នៅ​ពេល​ដែល​​សង្គម​​ស្ថិត​ក្រោម​​ឥទ្ធិពល​​នៃ​​គ្រឿង​​ស្រវឹង​!

0 0
Cambodia Website Design

ពេល​​មាន​​ពិធី​បុណ្យ​ធំ​ម្តង​ៗ ​ដូចជា​​ពិធី​បុណ្យ​​ចូលឆ្នាំ​ចិន​​នេះ​​ជា​ដើម ​គ្រឿង​ស្រវឹង​​បាន​​ក្លាយ​ជា​​ទំនិញ​​ដែល​​លក់​ដាច់​​បំផុត​​មួយ​។ ​នេះ​​ស​បញ្ជាក់ថា​ សង្គម​ខ្មែរ​​ហាក់​ដូចជា​​កំពុង​​រង​​ការ​វាយ​លុក​​យ៉ាង​​ពេញ​ទំហឹង​​ពី​​គ្រឿង​​ស្រវឹង​។ ​គ្រឿង​​ស្រវឹង​​ត្រូវ​គេ​​រក​ឃើញ​ថា​​ជា​​ប្រភព​​បង្ក​បញ្ហា​​ធំធេង​​ណាស់​​ដល់​​សង្គ​ម។ ​ជាក់ស្តែង ​គ្រោះថ្នាក់​ចរាចរណ៍​​និង​​អំពើហិង្សា​​ក្នុង​​គ្រួសារ​​ជា​ដើម​ ភាគ​ច្រើន​​មាន​​ប្រភព​​មក​ពី​​គ្រឿង​​ស្រវឹង​។ ​នេះ​​នៅ​​មិនទាន់​​រាប់​​គ្រោះថ្នាក់​​ដល់​​សុខភាព​​ផង​ទេ​​។ ​តើ​ហេតុអ្វី​​បាន​ជា​គ្រឿង​​ស្រវឹង​​មាន​​ឥទ្ធិពល​​ខ្លាំង​​ម្ល៉េះ​​ទៅ​លើ​​ពលរដ្ឋ​ខ្មែរ​?

ក្នុងចំណោម​ផលិតផល​ដែល​គេ​ផ្សព្វផ្សាយ​ច្រើនជាងគេ​ទៅដល់​សាធារណជន គ្រឿង​ស្រវឹង​គឺជា​ផលិតផល​លេចធ្លោ​ជាងគេ​មួយ​ជាពិសេស​ក្នុងពេល​មាន​ពិធីបុណ្យធំៗដូចជា​បុណ្យចូលឆ្នាំ​ចិន​នេះ​ជាដើម។ ផលិតផល​គ្រឿង​ស្រវឹង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​បង្ហាញថា វា​ជា​តំណាង​ឲ្យ​ក្តីសប្បាយ​រីករាយ ជា​ភាពទាន់សម័យ ជា​កិត្តិយស​និង​ជា​សុភមង្គល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សង្គម​ខ្មែរ។

ប៉ុន្តែ  នៅលើ​ទិដ្ឋភាព​ជាក់ស្តែង​វិញ គ្រឿង​ស្រវឹង​បាន​បង្កបញ្ហា​រាប់​រាយ​ជំពូក​គួរ​ឲ្យ​ព្រឺ​ខ្លាច៖ ហេតុផល​ដ៏​សំខាន់​មួយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស៥នាក់​យ៉ាងតិច​ក្នុង​មួយថ្ងៃ​គឺ​បណ្តាលមកពី​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង។ បទឧក្រិដ្ឋ​ជាច្រើន​ជាពិសេស​អំពើហិង្សា​ក្នុង​គ្រួសារ​ដែលជា​បញ្ហា​ធំធេង​សម្រាប់​សង្គម​ខ្មែរ​ក៏មាន​ចំណែក​យ៉ាងសំខាន់​មកពី​គ្រឿង​ស្រវឹង។ គ្រឿង​ស្រវឹង​ក៏បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ដល់​គ្រួសារ​ខ្មែរ​ជាពិសេស​គ្រួសារ​អ្នកក្រីក្រ។

