លោក​ហាំ​ង ង៉ោ តារា​សម្តែង​រឿ «វាល​ពិឃាត»​ព្រាត់​ភរិយា​ក្នុង​របប​ខ្មែរក្រហម និង​ព្រាត់​មាតុភូមិ​ស្លាប់​ពាក់ព័ន្ធ​បន្តោង​រូប​សព​ភរិយា​

Cambodia Website Design

«​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥» គឺជា​ខួប​១៩​ឆ្នាំ នៃ​មរណភាព​របស់​លោក​ហាំ​ង ង៉ោ ជា​តារាភាពយន្ត​ហូ​លី​វូ​ដ ជនជាតិ​ខ្មែរ​ដ៏​ល្បីឈ្មោះ ដែល​មហាជន​ស្គាល់​លោក​ច្បាស់​តាម​រយៈ​ខ្សែភាពយន្ត​ឯកសារ​រឿង «​វាល​ពិឃាត​» ហើយ​ដែល​តាម​រយៈ​រឿង​នេះ​លោក​បាន​ទទួល​ពានរង្វាន់​អូ​ស្ការ ។ មាន​មោទនភាព​ចំពោះ​លោក​ហាំ​ង ង៉ោ ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ដែល​ល្បីឈ្មោះ​លើ​ឆាក​អន្តរជាតិ និង​រំឭក​ដោយ​សេចក្តី​ស្រឡាញ់ចំពោះ​លោក កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​ខ្សែជីវិត​របស់​លោក ។

ប្រភព​ដើម

Cambodia Website Design

លោក​ហាំ​ង ង៉ោ កើត​នៅ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​១៩៤០ ។ កន្លែង​កំណើត​របស់​លោក​ហាំ​ង ង៉ោ នៅ​សំរោង​យ៉ោ​ង ស្រុក​បាទី ខេត្តតាកែវ ដែល​នៅ​ទីនោះ​គេ​ឃើញ​សាលា​បឋម​សិក្សា​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភ្ជាប់​ឈ្មោះ​របស់​លោក​គឺ​សាលា​បឋម​សិក្សា «​ហាំ​ង ង៉ោ ស្មៅ​ខ្ញី​» ។

លោក​ហាំ​ង ង៉ោ មាន​ឈាមជ័រ​ជា​ខ្មែរ​កាត់​ចិន ដ្បិត​ម្តាយ​របស់​លោក​គឺជា​ជនជាតិ​ខ្មែរ និង​ឪពុក​មាន​ឈាមជ័រ​ចិន ។

លោក​ច័ន្ទ សា​រុន អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ដែល​បច្ចុប្បន្ន (​ខែកុម្ភៈ​ឆ្នាំ​២០១៥) ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស គឺជា​ប្អូនប្រុស​របស់​លោក​ហាំ​ង ង៉ោ ។ ជា​ទូទៅ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ​ហាំ​ង ង៉ោ ប៉ុន្តែ​តាម​ពិត​លោក​មានឈ្មោះ​ពេញ​ថា «​ហាំ​ង សំណាង​ង៉ោ​» ។

របប​ខ្មែរក្រហម​ដើមហេតុ​នាំ​ឱ្យ​លោក​ហាំ​ង ង៉ោ និរទេស​ឆ្ងាយ​មាតុភូមិ
យោង​តាម​វិ​គី​ភី​ឌា លោក​ហាំ​ង ង៉ោ បាន​សិក្សា​វិជ្ជាពេទ្យ ផ្នែក​វះកាត់ និង​ជំនាញ​រោគ  ស្ត្រី​។ ពេល​បញ្ចប់​ការ​សិក្សា លោក​ហាំ​ង ង៉ោ បាន​ចុះ​អនុវត្ត​ការងារ​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៧៥ គ្រា​ដែល​ពួក​ខ្មែរក្រហម​ដណ្តើម​បាន​អំណាច ហើយ​ប្រកាស​របប​ថ្មី «​កម្ពុជា​ប្រជា​ធិ​ប  តេ​យ្យ​»​។ លោក​ហាំ​ង ង៉ោ ត្រូវ​បង្ខំចិត្ត​លាក់បាំង​ប្រវត្តិ​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ ហើយ​សូ​ម្បី​តែ​ការ​ពាក់​វ៉ែនតា លោក​ត្រូវ​លាក់​ដែរ ដើម្បី​ចៀសវាង​ពី​ការ​រង្កៀស​ចិត្ត និង​ចង​សត្រូវ​របស់​របប​ថ្មី​ទៅ​លើ​អ្នកជំនាញ និង​បញ្ញវន្ត ។

លោក​ហាំ​ង ង៉ោ ត្រូវ​ពួក​ប៉ុ​ល ពត ជម្លៀស​ចេញពី​ភ្នំពេញ ដូច​អ្នកក្រុង​ទាំងអស់​ដែរ ។

លោក​ហាំ​ង ង៉ោ បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​ជាមួយ​ភរិយា​របស់​លោក​ឈ្មោះ​ម៉ី ហួយ ដែល​ក្រោយមក​បាន​ស្លាប់​ដោយសារ​ការ​សម្រាលកូន ។ បើ​ទោះបីជា​លោក​ហាំ​ង ង៉ោ មាន​ជំនាញ​រោគ​ស្ត្រី តែ​លោក​មិន​អាច​ព្យាបាល​ប្រពន្ធ​ដែល​តម្រូវ​ឱ្យ​មានការ​វះកាត់​ផ្នែក​ណាមួយ​ទេ ព្រោះ​លោក​គិត​ថា អាច​នឹង​មាន​ផល​ប៉ះពាល់​ចំពោះ​ខ្លួនឯង និង​ប្រពន្ធ ព្រមទាំង​កូន​របស់​គាត់ ហើយ​អាច​នឹង​ត្រូវ​គេ​សម្លាប់​ថែម​ទៀត ។

បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ លោក​ហាំ​ង ង៉ោ បាន​ធ្វើការ​ជា​គ្រូពេទ្យ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​។ ក្រោយមក​លោក​ហាំ​ង ង៉ោ បាន​ចាកចេញ​ជាមួយ​ក្មួយ​ស្រី​ទៅ​កាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​៣០ ខែសីហា ឆ្នាំ​១៩៨០ ។

លោក​ហាំ​ង ង៉ោ មិន​អាច​បន្ត​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បាន​ទេ​នៅ​អា​មេ​រិ​ក ហើយ​ក៏​មិនបានរៀប​ការ​ជា​ថ្មី​ទៀត​ដែរ ។

