ERA​ចេញ​ផ្សាយ​​លទ្ធផល​​នៃ​​ការ​សាកល្បង​​ចុះ​ឈ្មោះ​​បោះឆ្នោត​​តាម​បែប​​ទំនើបកម្ម​

0

ERAសម្ព័ន្ធ​​កំណែ​ទម្រង់​ការ​​បោះឆ្នោត​​ហៅ​កាត់​ថា​ (ERA) ​នៅ​​ព្រឹក​​ថ្ងៃ​ទី​១២​កុម្ភៈ​​នេះ ​បាន​ប្រកាស​​ពី​​លទ្ធផល​​នៃ​​ការ​សាកល្បង​​ចុះ​ឈ្មោះ​បោះឆ្នោត​​តាម​បែប​​ទំនើបកម្ម ​MVR ឫ​ (​Modernized ​Voter ​Registration​)​ ដែល​​បាន​​យក​​ក្រយៅដៃ​​និង​​រូបថត​​ជា​​គោល​ បញ្ជាក់​​អត្តសញ្ញាណ​​នៃ​​អ្នក​បោះឆ្នោត​។ ​លទ្ធផល​​នៃ​​ការ​បង្ហាញ​​នេះ ​ត្រូវ​បាន​​ស្វាគមន៍​​ដោយ​​គណបក្ស​​ទាំងពីរ​ ហើយ​​ថា​ លទ្ធផល​​នេះ ​វា​​សមស្រប​​ទៅនឹង​​អ្វី​ដែល​​គណបក្ស​​ទាំងពីរ​​បាន​​ព្រមព្រៀង​គ្នា​​រួចហើយ​។​

ការសាកល្បង​នៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​នេះបាន​ធ្វើឡើង​រយៈពេល៩ថ្ងៃទៅលើ​ប្រជាពលរដ្ឋ​ចំនួន៦៥២នាក់នៅក្នុង​ឃុំ​ចំនួន២ក្នុង​ខេត្ត​រតនគីរីនិង​ខេត្តកំពង់ឆ្នាំងដែលជា​ការចុះឈ្មោះ​នៅនឹងកន្លែង។ មានន័យថាក្រុមការងារ​សម្រាប់​ការចុះឈ្មោះ​មាន​គ្នា​បីនាក់បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋាន​ភូមិឃុំរបស់​ប្រជាពលរដ្ឋ​តែម្តង។ ចំណែកឯ​ការចុះឈ្មោះ​សាកល្បងពីរ​កន្លែង​ទៀតបានធ្វើនៅ​រាជធានី​ភ្នំពេញដែលជា​ការចុះឈ្មោះ​នៅនឹងកន្លែង​ផ្សេង។ មានន័យថាការចុះឈ្មោះ​សម្រាប់ប្រជាពលរដ្ឋបុគ្គលិក​ក្រុមហ៊ុនឫ​កម្មករ-កម្មការិនីដែល​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះហើយ​មិនអាច​វិល​ត្រឡប់​ទៅ​បោះឆ្នោត​បាន។

ក្រោយ​ការសាកល្បង​ចុះឈ្មោះ​នេះ ERA បាន​រកឃើញថា៩៩%នៃ​អ្នក​ចុះឈ្មោះមិនមាន​ឈ្មោះ​ស្ទួនឬ​ទិន្នន័យ​ស្ទួន​គ្នា​នោះទេ។ ក្នុងចំណោម៦៥២នាក់ដែល​បាន​ចុះឈ្មោះ​នោះមានតែ២ករណី​ប៉ុណ្ណោះដែលមាន​ភាពមិនប្រក្រតីដោយសារតែ​អ្នក​ចុះឈ្មោះ​នោះមាន​ស្នាម​ក្រយៅដៃ​ពីរ​នៅលើ​ម្រាម​តែមួយនិង​ដោយសារតែ​អ្នក​ចុះឈ្មោះ​នោះមាន​ស្នាម​ក្រយៅដៃ​ដែល​សឹក​ឬ​មាន​ដំបៅ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយដំណើរការ​ចុះឈ្មោះ​សាកល្បង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​នេះមិនមាន​បញ្ហា​រាំងស្ទះ​នោះទេហើយ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ម្នាក់ប្រើពេល​តែ៥នាទី​ប៉ុណ្ណោះ។

