ហេតុអ្វី បាន​ជា​ពួកហាម៉ាស និង​អេស្បូឡា លីបង់ ថ្កោលទោស​ពួកជីហាត ក្នុង​រឿង​ប្រហារជីវិត​ចំណាប់ខ្មាំង

3
Cambodia Website Design

សកម្មភាព​ប្រហារ​ជីវិត​អ្នកកាន់គ្រឹស្ត​សាសនា អេហ្ស៊ីប ដោយ​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​លីប៊ី កាលពីថ្ងៃ​ចន្ទ ម្សិលមិញ​ត្រូវ​បាន​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ និង​មេដឹកនាំ​សាសនា​ធំៗ រួម​ទាំង​សម្តេច​ប៉ាប ហ្រ្វង់ស័រ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ក្រុមហាម៉ាស ប៉ាឡេស្ទីន និង​ក្រុម​អេស្បូឡា លីបង់ ដែល​គេ​ចាត់ទុក​ជា​ក្រុមភេរវជន អ៊ីស្លាម​ជ្រុលនិយម ក៏​បាន​ប្រកាស​ថ្កោលទោស​សកម្មភាព​ឃោឃៅ​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាមដែរ។ មេដឹកនាំ​ក្រុម​អេស្បូឡា បាន​អំពាវនាវ​ឲ្យ​ប្រទេស​អារ៉ាប់​រួមដៃ​គ្នា កម្ចាត់​ក្រុមជីហាត។

ក្រុមហាម៉ាស​ប៉ាឡេស្ទីន និង​ក្រុមអេស្បូឡា លីបង់​ដែល​គេ​ចាត់ទុក​ជា​ក្រុមភេរវនិយម​ដែរនោះ បាន​ចេញមុខ ​ថ្កោលទោស​ជាបន្តបន្ទាប់​សកម្មភាព​ឃោឃៅ​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ មុន​នឹង​ថ្កោលទោស​ពួកជីហាត ដែល​បាន​ប្រហារ​ជីវិត គ្រឹស្តសាសនិក​អេហ្ស៊ីប កាលពីថ្ងៃ ចន្ទ ក្រុមហាម៉ាស និង​ក្រុមអេស្បូឡា ធ្លាប់​ថ្កោលទោស​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ប៉ារីស និង​ដុតសម្លាប់​អ្នកបើក​យន្តហោះ​ហ្សកដានី ទាំងរស់។ ចំណែក​មេដឹកនាំ​អេស្បូឡាលោក​ហាសាន់ ណាស្រាឡា (Hassan Nasrallah) ក៏ធ្លាប់​រិះគន់​ពួកជីហាត។
នៅក្នុង​សេចក្តីប្រកាស​របស់​ខ្លួន ចេញផ្សាយ នៅថ្ងៃ​អង្គារ ក្រុមហាម៉ាស​បាន​ថ្កោលទោស និង​ចាត់ទុក​សកម្មភាព​ប្រហារ​ជីវិត​ជនជាតិ​អេហ្ស៊ីប កាលពីថ្ងៃ​ចន្ទ ដោយ​ពួកជីហាត ថា ជា​បទឧក្រិដ្ឋ​ដែល​កំពុង​ធ្វើ​ឲ្យ​សាសនា​អ៊ីស្លាម​ជាប់​ប្រលាក់ប្រឡូស ​ស្អុយ​ឈ្មោះ។ តាម​ក្រុមហាម៉ាស សកម្មភាព​សាហាវ​ឃោឃៅ​របស់​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​កំពុង​បំផ្លាញ​គោលការណ៍​យោគយល់ អធ្យាស្រ័យ និង​ទំនាក់ទំនង​ល្អ​រវាង​គ្រឹស្តសាសនិក និង​អ្នកកាន់​សាសនា​អ៊ីស្លាម។ ចំណែក​មេដឹកនាំ​ចលនា​អេស្បូឡា​នៅ​លីបង់​ក៏​បាន​ចាត់ទុក​ការប្រហារជីវិត​ជនជាតិ​អេហ្ស៊ីប​ទាំង​២១​នាក់ ថា ជា​បទឧក្រិដ្ឋ​ដ៏អាក្រក់ និង​បង្ហាញ​ពីការស្អប់ខ្ពើម​គ្នា មិនចេះចប់។

