​វិភាគ​៖ តើ​មាន​អ្វី​នៅ​ពីក្រោយ​ការត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី​?​

0 0
Cambodia Website Design

អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​វត្ត​សាមគ្គី​រង្សី ដែល​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោយពេល​មាន​ករណី​ធ្វើ​គត់​ព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​នេះ និង​ក្រោយ​ពេល​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ប្រៀបធៀប​វត្ត​នេះ​ថា “​សឹងតែ​ក្លាយទៅជា​តំបន់អបគមន៍​ទៅហើយ​” ។​

​ការត្រួតពិនិត្យ​រដ្ឋបាល​នេះ​អាជ្ញាធរ​អះអាងថា ដើម្បី​ពិនិត្យមើល​ភាពស្របច្បាប់​របស់​វត្ត និង​ភាពស្របច្បាប់​របស់​ព្រះសង្ឃ ព្រមទាំង​ភាព​អសកម្ម​មួយចំនួន ដូច​ជា​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​បាន ។​

​នៅ​ថ្ងៃ​ត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី​នោះ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ច្រូងច្រាង មាន​នគរបាល និង​អាវុធហត្ថ​ជាង​៥០​នាក់ ។ រូបភាព​នៃ​ការត្រួតពិនិត្យ​វត្ត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ទៅ​មើល​នៅ​ទីនោះ​ពណ៌នា​ថា មិន​ខុស​ពី​ការចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ ឬក៏​ការចុះ​បង្ក្រាប​ភេរ​វករ ឬ​ការចាប់​ឧក្រិដ្ឋជន​ក្បត់ជាតិ​នោះទេ ។​

Cambodia Website Design

​ប្រជាពលរដ្ឋ អ្នកកាសែត និង​មន្ត្រី​មក​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ជាច្រើន បាន​ឃ្លាំ​មើល​សកម្មភាព​ត្រួតពិនិត្យ​នោះ ។ លោក ឃួ​ង ស្រេង បាន​អង្គុយ​នៅ​កៅអី​មួយ​ស្មើ​គ្នា​នឹង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត ដែល​គង់​នៅ​កៅអី​សងខាង​នោះ ។ ក្រុម​អ្នកឃ្លាំមើល​ខ្សឹបខ្សៀវ​គ្នា​រិះគន់​សកម្មភាព​នេះ​ថា គ្មាន​ការគោរព​ដល់​ព្រះសង្ឃ​សោះឡើយ ។​
​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ អាជ្ញាធរ​ថា វត្ត​នេះ​មិនទាន់​ចុះបញ្ជី​ការ​ទៅ​ក្រសួង​ធម្មការ និង​សាសនា និង​ប្រើប្រាស់​ត្រា​មិន​ស្របច្បាប់​ជាដើម ហើយ​អាជ្ញាធរ​តម្រូវ​ឲ្យ​វត្ត​នេះ​ធ្វើ​តាម​ច្បាប់ ដោយ​ឲ្យទៅ​សុំត្រា​ស្រប​ច្បាប់​ពី​ក្រសួងមហាផ្ទៃ មុននឹង​ទៅ​ក្រសួង​ធម្មការ និង​សាសនា ។ លោក ឃួ​ង ស្រេង មានប្រសាសន៍ថា ដើម្បី​បាន​ត្រា​ស្របច្បាប់​នោះ វត្ត​ត្រូវមាន​ភស្តុតាង​បញ្ជាក់​ថា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​វត្ត​នោះ​តាំងនៅ ។​

​ក្រុម​អ្នកសង្កេតការណ៍​ព្រួយបារម្ភ​ថា  អាជ្ញាធរ​ប្រើ​ហេតុផល​ខាងលើ​នេះ ឈាន​ទៅ​បិទ​វត្ត​សាមគ្គី​រង្សី​នោះ ។​

​តើ​មាន​ហេតុផល​អ្វី​នៅ​ពីក្រោយ​ការត្រួតពិនិត្យ​វត្ត​សាមគ្គី​រង្សី​? តើ​ការត្រួតពិនិត្យ​វត្ត​នេះ​ក្នុង​បំណង​យ៉ាងណា​?

​មាន​តម្រុយ​មួយចំនួន​សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការពិចារណា​លើ​សំណួរ​ខាងលើ​នេះ ។​
​ទី​១. បើ​តាម​ព្រះ​តេជ​គុណ ថាច់ ហា​សំអាង ចៅអធិការ​ស្ដីទី​វត្ត​សាមគ្គី​រង្សី​ឲ្យដឹងថា ព្រះសង្ឃ​ជាង​៨០​ភាគរយ​ដែល​គង់នៅ​វត្ត​សាមគ្គី​រង្សី និមន្ត​មកពី​កម្ពុជា​ក្រោម ។​