ស្នាដៃ​លេចធ្លោ​ញ៉ាំ​ង​ឱ្យ​ល្បីឈ្មោះ
នៅ​ឆ្នាំ​១៩៨៨ លោក​ហាំ​ង ង៉ោ បាន​សរសេរ​សៀវភៅ​មួយ​ដោយ​មាន​ចំណងជើង​ថា «​ហាំ​ង ង៉ោ ៖ ដំណើរ​ផ្សងព្រេង​នៃ​ជនជាតិ​ខ្មែរ​ម្នាក់ ឬ Haing Ngor : A Cambodian Odyssey» ។ សៀវភៅ​នេះ​លោក​ហាំ​ង ង៉ោ ពណ៌នា​អំពី​ជីវិត​របស់​លោក​ក្រោម​របប​ខ្មែរក្រហម​នៅ​ប្រទេស​កម្ពុជា​មាតុភូមិ​កំណើត​របស់​លោក ។ នៅ​ក្នុង​ការ​រៀបរៀង​លើក​ទី​ពីរ​នៃ​រឿង «​ការ​រួច​ជីវិត​ក្នុង​វាល​ពិឃាត​» លោក Roger Warner ដែល​ជា​អ្នកនិពន្ធ​រួម​ជាមួយ​លោក​ហាំ​ង ង៉ោ បាន​បន្ថែម​សេចក្តី​បញ្ចប់​ដោយ​រៀបរាប់​ដំណើរ​ជីវិត​របស់​លោក​ហាំ​ង ង៉ោ ក្រោយ​ទទួល​បាន​ពានរង្វាន់ ។

លោក​ហាំ​ង ង៉ោ បាន​សម្តែង​ជា​តួអង្គ​ឌិ​ត ប្រ​ន នៅ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​របស់​ហូ​លី​វូ​ដ​រឿង «​វាល​ពិឃាត​» បើ​ទោះបីជា​លោក​គ្មាន​បទ​ពិសោធ​សម្តែង​ពី​មុន​មក​ក្តី ។ បន្ទាប់​ពី​នោះ​មក លោក​ហាំ​ង ង៉ោ បាន​ពានរង្វាន់​រួម​មាន Golden Globe Award និង​ពានរង្វាន់ Academy Award ក្នុង​ផ្នែក Best Supporting Actor ។ បន្ទាប់​ពី​បង្ហាញខ្លួន​នៅ​ក្នុង​ភាពយន្ត​រឿង «​វាល​ពិឃាត​» មក លោក​ហាំ​ង ង៉ោ បាន​ប្រាប់​ទៅ​ទស្សនាវដ្តី People ថា «​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ពិភពលោក​អំពី​ភាព​ស្រេកឃ្លាន​យា​៉​ង​ខ្លាំង​នៅ​កម្ពុជា និង​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្រោម​របប​ខ្មែរក្រហម ។ បេះដូង​របស់ខ្ញុំ​ស្កប់ស្កល់​ហើយ ។ ខ្ញុំ​បាន​ធ្វើ​អ្វីមួយ​ដែល​ល្អ​រួច​ហើយ​» ។

លោក​ហាំ​ង ង៉ោ បាន​ចូលរួម​សម្តែង​នៅ ក្នុង​ភាពយន្ត​មួយ​ចំនួន​ទៀត ព្រមទាំង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ដែរ ដូច​ជា Heaven & Earth របស់ Oliver Stone និង​រឿង​ភាគ​ខ្លី Vanishing Son ។ លើស​ពី​នេះ​លោក​ហាំ​ង ង៉ោ ក៏​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ហុងកុង​មាន​ចំណងជើង «​សត្វ​ត្មាត​ភាគ​ខាងកើត​» (Eastern Condors) ដែល​ដឹកនាំ និង​សម្តែង​ដោយ Sammo Hung ។

លោក​ហាំ​ង ង៉ោ បាន​សម្តែង​ជា​តួរង​នៅ​ក្នុង​រឿង​ភាគ​វៀតណាម នា​ឆ្នាំ​១៩៨៩ រឿង «The Iron Triangle» ។ សម្តែង​ជាតា​រា​កិត្តិយស នៅ​ក្នុង​សាច់​រឿង​ពីរ​ភាគ​នៃ​ខ្សែភាពយន្ត​ឆ្នេរសមុទ្រ​ចិន (​ក្នុង​ភាគ How to Stay Alive in Vietname 1 & 2) ដោយ​លោក​ហាំ​ង ង៉ោ ដើរតួ​ជា​ឈ្លើយសង្គ្រាម​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួស ហើយ​ជួយ​នាង Collen McMurphy ពេល​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​នាង ។

លោក​ហាំ​ង ង៉ោ ក៏​បាន​សម្តែង​ជាតា​រា​កិត្តិយស​ក្នុង​ខ្សែភាពយន្ត Miami Vice មួយ​ភាគ​ចំណងជើង «The Savage, Duty and Hornor» ។ លោក​ក៏​បាន​ដើរតួ​នៅ​ក្នុង​រឿង My  Life បន្ទាប់​ពី​លោក Michael Keaton ។

វេជ្ជបណ្ឌិត​ហាំ​ង ង៉ោ ជា​តួ​សម្តែង និង​ជា​អ្នកនិពន្ធ​ដែល​បាន​ទទួល​ពានរង្វាន់​អូ​ស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក​តួ​សម្តែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្តែង​ជា​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​រឿង «​វាល​ពិឃាត​» (The Killing Fields) ដែល​និយាយ​ពី​ជីវិត​របស់​អ្នក​សារព័ត៌មាន​លោក​ឌិ​ត ប្រ​ន​។ លោក​ហាំ​ង ង៉ោ ជា​តារា​សម្តែង​បុរស​របស់​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្តែង ។ លោក​ហាំ​ង ង៉ោ និង​ហា​រ៉ូ​ល​រ៉ូ​សេល (Harold Russell) គឺជា​តារា​សម្តែង​មិន​មាន​ជំនាញ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពានរង្វាន់​អូ​ស្ការ​ក្នុង​ផ្នែក​សម្តែង ។

បង្កើត​មូលនិធិ​ជួយ​មាតុភូមិ
មូលនិធិ​វេជ្ជបណ្ឌិត​ហាំ​ង ង៉ោ បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ​១៩៩០ ដោយ​លោក​ហាំ​ង ង៉ោ និង Jack Ong ។ តារា​សម្តែង​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​គ្នា​នៅ​ឆ្នាំ​១៩៨៩ ពេល​ថត​រឿង «The Iron Triangle» ហើយ​ក្រោយមក​ព្រះ​វិហារ​របស់​អ្នក​គង្វាល Ong (​សមាគម​គ្រឹ​ស្ត​បរិស័ទ​នៅ Venice,CA) បាន​ចាប់ផ្តើម «​គម្រោង​កម្ពុជា​» ស្វែងរក​ប្រាក់​ដើម្បី​ថែទាំ​កុមារ​កំព្រា និង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​។ «​គម្រោង​កម្ពុជា​» (Project Cambodia) គឺជា​មូលនិធិ​ដើម​នៃ​មូលនិធិ​របស់​លោក​ហាំ​ង ង៉ោ ដែល​បាន​ដាក់​បញ្ចូល​ជា​អង្គការ​សប្បុរសធម៌​នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ឃាតកម្ម​របស់​លោក​ហាំ​ង ង៉ោ (​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​១៩៩៦) ។ គោលដៅ​នៃ​មូលនិធិ​នេះ​រួម​មានការ​ថែរក្សា​ការ​សម្រេច (​សមិទ្ធផល​) របស់​លោក​ហាំ​ង ង៉ោ និង​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​កម្ពុជា តាម​រយៈ​ការ​អប់រំ​សកម្មភាព និង​សិល្បៈ ។