Cambodia Website Design

ជំហរ​រិះគន់​ខ្លាំង​របស់​ក្រុមហាម៉ាស និង​ពួក​អេស្បូឡា ទៅលើ​ពួកជីហាត អាច​ឲ្យ​គេ​គិត​ថា ក្រុមទាំងពីរនេះ  ដែល​បើទោះបី​ជា​ត្រូវ​គេ​ចាត់ទុក​ជា​ក្រុមភេរវនិយម​ក៏ពិតមែន ប៉ុន្តែ ​មិនមែន​មាន​ន័យថា គេ​គាំទ្រ​ចរិត ហិង្សា ការកាប់សម្លាប់​ឃោឃៅ របស់​ពួកជីហាត ទៅលើ​ចំណាប់​ខ្មាំង​​ដែរ។

បើមើល​ពី​សំបកក្រៅ គេពិបាក​នឹង​យល់​ថា ហេតុអ្វី​បាន​ជា​ក្រុមហាម៉ាស និង​ក្រុមអេស្បូឡា ដែល​គេចាត់ទុក​ជា​ក្រុមភេរវនិយម និង​អ៊ីស្លាម​ជ្រុលនិយម​ដែរ​នោះ បែរ​ជា​ចេញ​មុខ​ថ្កោលទោស ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។

ប៉ុន្តែ មើល​ទិដ្ឋភាព​មួយ​ទៀត ក្រុមហាម៉ាស និង​ក្រុមអេស្បូឡា ចេញ​មុខ​ថ្កោលទោស ប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម មិនមែន​ដោយ​គ្មាន​មូលហេតុ ឬ​មិន​សំឡឹង​ឃើញ ប្រយោជន៍​​នោះទេ។ ក្រុម ហាម៉ាស ទើប​បាន​កេណ្ឌ​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ឲ្យ​ធ្វើ​បាតុកម្ម ជេរ​ផ្តាសារ​រដ្ឋាភិបាល​អេហ្ស៊ីប ដែល​ចាត់ទុក​ក្រុមប្រដាប់​អាវុធ ហាម៉ាស ថា ជា​ក្រុមភេរវជន។ ដូច្នេះ គេ​ពិបាក​នឹង​ជឿ​ថា ក្រុម​ហាម៉ាស​ដែល តាមពិត ស្និទ្ធិ​នឹង​ចលនា​ភាតរអ៊ីស្លាម ដែល​សត្រូវ​របស់​រដ្ឋអំណាច​អេហ្ស៊ីប​បច្ចុប្បន្ន ពិត ជា​មាន​សមានចិត្ត​ល្អ ឬ​ចង់​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​អេហ្ស៊ីប​ពិតមែននោះ។

