អាជ្ញាធរ​ខេត្ត​តាកែវ​គ្រោង​បិទ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខុស​ច្បាប់

0

អាជ្ញាធរ​ខេត្ត​តាកែវ គ្រោង​ចាត់​វិធានការ​បិទ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខុស​ច្បាប់​នៅ​ខេត្ត​តាកែវ នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​គេ​ច្រើន និង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​លង់​ខ្លួន​ចាញ់​ឃោសនា​បក្ស​នយោបាយ​មួយ​ចំនួន​ផង។

អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ អះអាង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា កន្លង​មក​មាន​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ដើរ​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​ថា អង្គការ​នានា​ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​អង្គការ​របស់​រដ្ឋ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ខ្លះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ប្រាក់​ពី​អង្គការ​ទាំង​នោះ​តាម​ចិត្ត ហើយ​ប្រាប់​ថា​មិន​បាច់​សង​វិញ​ក៏​បាន ឲ្យ​តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​បោះ​ឆ្នោត​ឲ្យ​បក្ស​នយោបាយ​ដែល​ឃោសនា​នោះ​ជាប់​ឆ្នោត។

លោក ឡាយ វណ្ណៈ បញ្ជាក់​ថា ដើម្បី​បញ្ចប់​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​នឹង​ត្រួត​ពិនិត្យ​ស្ថាប័ន​មីក្រូ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ៖ «អ្នក​នយោបាយ​មួយ​ចំនួន​និយាយ​ឲ្យ​ចំ​ទៅ គាត់​ចេះ​តែ​ដើរ​ឃោសនា​ថា លុយ​នេះ​ជា​លុយ​រដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ច្រឡំ​ថា​លុយ​រដ្ឋ ហើយ​បើ​បោះ​ឆ្នោត​ឲ្យ​គាត់ បើ​ជា​លុយ​រដ្ឋ​គាត់​ឲ្យ​រួច​ខ្លួន អា​ហ្នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ខ្ចី​ដោយ​អត់​មាន​ការ​ពិចារណា។ អ៊ីចឹង​ខេត្ត​នឹង​មាន​វិធានការ ឬ​ខេត្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ខេត្ត​ឡើង​វិញ ហើយ​មើល​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​អត់​មាន​ច្បាប់​ទម្លាប់ នឹង​ធ្វើ​ការ​ផ្អាក​សកម្មភាព»

តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ថា បក្ស​នយោបាយ​មួយ​ណា ឬ​ពេល​វេលា​ជាក់លាក់​នៃ​ការ​ត្រួត​ពិនិត្យ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​បាន​ភ្លាមៗ ថា​តើ​ខេត្ត​តាកែវ មាន​អង្គការ​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​ប៉ុន្មាន​ដែរ?

សព្វថ្ងៃ គេ​សង្កេត​ឃើញ​មាន​ភ្នាក់ងារ​អង្គការ​ផ្ដល់​ប្រាក់​កម្ចី​ជាច្រើន​ចុះ​តាម​ភូមិ​នានា ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ដល់​អ្នក​ភូមិ។ អង្គការ​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដូចជា​មេ​ភូមិ មេ​ឃុំ ឬ​ចៅ​សង្កាត់ ចុះ​ហត្ថលេខា​ធ្វើ​ជា​សាក្សី​ចំពោះ​ប្រាក់​កម្ចី​ទាំង​នោះ ដែល​លោក​អភិបាល​ខេត្ត ឡាយ វណ្ណៈ លើក​ឡើង​ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រឹត​តែ​ភ័ន្ត​ច្រឡំ​ថា អង្គការ​ផ្ដល់​ប្រាក់​កម្ចី​នោះ​ជា​អង្គការ​របស់​រដ្ឋ​មែន ព្រោះ​មាន​មេ​ភូមិ មេ​ឃុំ​ចេញ​មុខ​ធ្វើ​ជា​សាក្សី។

ទាក់ទង​ទៅ​នឹង​ការ​អះអាង​របស់​លោក​អភិបាល​ខេត្ត​នេះ ប្រធាន​ភូមិ​ត្រពាំងសាលា ខណ្ឌ​ដូនកែវ លោក ហាក់ យ៉ន ឲ្យ​ដឹង​ថា ក្នុង​មូលដ្ឋាន​លោក​ក៏​មាន​ពាក្យ​លេច​ឮ​ដូច្នេះ​ដែរ៖ «អ្នក​មួយ​ចំនួន​គេ​ថា​អ៊ីចឹង​ដែរ គេ​ថា​លុយ​រដ្ឋ​មិន​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ទេ គេ​ថា​លុយ​រដ្ឋ​ដូច​លោកគ្រូ​ចុះ​មក​ឃើញ​ស្រាប់​ហើយ»

ខេត្ត​តាកែវ មាន​បក្ស​នយោបាយ​មួយ​ចំនួន​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជាដើម ដែល​បាន​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក។

ដោយ​ឡែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ណុប សុវណ្ណ បដិសេធ​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ពិចារណា​មុន​នឹង​ខ្ចី​ប្រាក់​អង្គការ ដើម្បី​ចៀសវាង​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ នៅ​ពេល​មិន​មាន​លទ្ធភាព​សង។ លោក ណុប សុវណ្ណ បន្ថែម​ថា ប្រជាពលរដ្ឋ​ខេត្ត​តាកែវ ប្រមាណ ៩៥​ភាគរយ បាន​ជំពាក់​ប្រាក់​អង្គការ​ហិរញ្ញវត្ថុ​សព្វថ្ងៃ៕