ក្មួយ​ស្រី​របស់​លោក​ហាំ​ង ង៉ោ អ្នកស្រី​សុ​ភី​យ៉ា ង៉ោ ឌី​មេ​ទ្រី ដែល​ជា​អ្នក​ផ្តល់​ភស្តុ​តាង​នៅ​ក្នុង​សវនាការ​ឃាតកម្ម​របស់​លោក និង​ជា​អ្នក​ដែល​លោក​បាន​យក​នៅ​អា​មេ​រិ​ក​ជាមួយ បច្ចុប្បន្ន​នេះ​គឺ​ប្រធាន​មូលនិធិ ហើយ​លោក Ong គឺជា​នាយក​ប្រតិបត្តិ ។

មូលនិធិ​លោក​ហាំ​ង ង៉ោ ដែល​បង្កើត​ឡើង​នោះ ដើម្បី​ស្វែងរក​ប្រាក់​ជួយ​ដល់​មាតុភូមិ​កម្ពុជា​របស់​លោក ។

ក្នុង​ការ​រួមចំណែក​ផ្នែក​មនុស្សធម៌ លោក​ហាំ​ង ង៉ោ បាន​សាងសង់​សាលា​បឋម​សិក្សា​មួយ និង​បើក​ដំណើរការ​រោង​អារឈើ​តូច​មួយ ដើម្បី​ផ្តល់​ការងារ​និង​ចំណូល​ដល់​គ្រួសារ​នៅ​មូលដ្ឋាន ។

ក្មួយ​ស្រី​ឈ្មោះ​ង៉ោ សុ​ភី​យា​៉ ឌី​មេ​ទ្រី របស់​លោក​ហាំ​ង ង៉ោ ជា​អ្នក​ផ្តល់​សាក្សី​មួយ​រូប​នៅ​សវនាការ​ក្នុង​រឿង​ក្តី​ឃាតកម្ម​ទៅ​លើ​រូប​លោក​។ បច្ចុប្បន្ន​អ្នកស្រី​ង៉ោ សុ​ភី​យ៉ា ឌី​មេ​ទ្រី គឺជា​ប្រធាន​មូលនិធិ​នោះ ។

មរណភាព​ពាក់ព័ន្ធ​បន្តោង​ខ្សែ​.​ក​រូប​សព​ភរិយា និង​ភាព​មន្ទិល​នានា
នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​១៩៩៦ លោក​ហាំ​ង ង៉ោ ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ក្រោយ​ផ្ទះ​របស់​លោក​នៅ​សង្កាត់​ចិន ក្នុង​ទីប្រជុំជន​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ ជនជាតិ​ខ្មែរ​ជា​ច្រើន​អះអាង​ថា ពួក​គេ​ជាប់ជំពាក់​នៅ​ក្នុង​អចលនទ្រព្យ​របស់​គាត់ ។ ចំណែក​ស្ត្រី​ម្នាក់​អះអាង​ថា លោក​ហាំ​ង ង៉ោ បាន​រៀប​ការ​ជាមួយ​នាង​ក្រោយ​ពេល​ទៅ​ដល់​សហរដ្ឋអាមេរិក ។

ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​លោក​ហាំ​ង ង៉ោ បាន​ទៅ​ប្អូន​របស់​លោក គឺ​លោក​ច័ន្ទ សា​រុន (​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​) ខណៈ​ពេល​ដែល​ទ្រព្យសម្បត្តិ​អា​មេ​រិ​ក​របស់​គាត់​ត្រូវ​ប្រើ​ក្នុង​ថ្លៃ​រត់ការ​ច្បាប់​នៃ​ការ​ពន្យារ​ពាក្យបណ្តឹង​ចំពោះ​អចលនទ្រព្យ​របស់​លោក ។

សព​របស់​លោក​ហាំ​ង ង៉ោ ត្រូវ​គេ​បញ្ចុះ​នៅ Rose Hills Memorial Park ឯ Whittier, កាលី​ហ្វ៊័​រ​នី​ញ៉ា ។

សមាជិក​បី​នាក់​នៃ​ក្រុម Oriental Lazy Boyz ដែល​ជា​ក្រុម​ពាល​តាម​ផ្លូវ ត្រូវ​បាន​ចោទ​ពី​បទ​ឃាតកម្ម ហើយ​ពួក​គេ​ក៏​ធ្លាប់​បាន​ចាប់ខ្លួន​ពី​មុន​មក​ដែរ ក្នុង​បទ​ឆក់​កាបូប អលង្ការ ។ ពួក​គេ​ត្រូវ​បាន​កាត់ទោស​រួម​គ្នា​នៅ​តុលាការ​កំពូល​នៃ​រដ្ឋ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ទោះបីជា​រឿង​ក្តី​របស់​ពួក​គេ​ត្រូវ​បាន​ក្រុមប្រឹក្សា​តុលា​ការ​ដឹង​ដាច់​ដោយឡែក​ពី​គ្នា​ក៏​ដោយ ។ ព្រះរាជអាជ្ញា​បាន​អះអាង​ថា ពួក​គេ​បាន​សម្លាប់​លោក​ហាំ​ង ង៉ោ ក្រោយ​ពេល​លោក​ប្រគល់​នាឡិកាដៃ​មាសម៉ា​ក Rolex របស់​លោក​ទៅ​ឱ្យ ប៉ុន្តែ​លោក​បដិសេធ​មិន​ឱ្យ​បន្តោង​ខ្សែ​.​ក មាន​រូប​ប្រពន្ធ​របស់​លោក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ គឺ​លោកស្រី​ម៉ី ហួយ ។

មេធាវី​ការពារ​ក្ដី​បាន​លើក​ឡើង​ថា ឃាតកម្ម​នេះ​ទាក់ទង​នឹង​រឿង​នយោបាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នកគាំទ្រ​របប​ខ្មែរក្រហម ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​ណាមួយ​គាំទ្រ​ទស្សនៈ​នេះ​ទេ ។ ទោះ​ជាយា​៉​ង​ណា​ក្តី កាំ​ង ហ្គេ​ក​អ៊ា​វ ដែល​ជា​អតីតមន្ត្រី​ខ្មែរក្រហម  និង​បាន​កាត់ទោស​ដោយ​សាលាក្តី​ខ្មែរក្រហម​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ធ្លាប់​អះអាង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៩ ថា ការ​សម្លាប់​លោក​ហាំ​ង ង៉ោ គឺជា​បញ្ជា​ពី​ប៉ុ​ល ពត ប៉ុន្តែ​ក្រុម​អ្នកស៊ើប​អង្កេត​អា​មេ​រិ​ករក​មិនឃើញ​ថា គួរ​ឲ្យ​ជឿ​ទុកចិត្ត​ទេ ។