តាមពិត ការដែល​ក្រុមហាម៉ាស និង​ក្រុមអេស្បូឡា ក្រុម​ភេរវនិយម ស្រែក​ថ្កោលទោស ក្រុមជីហាត ​មិនមែន​តាម​តែ​ចិត្តចង់​នោះទេ ប៉ុន្តែ ក្រុមនេះ តាមពិត​ធ្វើតាម​ខ្សែញាក់​របស់​ប្រទេស​អ៊ីរ៉ង់​តែប៉ុណ្ណោះ។ ហាម៉ាស និង​អេស្បូឡា ក្រុមទាំងពីរ​សុទ្ធ​តែ​ទទួល​បាន​លុយ​ឧបត្ថម្ភ​ពី​ប្រទេស​អ៊ីរ៉ង់។ រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​ចាយលុយ​ទៅលើ​ក្រុមអេស្បូឡា ដើម្បី​ឲ្យ​ក្រុមនេះ ចូលទៅ​ជួយ​ប្រយុទ្ធ​ការពារ​របប​ស៊ីរី របស់​លោកបាស្ហា អាល់អាសាដ ដែល​ទីក្រុង​តេអេរ៉ង់ ជួយ​គាំទ្រ​រហូតមក។ តេអេរ៉ង់ កាន់និកាយ​ស្ហ៊ីអ៊ីត ត្រូវ​តែ​ចេញមុខ​ជួយ​ប្រយុទ្ធការពារ​របបស៊ីរី ដើម្បី​ទប់ទល់​នឹង​ការឡើង​ខ្លាំង​របស់​ក្រុមអ៊ីស្លាម ស៊ុននីត ដែល​ជា​និកាយ​របស់​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។

ក្រុមហាម៉ាស និង​អេស្បូឡា កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត ក្នុងនាម​និកាយ​ស្ហីអ៊ីត
អ៊ីរ៉ង់​កាន់​និកាយ​ស៊្ហីអ៊ីត ឲ្យ​លុយ​ទៅ​ហាម៉ាស និង​អេស្បូឡា ដើម្បី​ជួយ​ធ្វើ​សង្រ្គាម ទប់ទល់​កុំ​ឲ្យ ក្រុម​ស៊ុននីត ឡើង​ខ្លាំង​នៅក្នុង​តំបន់ ជាពិសេស នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ កាលពី​ថ្ងៃ​អង្គារ ពីរថ្ងៃ​ក្រោយ​ក្រុមជីហាត ប្រហារ​ជីវិត ជនជាតិ​អេហ្ស៊ីប ២១​នាក់ នៅ លីប៊ី ជា​ មេដឹកនាំ​អេស្បូឡា បាន​ ប្រកាស​ទទួល​ស្គាល់​ថា ក្រុមប្រដាប់​អាវុធ​របស់ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ជា​លើកទីមួយ ដែល​គេ​លឺ​ពាក្យ​នេះ ព្រោះ​កន្លងមក ពួកអេស្បូឡា​លីបង់​នេះ គំាទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ប្រទេស​អារ៉ាប់​ដទៃទៀត និង​អាមេរិក​ចោទ ប្រកាន់​​ថា បាន​បញ្ជូន​ទ័ព​ឲ្យ​ទៅ​ចូលរួម​ប្រយុទ្ធ ការពារ​របប​លោក​បាស្ហា អាល់អាសាដ ក្នុង​ទឹកដីស៊ីរី។

សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ផ្ទុះ​ចេញ​ពីដំបូង ដោយសារ​មានការបង្រ្កាប របស់​ទ័ព​រដ្ឋាភិបាលស៊ីរី ទៅលើ​ក្រុមប្រឆាំង ក៏ពិតមែន ប៉ុន្តែ ក្រោយមក វា​បានប្រែ​មុខមាត់ ក្លាយ​ជា​សង្រ្គាមប្រឆាំង​គ្នា​រវាង​ចរន្ត​ពីរ ពី​និកាយ​នៅក្នុង​សាសនា​អ៊ីស្លាម គឺ​ និកាយស៊ុននីត និង​ស្ហ៊ីអ៊ីត។

ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​ឡើង​អំណាច​ខ្លាំង​សព្វថ្ងៃនេះ ក៏ដោយសារ​ក្រុមនេះ​បាន​ទាក់ទាញ​ការគាំទ្រ​ពី​ក្រុម​ស៊ុននីត​ដែល​រងទុក្ខ គាបសង្កត់​របស់​រដ្ឋាភិបាល​និកាយ​ស្ហ៊ីអ៊ីត​អ៊ីរ៉ាក់។ នៅពេល​ដែល​សង្រ្គាម​ស៊ីវិល​ផ្ទុះ​ឡើង​នៅ​ស៊ីរី ក្រុមជីហាត ផ្តុំដោយ​ក្រុមស៊ុននីត​បាន​ទទួល​ការគាំទ្រ​លុយ​ពី​ មហា​សេដ្ឋីប្រេង​មួយចំនួន នៅ​អារ៉ាប់ ដើម្បី​ចេញ​ទៅ​ធ្វើសង្រ្គាម​ប្រឆាំង​នឹង​របប​ស៊ីរី របស់​លោក​បាស្ហា អាល់អាសាដ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែលមាន​និកាយ​សាសនា​ស្ហ៊ីអ៊ីត។ ក្រៅតែ​ពី​មាន​និកាយ​ខុសគ្នា អ៊ីរ៉ង់ ជាគូប្រជែង​របស់​អារ៉ាប៊ី សាអូឌីត នៅក្នុង​តំបន់។

អារ៉ាប៊ី សាអូឌីត និង​ការតា ដែល​ចង់​ការពារ​និកាយ​សាសនា​ស៊ុននីត​របស់ខ្លួន ធ្លាប់​ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ផ្តល់​លុយ ជួយ​ក្រុម​​អ្នកប្រដាប់​អាវុធជាច្រើន នៅក្នុង​នោះ ក៏មាន​ផងដែរ ក្រុម​អាល់នូស្រា ដែល​ជា​បណ្តាញ​របស់​ក្រុមអាល់កៃដា និង​ក្រុមជីហាត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​របប​ស៊ីរី ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស្ហ៊ីអ៊ីត​របស់​អ៊ីរ៉ង់។ ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ទើប​ក្លាយ​​ជា​សត្រូវ​រួម និង​ជា​គ្រោះថ្នាក់ សម្រាប់​ប្រទេស​អ៊ីស្លាម​ដទៃ​ទៀត បន្ទាប់ពី ក្រុមនេះ បាន​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ និង​ចាប់ផ្តើម​សម្លាប់​ចំណាប់ខ្មាំង​យ៉ាង​សាហាវ​​ឃោឃៅ។ ការប្រហារជីវិត ​អ្នកកាន់​សាសនា​អ៊ីស្លាម ឬ​ជនជាតិ​របស់​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ដោយ​ក្រុមជីហាត បាន​ធ្វើ​ឲ្យ​ប្រទេស​កាន់សាសនា​អ៊ីស្លាម មិនថា មាន​​និកាយ​ស៊ុននីត ឬ​ស្ហ៊ីអ៊ីត ចាប់ផ្តើម​ភ្ញាក់ខ្លួន និង​ត្រូវ​រួបរួមគ្នា ព្រោះថា ពួកគេ​ត្រូវ​រងគ្រោះ​ដូចគ្នា ដោយសារ​ពួកជីហាត។

នៅពេលនេះ ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​ ដែល​កាន់កាប់​ទឹកដី​ភាគច្រើន​របស់​ស៊ីរី និង​អ៊ីរ៉ាក់ និង​អាច​រក​ប្រាក់​ចំណូល​ពីប្រេង​ប្រមាណ ១​លាន​ដុល្លារ ក្នុង​មួយថ្ងៃ គ្មាន​ស្តាប់ តាម​បញ្ជា​ខាង​ណា​ទាំងអស់ ប៉ុន្តែ មាន​គោលដៅតែមួយ គឺ​បង្កើន​អំណាច ឥទ្ធិពល​របស់ខ្លួន និង​សម្លាប់​រាល់អ្នកណា​ដែល​ប្រឆាំង​នឹង​ខ្លួន ទោះ​អ្នកនោះ​មក​ពី​ប្រទេស​កាន់សាសនា​​អ៊ីស្លាម ឬ​មិន​អ៊ីស្លាម​ក្តី៕

Comments

comments

You might also like More from author