ទី​២. ព្រះសង្ឃ​ដែល​ចូលរួម​យ៉ាង​សកម្ម ក្នុង​បាតុកម្ម​តវ៉ា​ឲ្យ​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោក​ត្រឹង វ៉ាន់​ថុង សុំទោស​ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ភាគច្រើន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ក្នុង​ការតវ៉ា​នោះ បាន​ឈាន​ទៅដល់​ការដុត​ទង់ជាតិ​វៀតណាម និង​បញ្ចេញ​ឯកសារ​សម្ងាត់​ឫ​សគល់​៧​មករា ផងដែរ ។​
​ទី​៣. វត្ត​សាមគ្គី​រង្សី​ជា​កន្លែង​ផ្ដល់​ជម្រក​ដល់​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​តាម​បណ្ដា​ខេត្ត ឡើងមករក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ ឲ្យជួយ​រក​ដំណោះស្រាយ​ករណីជ​ម្លោះ​ដីធ្លី​របស់​ពួកគេ ។​

ទី​៤. រដ្ឋាភិបាល​វៀតណាម ក្រៅពី​មិនបាន​សុំទោស​ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ថែម​ទាំង​ខឹងសម្បា​នឹង​ការធ្វើ​បាតុកម្ម​របស់​និស្សិត បញ្ញវន្ត និង​ព្រះសង្ឃ​ទាំងនោះ​ថែមទៀត ហើយ​វៀតណាម​បាន​អញ្ជើញ​លោក ហេង សំរិន ដែលជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា​ក្នុង​អំឡុង​ជាប់គាំង​នយោបាយ ឲ្យទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ។ ក្នុង​ទស្សនកិច្ច​នោះ វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ចាត់ការ​បង្ក្រាប​អ្នក​តវ៉ា​ទាំងនោះ ដោយ​គេ​បាន​ហៅ​អ្នក​តវ៉ា​ទាំងនោះ​ថា ជា​ក្រុម​ជ្រុលនិយម​ខ្មែរ​កម្ពុជា​ក្រោម ។​

​ជា​ការឆ្លើយតប លោក ហេង សំរិន មានប្រសាសន៍ថា លោក​សោកស្តាយ​ដែល​មាន​បាតុកម្ម​ប្រឆាំង​នឹង​វៀតណាម ជាពិសេស​ការដុត​ទង់ជាតិ​ប្រទេស​វៀតណាម ។ លោក ហេង សំរិន បន្ត​ថា​រដ្ឋសភា​ប្រទេស​កម្ពុជា និង​រូបលោក​ផ្ទាល់​ខឹង​ចំពោះ​សកម្មភាព​ទាំងនេះ ហើយ​ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​ក្តៅ ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​នេះ និង​ផ្តន្ទាទោស​អ្នករំលោភ ហើយ​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព ប្រើប្រាស់​ច្បាប់ បញ្ចៀ​សកម្មភាព​បែបនេះកើត​ឡើងសា​ជាថ្មីទៀត ។​
​ទី​៥. ក្រោយ​ការសន្យា​របស់​លោក ហេង សំរិន ប្រហែល​៣​ខែ មាន​ការចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បី​អង្គ​យកទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ព្រះសង្ឃ​ទាំង​បី​អង្គ​នោះមាន ព្រះ​តេជគុណ​សឺ​ន ហាយ ព្រះ​តេជគុណ ឃិត វណ្ណៈ និង​ព្រះ​តេជ​គុណ សាន កុសល ឬ​ថាច់ សាង ។ ថ្វី​បើ​បទ​ចោទ​ទៅ​លើ​ព្រះសង្ឃ​ទាំង​បី​អង្គ​នោះ មិន​ពាក់ព័ន្ធ​នឹង​ករណី​ប្រឆាំង​វៀតណាម ប៉ុន្តែ​ព្រះសង្ឃ​ទាំង​បី​អង្គ​នោះ​ធ្លាប់​ចូលរួម​យ៉ាង​សកម្ម ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម ករណី​បំភ្លឺ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។ ករណីនេះ សង្គម​ស៊ីវិល​យល់ថា បទ​ចោទ​លើ​ព្រះសង្ឃ​ទាំង​បី​អង្គ​នោះ គ្រាន់តែ​ជា​លេស ដើម្បី​ចាប់​ព្រះកាយ​ព្រះអង្គ​ប៉ុណ្ណោះ ។​

​ទី​៦. គ្រូសូត្រឆ្វេង​មួយ​អង្គ​ជា​សង្ឃ​និមន្ត​មកពី​កម្ពុជា​ក្រោម ហើយ​គង់នៅ​វត្ត​សាមគ្គី​រង្សី ត្រូវបាន​ធ្វើ​គត់ ។​

​តាម​តម្រុយ​ទាំង​៦​ខាងលើនេះ តើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាចឈាន​ទៅ​បិទ​វត្ត​សាមគ្គី​រង្សី​ឬទេ​?