មនុស្ស​មួយ​ចំនួន​បាន​រិះគន់​មតិ​ដែល​ថា​លោក​ហាំ​ង ង៉ោ ត្រូវ​គេ​សម្លាប់​ក្នុង​អំពើ​ប្លន់​មិន​បាន​សម្រេច ដោយ​ផ្អែក​ទៅ​លើ​ប្រាក់ ២.៩០០​ដុល្លារ​អា​មេ​រិ​ក ដែល​បន្សល់​ទុក ហើយ​ចោរ​មិន​បាន​រើ​កកាយ​កាបូប​លុយ​របស់​លោក​ទេ ។ មក​ទល់​ពេល​នេះ គ្មាន​ចម្លើយ​ពី​មូលហេតុ​ដែល​ចោរ​ទាមទារ​បន្តោង​ខ្សែ​.​ករប​ស់លោក​ហាំ​ង ង៉ោ ទេ ហើយ​ជា​ធម្មតា លោក​តែង​ពាក់​បន្តោង​ខ្សែ​.​ក​នោះ​នៅ​ខាងក្នុង​អាវ ហើយ​ពិបាក​នឹង​មើល​ដឹង​ណាស់ ។ នៅ​ឆ្នាំ​២០០៣ បន្តោង​ខ្សែ​.​ក​នោះ​នៅ​តែ​មិន​ទាន់​រក​ឃើញ ។

ជនជាប់ចោទ​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ថា មានទោស​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​១៩៩៨ នៅ​ចំ​ថ្ងៃ​ដែល​គេ​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​រប​ស់ប៉ុល ពត នៅ​កម្ពុជា ។ Tak Sun Tan ត្រូវ​បាន​ផ្ដន្ទាទោស​ចាប់ពី​៥៦​ឆ្នាំ ដល់​មួយ​ជីវិត​, Indra Lim ពី​២៦​ឆ្នាំ ដល់​មួយ​ជីវិត ចំណែកឯ Jason Chan ជាប់​ទោស​មួយ​ជីវិត​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះ​លែង ។

នៅ​ឆ្នាំ​២០០៤ តុលាការ​សង្កាត់​អា​មេ​រិ​ក​នៃ​សង្កាត់​កណ្ដាល​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា បាន​ចេញ​ដីកា​លើកលែងទោស ជា​សេចក្ដីសម្រេច​ដែល​ព្រះរាជអាជ្ញា​បាន​ប្រើ​ការ​អាណិតអាសូរ​របស់​ក្រុមប្រឹក្សា​តាម​រយៈ​ការ​បង្ហាញ​ភស្តុ​តាង​មិន​ពិត តែ​ការ​សម្រេច​នេះ​ត្រូវ​បាន​បដិសេធ​។ ជា​ចុង​ក្រោយ ការ​ផ្ដន្ទាទោស​នៅ​តែ​បន្ត​តម្កល់​ទុក​ដោយ​តុលាការ​សហរដ្ឋអាមេរិក​នៃ​បណ្ដឹងឧទ្ធរណ៍​សម្រាប់​មណ្ឌល​ទី​៩​នៅ​ឆ្នាំ​២០០៥ ។

ក្រោយ​ពេល​ចេញផ្សាយ​ខ្សែភាពយន្ត​រឿង​«​វាល​ពិឃាត​» លោក​ហាំ​ង ង៉ោ បាន​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន New York Times ថា «​ប្រសិនបើ​ខ្ញុំ​ស្លាប់​នៅ​ពេល​ឥឡូវ គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ភាពយន្ត​នេះ​នឹង​ស្ថិត​នៅ​រាប់រយ​ឆ្នាំទៅ​មុខ​ទៀត​» ។

លោក​ឌិ​ត ប្រ​ន ដែល​លោក​ហាំ​ង ង៉ោ បាន​ដើរតួ​នៅ​ក្នុង​រឿង​វាល​ពិឃាត បាន​ថ្លែង​ចំពោះ​ការ​ស្លាប់​របស់​លោក​ហាំ​ង ង៉ោ ថា «​គាត់​ប្រៀប​ដូច​ជា​កូនភ្លោះ​ជាមួយ​ខ្ញុំ ។ គាត់​ប្រៀប​បានជា​អ្នក​ផ្ញើ​សារ​ជាមួយ​ខ្ញុំ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​តែ​ម្នាក់ឯង​ហើយ​» ។

ការ​ស្រាយ​ច​ម្ង​ល់​មួយ​ទាក់ទិន​ការ​សម្លាប់
ទោះបី​ប្រាកដប្រជា​ក្នុង​កម្រិត​ណា​ក្តី តែ​វា​ជា​ការ​ស្រាយ​ច​ម្ង​ល់​មួយ​ទាក់ទិន​ការ​ស្លាប់​របស់​លោក​ហាំ​ង ង៉ោ  ដោយ​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក​ម្នាក់​ជា​អតីត​បងធំ ។

កូន​ខ្មែរ​នៅ​អា​មេ​រិ​ក​ម្នាក់​នោះ​ដែល​ត្រូវ​អា​មេ​រិ​ក​ចាប់​បញ្ជូន​ឱ្យមក​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៤ បាន​និទាន​ឱ្យ​ដឹង​(​យោង​តាម​ការ​ផ្សាយ​របស់​ភ្នំពេញ​ប៉ុស្តិ៍​នា ខែឧសភា ឆ្នាំ​២០១២)​ថា រូបគេ​ធ្លាប់​នៅ​ប្លុក​លេខ ៣២០០ ប្លុក​ជន​អន្ធពាល​នៃ​ពន្ធនាគារ សង្កាត់​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ក្នុង​បន្ទប់​ឃុំឃាំង​ជាប់​ក្រុម​ជន​ពាក់ព័ន្ធ​សម្លាប់់​លោក​ហាំ​ង ង៉ោ កន្លែង​ដែល​រូបគេ​នៅ​២​ឆ្នាំ​កន្លះ ។ ជន​ពាក់ព័ន្ធ​ទាំងនោះ​គឺ Oriental Lazy Boyz Jason Chan, Tak Sun  Tan និង​Indra Lim  ។  កូន​ខ្មែរ​រូប​នោះ និយាយ​ថា «​ខ្ញុំ​ដឹង​ពី​រឿង​ខ្សឹបខ្សៀវ តាំងពី​ពួក​គេ​បាន​ប្រឡូក​ក្នុង​បញ្ហា​នេះ​ដំបូង​មក​។ មាន​គេ​ប្រាប់​ពួក​គេ​ថា លោក​ហាំ​ង ង៉ោ មាន​កាបូប​មួយ​ដែល​មាន​ប្រាក់​រាប់​ពាន់​ដុល្លារ​ទុក​នៅ​គូទ​រថយន្ត​មែរ​សឺ​ដេ​ស​។  លើស​ពី​នេះ ពួក​គេ​ដឹង​ថា គាត់​ពាក់​ខ្សែ​.​ក​បន្តោង​មាស ព្រមទាំង​ពាក់​នាឡិកា​ម៉ាក Rolex ។ ពួក​គេ​បាន​ចេញ​ទៅ​ប្លន់​គាត់ ។

