ក្រុម​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង ​ជំរុញ​​ឲ្យ​​ថៃ​​បញ្ឈប់​​ការ​សម្លាប់​​ពលរដ្ឋ​​ខ្មែរ​

0 0
Cambodia Website Design

ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​ដែល​​រួម​ទាំង​​លោក​​កឹម ​សុខា ​អនុប្រធាន​​គណបក្ស​​ស​ង្គ្រោះ​ជាតិ ​និង ​ជា​​អនុប្រធាន​​ទី១​ នៃ​​រដ្ឋសភា​​ផង​ បាន​​ចេញ​មុខ​​ធ្វើ​ការ​​ថ្កោលទោស ​និង​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​​ថៃ​​បញ្ឈប់​​ការ​​បាញ់សម្លាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​តាម​​បណ្តោយ​​ព្រំដែន​​តទៅ​ទៀត​។ ​ការ​​ថ្កោលទោស ​និង​​ជំរុញ​​នេះ​ បាន​​ធ្វើឡើង​​នៅ​ក្នុង​​លិខិ​ត​មួយ​​របស់​​ក្រុម​តំណាងរាស្ត្រ​​បក្សប្​រឆាំង​​ផ្ងើ​​ទៅ​កាន់​​លោក​នាយក​រដ្ឋមន្ត្រី​​ថៃ ​ប្រា​យុទ្ធ ច័ន្ទអូ​ចា ​តាម​រយៈ​​ស្ថានទូត​​ថៃ​​ប្រចាំ​​នៅ​​កម្ពុជា​​កាល​ពី​​ថ្ងៃ​ទី១​០ ​កុម្ភៈ​​កន្លង​ទៅ​។​

“ យើង​ជម្រុញ​ជាដាច់ខាត​ឲ្យ​លោក[នាយករដ្ឋមន្ត្រី​ថៃ]ចាត់​វិធានកា​រ​ក្នុង​ការ​បញ្ឈប់​ការសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រព័ន្ធតុលាការ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​តទៅទៀត” ។ នេះ​គឺ​ការទាមទារ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​មួយ​របស់ខ្លួន​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា។ ការ​ជម្រុញ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​កម្ពុជា​នៅពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ត្រូវបាន​ទាហាន​ថៃ​ដុត​សម្លាប់​ទាំង​រស់​កាលពី​អំឡុង​ខែមករា។ ក្រុមតំណាងរាស្ត្រ បានចាត់ទុក​ទង្វើ​រប​ស់ទា​ហាន​ថៃ​នោះ​ថា ជា​សកម្មភាព​ដ៏​សាហាវយង់ឃ្នង​ដែល​ត្រូវបាន​ពិភពលោក​ទាំងមូល​ថ្កោលទោស​យ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ក្រុមតំណាងរាស្ត្រ​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ករណីនេះ ហើយ​លទ្ធផល​ត្រូវ​បង្ហាញ​ជា​សាធារណៈ​មុន​បិទ​បញ្ជ​ប់​សំណុំ​រឿងនេះ។

សូម​រម្លឹក​ជូន​ថា កាល​អំឡុង​ដើមខែ​មករា​កន្លងទៅនេះ មាន​ករណី​ឃាតកម្ម​ដោយ​ដុត​សម្លាប់​មួយ​បាន​កើតឡើង​នៅក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​កម្ពុជា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត។ អ្នកស្លាប់​នោះ​ត្រូវបាន​គេ​សង្ស័យថា ជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ចូល​នៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់។ ប៉ុន្តែ​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា អ្នកស្លាប់​ទាំងពីរ​នាក់​នោះ​ជា​ពលរដ្ឋ​ខ្មែរ​ឫ​យ៉ាងណា​នៅឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។ លោក​កុយ គួ​ង បានបញ្ជាក់​បន្ថែមថា នៅពេលនេះ អាជ្ញាធរ​ថៃ​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ដែល​ស្លាប់​នោះ ហើយ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​នោះ។

