ប្រវត្តិ​របស់ KaZantip

0 1
Cambodia Website Design

គ្មាន​ឡើយ​កម្មវិធី​បុណ្យ​តន្ត្រីបរទេស​ដែល​មាន​ឈ្មោះ​ថា «KaZantip» ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​លើ​ឆ្នេរ​កោះពស់ ក្នុង​ខេត្ត​ព្រះសីហនុ ចាប់ពី​ថៃ្ង​ទី​១៨ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ។

កាលពី​ថ្ងៃ​ទី​២ ​ខែ​កុម្ភៈ រដ្ឋមន្រី្ត​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​សម្រេច​ឲ្យ​លុបចោល​កម្មវិធី​បែប​ អឺរ៉ុប ​មួយ​នេះ​តាមរយៈ​សេចក្តី​ប្រកាស របស់​លោក ដោយ​ហេតុ​ថា កម្មវិធី​នេះ​នឹង​ធ្វើឲ្យ​មាន​ការ​ប៉ះពាល់ ដល់​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ ហើយ​កម្មវិធី​នេះ នឹង​មិន​នាំ​មក​នូវ​ការ​ចំណេញ​ផ្នែក​វប្បធម៌​អ្វី​ដល់​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ការ​លុបចោល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​បាន​ឃើញ​សកម្មភាព​លើ​គេហទំព័រ​របស់​ពិធី​នេះ ដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា ជា​ការ​ជំរុញ​ភាព​អាសអាភាស និង​វប្បធម៌​អាក្រាត។

Cambodia Website Design

តើ​អ្វី​ទៅ​ជា​កម្មវិធី «KaZantip»?

KaZantip ជាទូទៅ​តំណាង​ដោយ​អក្សរ «Z» ត្រូវ​បាន​ស្គាល់​ភាគច្រើន​ថា ជា​ពិធី​បុណ្យ​តន្ត្រី​អេឡិចត្រូនិក ​(Electronic Music) ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ មក​ម្ល៉េះ នៅឯ​តំបន់​គ្រីមា ប្រទេស​អ៊ុយក្រែន។ សំបុត្រ​សម្រាប់​ចូលរួម​ការ​ប្រគំតន្ត្រី​នេះ​ត្រូវ​បាន​គេ​ហៅថា «viZa» ហើយ​អ្នក​ចូល​ទស្សនា​វិញ​គេ​ហៅថា «paradiZer»។ នៅក្នុង​ពិធី​បុណ្យ​នោះ​ដែរ​គេ​មាន​ការ​ស្លៀកពាក់​ពណ៌​ទឹកក្រូច ជាមួយ​នឹង​វាលិស​ពណ៌​លឿង។

KaZantip ចាត់​ទុក​ខ្លួនឯង​ថា ជា​សាធារណរដ្ឋ​និម្មិត(virtual republic) ដែល​មាន​ការ​ចូលរួម​ពី​ឌីជេ​ច្រើន​ជាង​៣០០​នាក់​នៅលើ​ឆាក​រាំ​ច្រើន​ជាង​១៤​កន្លែង ហើយ​និង​មាន​ការ​ប្រគំតន្ត្រី​រយៈពេល​២១​ម៉ោង​ក្នុង​មួយ​ថ្ងៃ គ្របដណ្តប់​នៅលើ​ផ្ទៃដី​ចំនួន ៦​ម៉ឺន​ម៉ែត្រការ៉េ សម្រា​បើ​បរិវេណ​ទាំង​មូល​។

KaZantip ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ចាប់​តាំងពី​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០១៣ នៅ​តំបន់​កោះ​គ្រីមា ប្រទេស​អ៊ុយក្រែន។ ដោយសារ​តែ​បារម្ភ​ពី​សុវត្ថិភាព​ជុំវិញ​ជម្លោះ រវាង​អ៊ុយក្រែន និង​រុស្ស៊ី ការ​ប្រគំ​តន្ត្រី​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ជា​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រទេស Georgia កាលពី​ឆ្នាំ​២០១៤។

ដោយឡែក ក្នុង​ឆ្នាំ​២០១៥​នេះ អ្នក​រៀបចំ​កម្មវិធី​មាន​គម្រោង​ថា នឹង​ប្រារព្ធ​ការ​ប្រគំតន្ត្រី​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រយៈពេល​១០​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​រំពឹង​ថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ​ជា​៥​ពាន់​នាក់​មក​កាន់​ឆ្នេរ​កោះពស់ នៃ​ប្រទេស​កម្ពុជា​។

