សហគមន៍​​ខ្មែរ​​កម្ពុជា​ក្រោម​ រកឃើញ​​ឯកសារ​៤ពាន់​​ទំព័​រ​អំពី​​ទឹកដី​​កម្ពុជា​​ក្រោម​​នៅ​​បារាំង​

0 0
Cambodia Website Design

ឯកសារ​សំខាន់​ៗទាក់ទង​​នឹង​​ទឹកដី​​កម្ពុជា​ក្រោម​​ប្រមាណ​៤​ពាន់​​ទំព័រ ​ត្រូវ​បាន​​សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម ​និង​​សម្ព័ន្ធ​​យុវជន​​ខ្មែរ ​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​​រក​ឃើញ​​នៅ​ក្នុង​​ប្រទេស​​បារាំង​។ ​ឯកសារ​​ទាំង​នេះ ​នឹង​​ក្លាយ​ជា​​ភ​ស្តុតាង​​ដ៏​​សំខាន់​​សម្រាប់​​យក​ទៅ​​បង្ហាញ ​និង​​ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​វៀតណាម​ ទទួល​ស្គាល់​​ការ​ពិត​ នៃ​​ប្រវត្តិសាស្ត្រ​​ទឹកដី​​កម្ពុជា​ក្រោម​ និង​​សូ​ម​ទោស​​ជា​សាធារណៈ​​ចំពោះ​​ការ​បំភ្លៃ​​ប្រ​វ​តិ្ត​សាស្ត្រ​​របស់​​អ្នកនាំ​ពាក្យ​​ស្ថានទូត​​វៀតណាម​​ប្រចាំ​​នៅ​​កម្ពុជា​។​

បន្ទាប់ពី​បញ្ចប់​បេស​សក​កម្ម​ស្រាវជ្រាវ​ស្វែងរក​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោម​នៅក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃទី២ដល់​ថ្ងៃទី៦ កុម្ភៈ​កន្លងទៅ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​រកឃើញ​ឯកសារ​ចំនួន​ប្រមាណ៤ពាន់​ទំព័រ​ដែល​និយាយ​ពី​ការផ្ទេរ​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​ប្រទេស​វៀតណាម។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​ពី​ទីក្រុង​បារី​ស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឯកសារ​ដែល​បាន​រកឃើញ​ទាំងនោះ​រួមមាន​ដូចជា ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម ផ្ញើរ​ជូន​រដ្ឋាភិបាល​បារាំង កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ​ជាដើម។ ក្រៅពីនេះ ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ថ្ងៃទី០៤ មិថុនា​ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម។

Cambodia Website Design

សូមបញ្ជាក់ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​មាន​គ្នា១០នាក់​ក្នុងនោះ​ក៏មាន​ព្រះសង្ឃ​ពីរ​អង្គ​ផង​ទៅកាន់​ប្រទេស​បារាំង​កាលពី​ថ្ងៃទី៣០ មករា ដើម្បី​ស្វែងរក​ឯកសារ​នានា​ពាក់ព័ន្ធ​ទឹកដី​កម្ពុជា​ក្រោម។

បេសកកម្ម​ដែល​ដឹកនាំ​ដោយ​លោក​ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គឺ​បាន​ធ្វើឡើង​តាម​ការណែនាំ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​កាល​ខែតុលា​ឆ្នាំ២០១៤កន្លងទៅ ក្រោយពី​សហគមន៍​នេះ​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោម។ ស្ថានទូត​បារាំង បាន​ណែនាំ​ឲ្យ​លោក​ថាច់ សេដ្ឋា ទៅ​ស្វែងរក​ឯកសារ​ទាំងនោះ​នៅ​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ អង់​ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង។

ការ​ទៅរក​ឯកសារ​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​នៅ​ប្រទេស​បារាំង​នេះ គឺ​ដើម្បី​ធ្វើជា​ភ​ស្ត​តាំង​បង្ហាញ​ដល់​រដ្ឋាភិបាល​វៀតណាម​ក៏​ដូច​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​អំពី​ប្រវត្តិសាស្ត្រ​ពិត​មិនអាច​ប្រកែក​បាន​នៃ​ទឹកដី​កម្ពុជា​ក្រោម។ ទឹកដី​កម្ពុជា​ក្រោម ដែល​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ២០១៤ បាន​លើកឡើងថា ជា​ទឹកដី​របស់​វៀតណាម​តាំង​យូរយារ​ណាស់​មកហើយ។ ក្រោយ​ការលើកឡើង​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ ព្រះសង្ឃ​ធ្វើ​តវ៉ា​ជា​បន្តបន្ទាប់​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សូមទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​អ្នកនាំពាក្យ​ស្ថានទូត​បានលើកឡើង។ ប៉ុន្តែ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា មិនទាន់បាន​ឆ្លើយតប​បែប​ណាមួយ​នៅឡើយ​ទេ ទើប​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​នានា​ធ្វើជា​ទុន​សម្រាប់​បង្ហាញ​ដល់​ស្ថានទូត​វៀតណាម។

យ៉ាងណាក៏ដោយ នៅពេលនេះ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កំពុង​រង់ចាំ​ការវាយតម្លៃ និង​ថតចម្លង​នូវ​ឯកសារ​ទាំងនោះ​នៅក្នុង​ប្រទេស​បារាំង ដើម្បី​នាំយក​មកកាន់​ប្រទេស​កម្ពុជា។ បើតាម​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ការថត​ចម្លង​ឯកសារ​ទាំងនោះ គឺមាន​តម្លៃ២.៥០អឺ​រូ​ឫ​ប្រមាណ​ជិត៣ដុល្លារ​អាមេរិក​ក្នុង​មួយ​ទំព័រ​សម្រាប់​គុណភាព​ធម្មតា និង១៧អឺ​រូ​ឫ​ប្រមាណ​ជិត២០ដុល្លា​អាមេរិក​សម្រាប់​គុណភាព​ល្អ៕

You might also like More from author

Leave A Reply

Your email address will not be published.