Cambodia Website Design

ក្រៅពី​ករណី​ដុត​សម្លាប់​នេះ ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​កម្ពុជា ក៏បាន​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការបាញ់សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ពី​សំណាក់​ទាហាន​ព្រំដែន​ថៃ​កាលពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ​ផងដែរ។ ក្រុមតំណាងរាស្ត្រ​បានទទួល​ស្គាល់​ពី​ការ​សូមទោស និង ការសង​សំណង​ពី​សំណាក់​រដ្ឋាភិបាល​ថៃ​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​ករណីនេះ វា​ជា​បទឧក្រិដ្ឋ​ដែល​មិនអាច​បញ្ចប់​ដោយ​ការ​សូមទោស​បាន​នោះឡើយ។

គួរ​បញ្ជាក់ថា ការបាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ទឹកដី​ថៃ​នេះ មិនមាន​ជា​រឿង​ថ្មី​នោះទេ​សម្រាប់​កម្ពុជា។ មិនមែនជា​រឿង​ថ្មី ពីព្រោះថា​កន្លងមក​ចុង​កាណុង​កាំភ្លើង​របស់​ទាហាន​ថៃ​បាន​ប្រល័យ​ជីវិត​ពលរដ្ឋ​ខ្មែរ​មិនតិច​នោះទេ។ បើតាម​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ២០១២ ពលរដ្ឋ​ខ្មែរ​ចំនួន៤៥នាក់ និង នៅក្នុង​ឆ្នាំ២០១៣ ចំនួន៦៩នាក់​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់។ ជា​បន្តបន្ទាប់ រដ្ឋាភិបាល​កម្ពុជា​មិនមាន​វិធានការ​អ្វី ក្រៅតែពី​ផ្ញើ​កំណត់​ទូត​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​ការបាញ់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​នោះទេ។

កាលពី​ចុងខែ​តុលា ឆ្នាំ២០១៤ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នៅក្នុង​ប្រទេស​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ស្នើ​ផ្ទាល់មាត់​ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ ឲ្យ​បញ្ឈប់​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ។ ជាងនេះទៅទៀត កាលពី​ថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៤ ប្រមុខ​ការពារជាតិ​ថៃ បាន​ថ្លែង​សុំទោស​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​ទាហាន​ព្រំដែន​ថៃ​បាញ់សម្លាប់។ ហើយ​នៅ​ថ្ងៃទី១៦ មករា ខែ​មុននេះ ថៃ​ក៏បាន​សន្យា​ជា​លាយ​លក្សណ៍​អក្សរ ថា​ឈប់​បាញ់​ខ្មែរ​នៅ​ព្រំដែន​តទៅទៀត។

ក៏ប៉ុន្តែ បន្ទាប់ពី​ការសន្យា​របស់​ថៃ​មកដល់ពេលនេះ ពលរដ្ឋ​ខ្មែរ​ចំនួន៣នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស ដែល​នេះ​សបញ្ជាក់​ថា ថៃ​មិនបាន​គោរពរ​ការសន្យា​របស់​ខ្លួន​នោះទេ។ ទោះជា​បែបនេះ​ក្តី លោក​កុយ គួ​ង​បាន​លើកឡើងថា ក្រៅតែពី​សហការ​ជាមួយ​ភាគី​ថៃ​ក្នុងការ​ល្បាត​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​លួង​ឆ្លងដែន​ខុសច្បាប់​នោះ  ការធ្វើ​កំណត់​ទូត​ថ្កោលទោស​ទៅកាន់​រដ្ឋាភិបាល​ថៃ គឺជា​ជម្រើស​សមស្រប​មួយ​សម្រាប់​ប្រទេស​ដែលមាន​ច្បាប់ទម្លាប់ និង​ជា​ប្រទេសជិតខាង​កម្ពុជា៕

You might also like More from author

Leave A Reply

Your email address will not be published.