ប៉ុន្តែ បើ​តាម​គេហទំព័រ​ផ្លូវការ​របស់ kaZantip (kaZantip-republic.com)​វិញ KaZantip ហៅ​ខ្លួនឯង​ថា ជា​គម្រោង​មិនមែន​ជា​ពិធីបុណ្យ​នោះ​ទេ ហើយ​ក៏​មិនមែន​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​គ្រីមា​ដែរ បើ​ទោះបី​ជា នោះ​ជា​កន្លែង​ដំបូង​ដែល​វា​បាន​កកើត​ក៏ដោយ។

សាធារណរដ្ឋ KaZantip (KaZantip Republic) គឺជា​កន្លែង​ដែល​តូច​ជាង​បុរី​វ៉ាទីកង់ ហើយ​ចង្អៀត​ជាង​ប្រទេស ​មូណាកូ ​(Monaco)​ ទៅ​ទៀត ពោល​គឺ​គ្មាន​កន្លែង​សម្រាប់​មនុស្ស​រាល់​គ្នា​ឡើយ​។ ដូច្នេះ វា​មាន​ន័យ​ថា សាធារណរដ្ឋ​ KaZantip គឺ​មិនមែន​ជា​រដ្ឋ​ដែល​កើត​មាន​នៅលើ​ពិភពលោក​យើង​នេះ​ទេ។ មនុស្ស​ជាច្រើន​ដែល​មិន​ស្គាល់ KaZantip គិត​ថា​វា​ជា​ពិធីបុណ្យ។

សាធារណរដ្ឋ KaZantip កកើត​ឡើង​ពី​គំនិត​របស់​បុរស​ម្នាក់ ដែល​មាន​ការ​អាក់អន់​ចិត្ត​ជាមួយ​បរិយាកាសធម្មតា និង​សោះកក្រោះ​នៅ​ជុំវិញ​ខ្លួន​គាត់។ គាត់​មិន​ចង់​រិះគន់ កែលម្អ ឬ​ធ្វើ​ឲ្យ​វា​កាន់​តែ​អាក្រក់​នោះ​ទេ គាត់​គ្រាន់តែ​ចង់​បង្កើត​ពិភព​មួយ​ពណ៌​ទឹកក្រូច​ដោយ​ខ្លួនឯង មាន​ច្បាប់​ល្អ​ជាង​មុន និង​ចាត់ទុក​ខ្លួនឯង​ជា​ប្រធានាធិបតី។ វា​ជា​ការ​ស្រមើស្រមៃ​របស់​គាត់។ «The KaZantip Republic» គឺជា​សាធារណរដ្ឋ​ស្រមើស្រមៃ​មួយ។ វា​គឺ​មាន​ទំហំ​តូច​ដែល​ប្រហែល​ជា​២​គីឡូម៉ែត្រ​ (ជា​ឆ្នេរសមុទ្រ)​ ក្នុង​ទឹកដី​ប្រទេស​ជិត​ខាង​របស់​អ៊ុយក្រែន​។

នៅ​ទី​នោះ​អ្វីៗ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​តាម​ដែល​ប្រធានាធិបតី​នឹក​ឃើញ​ដូចជា «រដូវក្តៅ​ពេញ​មួយ​ឆ្នាំ» និង​«ជីវិត​គ្មាន​ខោ»​ជាដើម​។ ព្រះអាទិត្យ​កំពុង​បញ្ចេញ​រស្មី ទឹកសមុទ្រ​កំពុង​តែ​បោកបក់ តន្ត្រី​ត្រូវ​បាន​ប្រគំ​ឡើង​គ្រប់​ទីកន្លែង ហើយ​មាន​ខ្យល់​គ្រប់គ្រាន់​សម្រាប់​បង្ហោះ​ខ្លែង​បាន។ អ្នក​មិន​បាច់​ធ្វើអ្វី​ទាំងអស់​ប្រសិន​បើ​អ្នក​មិន​ចង់​ធ្វើ ឬ​អ្នក​ចង់​ធ្វើអ្វី​ក៏​បាន​តាម​ដែល​អ្នក​ចង់។

ពិភព​ខាងក្រៅ​បដិសេធ​ការ​កកើត​របស់​សាធារណរដ្ឋ KaZantip តែ KaZantip នឹង​ធ្វើឲ្យ​ខ្លួន​មាន​ឯករាជ្យ​តាម​ដែល​អាច​ធ្វើ​បាន។ តំបន់​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋធម្មនុញ្ញ​ខ្លួនឯង មាន​ជាតិសាសន៍​មួយ​ដ៏អស្ចារ្យ​ខ្លួនឯង មាន​ប្រធានាធិបតី និង​រដ្ឋាភិបាល​ដ៏គួរ​ឲ្យ​អស់សំណើច ក្នុង​ការ​សម្រេចចិត្ត​ដ៏សំខាន់​ក្នុង​ប្រទេស ដូចជា សំឡេង និង​ពន្លឺ ស្នេហា និង​ភាព​កំប្លែង​ជាដើម។ វា​ថែម​ទាំង​មាន ទិដ្ឋាការ​ការិយាល័យ​ផ្ទាល់​ខ្លួន ប្រពៃណី​ជាតិ និង​សាសនា​ផ្ទាល់​ខ្លួន​(belief in the reality of miracles) ហើយ​និង​ចង្វាក់ jazz។

