វិបត្តិអ៊ុយក្រែន៖​កិច្ចព្រមព្រៀងសន្តិភាព​ត្រូវ​បាន​រក​ឃើញ​នៅ​នាទី​ចុងក្រោយ

0 0
Cambodia Website Design

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កុម្ភៈ​នេះ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ត្រូវ​បាន​រក​ឃើញ​សម្រាប់​វិបត្តិ​នៅ​អ៊ុយក្រែន។ គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ជំនួប​ចរចា​រយៈពេល ១៦ម៉ោង​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ លោក​ប្រធានាធិបតី​បារំាង​ហូឡង់ និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកែល​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។ គួរ​ជម្រាប​ជូន​ថា គឺ​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍​ដដែល​នេះ​ហើយ​ដែល​ភាគី​ជម្លោះ​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ កន្លង​ទៅ តែ​គ្មាន​ភាគី​ណា​មួយ​បាន​គោរព​ត្រឹមត្រូវ​ទេ។ យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ថ្ងៃ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​យល់​ឃើញ​ថា ជា​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​បញ្ចប់​វិបត្តិ​អ៊ុយក្រែន។

ទំរំា​តែ​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា គេ​បាន​ចំណាយ​ពេល​អស់ ១៦ម៉ោង​ដែល​បង្កប់​ដោយ​ភាព​តានតឹង និង​ការ​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ពិសេស​លក្ខខណ្ឌ​របស់​លោក​ប្រធានាធិបតី​ពូទីន​តប​នឹង​លក្ខខណ្ឌ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ។ ដោយ​មិន​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា លោក​ប៉ូរ៉ូឆេនកូ​ក៏​បាន​ងើប​ដើរ​ចេញ​ពី​តុ​ចរចា រួច​លោក​ពូទីន​ក៏​ក្រោក​ដើរ​ចេញ​ដែរ។ នៅ​ពេល​នោះ គ្រប់​គ្នា​មាន​អារម្មណ៍​ថា កិច្ចចរចា​បាន​ទទួល​បរាជ័យ​រួច​បាត់​ទៅ​ហើយ។ តែ​លោក​ប្រធានាធិបតី​បារំាង​ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មែរកែល​បាន​ព្យាយាម​ទឹក​ចុង​ក្រោយ ដោយ​នំា​គ្នា​ទៅ​ជួប​និយាយ​បញ្ចុះបញ្ចូល​ជាមួយ​លោក​ពូទីន និង​លោក​ប៉ូរ៉ូឆេនកូ​ដាច់​ដោយ​ឡែក​ពី​គ្នា។ គឺ​នៅ​ក្រោយ​ជំនួប​បញ្ចុះបញ្ចូល​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ហើយ​ដែល​ភាគី​ទំាង​អស់​បាន​យល់ស្រប​គ្នា​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ដែល​គេ​ហៅ​ថា កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍។

ភ្លាមៗ​នោះ តំណាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​តំណាងក្រុមឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​មាន​ទំនោរ​រក​រុស្ស៊ី​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ផែនទីចង្អុលផ្លូវ​មួយ​ដើម្បី​អនុវត្តន៍​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍។ មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​ភាគី​ទំាង​អស់​បាន​ព្រមព្រៀង​គ្នា ទី១ បទឈប់​បាញ់​ដែល​នឹង​ត្រូវ​ផ្តើម​អនុវត្តន៍​ចាប់​ពី​អធ្រាត្រ​យប់​ថ្ងៃ​អាទិត្យ ទី១៥ ខាង​មុខ ទី២ បន្ទាប់​ពី​បទឈប់​បាញ់​ចូល​ជា​ធរមាន​បាន ២ថ្ងៃ​ហើយ ភាគី​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​ត្រូវ​ដក​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ខ្សែបន្ទាត់​ដែល​ខ័ណ្ឌ​ចែក​ដែនដី​អ៊ុយក្រែន និង​ដែនដី​ទាមទារ​ដោយ​ពួក​ឧទ្ទាម​ក្នុង​រយៈពេល ១៤ថ្ងៃ ទី៣ បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​កងទ័ព​នៅ​តាម​ខ្សែបន្ទាត់​ដោយ​មាន​ចម្ងាយ​ពី ៥០ ទៅ ៧០ម៉ែត្រ​ពី​ខ្សែបន្ទាត់​នោះ និង​ចំណុច​ទី៤ ដែល​គ្រប់​គ្នា​ចាត់​ទុក​សំខាន់​ខ្លំាង​ជាង​គេ គឺ​លោក​ពូទីន​បាន​ទទួល​ប្រកាស​ទទួល​ស្គាល់​ពេញ​មាត់​ពី​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន។

Cambodia Website Design

លោកស្រី​មែរកែល៖នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា វិបត្តិ​អ៊ុយក្រែន​បាន​ឈាន​ចូល​ទីបញ្ចប់។ តែ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ពេញ​មាត់​ថា កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប​ធូរ​ចិត្ត​ច្រើន និង​ក៏​ជា​ក្តីសង្ឃឹម​សម្រាប់​សន្តិភាព​នៅ​អ៊ុយក្រែន​ដែរ។ ចូរ​កុំ​ភ្លេច​ថា គឺ​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស​ដដែល​នេះ​ហើយ​ដែល​ភាគី​ជម្លោះ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ កន្លង​ទៅ។ តែ​កិច្ចព្រមព្រៀង​កាលណោះ​ត្រូវ​បាន​គ្រប់​ភាគី​រំលោភបំពាន​មក​ដល់​សព្វថ្ងៃ ហើយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​សមរភូមិ​ថែម​ទំាង​កើន​ខ្លំាង​ជាង​មុន​ទៅ​ទៀត។ ជម្លោះ​ជិត ១ឆ្នំា​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៥ ០០០នាក់។

