អាមេរិក​នឹង​បង្រៀន​គេ​ឲ្យ​ចេះ​ប្រឆាំង​ទប់ស្កាត់​ក្រុមហិង្សា​ជ្រុលនិយម

0
Cambodia Website Design

ចាប់ពីថ្ងៃ​អង្គារ​ទី ១៧ កុម្ភៈ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល អន្តរជាតិ​ដើម្បី​ប្រឆាំង”ចលនា​ជ្រុលនិយម ដ៏​ហិង្សា”។ នៅក្នុង​សន្និសីទ​អន្តរជាតិ​រយៈពេល​បីថ្ងៃ ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា រដ្ឋមន្រ្តី​មហាផ្ទៃ និង​រដ្ឋមន្រ្តី​ក្រសួងការបរទេស​របស់​ប្រទេស​ចំនួន ៦០ នឹង​ផ្តោត​ពិភាក្សា​រក ​សោរគន្លឹះ​ដែល​គេ​អាច​យក​ទៅប្រើ​ដើម្បី​ទប់ស្កាត់​ការឡើង ខ្លាំង​នៃ​ចលនា​ជ្រុលនិយម​ហិង្សា។

 

Cambodia Website Design

កិច្ចប្រជុំ​កំពូល​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​វ៉ាស៊ីនតោន មិនមែន​ជា​ពេលវេលា​ដែល​គេ​និយាយ​ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវនិយមនោះទេ។ ប៉ុន្តែ សន្និសីទ​អន្តរជាតិ ​នឹង​ផ្តោត​សំខាន់​ទៅលើ​វិធានការ​ចិត្តសាស្រ្ត ច្រើន​យុទ្ធសាស្រ្ត​យោធា។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ អ្នកតំណាង​ប្រទេស​ជាង​៦០​ដែល​មាន​តាំង​ពី​មន្រ្តី​រដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និង​ប្រធាន​សហគមន៍​សាសនា ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បញ្ចេញ​គំនិត​យោបល់ និង​សំណើ​វិធានការ ដែល​គេ​នឹង​យកទៅ​ប្រើ​ដើម្បី ទប់​ស្កាត់​នឹង​ចលនា​ជ្រុលនិយម​ហិង្សា។
ក្រុមអាល់កៃដា ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ក្រុមបូកូហារ៉ាំ នៅ​នីហ្សេរីយ៉ា រីកមាឌ​ធំធាត់ បង្កើន​ឥទ្ធិពល​របស់ខ្លួន ក៏ដោយសារ​តែ​មាន​ការចូលរួម​គំាទ្រ ពី​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​ហិង្សា​​ជ្រុលនិយម។

នៅក្នុង​អំពើភេរវកម្ម​ដែល​កើតឡើង នៅកាណាដា ​អូស្ត្រាលី បារាំង ​និង​ចុងក្រោយ នៅ​ប្រទេស​ដាណឺម៉ាក ស្ទើរ​គ្រប់​ភេរវជន​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​និន្នាការ​ជ្រុលនិយម និង​ហិង្សា។ ពួកគេ​មិនមែន​ជា​សមាជិក​ពេញមុខ របស់​ក្រុមភេរវនិយម ណា​មួយ​ទេ ប៉ុន្តែ គេ​បាន​ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស បង្ក​ភេរវកម្ម ដើម្បី​បម្រើតាម​​មនោគមវិជ្ជា និងការបញ្ចុះបញ្ចូល​របស់​ពួកភេរនិយម។ ដើម្បី​បាន​ជោគជ័យ ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម គេ​ត្រូវ​តែ​ទប់ស្កាត់​ជាមុន កុំ​ឲ្យ​មាន​ក្រុមជ្រុលនិយម។

អ្នកនយោបាយ​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​ថា មិនហ៊ាន​និយាយ​ពាក្យ​ចំៗ ដើម្បី​សំដៅ​អ្នកដែល​បាន​បង្ក​អំពើ​ភេរវកម្ម​រហូតមក។ ក្រុមសាធារណរដ្ឋ​ចង់​ទាមទារ​ឲ្យ​កិច្ចប្រជុំ​ប្រើ​ពាក្យ​ក្រុមអ៊ីស្លាម​ជ្រុល​និយម ជាជាង​ពាក្យ​ក្រុមជ្រុលនិយម​ ដែល​មាន​ន័យ​ទូលំទូលាយ។ ប៉ុន្តែ សេតវិមាន​បាន​ឆ្លើយតបថា ក្រុមគេធ្វើការប្រយុុទ្ធប្រឆាំង​នឹង​ក្រុមជ្រុលនិយម ដែលអាច​មាន​នៅក្នុង​គ្រប់​សាសនា គឺ​មិនមែន​មាន​តែ​នៅក្នុង​សាសនា​អ៊ីស្លាម​នោះទេ។

អាមេរិក​ត្រៀម​ចែករំលែក​បទពិសោធន៍របស់​ខ្លួន
នៅថ្ងៃ​បើក​កិច្ចប្រជុំ​ដែល​ជា​ឧបសម្ព័ន្ធ​នៃ​ជំនួបកំពូល​អន្តរជាតិ កាលពីថ្ងៃ​អង្គការ លោកអនុ​ប្រធានាធិបតី​អាមេរិក ចូ បាយដិន បាន​និយាយ​ថា បទពិសោធន៍​របស់​អាមេរិក ខាងធ្វើ​សមាហរណកម្ម​ជនអន្តោប្រវេសន៍​ក្នុង​សង្គម​អាមេរិក បាន​ធ្វើ​ឲ្យ​អាមេរិក​ជៀសផុត​ពី​ការវាយប្រហារ​ភេរវកម្ម​របស់​ជនជាតិ​អាមេរិក​ដើម​កំណើត​បរទេស។ លោក​ចូ បាយដិន​ចង់​និយាយ​យោងទៅដល់​ប្រទេស​បារាំង កាណាដា អូស្ត្រាលី និង​ដាណឺម៉ាក ដែល​តាមពិត​រងភេរវកម្ម ដែល​បង្ក​ដោយ​ជនជាតិ​របស់ខ្លួន ដើមកំណើត​បរទេស គឺ​មិនខុសពី​ដង្កូវ​ចេញពី​ក្នុង​សាច់ នោះទេ។