Cambodia Website Design

ក៏ប៉ុន្តែ ផលវិបាក​ដ៏​ធំធេង​ទាំងនេះ​ហាក់​មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍​ទេ។ ផ្ទុយទៅវិញ ភាព​គគ្រឹកគគ្រេង​នៃ​ការផ្សាយពាណិជ្ជកម្ម​អំពី​គុណសម្បត្តិ​នៃ​គ្រឿង​ស្រវឹង​បាន​លុប​បាត់​ស្ទើរ​ទាំងស្រុង​ទៅលើ​គុណវិបត្តិ​របស់​វា។ ជាក់ស្តែង នៅ​រាល់​ពិធីជប់លាង អាពាហ៍ពិពាហ៍ ក៏ដូចជា​ពិធី​ជួបជុំនានាៗដែរ គ្រឿង​ស្រវឹង​នៅតែ​ជា​ជម្រើស​ដែល​មិនអាច​ខ្វះ​បាន។ នៅឯ​ភោជនីយដ្ឋាន​និង​ក្លឹប​រាត្រី​ឯណោះ​វិញ គ្រឿង​ស្រវឹង​រឹតតែ​ពេញនិយម​ថែមទៀត។

ជាការ​ពិតណាស់ កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​ដែលមាន​ចរាចរណ៍​គ្រឿង​ស្រវឹង​នោះឡើយ។ នៅលើ​ពិភពលោក​នេះ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​បាន​រីកលូតលាស់​យ៉ាងខ្លាំង​នៅ​គ្រប់ទិសទី។ ប៉ុន្តែ អ្វីដែល​ខុសប្លែកគ្នា​ពី​ប្រទេសមួយ​ទៅមួយ​ទៀត​គឺ​ត្រង់​កម្រិត​នៃ​ការប្រើប្រាស់​តែប៉ុណ្ណោះ។ ការប្រើប្រាស់​វា​ក្នុង​កម្រិត​សមរម្យ​ក៏​មិនមែនជា​រឿង​អាក្រក់​ដែរ។ ប៉ុន្តែ អ្វីដែល​អាក្រក់​នោះ​គឺ​ការយក​ស្រា​ធ្វើជា​ត្រីមុខ។

នៅក្នុង​សង្គម​ខ្មែរ គ្រឿង​ស្រវឹង​ត្រូវបាន​ដូនតា​ខ្មែរ​ចាត់ទុកជា«អបាយមុខ»មួយ​ក្នុងចំណោម​អបាយមុខ​ទាំងបី​ដែល​គួរ​ចៀសវាង៖ «ស្រី ស្រា និង​ល្បែង»។ ចៀសវាង​ពីព្រោះ​តែ​ដូនតា​ខ្មែរ​បាន​យល់ច្បាស់​ណាស់​អំពី​គ្រោះថ្នាក់​នៃ​ជាតិ​ស្រវឹង។ ម្យ៉ាងទៀត គ្រឿ​ស្រវឹង​ក៏​ត្រូវបាន​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ហាមប្រាម​ផងដែរ។ បើទោះជា​យ៉ាងនេះ​ក៏ដោយ នៅ​កម្ពុជា មនុស្ស​គ្រប់​មជ្ឈដ្ឋាន​សង្គម​ហាក់​ដូចជា​កំពុង​រង​ការវាយលុក​យ៉ាង​ពេញទំហឹង​ជាងពេលណាៗទាំង​អស់ពី​សំណាក់​អបាយមុខ​ទាំងបី។

