រដ្ឋាភិបាល​ជប៉ុន​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​តាមអ៊ីនធ័រនែត​ជាង ២ពាន់​លាន​ដង ក្នុង​ឆ្នាំ ២០១៤

0 0
Cambodia Website Design

នៅ​ប្រទេស​ជប៉ុន គេរកឃើញ​ថា គ្រាន់តែ​នៅ​ឆ្នាំ ២០១៤ មាន​ការវាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រមាណ ជាង ២ពាន់​លាន​ដង​ទៅលើ​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គភាព​ដទៃ​របស់​ជប៉ុន។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ នៅថ្ងៃ​អង្គារ​ទី ១៧ កុម្ភៈ។ ៤០ភាគរយ​នៃ​ការវាយប្រហារ​តាម​អ៊ីនធ័រនែត​ទៅលើ​ប្រទេស​ជប៉ុន​​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

ស្ថាប័ន​រដ្ឋាភិបាល​ជប៉ុន​ជា​ផ្ទាំងស៊ីប​សំខាន់​របស់​ក្រុមវាយប្រហារ​តាម​អ៊ីនធ័រនែត។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូដូ វិទ្យាស្ថានជាតិ នៃ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​បច្ចេកវិទ្យា​ជប៉ុន​បាន​រកឃើញថា នៅ​ឆ្នាំ ២០១៤ ការវាយប្រហារ​ព័ត៌មានវិទ្យា​​ទៅលើ​ស្ថាប័ន​រដ្ឋ​ជប៉ុន មាន​ចំនួន​ដល់ទៅ ២៥៦៦​លាន​ករណី។ តួលេខ​មាន​រួមបញ្ចូល​ផងដែរ​ពី​ ចំនួន​ប៉ុនប៉ង​របស់​ចោរ​អ៊ីនធ័រនែត​​ដែល​ចង់​ធ្វើ​​តេស្ត​សាកល្បង​ភាពស៊ាំ និង​សមត្ថភាព​ការពារ​របស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​​ជប៉ុន។
សម្រាប់​វិទ្យាស្ថាន​ព័ត៌មាន​ជាតិ​ជប៉ុន ដែល​មាន​បណ្តាញ​របស់ខ្លួន នៅក្នុង​ឧបករណ៍​ចាប់សញ្ញា ជាង​២សែន នៅ​ជប៉ុន ការវាយប្រហារ​តាមអ៊ីនធ័រនែត​ទៅលើ​ស្ថាប័ន​រដ្ឋ​ជប៉ុន​បានកើនឡើង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ការស្ទង់មតិ​លើក​ដំបូង​នៅ​ឆ្នាំ ២០០៥​បង្ហាញថា ការវាយប្រហារ​តាមអ៊ីនធ័រនែត​មាន​ប្រមាណ​៣២០​លាន​ដង​តែប៉ុណ្ណោះ។

Cambodia Website Design

យោងតាម​អ្នកជំនាញ​ព័ត៌មានវិទ្យា​ជប៉ុន ប្រភព​វាយប្រហារ​ព័ត៌មានវិទ្យា​ទៅលើស្ថាប័ន​រដ្ឋ​​​ជប៉ុន មាន​ចេញ​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង រុស្ស៊ី និង​អាមេរិក។ ការវាយប្រហារ​ចេញ​មក​ពី​ចិន មាន​ដល់​ទៅ ៤០ភាគរយ នៃ​ចំនួន​សរុប។ តាម​អ្នកជំនាញ​ដដែល នៅក្នុង​ការវាយប្រហារ​ម្តងៗ ក្រុមចោរ​ព្យាយាម​ចូល​ទៅគ្រប់គ្រង​ប្រអប់ចែកចាយ​អ៊ីនធ័រនែត​រ៉ូតទ័រ កាម៉េរ៉ា​សន្តិសុខ និង​បណ្តាញ​ផ្សេងទៀត​ដែល​តភ្ជាប់​ទៅ​អ៊ីនធ័រនែត។

អសន្តិសុខ​ផ្នែក​ព័ត៌មាន​វិទ្យា​កំពុង​ក្លាយ​ជា​ក្តីកង្វល់​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​នៅក្នុង​ពិភពលោក។ កាលពីពេល​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ ក្រុមហ៊ុន​រុស្ស៊ី​មួយ ឈ្មោះ Kaspersky បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ ២០១៣ មក​ការវាយប្រហារ តាម​អ៊ីនធ័រនែត​ទៅ​លើ​ធនាគារ នៅក្នុង​ពិភពលោក បាន​ធ្វើ​ឲ្យ​គេ​ខាតបង់​ទឹកប្រាក់​ប្រមាណ ជាង ១​ពាន់​លាន​ដុល្លារ។ តាម​ Kaspersky សកម្មភាព​វាយប្រហារ​តាម​អ៊ីនធ័រនែត កំពុង​តែ​មាន​បន្ត ហើយ​វា​ជា​សញ្ញា​នៃ​ការចាប់ផ្តើម​បើក​នៃ​សករាជ​សម្រាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធអ៊ីនធ័រនែត៕

You might also like More from author

Leave A Reply

Your email address will not be published.