តាម​លោក​ចូ បាយដិន អាមេរិក ដែល​កើតរូបរាង​ដោយ​ជនអន្តោប្រវេសន៍ ចង់​ផ្តល់​មេរៀន​ខ្លះៗ​ដល់​ប្រទេស​ដែល​មិនទាន់​អាច​សម្រប​ខ្លួន​នឹងវត្តមាន​ជនអន្តោប្រវេសន៍ ដូចជា​នៅ​អឺរ៉ុប​ជា​ដើម​ដែលពេលនេះ កំពុង​ប្រឈម​នឹង​លំហូរ​ចូលនៃ​ជនបរទេស ដែល​ធ្វើដំណើរ​ចេញពី​តំបន់​អារ៉ាប់ និង​អាហ្រ្វិក។ អនុសាសន៍​របស់អាមេរិក គឺ​រដ្ឋាភិបាល​ត្រូវ​ធ្វើយ៉ាងណា ​ឲ្យ​ជនអន្តោប្រវេសន៍ ឬ​ជនជាតិ​បារាំង​ដើមកំណើត បរទេស​អាច​ធ្វើ​សមាហរណកម្ម រស់នៅចុះសម្រុង​ក្នុង​សង្គម ទទួល​បាន​ការអប់រំ និង​មានការងារ​ធ្វើ​គ្រប់គ្រាន់។ ការរស់នៅក្រៅ​សង្គម គ្មានការងារ​ធ្វើ និង​ការមិនឲ្យ​តម្លៃ ជា​កត្តា​ដែល​រុញច្រាន​ក្រុមយុវជន​នៅ​អឺរ៉ុប ឲ្យ​ធ្លាក់​ទៅក្នុង​អំពើហិង្សា​ជ្រុលនិយម និង​ទីបំផុត ភ្ជាប់ខ្លួន​ជាមួយ​ក្រុមជីហាត ភេរវនិយម ដែល​កំពុង​ធ្វើ​ការឃោសនា​អូសទាញ យ៉ាង​ជោគជ័យ រហូតមកដល់​ពេលនេះ។

នៅ​ក្នុង​ជំនួបកំពូល​លើកនេះដែរ ទីក្រុង​វ៉ាស៊ីនតោន​នឹង​បង្ហាញ​ការងារ​ជោគជ័យដែល​ខ្លួន​បាន​សាកល្បង​អនុវត្ត​ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក។ នៅក្នុង​គម្រោង​សាកល្បង អាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​ក្រសួង​យុត្តិធម៌ និង​មន្រ្តីសន្តិសុខ​ថ្នាក់មូលដ្ឋាន។ បណ្តាញ​ទាក់ទង​ជាប់ស្អិត បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាមេរិក​ចាប់ស្ទាក់​បានជាមុន ក្រុម​ហិង្សា​ជ្រុលនិយម​ចំនួន ២១​នាក់ ដែល​មាន​ដើមកំណើត​សូម៉ាលី រស់នៅ​ក្នុង​ទឹកដីអាមេរិក ប៉ុន្តែ បាន​ភ្ជាប់ខ្លួន​ទៅ​នឹង​ក្រុមភេរវនិយម​​ស្ហេបាប់ នៅ​សូម៉ាលី។ គឺ​បទពិសោធន៍​បែបនេះ ដែល​ប្រទេស​ចូលរួម​ដទៃ​ទៀត នឹង​អាច​យកធ្វើ​ជា​គំរូ និង​​អនុវត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន។

រដ្ឋាភិបាល​អាមេរិក​បើកភ្លើងខៀវ​ឲ្យ​លក់​យន្តហោះដ្រូន​ទៅឲ្យ​សម្ព័ន្ធមិត្ត
ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​កាលពីថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការលក់​យន្តហោះ​ដ្រូន ទៅបរទេស ជាពិសេស ទៅ​​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត នៅក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​ពិភពលោក។

រហូតមកដល់ពេលនេះ មានតែ​អាមេរិក និង​អ៊ីស្រាអែល​ទេ ដែល​មាន​ប្រើ​យន្តហោះ​ដ្រូន​បំពាក់​ដោយ​មីស៊ីល។ អ៊ីតាលី តួកគី និង​ប្រទេសអារ៉ាប់ នៅ​សមុទ្រពែរ្ស៍ ដូចជា​អារ៉ាប៊ី សាអូឌីត ជាអតិថិជន​ដំបូង​ដែល​នឹង​ទិញ​ទិញ​យន្តហោះ​ដ្រូន​របស់អាមេរិក។ អាមេរិក​ជា​ប្រទេស​នាំមុខគេ ដែល​អភិវឌ្ឍ ផលិត​យន្តហោះ​ដ្រូន សម្រាប់​វិស័យ​ការពារ​ជាតិ។ រហូត​មក អាមេរិក​បាន​ប្រើ​យន្តហោះ​ដ្រូន​ដ៏ទំនើប​ដែល មាននាទី​ខាង​យកការណ៍​សម្ងាត់​ផង និង​វាយ​ប្រហារ​មីស៊ីល​ផង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅក្នុង​ប្រទេស​ប៉ាគីស្ថាន យេម៉ែន ស៊ីរី អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង​សូម៉ាលី៕

Comments

comments