តុលាការ​ឃុំ​ខ្លួន​ម្ចាស់​ម៉ូតូ​សង្ស័យ​ជិះ​មក​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ

0 2
Cambodia Website Design

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ ពុធ បាន​សម្រេច​ឃុំ​ខ្លួន​អង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ម្នាក់​ទៀត​និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូងពេជ្រ ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group ពី​ចុង​ឆ្នាំ​២០១៤​។

លោក អ៊ុំ សុខា មន្រ្តី​តុលាការ​បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ជាប់​ចោទ​ឈ្មោះ ឈុន ចិត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​បន្ទាប់ពី​ត្រូវ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ២០១៥ តាម​ដីកា​ចាប់​ខ្លួន របស់​លោក​ចៅក្រម​ស៊ើបសួរ លី សុខ​លេង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ឈ្មោះ​ឈុន ចិត្រា ធ្វើ​ឡើង​ក្នុង​ពេល​គាត់​ចូល​ខ្លួន​មក​បំភ្លឺ​នៅឯ​សាលាដំបូង​ភ្នំពេញ តាម​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ​និង​បន្ទាប់ពី​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ហើយ​និង​តាមរយៈ​សាក្សី​និង​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​ក្នុង​អំពើ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​ព្រលប់​ថ្ងៃ ២២ វិច្ឆិកា ឆ្នាំ​២០១៤ នោះ​ជា​របស់​ឈ្មោះ ឈុន ចិត្រា ដែល​ផ្តល់​ឲ្យ​ទៅ​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា និង​លី សៅ ជិះ​ធ្វើ​សកម្មភាព។

Cambodia Website Design

ទាក់ទង​នឹង​ករណី​នេះ​លោក​ចៅក្រម​ស៊ើបសួរ លី សុខលេង លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​និង​លោក​ស្នងការ​រង ជួន ណារិន្ទ មិន​អាច​ទាក់ទង​សុំ​ព័ត៌មាន​បាន​ឡើយ កាលពី​ម្សិលមិញ​។ ចំណែកឯ​ជនជាប់ចោទ​ឈ្មោះ ឈុន ចិត្រា​និង​មេធាវី​ក៏​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ដែរ។

យោងតាម​ឯកសារ​តុលាការ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ មាន​ជនសង្ស័យ​សំខាន់ៗ​៦​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់។ ក្នុង​នេះ មាន ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (សង្ស័យ​ជា​ខ្មាន់កាំភ្លើង​និង​ជា​ឃាតករ​) និង​ឈ្មោះ លី សៅ ហៅ វី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​សង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​ឌុប​ឲ្យ​ជនដៃដល់​)។ អ្នក​ទាំង​២​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​«​ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ។ចំណែក​ឈ្មោះ​មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (ជា​អ្នក​បើក​ម៉ូតូ​បិទ​គូទ) ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ ៧មករា និង​ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(ជា​អ្នក​ជិះម៉ូតូ​ពីក្រោយ​និង​ចុះពិនិត្យ​ផ្ទាល់​) រីឯ​ឈ្មោះ ឈុន ចិត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (ម្ចាស់​ម៉ូតូ​ដែល​ឈ្មោះ សៀង វាសនា និង លី សៅ ជិះ​ធ្វើ​សកម្មភាព​) ត្រូវ​ចោទប្រកាន់​ពី​បទ​«​អ្នក​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា​២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយឡែក​ជន​ត្រូវ​ចោទ ថោង សារ៉ាត់ និង​គូកន​ឯទៀត ត្រូវ​តំណាង​អយ្យការ​ចោទ​ពី​បទ​«ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​» តាម​មាត្រា ២៨ និង ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។

គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ​៥៣​ឆ្នាំ​ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាលពី​ម៉ោង​៧:១៨​នាទី យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ ពេល​លោក​ចុះ​ពី រថយន្ត​ឡិចស៊ី​ស ៥៧០ ដើរ​ទៅ​ទិញ​ផ្លែឈើ​នៅ​ហាង ឡោ តិចសេង នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន​។

ករណី​ឃាតកម្ម​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​ភ័យរន្ធត់​អំពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នក​ដែល​រស់​នៅក្នុង​រាជធានី​ភ្នំពេញ។ សំណុំ​រឿង​នេះ មក​ទល់​ពេល​នេះ សាធារណជន​ខ្មែរ​ទាំងក្នុង​និង​ក្រៅ​ប្រទេស កំពុង​តែ​ចង់​ដឹង​ថា រឿងរ៉ាវ​ពិត​នៃ​ករណី​ឃាតកម្ម​នេះ តើ​នរណា​ជា​ឃាតករ​និង​ផ្តើម​គំនិត​ពិតប្រាកដ ខណៈ​ដែល​មាន​សារ​សំឡេង​និង​ឃ្លីប​វីដេអូ នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​អះអាង​ថា ខ្លួន​ជា​ឧកញ៉ា ថោង សារ៉ាត់ បាន​បដិសេធ ហើយ​ថា គាត់​មិន​ដែល​ស្គាល់​និង​មាន​ទំនាក់ទំនង​អី​ជាមួយ​ក្រុមហ៊ុន ឬ ជាមួយ​នឹង​គ្រួសារ​ឧកញ៉ា អ៊ឹង ម៉េងជឺ នោះ​ទេ​៕

You might also like More from author

Leave A Reply

Your email address will not be published.