គ្រូសូត្រស្ដាំ​នៅ​វត្ត​ដំណាក់​ក្នុង​ខេត្ត​សៀមរាប ព្រះ​តេជគុណ ហឿន សំនៀង មាន​ថេរ​ដីកា​ថា បើ​ការសាងសង់​វត្ត​នោះ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ ហើយ​មាន​ព្រះសង្ឃ​គង់​នៅ​ជាប់​រហូត​មក បញ្ជាក់ថា វត្ត​នោះ​ជា​វត្ត​ស្របច្បាប់ ។ ព្រះអង្គ​មាន​ដីកា​បន្តថា បើ​អាជ្ញាធរ​រកឃើញថា​ខ្វះ​ឯកសារ​លិខិតស្នាម គួរតែ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យបាន​ស្រប​ច្បាប់ ព្រោះ​មិនមែន​ជា​រឿង​ពិបាក​នោះទេ «​បើ​ខ្វះ​ច្បាប់ អត់​ចន្លោះ យើង​សំណូមពរ​វិញ​ថា បំពេញ​ឲ្យ​គ្រប់គ្រាន់​ទៅ ព្រោះ​មិនមែន មិន​អាច​ធ្វើបាន​ទេ គួរតែ​បំពេញបន្ថែម​ទៅ​ព្រោះ​ក្នុងនាម​អាជ្ញាធរ​ក៏​អ្នក​ពុទ្ធ​សាសនា ហើយ​ព្រះសង្ឃ​ដែល​គង់​ទីនោះ ក៏​មិនមែន​លួ​យ​ដី​អ្នកស្រុក​» ។​

​ព្រះ​តេជគុណ​ ហឿន សំនៀង មាន​ថេរ​ដីកា​បន្តថា អាជ្ញាធរ​អាច​បិទ​វត្ត​នោះ​បាន លុះណាតែ​វត្ត​នោះ​ជា​វត្ត​របស់​បុគ្គល ។ ប៉ុន្តែ​ព្រះអង្គ​យល់ថា តាម​លក្ខណៈសម្បត្តិ​របស់​វត្ត​សាមគ្គី​រង្សី​នោះ អាជ្ញាធរ​មិន​អាច​បិទ​បានទេ ព្រោះ​ជា​វត្ត​ព្រះពុទ្ធសាសនា ជា​វត្ត​របស់​ព្រះសង្ឃ និង​របស់​សហគមន៍​ទាំងមូល ម្យ៉ាង​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ផង ។

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា អ្វី​ដែល​អាជ្ញាធរ​លើកឡើង​នោះ បង្ហាញ​ឲ្យឃើញ​នូវ​ទិដ្ឋភាព​ពីរ​យ៉ាង ។ ទី​១. ភាព​អសមត្ថភាព​នៃ​ក្រសួង​ធម្មការ និង​ទី​២. ពី​ភាព​អសមត្ថភាព​របស់​អាជ្ញា​ធរ​ខ្លួនឯង​តែម្ដង ។ លោក​ថា វត្ត​សាមគ្គី​រង្សី​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ដោយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រោម​ព្រះ​ហស្ថលេខា​របស់​អតីត​ព្រះករុណា​នរោត្តម សីហនុ ដោយ​ព្រះអង្គ​បាន​បង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អម​ជាមួយ​វត្ត​នោះ​ផង​។ លោក​បន្តថា បើ​វត្ត​នោះ​មិន​ស្របច្បាប់ គឺ​មិន​ស្របច្បាប់​តាំងពី​ពេលនោះ​មក មិនមែន​ទើបតែ​ពេល​នេះ​មក​ថា​មិន​ស្របច្បាប់​នោះទេ ។​

លោក​បណ្ឌិត រស់ រ៉ាវុធ បន្ត​ថា​ការបិទ​វត្ត​មិន​មែន​ជា​ដំណោះស្រាយ​ឡើយ «​បិទ​វត្ត​បាន​ទាល់តែ​យើង​ប្រជុំ​ជាមួយ​ក្រសួង​ធម្មការ យើង​ប្រជុំ​ជាមួយ​គណៈសង្ឃ យើង​ហៅ​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត មក​ជជែក​គ្នា​រក​ហេតុផល មិនមែន​គ្រាន់តែ​បង្ហាញ​ថា​ត្រា​មួយ ក្រដាស​ស្នាម​មួយ បង្ហាញថា វត្ត​មិន​ស្រប​ច្បាប់​ទេ នេះ​មិន​អាច​ថា​បាន​ទេ​» ។​

​លោក​បណ្ឌិត រស់ រ៉ាវុធ យល់ថា បើ​អាជ្ញាធរ​យក​ហេតុផល​ដូច​ដែល​បាន​រកឃើញ​នោះ ដើម្បី​បិទ​វត្ត​ដូច​ការព្រួយបារម្ភ​មែន វា​មិន​ខុស​ពី​ករណី​អាជ្ញាធរ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​លំនៅដ្ឋាន ដោយសារ​ពលរដ្ឋ​ទាំងនោះ​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដីធ្លី​របស់​ពួកគេ​នោះ​ទេ ៕

You might also like More from author

Leave A Reply

Your email address will not be published.