វា​ពុំ​មាន​នរណា​នៅ​ពីក្រោយ​អំពើ​សម្លាប់​នោះ​ទេ ។ ខ្ញុំ​ដឹង​ព្រោះ​ខ្ញុំ​បាន​សួរ​ពួក​គេ​នៅ​ពេល​ខ្ញុំ​ជា​បងធំ​ក្នុង​ប្លុក​ជន​អន្ធពាល​នោះ ពួក​គេ​មិន​និយាយ​កុហក​ខ្ញុំ ឬ​មិត្តភក្តិ​ដទៃ​ទៀត​ទេ ។

យើង​ទាំងអស់​គ្នា​ខឹង ដែល​ពួក​គេ​បាន​សម្លាប់​មនុស្ស​ល្បី​របស់​កម្ពុជា​នោះ ។ ពួក​គេ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​សុទ្ធតែ​ជក់​ថ្នាំ​(​ញៀន​) នៅ​ពេល​ពួក​គេ​សម្លាប់​នោះ ។ អា​ល្ងើ​ទាំងនោះ​ថែម​ទាំង​មិនដឹង​ថា នរណា​ដែល​ពួក​គេ​សម្លាប់​ផង​នោះ​ទេ រហូត​ទាល់តែ​ដល់​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​» ។

ខកខាន​គម្រោង​មក​ធ្វើ​មន្ត្រី​នៅ​កម្ពុជា
នរណា​ម្នាក់​នៅ​ពេល​ស្លាប់  គម្រោង​ផែនការ​អ្វី​របស់​គេ​ក៏​ត្រូវ​បញ្ចប់​ទៅ​ជាមួយ​ដែរ ។ ដោយឡែក​សម្រាប់​លោក​ហាំ​ង ង៉ោ ក៏​មិន​អាច​បំពេញ​គម្រោង​ផែនការ​មួយ​របស់​លោក​ដែរ នៅ​ពេល​ជីវិត​របស់​លោក​ត្រូវ​បំផ្លាញ​ដោយ​ឃាតករ​នោះ ។

លោក​ប៉ែន សាវ៉ា​ត ជា​គ្រូរបាំ​រស់នៅ​អា​មេ​រិ​ក ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ហាំ​ង ង៉ោ បាន​លើក​ឡើង​ឱ្យ​ដឹង​ទាក់ទិន​គម្រោង​ផែនការ​របស់​លោក​ហាំ​ង ង៉ោ  មុន​ពេល​ស្លាប់​នោះ ។ ទោះបី​មិនដឹង​ថា​វា​ពិត​កម្រិត​ណា តែ​យ៉ាង​ហោច​ណាស់​ជា​ព័ត៌មាន​មួយ​ដែល​បង្ហាញ​ឡើង​ទាក់ទិន​លោក​ហាំ​ង ង៉ោ អាច​ថា​ក្នុង​ចំណោម​ព័ត៌មាន​ផ្សេង​ច្រើន​ទៀត ដែល​កប់​បាត់​ដោយសារ​មរណភាព ។

លោក​ប៉ែន សាវ៉ា​ត ឱ្យ​ដឹង​(​តាម​ការ​ផ្សាយ​របស់​ភ្នំពេញ​ប៉ុស្តិ៍ ខែឧសភា ឆ្នាំ​២០១២) ថា កាលពី​ថ្ងៃ​ទី​១៦  ខែកញ្ញា ឆ្នាំ​១៩៩៤  នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ  ពេល​លោក​ហាំ​ង ង៉ោ ផ្តល់​បទ​សម្ភាសន៍​ដល់​កាសែត​ដឹ​ណេ​សិន អំពី​គម្រោង​ថត​ខ្សែភាពយន្ត​រឿង​«The Man From Year  Zero » រូប​លោក​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​លោក​ក៏​នៅ​ទីនោះ​ដែរ សរសេរ​សាច់​រឿង​ឡើង​វិញ នៅ​ពេល​លោក​ហាំ​ង ង៉ោ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ  ឆ្នាំ​១៩៩៦ ។

លោក​ប៉ែន សាវ៉ា​ត ទម្លាយ​អាថ៌​កំបាំង​មួយ​ឱ្យ​ដឹង​ថា «​មួយ​ខែ​មុន​ពេល​គាត់​ត្រូវ​បាន​ធ្វើឃាត​លោក​ហាំ​ង ង៉ោ  បាន​ប្រាប់​ខ្ញុំ​ថា  គាត់​មាន​គម្រោង​មក​ធ្វើ​មន្ត្រី​នៅ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ដឹង​ថា គាត់់​មានមុខ​របរ និង​ផ្ទះសម្បែង​នៅ​ទីនោះ​» ។

មរណភាព​បាន​នាំ​យក​គម្រោង​ធ្វើ​មន្ត្រី​របស់​លោក​ហាំ​ង ង៉ោ​ទៅ​ជាមួយ ។

 និទាន​ពី​ខ្លួនឯង
លោក​ហាំ​ង ង៉ោ បង់ជីវិត​ទៅ​ហើយ ប៉ុន្តែ​ក្រៅពី​ខ្សែភាពយន្ត ជា​ពិសេស​រឿង «​វាល​ពិឃាត​» នៅ​ជា​ភស្តុ​តាង​រំឭក​ពី​រូប​លោក គឺ​នៅ​មាន​វាចា​ផ្ទាល់​របស់​លោក ដែល​បាន​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ។ មុន​ពេល​ស្លាប់ គឺ​នៅ​ឆ្នាំ​១៩៩៤ លោក​ហាំ​ង ង៉ោ បាន​ផ្តល់​បទ​សម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន ដោយ​និទាន ត្រួស​ៗ​ពី​ប្រវត្តិ​ជីវិត​របស់​លោក ព្រមទាំង​មូលហេតុ​ក្លាយជា​តារា​សម្តែង​ភាពយន្ត និង​ដំណើរ​នៃ​ការ​ផលិត​រឿង «​វាល​ពិឃាត​» ដែល​បណ្តែត​ជីវិត​របស់​លោក​ភ្លឺ​ចិញ្ចាច​ផង​ដែរ ។

បទ​សម្ភាសន៍​នេះ យោង​តាម​គេហទំព័រ «​បេះដូង​ខ្មែរ »​។

 ដើម​កំណើត​និង​ស្ថានភាព​គ្រួសារ
សំណួរ​៖ ជនរួមជាតិ​កម្ពុជា​ចង់​ដឹង​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​លោក តើ​លោក​អាច​ឱ្យ​ដឹង​បាន​ដែរ​ទេ ?