លោកធនសា​រ៉ា​យប្រធាន​អង្គការ​អាដហុក​និង​តំណាងអោយ​សម្ព័ន្ធ​កំណែរ​ទម្រង់ការ​បោះឆ្នោតហៅ​កាត់​ថា (ERA)បាន​ថ្លែងថាការចុះឈ្មោះ​អ្នកបោះឆ្នោត​តាមបែប​ទំនើបកម្មMVR ឫ( Modernized Voter Registration)នេះនឹងមិន​អនុញ្ញាតឲ្យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ចុះឈ្មោះ​បាន​ពីរដង​នោះទេ។

លទ្ធផល​នៃ​ការបង្ហាញ​នេះត្រូវបាន​ស្វាគមន៍​ដោយ​គណបក្ស​ទាំងពីរ​។ ​លោកព្រុំ​ សុខា​ក្រុមការងារ​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជានិង​លោកគួ​យ ប៊ុន​រឿនប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​បញ្ជាក់ថាការចុះឈ្មោះ​អ្នកបោះឆ្នោត​ដោយ​កំណត់​យក​ស្នាម​ក្រយៅដៃនិង​រូបថត​ជា​គោល​នេះត្រូវបាន​ក្រុមការងារ​គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​រួចទៅហើយនៅត្រង់​ជំពូក​ទី៦នៃ​ច្បាប់បោះឆ្នោត​ថ្មី។ ច្បាប់បោះឆ្នោត​ថ្មី ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ​នេះ។

សូមបញ្ជាក់ថាប្រព័ន្ធ​ចុះឈ្មោះ​អ្នកបោះឆ្នោត​តាមបែប​ទំនើបកម្មMVRត្រូវបាន​អនុវត្តន៍​រួចមកហើយ​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​សនិង​ប្រទេស​ហ្វីលីពីន។ ប្រព័ន្ធ​នេះនឹង​ចំណាយ​អស់​តែ១២០០ទៅ១៥០០ដុល្លា​អាមេរិក​ប៉ុណ្ណោះទៅលើ​សម្ភារៈដូចជាម៉ាស៊ីន​កុំព្យូទ័រ១​គ្រឿង ម៉ាស៊ីន​ផ្តិត​ក្រយៅដៃ ម៉ាស៊ីនថតរូប​ភាព ម៉ាស៊ីនបោះពុម្ព​រូបភាពនិង​ ម៉ាស៊ីនភ្លើង​តូច​មួយ (១.៨គីឡូ​កា​វេ​អា)។

លោកគល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែលនិង​ជា​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់ការ​បោះឆ្នោតហៅ​កាត់​ថា (ERA)ដែរបានលើកឡើង​នៅ​ចំពោះមុខ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោកហូរ ​វ៉ាន់និង​មន្ត្រី​អង្គការ​អន្តរជាតិនៅឯ​សណ្ឋាគា​អ៊ី​ម​ភើ​រៀលហ្គា​ឌិន​ថា ប្រសិនបើ​គណបក្ស​ទាំងពីរ​ទទួលយក​នូវ​ប្រព័ន្ធ​ចុះឈ្មោះ​ថ្មី​នេះ នោះគេ​ប្រើពេល​តែ២ឆ្នាំ​ប៉ុណ្ណោះដើម្បី​ចុះឈ្មោះ​និង​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចាប់ពី​ខែ​មីនា​ឆ្នាំ២០១៥តទៅរហូតដល់​ខែមករា​ឆ្នាំ២០១៦៕