វត្ត​​សាមគ្គី​​រង្ស៊ី​​នៅ​​មិន​​ទាន់​​ក្លាយ​​ជា​​វត្ត​​ពេញ​​ច្បាប់​​នៅ​​ឡើយ​​ទេ!​

0 0
Cambodia Website Design

វត្ត​សាមគ្គី​រង្ស៊ី ដែល​ជា​វត្ត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​ក្លាយ​ជា​វត្ត​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ពេញ​លេញ​នោះទេ។ នេះ​បើតាម​ការបញ្ជាក់ ពី​លោក ឃួង ស្រេង អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ក្រោយ​ពី​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្នែក​រដ្ឋ​បាល​នៅក្នុង​វត្ត​សាមគ្គី​រង្ស៊ី ពេល​មួយ​រសៀល​ថ្ងៃទី ១០ កុម្ភៈ​នេះ។

ដូច​ការ​គ្រោងទុក​នៅរ​សៀល​ថ្ងៃ​ទី ១០ កុម្ភៈ​នេះ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​លោក ឃួង ស្រេង​បាន​ចុះទៅពិនិត្យ​ឆាយាល័ក្ខណ៍​របស់​ព្រះសង្ឃ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​បាន​ចំនួន ៥២​អង្គ សិស្ស​និស្សិត​ចំនួន​៦​នាក់ តាអាចារ្យ១១នាក់ និង​អ្នក​ដាំបាយ​ចំនួន ១៤នាក់។

លោក​ឡុង ឌី​ម៉ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​មក គេ​រក​ឃើញ​ថា​វត្ត​សាមគ្គី​រង្ស៊ី​មិន​ទាន់​មាន​ឯកសារ​គ្រប់​គ្រាន់ និង​ការ​ប្រកាស​អះ​អាង​ពី​ក្រសួង​ធម្មការ​និង​សាសនា​នៅឡើយ​ទេ។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏មាន​ការ​ប្រើ​ប្រាស់​ត្រា​មិនត្រូវ​តាម​គោល​ការ​របស់​ក្រសួង​ផងដែរ។

Cambodia Website Design

ព្រះ​តេជគុណ​ថាច់ ហា​សំអាង តំណាង​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​នឹង​ខិតខំ​ដឹកនាំ​យ៉ាងណា​ឲ្យ​វត្ត​សាមគ្គី​រង្ស៊ី​នេះ​ក្លាយជា​វត្ត​ពេញសិទ្ធិ​ស្រម​តាមច្បាប់​របស់​ក្រសួង​ធម្មការ។ ព្រះអង្គ​បាន​បន្តថា​បច្ចុប្បន្ននេះ វត្ត​សាមគ្គី​រង្ស៊ី​មាន​ឯកសារ​យល់ស្រប​ពី​ខាង​ចៅសង្កាត់ ខណ្ឌ និង​ក្រុង​បាន​ចំនួន ៨០ភាគរយ​ហើយ។ ដូច្នេះ​នៅ​ខ្វះ​តែ​ការយល់ស្រប​ពី​ក្រសួង​ធម្មការ​និង​សាសនា​តែ​ប៉ុ​ណ្តោះ។

ដោយឡែក​ទាក់ទង​នឹង​ត្រា​វិញ ព្រះ​តេជគុណ​ថាច់ ហា​សំអាង​បញ្ជាក់ថា ត្រា​នោះ​ជា​ត្រា​ផ្ទៃក្នុង ហើយ​សម្រាប់​ប្រើតែ​នៅក្នុង​វត្ត​តែប៉ុណ្ណោះ។ ព្រះអង្គ​សង្ឃឹមថា បន្ទាប់ពី​វត្ត​នេះ​ក្លាយជា​វត្ត​ស្របច្បាប់ ១០០ភាគរយ​ហើយ​នោះ នឹង​ទទួលបាន​ត្រា​ស្របច្បាប់​ពី​ក្រសួង​ដើម្បី​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ។

សូមបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​នៅក្នុង​វត្ត​សាមគ្គី​រង្ស៊ី​នៅពេលនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​សាលា​រាជធានី​បាន​រកឃើញថា កន្លងមក​កើតមាន​អំពើហិង្សា​ជាច្រើន​នៅក្នុង​វត្ត ហើយ​ថា ព្រះចៅអធិការ​វត្ត​នេះ​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អ្នកធ្វើ​បាតុកម្ម រស់នៅក្នុង​វត្ត​អារាម និង​មាន​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះ ចូលរួម​ក្នុង​បាតុកម្ម ឬ​កូដកម្មផ្សេងៗថែម​ទៀតផង។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ជាច្រើន​ពេល​ចុះ​ប្រតិបត្តិការ​នេះ។ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​វត្ត​និង​មកពី​ក្រៅ​វត្ត​ក៏មាន​ចំនួន​ច្រើន​ដែរ ប៉ុន្តែ ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ដោយ​គ្មាន​ការប៉ះទង្គិច​គ្នា​ទេ៕

ប្រភព៖ http://km.rfi.fr

You might also like More from author

Leave A Reply

Your email address will not be published.