយ​បាន យើង​សង្ឃឹម​ជាមួយ​គ្នា​ថា ដំណើរការ​ដោះស្រាយ​នៅក្នុង​ពេល​ខាង​មុខ​ហ្នឹង អាច​ធ្វើឲ្យ​វិវាទ​ហ្នឹង​ធូរស្រាល ហើយ​រហូត​ទៅ​ដល់​បញ្ចប់​បាន»។

ដោយឡែក​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ប្រមេរុ ខេត្ត​ព្រះវិហារ​វិញ លោក អ៊ុក រ៉ាប៊ុន បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ស្នើឲ្យ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេង និង​រយហ្វេង ផ្អាក​រាល់​សកម្មភាព​ឈូសឆាយ​ដែល​ប៉ះពាល់​ដល់​ដី​សហគមន៍ ជនជាតិ​ដើម​ភាគតិច​គួយ និង​បាន​ស្នើឲ្យ​ប្រជាពលរដ្ឋ ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​មក​កាន់​អាជ្ញាធរ​ខេត្ត​ដើម្បី​ងាយស្រួល​នឹង​ដោះស្រាយ​។

លោក​បន្ត​ថា៖ «​រហូត​មក​ដែល​មាន​ទំនាស់​ហ្នឹង គឺ​ដោយសារ​តែ​គាត់​មិន​ទាន់​បាន​ចុះបញ្ជី​ដី​សមូហភាព​នៅ​ឡើយ ថា​ដី​នៅ​កន្លែង​ណា ទំហំ​ប៉ុន្មាន​?…បើសិន​គាត់​មិន​លើក​សំណូមពរ​មក​ទេ មិន​អាច​ដោះស្រាយ​កើត​ទេ»។

កន្លងមក ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី នៅ​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ ព្រះវិហារ និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យបណ្តឹង​មកកាន់​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា ដើម្បី​សុំ​កិច្ចអន្តរាគមន៍​ជំរុញ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​ពួកគាត់។ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​រួច គណៈកម្មការ​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ទៅ​ទីតាំង​ទំនាស់​មួយ​ចំនួន​និង​បាន​រកឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​ជា​ហេតុ​នាំឲ្យ​មាន​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​ធ្វើការ​បំភ្លឺ និង​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជាបន្តបន្ទាប់​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.