គ្រឿង​ស្រវឹង​កំពុង​ត្រូវបាន​គេ​គេ​ប្រែក្លាយ​វា​ឲ្យ​ទៅជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ និង​ជា​តំណាង​ឲ្យ«បេះដូង​ខ្មែរ»។ គ្រឿង​ស្រវឹង​អា​ចរក​ទិញ​បាន​គ្រប់ទិសទី និង​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​សម្រាប់​មនុស្ស​គ្រប់​វ័យ។ មនុស្ស​ជាច្រើន​កំពុង​យក​ស្រា​ធ្វើជា​ត្រីមុខ​ទៅហើយ។ តើ​នេះ​មិនមែន​មានន័យថា មនុស្ស​ខ្មែរ​កំពុង​ដើរ​ផ្ទុយ​ពី​សីលធម៌​សង្គម​របស់ខ្លួន​ទេ​ឬ? ការធ្លាក់ចុះ​សីលធម៌​នេះហើយ​ដែល​ធ្វើ​ឲ្យ​សង្គម​ព្រះពុទ្ធសាសនា​មួយ​នេះ​កំពុង​បាត់បង់​លំនឹង ហើយ​បើក​ច្រក​ឲ្យ​អំពើ​អសីលធម៌​មានប្រៀប​លើ​សី​ធម៌ អំពើ​អយុត្តិធម៌​មានប្រៀប​លើ​យុត្តិធម៌ ឬក៏​មនុស្ស​ទុច្ចរិត​អាច​យក​ប្រៀប​លើ​មនុស្ស​សុចរិត​ជាដើម។ គឺជា​ភាព​ក្រឡាប់ចាក់​គួរ​ឲ្យ​ព្រឺ​ខ្លាច។

ដូច្នេះ ដើម្បី​លើកស្ទួយ​តម្លៃ​សីលធម៌​សង្គម​ឡើងវិញ ការ​វៀរចាក​អបាយមុខ​ទាំងបី​ជាពិសេស​គ្រឿង​ស្រវឹង​គឺជា​កិច្ច​ការដែល​ត្រូវ​ផ្តើម​ធ្វើជា​ចាំបាច់។ គោលនយោបាយ​ជាតិ​ស្តីពី​គ្រឿង​ស្រវឹង​ជិត​ចេញ​ជា​រូបរាង​ហើយ។ រីឯ​វិធានការ​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក៏ត្រូវ​បាន​ចាត់ជាបណ្តើរៗដែរ។ នេះ​ជាស​ញ្ញា​វិជ្ជមាន​មួយ​គួរ​ឲ្យ​លើកទឹកចិត្ត។ ប៉ុន្តែ ការយក​ឈ្នះ​គ្រឿង​ស្រវឹង​បាន​ឬ​មិនបាន​អាស្រ័យទៅលើ​ឆន្ទៈ​និង​មនសិការ​របស់​មនុស្ស​ច្រើនជាង។

ប្រសិនបើ​សមត្ថកិច្ច​រដ្ឋាភិបាល​យ​ល់​ថា​ខ្លួន​មាន​កាតព្វកិច្ច​ធានា​សុខមាលភាព​សង្គម ប្រសិនបើ​អ្នក​ផលិត​គ្រឿង​ស្រវឹង​យល់ថា​ខ្លួន​មិនគួរ​ចង់បាន​ចំណេញ​ហួសហេតុ​លើ​គំនរ​ទុក្ខសោក អ្នកដទៃ និង​ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​យល់ថា មិនគួរ​អនុញ្ញាត​ឲ្យ​អបាយមុខ​ទាំងឡាយ​ដឹកមុខ​ទេនោះ សីលធម៌​សង្គម​ខ្មែរ​នឹង​វិលត្រឡប់​មកវិញ​ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើ​គ្មាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ទេនោះ បេះដូង​ខ្មែរ​នឹង​ច្បាស់​ជា​ជោគជាំ​ដោយ​គ្រឿង​ស្រវឹង​ពិបាក​កែ​យ៉ាងពិត​ប្រាកដ៕

You might also like More from author

Leave A Reply

Your email address will not be published.