អេមីរ៉ា អារ៉ាប់​រួម ត្រលប់​ទៅ​ចូល​សមរភូមិ ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត ឡើងវិញ

0 0
Cambodia Website Design

នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ នៅ​ថ្ងៃ​អង្គារ ទី១០​កុម្ភៈ ប្រទេស​អេមីរ៉ា អារ៉ាប់រួម បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្តើម​ឡើងវិញ ប្រតិបត្តិការ​ជើងអាកាស វាយប្រហារ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ីរី។ ទីក្រុង​អាប៊ូដាប៊ី​បានផ្អាក​សកម្មភាព នៅក្នុង​ប្រតិបត្តិការ​សម្ព័ន្ធ​អន្តរជាតិ បន្ទាប់ពី​អ្នកបើក​យន្តហោះ ជាតិ​ហ្សកដានី ត្រូវ​បាន​ក្រុមជីហាត ចាប់ខ្លួន និង​ក្រោយ​មក​ត្រូវ​ដុតសម្លាប់​ទាំង​រស់។

បញ្ជាការដ្ឋាន​ទ័ព​របស់​អេមីរ៉ា អារ៉ាប់​រួម​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពីថ្ងៃ​អង្គារ ថា យន្តហោះ​ចម្បាំង របស់​អេមីរ៉ា អារ៉ាប់​រួម ដែល​ប្រចាំការ​នៅក្នុង​ប្រទេស​ហ្សកដានី បាន​ចេញ​ទៅ​វាយប្រហារ​លើ​ទីតាំង​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី កាលពី​​ព្រឹកថ្ងៃ​អង្គារ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដ៏ខ្លី​អេមីរ៉ា អារ៉ាប់​រួម​មិន​បាន​បញ្ជាក់​ច្បាស់ ពី​ចំនួន​យន្តហោះ​ចម្បាំង​ដែល​ធ្វើ​ប្រតិបត្តិការ និង​ឈ្មោះ​ទីកន្លែង របស់​ក្រុមជីហាត ដែល​ជាផ្ទាំងស៊ីប​នៅក្នុង​ការវាយប្រហារ កាលពីថ្ងៃ​អង្គារ​ទេ។
កាលពីថ្ងៃ​សៅរ៍ អេមីរ៉ា អារ៉ាប់រួម​បាន​ប្រកាស​បញ្ជូន​យន្តហោះ​ចម្បាំង មួយគ្រឿង​របស់ខ្លួន​ទៅក្នុង​ទឹកដី​ហ្សកដានី ក្នុង​ហេតុផល​ចូលរួម​ជួយ​ហ្សកដានី ដែល​កំពុង​សម្រុក​វាយប្រហារ​ទៅលើ​ពួកជីហាត ក្នុង​ទឹកដី​ស៊ីរី ក្រោយ​ពេល​ដែល​ពួកនេះ​បាន​បង្ហាញ រូបភាព ដុតសម្លាប់​ទាំង​រស់ អ្នកបើក​យន្តហោះ ហ្សកដានី។ តាម​ទីភ្នាក់ងារ​ផ្លូវការ​របស់​អេមីរ៉ា អារ៉ាប់រួម​បាន​បញ្ជាក់​ដែរ​ថា ការដែល​អេមីរ៉ា អារ៉ាប់​រួម ត្រលប់​ទៅ​វាយប្រហារ​លើ​ពួកជីហាត ក៏​ព្រោះ​តែ​ចង់​​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​សម្ព័ន្ធ​អន្តរជាតិ​ធ្វើប្រតិបត្តិការ​យ៉ាង​ប្រសិទ្ធិភាព ប្រឆាំង​នឹង​ពួកជីហាត នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

Cambodia Website Design

អេមីរ៉ា អារ៉ាប់រួម​ត្រលប់​ទៅ​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស​របស់សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក នៅ មួយខែ​ក្រោយ ប្រទេស​អារ៉ាប់​មួយនេះ បាន​ផ្អាក​សកម្មភាព​របស់ខ្លួន ក្រោយ​ការចាប់ខ្លួន​របស់​អ្នកបើកយន្តហោះ ហ្សកដានី។ អេមីរ៉ា អារ៉ាប់រួម​ធ្លាប់​បាន​ទាមទារ​អាមេរិក​ឲ្យ​បញ្ជូន ក្រុមអន្តរាគមន៍ ​ជួយសង្រ្គោះ ពិសេស ទៅ​ប្រចាំការ​នៅ​ភាគខាងជើង​អ៊ីរ៉ាក់ នៅក្បែរ​កន្លែង​ដែល​យន្តហោះ​សម្ព័ន្ធអន្តរជាតិ​ឧស្សាហ៍​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ វាយប្រហារ​លើ​ទីតាំង​របស់​ពួកជីហាត។ នៅថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន អាមេរិក​បាន​ធ្វើតាម​ការទាមទារ​មួយផ្នែក​របស់​អេមីរ៉ា អារ៉ាប់រួម ដោយ​យល់ព្រម បញ្ជូន​ក្រុមជួយសង្រ្គោះ ពី​កូវ៉ែត ឲ្យ​ទៅប្រចាំការ​នៅ​ភាគខាងជើង​អ៊ីរ៉ាក់។ ប៉ុន្តែ អាមេរិក​មិន​បាន​បញ្ជូន​យន្តហោះ​ឧទ្ធម្ភាគចក្រ​កូនកាត់ Osprey ទៅតាម​ការចង់បាន​របស់​ទីក្រុង​អាប៊ូដាប៊ីទេ។ ការវិលត្រលប់​របស់​ទីក្រុង​អាប៊ូដាប៊ី ទៅចូលរួម នៅក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស​នៃសម្ព័ន្ធ​អន្តរជាតិ​ធ្វើឡើង នៅ​តែ​បីថ្ងៃ​ក្រោយ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ចន ឃេរី បាន​ជួប​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​របស់​ក្រុមប្រឹក្សា​ដើម្បី​សហប្រតិបត្តិការ​នៅក្នុង​តំបន់​សមុទ្រ​ពែរ្ស នៅក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។ នៅក្នុង​ជំនួប គ្រប់ភាគី​សុទ្ធ​តែ​បាន​ថ្កោលទោស សកម្មភាព​សម្លាប់​ដ៏​ឃោឃៅ​ដែល​ពួកជីហាត​បាន​ធ្វើ​ទៅលើ​អ្នកបើក​យន្តហោះ​ហ្សកដានី៕

ប្រភព៖ http://km.rfi.fr/

You might also like More from author

Leave A Reply

Your email address will not be published.