ចម្លើយ​៖ បាទ មិនជា​បញ្ហា​អ្វី​ទេ ។ ខ្ញុំ​កើត​នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ម្តាយ​ខ្ញុំ​រកស៊ី​លក់​នំកន្ទក់ លក់​ទឹកត្រី ទឹក​ស៊ី​អុ​ី​វ គ្រឿងទេស​តិចតួច និង​ធ្វើស្រែ​ផ្សំ​ផង​។ ក្រោយ​ពី​រកស៊ី​បាន​កាក់កប​បន្តិច គាត់​ក៏​មក​រកស៊ី​នៅ​ផ្សារ​។ គាត់​បាន​ក្លាយជា​ពាណិជ្ជករ​តូចតាច​រកស៊ី​ខាង​រោងចក្រ​អារឈើ ។ ខ្ញុំ​មាន​បងប្អូន ១០​នាក់ ខ្ញុំ​ជា​កូនប្រុស​ទី​៣​នៅ​ក្នុង​គ្រួសារ ។

ពី​ក្មេង​ខ្ញុំ​រៀន​នៅ​សាលា​សំរោង​យ៉ោ​ង បន្ទាប់​មក​រៀន​នៅ​ខេត្តតាកែវ ក្រោយមក​ទៀត​ខ្ញុំ​រៀន​នៅ​សាលា​ពេទ្យ​ក្រុងភ្នំពេញ ។

មូលហេតុ​ឃ្លាត​ចាក​ពី​មាតុភូមិ
សំណួរ​៖ លោក​បាន​ចាក​ចេញពី​ស្រុក​ខ្មែរ​នៅ​ពេល​ណា ដោយសារ​ហេតុ​អ្វី ?

ចម្លើយ​៖ ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៩ ខ្ញុំ​រួច​ពី​របប​ប្រល័យពូជសាសន៍​នៅ​ខេត្តបាត់ដំបង ហើយ​ខ្ញុំ​ចាក​ចេញពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​ទី​៣​នៅ​ថៃ្ង​ទី​៩ ខែមករា ឆ្នាំ​១៩៨០​។ ថៃ្ង​១៣ ខែឧសភា ១៩៧៩ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រក​ផ្នូរ​របស់​ប្រពន្ធ​ខ្ញុំ​នៅ​ទី​ដែល​នាង​បាន​ចែក​ឋាន​។

ខ្ញុំ​បាន​សុំ​ប្រពន្ធ​កូន​ខ្ញុំ​ថា នឹង​ចាក​ចេញពី​ប្រទេស ដោយ​សន្យា​ថា ខ្ញុំ​នឹង​រក​ឱកាស​និយាយ​ពី​រឿង​វេទនា​និរាស​ព្រាត់ប្រាស​របស់​គ្រួសារ​យើង នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​ពិភពលោក​ទាំងមូល​បានដឹង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​នា​សម័យ​នោះ ។

មរណភាព​នៃ​ភរិយា
សំណួរ​៖ ភរិយា​របស់​លោក​ស្លាប់​ដោយសារ​មូលហេតុ​អ្វី ?

ចម្លើយ​៖ នាង​ស្លាប់​នៅ​ពេល​ឆ្លងទន្លេ ព្រោះ​គ្មាន​ពេទ្យ​ត្រឹមត្រូវ ខ្ញុំ​បាត់បង់​នាង និង​កូន​ក្នុង​ពេល​តែ​មួយ ។

មូលហេតុ​ក្លាយជា​តារាភាពយន្ត និង​ស្នាដៃ​ដំបូង
សំណួរ​៖ មូលហេតុ​អី​ដែល​លោក​ក្លាយទៅជា​តារាភាពយន្ត ?

ចម្លើយ​៖ បាទ នោះ​គឺជា​រឿង​ដែល​ខ្ញុំ​ពុំ​គិតដល់​ពី​មុន​មក ។ ពេល​ដែល​ខ្ញុំ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខាង​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូ​ដ​គេ​ធ្វើការ​ជ្រើសរើស​តួ​ខ្មែរ ។ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​គេ​ជ្រើសរើស ។ ពី​ដំបូង​ខ្ញុំ​បដិសេធ ព្រោះ​ក្នុង​ផ្នត់គំនិត​របស់ខ្ញុំ​តែងតែ​គិត​ថា ជា​តួកុន​វា​ពុំ​មាន​អ្វី​ជា​ការ​ប្រសើរ​សម្រាប់​បំណង​ខ្ញុំ​ទេ ព្រោះ​តួកុន​ច្រើន​ជា​មនុស្ស​ដែល​ពុំ​បានការ​សិក្សា​រៀនសូត្រ​អី​ច្រើន​ទេ ម្យ៉ាង​ខ្ញុំ​រៀន​ខាង​វិជ្ជាពេទ្យ រឿង​អី​ត្រូវ​ទៅ​ដើរតួ​កុន ? តែ​ដោយសារ​ខាង​ក្រុមហ៊ុន​គេ​ចេះ​តែ​ព្យាយាម​អង្វរ​ខ្ញុំ និង​ខ្ញុំ​នឹក​ដល់​ពាក្យ​សន្យា​ជាមួយ​ភរិយា​ដែល​ចែក​ឋាន​របស់ខ្ញុំ​ថា ទី​មួយ​ខ្ញុំ​ឱ្យ​អន្តរជាតិ​ស្គាល់​ពី​ស្រុក​ខ្មែរ ទី​ពីរ​ខ្ញុំ​អាច​រៀបរាប់​ពី​រឿង​គ្រួសារ​ខ្ញុំ​ឱ្យ​គេ​ដឹង​បាន និង​ទី​បី​បើ​ខ្ញុំ​សម្តែង​រឿង​នេះ​មាន​ន័យ​ថា មួយ​ជីវិត​ខ្ញុំ​នេះ​បាន​បូជា​ជូន​ជាតិ​មាតុភូមិ​រួច​ស្រេច​ទៅ​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​យល់ព្រម​ថត ។

សំណួរ​៖ រឿង «​វាល​ពិឃាត​» ជា​រឿង​ទី​ប៉ុន្មាន​ដែល​លោក​សម្តែង ? ហើយ​លោក​សម្តែង​បាន​ប៉ុន្មាន​រឿង​ហើយ ?

