នាយក​រដ្ឋមន្ត្រី​សុំឲ្យ​ធ្វើ​អធិការ​កិច្ច​សំណុំ​រឿង​ថោង​សារ៉ាត់

0 0
Cambodia Website Design

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​នៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ​ចៅ​ក្រម​តុលា​ការ​ដែល​បាន​ដោះ​លែង​ឳពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី ៧ កុម្ភៈ​ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​វិញ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ហៅការ​សម្រេច​ចិត្ត​ឲ្យ​នៅ​ក្រៅឃុំ​ដោយ​មូលហេតុ​សុខភាព​ថាជា​រឿង​អយុត្តិធម៌​ចំពោះពលរដ្ឋ​ផ្សេង​ទៀត​ និង​បាន​សុំឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ធ្វើ​អធិការកិច្ច​ចំពោះ​សំណុំ​រឿង​នេះ​ជា​បន្ទាន់​។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដំ​ឡើង​សំឡេង​ខ្លាំង​ៗ​ដាក់​មន្ត្រី​តុលាការ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​សម្រេច​ឲ្យ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ការ​សម្រេច​បែប​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។
ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​នៅ​ថ្ងៃអង្គារ​ទី ១៧ កុម្ភៈនេះ ប្រមុខ​រដ្ឋា​ភិបាល​បាន​អះអាង​ថា ការ​លើក​ហេតុផល​សុខភាព​មក​សំអាង​ដើម្បី​ដោះ​លែង​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដ៏​ធំ​មួយ​គឺ​ជា​ហេតុផល​រាក់​កំផែល​។ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ធ្វើអធិការកិច្ច​ជា​បន្ទាន់​ទៅ​លើ​សំណុំ​រឿង​នេះ​។
 

Cambodia Website Design

ប្រតិកម្ម​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​សមត្ថកិច្ច​បានចាប់​ខ្លួន​លោក​ថោង ចំរើន និង​លោក​ស្រី កែវ សារី បញ្ជូន​ទៅ​តុលាការ​វិញ​កាល​ពីយប់​ថ្ងៃ​ទី ១៥ កុម្ភៈខណៈ​ដែល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​នៅ​រសៀល​ថ្ងៃ​ចន្ទទី ១៦ កុម្ភៈ​បង្គាប់​ឲ្យ​ឃុំខ្លួន​ឳពុកម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​វិញ​ក្រោម​បទ​ចោទប្រកាន់​ថា​បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​។

គួររម្លឹកថា ករណី​ឃាតកម្ម​ទៅ​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ថ្ងៃ​ទី ២២​វិច្ឆិកា​ឆ្នាំ ២០១៤ កណ្តាល​ទី​ក្រុង​ភ្នំពេញ​គឺ​ជា​សំណុំ​រឿង​ឃាតកម្ម​ដ៏​ធំមួយ​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​ពាសពេញ​ទីក្រុង។ ក្រោយ​មក ឧកញ៉ា​ថោង សារ៉ាត់ ម្ចាស់ បូរី ៩៩៩ ត្រូវ​បាន​​សមត្ថ​កិច្ច​ស្វែង​រកចាប់​ខ្លួន​ពី​បទ​ថា​បាន​បញ្ជា​ឲ្យកង​អង្គរក្ស​បាញ់​សម្លាប់​ជនរងគ្រោះ។ អង្គរក្ស​ឧកញ៉ា​រូបនេះ ៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ដែល​ឧកញ៉ា​ថោង សារ៉ាត់​បាន​គេច​ខ្លួន​បាត់​ស្រមោល។ ឪពុក​ម្តាយ​របស់​ឧកញ៉ា​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​ហើយរក​ឃើញ​អាវុធ​ជា​ច្រើន​ដើម​ដែល​លាក់​ទុក​ក្នុង​ផ្ទះ​។

តាមរយៈ​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម លោក​ថោង សារ៉ាត់ ដែលបាន​អះអាងថា​ត្រូវ​បាន​គេទម្លាក់​កំហុស​ដាក់​នោះ​បាន​សុំអន្តរាគមន៍​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌។ ប៉ុន្តែ អន្តរាគមន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ពេល​នេះ​គឺ​មិនមែន​ដើម្បី​ជួយ​ឧកញ៉ាថោង សារ៉ាត់​ឲ្យ​រួចផុត​ពី​ការ​ចោទ​ប្រកាន់​នោះ​ឡើយ តែ​វាជាការ​ដាក់​បន្ទុក​ច្រើន​ជាង​៕

You might also like More from author

Leave A Reply

Your email address will not be published.