គេ​មិន​គួរ​ត្រេកត្រអាល​ខ្លំាង​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុងមីនស្កិ៍​ពេល​នេះ​ទេ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​អនុវត្តន៍​ជាក់ស្តែង និង​អាស្រ័យ​លើ​ឆន្ទៈនយោបាយ​ពិតប្រាកដ​របស់​ភាគី​នីមួយៗ ពិសេស​គឺ​អ៊ុយក្រែន និង​រុស្ស៊ី។ ខ្លឹមសារ​លំអិត​ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់​នៅ​លើ​ក្រដាស និង​ដែល​ភាគី​នីមួយៗ​បាន​ចុះ​ហត្ថលេខា​ផ្ទាល់​ដៃ តែ​គ្មាន​អ្វី​ដែល​អាច​ធានា​ថា ភាគី​ហត្ថលេខី​ច្បាស់​ជា​អនុវត្តន៍​គ្មាន​ចន្លោះ​នោះ​ទេ។ នៅ​ក្នុង​សន្និសីទ​រួម​គ្នា​ថ្ងៃ​នេះ លោក​ប្រមុខរដ្ឋ​បារំាង និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ថ្ងៃ​នេះ និង​ថា វា​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ តែ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា នៅ​មាន​ឧបសគ្គ​ធំៗ​ជា​ច្រើន​ទៀត​ដែល​ភាគី​នីមួយៗ​ត្រូវ​ដោះស្រាយ។ គឺ​លោក​ហូឡង់ និង​លោកស្រី​មែរកែល​ជា​អ្នក​តាម​ដាន​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ថ្ងៃ​នេះ។

ឧបសគ្គ​ធំ​ជាង​គេ និង​ដែល​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​ស្មុគស្មាញ​ខ្លំាង​នោះ គឺ​ការ​កំណត់​លក្ខន្តិក​ឲ្យ​តំបន់​ដែល​ក្រុម​ឧទ្ទាម​កំពុង​ទាមទារ​ផ្តាច់​ចេញ​ពី​អ៊ុយក្រែន។ តើ​ត្រូវ​ផ្តល់​លក្ខន្តិក​ជា​តំបន់​ស្វ័យត ឬ​មួយ​ក៏​ជា​តំបន់​ឯករាជ្យ និង​ថា តើ​ប្រទេស​ណា​មួយ​ជា​អ្នក​ចេញ​មុខ​ផ្គត់ផ្គង់​ចំណាយ​ឲ្យ​តំបន់​នោះ។ មក​ដល់​ពេល​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ​បាន​បដិសេធ​មិន​ផ្គត់ផ្គង់​លុយ​កាក់​ឲ្យ​ទេ។

អង្គការសហប្រជាជាតិ​បាន​អវត្តមាន​នៅ​ក្នុង​ជម្លោះ​អ៊ុយក្រែន

តំាង​ពី​វិបត្តិអ៊ុយក្រែន​បាន​ផ្ទុះ​មក គេ​ឃើញ​មាន​តែ​សហភាព​អឺរ៉ុប​ទេ​ដែល​ខ្នះខ្នែង​ជួយ​ដោះស្រាយ ពោល​គឺ​អត់​មាន​វត្តមាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទេ។ មូលហេតុ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយសារ​តែ​មាន​វត្តមាន​តួអង្គ​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​នោះ​ឯង។ រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​ន័យ​ថា រុស្ស៊ី​មាន​សិទ្ធិ​វ៉េតូ។ ដូច្នេះ វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ចំា​បាច់​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​អ្វី​ទេ ព្រោះ​បើ​អនុម័ត​ទៅ គង់​តែ​ត្រូវ​រុស្ស៊ី​ប្រើ​សិទ្ធិវ៉េតូ​ប្រឆំាង​ដដែល។ មួយ​វិញ​ទៀត ជម្លោះ​ជាមួយ​លោក​ពូទីន​ត្រូវ​បាន​គេ​យល់​ថា គួរ​តែ​និយាយ​ជាមួយ​លោក​ពូទីន​ផ្ទាល់ ចៀស​ជាង​ប្រើ​គំនាប​គាបសង្កត់​លើ​លោក​ពូទីន។

ក្រុមអ្នក​វិភាគ​យល់​ឃើញ​ថា ដើម្បី​អាច​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ធ្វើ​អ្វី​បាន​ច្រើន​ជាង​មុន​ទាក់ទង​នឹង​ជម្លោះ​ពិភពលោក គឺ​មាន​តែ​ការ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សា​មួយ​នេះ​ទេ ពោល​ពង្រីក​បន្ថែម​នូវ​ចំនួន​សមាជិក​ដែល​សព្វថ្ងៃ​មាន​តែ ៥ប្រទេស៕

ប្រភព៖​ http://km.rfi.fr/

You might also like More from author

Leave A Reply

Your email address will not be published.