បក្ស​ប្រឆាំង​ត្រៀម​វាយ​បក​ទៅ​ថៃ​រឿង​សម្លាប់​ខ្មែរ

0
Cambodia Website Design

ភ្នំពេញៈ បន្ទាប់​ពី​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​ព្រំដែន​ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង កំពុង​រៀបចំ​វាយ​បក​ទៅ​ថៃ​វិញ តាម​រយៈ​ការ​បង្កើន​សំណុំ​រឿង​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​​អំពើ​ឃាតកម្ម​ទាំង​នោះ។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ បាន​ថ្លែង​ថា៖ «យើង​សង្ឃឹម​ថា នេះ​ជា​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​មួយ។ មេដឹកនាំ​ថៃ មិន​អាច​រំពឹង​ថា ការ​សម្លាប់​និង​អំពើ​ព្រៃ​ផ្សៃ​ ពី​សំណាក់​ទាហាន​របស់​ខ្លួន​ ​មិន​អាច​មិន​ទទួល​ការ​ដាក់​ទោស​ទណ្ឌ​ និង​ការ​ស៊ើប​អង្កេត​​សម​ស្រប​បាន​ទេ។ ​ថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ទាម​ទារ​ឲ្យ​មាន​យុត្តិធម៌»។

លោក សុន ឆ័យ ​ថ្លែង​ថា ​គណបក្ស​ប្រឆាំង​ កំពុង​ស្វែង​រក​មេធាវី​អន្តរជាតិ​យ៉ាង​សកម្ម​ដែល​អាច​នាំ​យក​សំណុំ​រឿង​នេះ​ទៅ​​អង្គការ​សហប្រជាជាតិ។

Cambodia Website Design

ការ​ស្វែង​រក​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លិខិត​មួយ​កាល​សប្តាហ៍​មុន​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​ ១៧ រូប ដែល​បាន​ចោទ​ថៃ​ថា​ បាន​​​​​ជំរុញ​ការ​បាញ់​នោះ តាម​រយៈ​ការ​មិន​ដាក់​ទោស​ទណ្ឌ​ ចំពោះ​អ្នក​ប្រព្រឹត្ត។

តំណាង​រាស្រ្ត​ទាំង​នេះ​​ ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ផងដែរ​ទៅ​លើ​ករណី​​ដែល​បុរស​កម្ពុជា​ពីរ​នាក់​ ត្រូវ​បាន​ដុត​ទាំង​រស់ ដោយ​ទាហាន​ថៃ កាល​ខែ​មករា។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ប្រើ​ពាក្យ​ធ្ងន់​ធ្ងរ កាល​ពីចុង​សប្តាហ៍​មុន ក្រសួង​ការ​បរទេស​កម្ពុជា បាន​រិះ​គន់​ថៃ​ ចំពោះ​ការ​បាញ់​សម្លាប់​​អ្នក​កាប់​​ឈើ​ខុស​ច្បាប់​ជន​ជាតិ​កម្ពុជា​បី​នាក់ ដោយ​ទាហាន​ថៃ​កាល​ដើម​ខែ​នេះ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា៖ «អំពើ​ព្រៃ​ផ្សៃ​ទាំង​នេះ មិន​​ត្រឹម​តែ​បំពាន​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពីរទេ ​ប៉ុន្តែ​ថែម​ទាំង​បំពាន​ច្បាប់​អន្តរជាតិ​​ស្តីពី​សិទ្ធិ​មនុស្ស»។

លោក ណៃ វ៉ាន់​ឌី អនុប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​​ថ្លែង​ថា៖ «ម៉ាស៊ីន​សម្លាប់​របស់​ថៃ គឺ​ត្រូវ​បាន​ប្រើ​​មក​លើ​ប្រជាពល​រដ្ឋ​កម្ពុជា។ មាន​កំណត់​ទូត​ជា​ច្រើន​ ដែល​មិន​ត្រូវ​បាន​អើ​ពើ​ដោយ​ថៃ។ ​កំណត់​ទូត​ទាំង​នោះ​ អាច​ត្រូវ​​ប្រើ​ជា​ភ័ស្តុតាង ​ប្រឆាំង​នឹង​ថៃ​​ ប៉ុន្តែ​ប្រសិន​បើ​មិន​ដូច្នោះ​ទេ វានឹង​មិន​មាន​ប្រសិទ្ធ​ភាព​»។

ការ​រាប់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​បង្ហាញ​ថា ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​ ១២៤ ​នាក់ ត្រូវ​បាន​បាញ់​សម្លាប់​​ដោយ​ទាហាន​ថៃ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨ ​រហូត​ដល់​​ឆ្នាំ ២០១៤។ ​ប៉ុន្តែ​បើ​តាម​ការ​វិភាគ​នយោបាយ​​ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​ពី​គណបក្ស​ប្រឆាំង នឹង​ទំនង​ជា​​ធ្វើ​ឲ្យ​មាន​វោហារស័ព្ទ​ជាតិ​និយម ប្រឆាំង​កម្ពុជា​ច្រើន​​ជាង​មុន​​ពី​សំណាក់​មេដឹកនាំ​ថៃ។

លោក Paul Chambers ​នៅ​វិទ្យាស្ថាន​កិច្ចការ​អាស៊ី​អាគ្នេយ៍ ក្នុង​ទីក្រុង ឈៀង​ម៉ៃ បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា ជាធម្មតា​របប​ថៃ​នេះ​ នឹង​មិន​អើពើ ចំពោះ​​សំណុំ​រឿង​នេះ​ទេ​ហើយ​ប្រហែល​ជា​ថែម​ទាំង​ប្រើ​​វោហារ​ស័ព្ទ​ជាតិ​និយម​ប្រឆាំង​កម្ពុជា​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ឲ្យ​មានការ​គាំ​ទ្រ​របប​ផ្តាច់​ការ​យោធា​នេះ»។

គណបក្ស​ប្រឆាំង ក៏​កំពុង​​​មាន​ចំណាត់​ការ​ប្រឆាំង​នឹង​ប្រទេស​ថៃ​ផង​ដែរ តាមរយៈ​ការ​បញ្ចុះ​បញ្ចូល​​ឲ្យ​អាស៊ាន​លើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​នៅ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ក្រោយ​នា​ខែ​មេសា។

លោក អ៊ូ វីរៈ ​អ្នក​វិភាគ​​ឯករាជ្យ បាន​ថ្លែង​​ថា៖ «នេះ​អាច​ជា​ការ​​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​សំខាន់​មួយ ចំពោះ​​អាស៊ាន។ លោក​គូស​បញ្ជាក់ថា៖ «ប្រសិន​បើ​អាស៊ាន ចង់​ឲ្យ​ខ្លួន​​ទទួល​បាន​​ភាព​​ជឿ​ជាក់​បន្ត​ទៀត​ ខ្លួន​ត្រូវ​តែ​ស្វែង​​រក​​​វិធី​ដោះ​ស្រាយ​​បញ្ហា​បែប​នេះ​»៕

You might also like More from author

Leave A Reply

Your email address will not be published.