ប្រវត្តិ​របស់​សាធារណរដ្ឋ KaZantip

រឿងរ៉ាវ​ទាំងអស់​កើតឡើង​នៅក្នុង​ឆ្នាំ ​១៩៩២ ចាប់ផ្តើម​ដោយ​ការ​ប្រកួត wind-surfing ដែល​នាំ​យក​មនុស្ស​ចូលរួម​ចំនួន​៧៨​នាក់ និង​អ្នក​កាន់​សាសនា​ចំនួន​ ៦០០​ នាក់​។ ដើម្បី​ឲ្យ​វា​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ អនាគត​ប្រធានាធិបតី​របស់​សាធារណរដ្ឋ KaZantip ដែល​នៅពេល​នោះ​ជា​ប្រធាន​សមាគម Russian Wind-surfing បាន​រៀបចំ​ជា​ប្រព័ន្ធ​សំឡេង​តូច​មួយ​នៅលើ​មាត់សមុទ្រ​។ ក្រោយមក​ទៀត​រឹតតែ​មាន​អ្នក​កាន់​សាសនា​ចូលរួម​កាន់តែ​ច្រើន រួម​ជាមួយ​នឹង​ឌីជេ​មួយ​ចំនួន​ដើម្បី​កុំ​ឲ្យ​អ្នក​ចូលរួម​ធុញទ្រាន់។

ការ​ប្រកួត​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឧបទ្វីប​ដែល​មាន​ឈ្មោះ​ថា KaZantip ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​។ វា​គឺ​មិន​ដែល​សាងសង់​រួចរាល់​ទេ ហើយ​ត្រូវ​បាន​គេ​បោះបង់​ចោល​បន្ទាប់ពី​គ្រោះមហន្តរាយ Chernobyl។

ក្នុង​ឆ្នាំ ១៩៩៧​ ប្រធាន​របស់ KaZantip បាន​ប្តេជ្ញាចិត្ត​ធ្វើ​ឡើង​នូវ​ពិធី​ជប់លៀង​មួយ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ​៥០០០ ​នាក់ ដែល​ឲ្យ​ឈ្មោះ​ថា «The night at the Reactor» ដែល​បាន​បង្កើតឡើង​នូវ​ប្រពៃណី​របស់​យប់​នុយក្លេអ៊ែរ និង​បាន​ពន្លេច​ខ្លួន​ទៅក្នុង​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី។

ក្នុង​រយៈពេល​៧​ឆ្នាំ កម្មវិធី​នេះ​ត្រូវ​បាន​វិវត្ត​ពី​ការ​ប្រមូលផ្តុំ​គ្នា​តូចតាច រវាង​អ្នក​ចូលចិត្ត​លេង​ស្គី​លើ​ទឹក និង​មិត្តភក្តិ​របស់​ពួកគេ អ្នក​ចូលចិត្ត​ដើរលេង អ្នក​ស្រឡាញ់​កីឡា តន្ត្រីករ ឌីជេ និង​អ្នកកាសែត​ទៅ​ជា​ពិធីបុណ្យ​ដែល​មាន​គ្រប់​យ៉ាង​ទាក់ទង​នឹង «សមុទ្រ ការ​រួមភេទ និង​រដូវក្តៅ»។ កម្មវិធី​នេះ​បាន​ចាប់​ប្រារព្ធ​ឡើង​នៅ​រៀងរាល់​ខែ​សីហា ហើយ​មាន​រយៈពេល​២​សប្តាហ៍​។ ក្នុង​ឆ្នាំ​១៩៩៩ វា​ទាក់ទាញ​អ្នក​ចូលរួម​ចំនួន​ ១២ ០០០ ​នាក់។

ក្នុង​ឆ្នាំ ​២០០០ ពិធី​បុណ្យ​នេះ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ប្តូរ​ទីតាំង។ តាំងពី​ពេល​នោះ​មក​វា​លែង​ជា​ពិធីបុណ្យ​ទៀត​ហើយ តែ​ជា​សាធារណរដ្ឋ។ ពេល​នេះ​វា​គឺជា​សាធារណរដ្ឋ​ឯករាជ្យ​ពណ៌​ទឹកក្រូច KaZantip ដែល​អាច​ផ្លាស់ប្តូរ​ទីតាំង​ដោយ​សេរី​តាម​ដែល​ប្រធានាធិបតី​ចង់​បាន និង​ឲ្យ​តែ​ប្រទេស​មាន​លក្ខណៈ​ល្អ​ប្រសើរ។