ចម្លើយ​៖ ខ្ញុំ​ចាំ​មិន​អស់​ថា ខ្ញុំ​សម្តែង​បាន​ច្បាស់​ប៉ុន្មាន​ទេ តែ​ដឹង​ថា​ច្រើន​ប្រមាណ​ជាប់​២០​រឿង ឯ​រឿង «​វាល​ពិឃាត​» ជា​រឿង​ដំបូង​បង្អស់​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​សម្តែង​ជា​តួឯក ។

រឿង​គួរ​ឱ្យ​ចង់​ដឹង​មួយ​ចំនួន​ពាក់ព័ន្ធការ​ផលិត​រឿង «​វាល​ពិឃាត​»
សំណួរ ៖  រយៈពេល​កសាង​រឿង «​វាល​ពិឃាត​» ប៉ុន្មាន​ដែរ ហើយ​ទីតាំង​ថត​នៅ​កន្លែង​ណាខ្លះ ?

ចម្លើយ​៖ រយៈពេល​ផលិត​តាំងពី​ចាប់ផ្តើម​រហូត​ដល់​បាន​ចប់​សព្វគ្រប់​គឺ​រយៈពេល​២​ឆ្នាំ (១៩៨៣-១៩៨៤) ហើយ​បញ្ចាំង​មុនគេ​បង្អស់​នៅ​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៨៥ ។ ឯ​ទីតាំង​ថត​មាន​ទៅ​ទីក្រុង​បាងកក ព្រំប្រទល់​ប្រទេស​ភូមា ម៉ា​ឡេ​ស៊ី ព្រំដែន​ខ្មែរ​-​ថៃ ទីក្រុង​ស៊ិ​ន​នី​យេ​ហ្គោ រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា ទីក្រុង​ញូ​វ​យ៉​ក ប្រទេស​កា​ណា​ដា និង​ប្រទេស​អង់គ្លេស ។

សំណួរ​៖ គេ​និយាយ​ថា ទីតាំង​អ្នក​លឿង​ដែល​មាននៅ​ក្នុង​សាច់​រឿង គឺ​ចម្លង​យក​ពី​ហ្វ៊ីល​ឯកសារ​ចាស់​មក​បញ្ចូល តើ​មែនដែរ ឬទេ ?

ចម្លើយ​៖ អូ ! បាទ​មិនមែន​ទេ នៅ​ប្រទេស​គេ​កាលណា​គេ​យក​ហ្វ៊ីល​ចាស់​មក​បញ្ចូល គឺ​ត្រូវ​ទិញ​ថ្លៃ​ជាង​រៀបចំ​ឆាក​ថ្មី​ច្រើន​ដង​ណាស់ គេ​មិន​ប្រើ​វិធី​នេះ​ទេ គឺ​គេ​យក​រូបថត​ពី​មុន​មក​ពិនិត្យ​ស្រាវជ្រាវ ហើយ​រៀបចំ​ឆាក​ថ្មី​ឱ្យ​ដូច​បេះបិទ​តែ​ម្តង ។ ជាក់ស្តែង​ដូច​ឈុត​ត្រង់​កំពង់ចម្លង​អ្នក​លឿង មួយ​ឆាក​នោះ​ត្រូវ​រៀបចំ​អស់​រយៈពេល​៣​ខែ​ទើប​ដូច ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជា​ច្រើន ។

ខ្ញុំ​សូម​ជម្រាប​ផង​ដែរ​ថា ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ថត មួយ​រឿង​ៗ ត្រូវ​ប្រើ​មនុស្ស​រាប់​ពាន់​នាក់ ឯ​រថយន្ត​រាប់រយ​គ្រឿង ឧទាហរណ៍​គ្រាន់តែ​រឿង «​វាល​ពិឃាត​»​រថយន្ត​២០០​គ្រឿង ដូច្នេះ​គ្រាន់តែ​អ្នកបើកបរ​គឺ​មាន​២០០​នាក់ ចុះ​ផ្នែក ផ្សេង​ៗ​ទៀត អូ៎​គឺ​ចំណាយ​ធំធេង​ណាស់​។

ពានរង្វាន់​ទទួល​បាន​តាម​រយៈ​រឿង «​វាល​ពិឃាត​»
សំណួរ​៖ ក្នុង​រឿង «​វាល​ពិឃាត​» លោក​ទទួល​ស្នាដៃ​អ្វីខ្លះ ?
ចម្លើយ​៖ បាទ ខ្ញុំ​ទទួល​បាន​មេដាយ​ច្រើន​ណាស់ ពិសេស​គឺ​ទទួល​បាន​រង្វាន់​អូ​ស្ការ អង់គ្លេស​២, អា​មេ​រិ​ក​១ ។
សំណួរ ៖ នៅ​ក្នុង​ភាពយន្ត​ហូ​លី​វូ​ដ​ទាំងមូល តើ​មាន​តារា​ជា​ខ្មែរ​ប៉ុន្មាន​នាក់​ដែរ ?
ចម្លើយ​៖ បាទ តារា​ខ្មែរ​ទាំងអស់​មាន​៩​នាក់​។

ទស្សនៈ​ចំពោះ​វិស័យ​សិល្បៈភាពយន្ត​នៅ​កម្ពុជា
សំណួរ​៖ លោក​យល់​យ៉ាងណា​ដែរ ចំពោះ​ខ្សែភាពយន្ត​-​វី​ដេ​អូ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ?

ចម្លើយ​៖ ខ្ញុំ​យល់​ឃើញ​ថា​មាន​ចំណុច​ខ្វះខាត​ច្រើន ខ្ញុំ​មិនមែន​និយាយ​រិះគន់​ទេ តែ​និយាយ​ពី​ការ​ជាក់ស្តែង គឺ​យើង​ខ្វះ​សាលាបង្រៀន​កុន ខ្វះ​សាលា​ហាត់​លេង​កុន ខ្វះ​សាលា​ថតកុន ។ ពិសេស​តួ​សម្តែង​យើង សម្តែង​មនោសញ្ចេតនា​ខាង​ផ្លូវចិត្ត​នៅ​ពុំ​ទាន់​ត្រូវ​តាម​ឆាក នីមួយ​ៗ​នៃ​សាច់​រឿង ឧទាហរណ៍ យំ សើច ទុក្ខ​ព្រួយ ខឹង ឃោរឃៅ ៘ ខ្ញុំ​មាន​គម្រោង​ចង់​បង្កើត​សាលាបង្រៀន​លេង​កុន ដើម្បី​បង្រៀន​កូន​ខ្មែរ​ឱ្យ​ចេះ​សម្តែង​មនោសញ្ចេតនា​ខាង​ផ្លូវចិត្ត​នៅ​ក្នុងឆាក នីមួយ​ៗ​ឱ្យ​វា​ជា​ការណ៍​ពិត ឧទាហរណ៍​៖ យំ​គឺ​ច្បាស់​ជា​យំ យំ​ចេញពី​ក្នុង ៘

