NGO អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​លូក​ដៃ​ក្នុង​សំណុំ​រឿង ០០៣​-០០៤

0 0
Cambodia Website Design

ភ្នំពេញៈ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ដែល​ជា​សម្ព័ន្ធ​នៃ​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២១ បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល កម្ពុជា​លូក​ដៃ​ទៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ខណៈ​ចៅក្រម​បាន​ដាក់​ឲ្យ​ជន​សង្ស័យ ២​រូប ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​កំបាំង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ CHRAC ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី ថ្ងៃទី៥ ខែ​មីនា ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម គាំទ្រ​ទាំង​ស្រុង​ចំពោះ​កិច្ច​ស៊ើប​សួរ​ដែល​កំពុង​បន្ត​នៃ​សំណុំ​រឿង ០០៣ និង ០០៤ និង ស្វាគមន៍​ចំពោះ​ការ​វិវឌ្ឍ​ថ្មី ដែល​ចៅក្រម​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ចប់​កិច្ច​ស៊ើប​សួរ។

សេចក្តី​ប្រកាស​បន្ត​ថា៖ «ផ្ទុយ​ពី​គោល​ការណ៍​លទិ្ធ​ប្រជា​ធិបតេយ្យ​ស្តីពី​ឯករាជ​ភាព​តុលាការ និង​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត បាន​ធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ តាំង​ពី​ដំបូង​ថា សំណុំ​រឿង​ដែល​ក្រៅ​ពី​សំណុំ​រឿង ០០២ គួរ​កុំ​ដំណើរការ»។

Cambodia Website Design

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​កុំ​ឲ្យ​លូក​ដៃ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​ប៉ុន​ប៉ង​ណា​មួយ​ដែល​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​កិច្ច​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។ កិច្ច​ស៊ើប​សួរ​នៃ​សំណុំ​រឿង ០០៣ និង ០០៤ បាន​ជួប​ប្រទះ​ការ​លំបាក​តាំង​ពី​លើក​ដំបូង​នៃ​ការ​ចាប់​ផ្តើម សំណុំ​រឿង​ក្នុង ខែ​កញ្ញា ឆ្នាំ​២០០៩។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖ «គណៈ​កម្មាធិការ​នៅ​តែ​បារម្ភ​ចំពោះ​ការ​មិន​ឯកភាព​ដែល​បន្ត​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លើ​ដំណើរការ​ស៊ើប​សួរ និង​ការ​បដិសេធ​នៃ​ភាគី​ជាតិ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ស៊ើប​សួរ»។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សហ​ចៅក្រុម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ដាក់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ២​រូប គឺ លោក មាស មុត ក្នុង​សំណុំ​រឿង ០០៣ និង​អ្នក​ស្រី អ៊ឹម ចែម ក្នុង​សំណុំ​រឿង ០០៤ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ។ លោក មាស មុត ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​ពី​បទ​ឧក្រិដ្ឋ ដូចជា​មនុស្ស​ឃាត ដែល​ជា​ការ​រំលោភ​បំពាន​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ចំណែក​អ្នក​ស្រី អ៊ឹម ចែម ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​កំបាំង​មុខ​ដែរ ដោយ​សារ​អំពើ​មនុស្ស​ឃាត​ដែល​ជា​ការ​រំលោភ​បំពាន​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ក្នុង​នោះ​មាន​ការ​ធ្វើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូល​ហេតុ​នយោបាយ និង​អំពើ​អមនុស្ស​ធម៌​ផ្សេង​ទៀត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង។

ជន​សង្ស័យ​ក្នុង​សំណុំ​រឿង ០០៣ មាន ២​នាក់ គឺ​លោក មាស មុត អាយុ ៧៦​ឆ្នាំ ជា​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក និង​លោក ស៊ូ មេត មេ​បញ្ជាការ​កង​ទ័ព​អាកាស បាន​ទទួល​មរណភាព​កាល​ពី ឆ្នាំ​២០១២។ ចំណែក​សំណុំ​រឿង ០០៤ មាន​អតីត​មេ​ដឹក​នាំ ៣​នាក់ នៅ​ថ្នាក់​ភូមិភាគ គឺ​អ្នក​ស្រី អ៊ឹម ចែម អាយុ ៧២​ឆ្នាំ តា​អាន និង តា ទិត។

លោក​ស្រី អ៊ឹម ចែម បាន​ថ្លែង​ថា លោក​ស្រី​នឹង​មិន​ឡើង​មក​បំភ្លឺ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​នោះ​ទេ ដោយ​សារ​តែ​លោក​ស្រី​ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់។ លោក​ស្រី​ថ្លែង​ថា៖ «ជំនាន់​នោះ​ខ្ញុំ​គ្រាន់​តែ​កៀរគរ​មនុស្ស​ឲ្យ​ធ្វើ​ស្រែ​តែ​ប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​ទាំង​នោះ​គឺជា​ការ​ខុស​ទិសដៅ​ដោយ​ពុំ​បាន​យល់​ច្បាស់​អំពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ។ នេះ​គឺជា​រឿង​ផ្ទៃ​ក្នុង​របស់​សហ​ចៅក្រម​អន្តរជាតិ​និង សហ​ចៅក្រម​ជាតិ។

លោក​បាន​ថ្លែង​ថា៖ «គេ​ស្តាប់​ច្រឡំ​ហើយ គេ​បំប៉ោង​សាច់​រឿង រាជ​រដ្ឋាភិបាល​ពុំ​មាន​និន្នាការ​រារាំង​នោះ​ទេ»។

សូម​រំឭក​ផង​ដែរ​ថា កាលពី ថ្ងៃទី២៦ ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រិះគន់​សាលា​ក្តី​ខ្មែរ​ក្រហម ករណី​ពង្រីក​វិសាលភាព​ក្នុង​ការ​កាត់​ទោស ធ្វើ​ឲ្យ​អតីត​មន្ត្រី​ក្នុង​សម័យ​ខ្មែរ​ក្រហម​មាន​ការ​ភ័យ​ខ្លាច ហើយ​អាច​រត់​ចូល​ព្រៃ​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ទៀត ហើយ​នៅ ឆ្នាំ​២០១២ លោក នាយក​រដ្ឋ​មន្ត្រី ក៏​ធ្លាប់​ថ្លែង​ប្រាប់​លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការ សហ​ប្រជាជាតិ​ថា លោក​មិន​គាំទ្រ​ឲ្យ​តុលាការ​កូន​កាត់ ឬ សាលា​ក្តី​ខ្មែរ​ក្រហម ដំណើរ​ការ​ដល់​សំណុំ​រឿង ០០៣ និង ០០៤ ទេ ព្រោះ​ខ្លាច​មាន​សង្គ្រាម​កើត​ឡើង​ជា​ថ្មី៕

You might also like More from author

Leave A Reply

Your email address will not be published.