ពីរ​បី​ឆ្នាំ​កន្លងមក សាធារណរដ្ឋ​គឺ​ចល័ត​ទៅមក ហើយ​វា​ចាំបាច់​ក្នុង​ការ​ប្រមាញ់​រក​ទីតាំង​ដែល​មិន​អាច​ដឹង​បាន នៅ​រាល់​រដូវក្តៅ​នីមួយៗ​។

ទោះ​យ៉ាងណា​ក៏ដោយ ​ក្នុង​ឆ្នាំ​២០០១ វា​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ការ​ស្វែងរក​ទីតាំង​ដោយ​គេ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​នៅ​ភូមិ​មួយ​ដែល​មាន​ឈ្មោះ​ថា Popovka ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខ្មៅ​នៃ​តំបន់​គ្រីមា ប្រទេស​អ៊ុយក្រែន។

ចាប់​តាំងពី​ពេល​នោះ​មក​សាធារណរដ្ឋ KaZantip មាន​តំបន់​តូច​មួយ​សម្រាប់​ខ្លួនឯង ហើយ​មាន​គ្រប់យ៉ាង​សម្រាប់​តម្រូវការ​ប្រជាជន​ដូចជា បារ៍ ភោជនីយដ្ឋាន អ៊ីនធឺណិត ការ​សង្គ្រោះ​បឋម មជ្ឈមណ្ឌល​ផ្តល់​វីសា ផ្ទះ​ស្នាក់នៅ កន្លែង​រាំ និង​ឆាក។ ពណ៌​សម្រាប់​តំណាង​ឲ្យ​សាធារណរដ្ឋ​គឺ​ពណ៌​ទឹកក្រូច ហើយ​វ៉ែនតា អាវយឺត ខោខ្លី ក្លាយ​ទៅ​ជា​ខោអាវ​តំណាង​ជាតិ និង​វ៉ាលិស​ម៉ូដ​ចាស់ៗ​ពណ៌​លឿង​គឺជា​តំណាង​ជាតិ​ដ៏សំខាន់​ដើម្បី​ទទួល​បាន​វីសា​ចូល​ដោយ​មិន​គិត​ថ្លៃ។

លោក Artem Kharchenko នាយករដ្ឋមន្ត្រី​របស់​សាធារណរដ្ឋ KaZantip បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ​ថា ពិធី​នេះ​រំពឹង​ថា នឹង​នៅ​តែ​ប្រារព្ធ​ធ្វើ​បាន​ដោយ​ពេល​នេះ​លោក​គឺ​កំពុង​តែ​ត្រៀម​រៀបចំ​ធ្វើ​បទបង្ហាញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​របស់​ប្រទេស​កម្ពុជា ឲ្យ​យល់​ច្បាស់​ពី​កម្មវិធី​ប្រគំតន្ត្រី​នេះ ក៏​ដូចជា​ចង់​បញ្ជាក់​ថា លោក​គឺ​ពិតជា​ស្រឡាញ់​ប្រទេស​កម្ពុជា និង​វប្បធម៌​កម្ពុជា។

លោក​ថា ប្រតិកម្ម​របស់​អាជ្ញាធរ​កម្ពុជា​គឺជា​ការ​យល់​ខុស។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ពាក្យ​ចចាមអារ៉ាម​ដែល​ថា វា​ជា​ពិធី​បុណ្យ​រាំស្រាត និង​មាន​ការ​រួមភេទ​នោះ គឺជា​ការ​ភាន់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ។ លោក​ថា អ្វី​ដែល​លោក​កំពុង​តែ​ព្យាយាម​ធ្វើ​នោះ​គឺ​នាំ​យក​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​គេ​ស្គាល់​កម្ពុជា ហើយ​នេះ​គឺជា​ពិធីបុណ្យ​អំពី​សិល្បៈ វប្បធម៌ និង​តន្រ្តី មិនមែន​ជា​ការ​បំផ្លាញ ឬ​មើលងាយ​វប្បធម៌​ កម្ពុជា​ ឡើយ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា យើង​កំពុង​តែ​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​»។

ចំពោះ​សំណួរ​ថា តើ​ក្រសួង​នឹង​ពិចារណា​អនុញ្ញាត​ឲ្យ​កម្មវិធី​នេះ​មាន​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែ​កុម្ភៈ​នេះ នៅ​មិន​ទាន់​ដឹង​ចម្លើយ​នោះ​ទេ បើ​ទោះ​ជា​ភាគី​ក្រុមហ៊ុន​ព្យាយាម​បកស្រាយ​ពី​គោលបំណង​នៃ​កម្មវិធី​នេះ​ទៅ​ក្រសួង​ទេសចរណ៍​ក៏ដោយ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.