ដើម្បី រួមចំណែក​ក្នុង​វិស័យ​ថែរក្សា​វប្បធម៌​ជាតិ ខ្ញុំ​បាន​ថត​រឿង​មួយ​ឈ្មោះ​ថា « A man from year » ប្រែជា​បណ្តោះអាសន្ន «​បុគ្គល​ម្នាក់​ក្រោយ​ឆ្នាំ​សូន្យ​» ឆ្នាំ​សូន្យ​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ឆ្នាំ​១៩៧៥ ។ ដោយ​មើលឃើញ​ថា​វប្បធម៌​ខ្មែរ​រកកល​រលំរលាយ ខ្ញុំ​ចង់​បង្ហាញ​ឱ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​នៅ​ស្រុក​អា​មេ​រិ​ក​កុំ​ភ្លេច​ប្រពៃណី​វប្បធម៌​ជាតិ​របស់​ខ្លួន ។ នៅ​ស្រុក​ខ្មែរ​កុំឱ្យ​ភ្លេច​ពី​សីលធម៌ ទំនៀមទម្លាប់​ខ្មែរ ពិសេស​សកម្មភាព​លួច​វត្ថុ​បុរាណ​ព្រលឹង​ជាតិ​ខ្លួន​លក់​ឱ្យ​បរទេស ។

នេះ​ជា​កំហុស​មិន​អាច​អត់ឱន គឺ​ត្រូវ​ចាត់​ទុក​ស្មើនឹង​ទោសឧក្រិដ្ឋ ព្រោះ​នេះ​ជា​ការ​សម្លាប់​ជាតិ​ខ្លួន សម្លាប់​ខ្លួនឯង​ដោយ​ភ្លេចខ្លួន ភ្លេច​គិត​ថៃ្ង​ក្រោយ​ខ្លួន​គ្មាន​អ្វី​បញ្ជាក់​ថា​ខ្លួន​ជា​ខ្មែរ ។

រឿង A man from year គឺជា​ការ​សហការ​ខាង​កា​ណា​ដា និង​ហូ​លី​វូ​ដ មាន​ខ្មែរ​សម្តែង​ច្រើន​ដែរ តែ​ខ្ញុំ​ជា​តួឯក ។ រឿង​នេះ​គម្រោង​នឹង​ថត​នៅ​ស្រុក​ខ្មែរ​រង់ចាំ​ការ​ឆ្លង​ពិនិត្យ​ពី​ក្រសួង​ជំនាញ​ផង ។

សំណួរ​៖ តាម​រយៈ​អ្នកកាសែត តើ​លោក​មាន​សំណូមពរ​អ្វី​ដែរ ឬទេ ?

ចម្លើយ​៖ ខ្ញុំ​ជា​សិល្បករ​មួយ​រូប ខ្ញុំ​មាន​សំណូមពរ​ចំពោះ​វិស័យ​នេះ​ថា សុំ​ឱ្យ​អ្នកដឹកនាំ​រឿង​ព្យាយាម​ថត​ឱ្យ​កាន់តែ​ប្រសើរ មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​ឃើញ​ថា​កាន់តែ​គ្រាន់បើ​ហើយ ។ ម្យ៉ាងទៀត​មុន​នឹង​ថត សុំ​រើស​យក​តួ​សម្តែង​ណា​ដែល​ចេះ​ដាក់​ទឹកចិត្ត​តាម​ឆាក​នីមួយ​ៗ ។ ទី​ពីរ សុំ​ឱ្យ​ខំ​ថែរក្សា​វប្បធម៌​ខ្មែរ​ឱ្យ​គង់វង្ស ព្រោះ​មាន​តែ​សិល្បៈ​ទេ​ដែល​អាច​និយាយ​ប្រាប់​ពិភពលោក​បាន ។ ឧទាហរណ៍ «​វាល​ពិឃាត » បើ​សរសេរ​លើ​កាសែត​វា​មិន​អាច​ទាក់ទាញ​គេ​បាន​ឡើយ តែ​ដល់​ធ្វើ​ជា​កុន​វា​ឆ្លុះ​បញ្ចាំង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​ឱ្យ​គេ​ចាប់អារម្មណ៍​ពេញ​ពិភពលោក​បាន ។

គម្រោង​ទាក់ទិន​សិល្បៈ​ភាពយន្ត
សំណួរ​៖ តើ​លោក​កំពុង​ថត​រឿង​អី​ផ្សេង​ទៀត ? ស្នាដៃ​អ្វីខ្លះ​ដែល​លោក​បាន​ធ្វើ ?

ចម្លើយ​៖ ខ្ញុំ​កំពុង​សម្រុក​ថត​រឿង​ពីរ​ទៀត​យ៉ាង​ប្រញឹក ។ សព្វ​ថៃ្ង​នៅ​ស្រុក​ថៃ​កំពុង​បញ្ចាំង​រឿង «​ឋានសួគ៌​និង​ឋាននរក​» ស្តី​ពី​សង្គ្រាម​នៅ​ស្រុក​យួន​របស់​ក្រុម​ភាពយន្ត​ហូ​លី​វូ​ដ ។ ក្នុង​រឿង​នោះ​ខ្ញុំ​ដើរតួ​ជា​ឪពុក​ម្នាក់ ដែល​មានកូន​ស្រី​៥​នាក់​ជា​ស្រីខូច​ទាំងអស់ ។ រឿង​នេះ​កំពុង​ធ្វើ​ឱ្យ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ថៃ​។ និង​មានរឿង​មួយ​ដែល​ខ្ញុំ​សរសេរ​ពី​ជីវិត​ខ្ញុំ​ផ្ទាល់ ដែល​ជា​រឿង​ខ្លាំង​ជាង​រឿង​«​វាល​ពិឃាត​»​ទៅ​ទៀត «​វាល​ពិឃាត​» ប្រពន្ធ​កូន​ទៅ​អា​មេ​រិ​ក​មុន ក្រោយមក​ប្តី​ចេញ រួច​ជួបជុំ​គ្នា តែ​រឿង​នេះ​ប្រពន្ធ​កូន​ត្រូវ​ស្លាប់ យ៉ាង​អាណោចអាធ័ម ប្តី​រង​ទុក្ខវេទនា​បាត់បង់​អស់​គ្មាន​សល់​អ្វី ។ សៀវភៅ​នេះ ខ្ញុំ​កំពុង​ដាក់​លក់​នៅ​អា​មេ​រិ​ក ឈ្មោះ «A Cambodian Odyssey » ដល់​ដាក់​ជា​ចំណងជើង​កុន​ប្តូរ​ឈ្មោះ « Journey to Freedom » នៅ​ពុំ​ទាន់​មាន​អ្នកទិញ​នៅឡើយ ៕

 

You might also like More from author

Comments are closed.