ក្រុម​មនុស្ស​គ្រោះ​ថ្នាក់​ជន​ជាតិ​រុស្ស៊ី​កំពុង​បង្ក​បញ្ហា​នៅ​ខេត្ត​ព្រះសហីនុ

0 3
Cambodia Website Design

ខេត្ត​ព្រះសីហនុៈ លោក Nicolai Doroshenko ពាណិជ្ជករ​រស់​នៅ​រយៈ​ពេល​យូរ​នៅ​ក្រុង​សីហនុ បាន​ថ្លែង​ថា៖ «ដូច​នៅ​ប្រទេស​រុស្ស៊ី ក្នុង​ទស្សវត្សរ៍ ទី៩។ សម័យ​នោះ​បាន​មក​ដល់​ទីនេះ​ហើយ។ មនុស្ស​គ្រោះថ្នាក់​កំពុង​មក​ទីនេះ»។

លោក Doroshenko បាន​និយាយ​ក្នុង​បន្ទប់​ពន្លឺ​តិចៗ​លើ​ផ្ទះ​របស់​លោក​ជា​ភោជនីយដ្ឋាន​និង​ជា​ផ្ទះ​សំណាក់ ដែល​មាន​សួន​សត្វ​តូច​មួយ ដែល​មាន​សត្វ​ពស់ និង​សត្វ​ក្រពើ​រាប់​រយ​ក្បាល ស្ថិត​នៅ ផ្លូវ​សូវៀត ក្នុង ក្រុង​ព្រះសីហនុ។

លោក​បាន​បន្ថែម​ថា លោក​នឹង​បន្ត​ស្នាក់​នៅ​ទីនេះ ដរាប​ណា​គូ​ប្រជែង​ធំ​របស់​គាត់ គឺ​សេដ្ឋី​អចលន​ទ្រព្យ​រុស្ស៊ី​ដែល​កំពុង​គេច​ខ្លួន​ឈ្មោះ Sergei Polonsky បន្ត​នៅ​ទឹក​ដី​កម្ពុជា។

Cambodia Website Design

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ការ​ឈ្លោះ​គ្នា​រវាង​បុរស​ទាំង​ពីរ​បាន​ឈាន​ដល់​បញ្ហា​ស្មុគ​ស្មាញ​នៃ​ការ​ចោទ​ប្រកាន់ និង​សង​សឹក រាប់​ទាំង​ការ​ចោទ​ប្រកាន់​ថា ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត។ ប៉ុន្តែ​វិវាទ​បាន​រីក​ធំ​ហួស​ពី​វិវាទ​រវាង​លោក Doroshenkos និង​លោក Polonskyដោយ​សារ​តែ​ពិធី​ប្រគំ​តន្រ្តី kaZantip របស់​រុស្ស៊ី ដែល​បង្ក​ឲ្យ​កើត​ហេតុ​ការណ៍​ផ្សេងៗ ដែល​ហាក់​បី​ដូច​ជា​បញ្ជាក់​ពី​ការ​ព្យាករ​ថា មាន​អំពើ​ហិង្សា Doroshenko។

ដើម្បី​យល់​ដឹង​ពី​បញ្ហា​ស្មុគ​ស្មាញ​នៃ​ការ​ចោទ​ប្រកាន់ ភាព​អំនួត និង​ប្រាក់​កាស​ក្នុង​សហគមន៍​នៅ​ជាប់​សមុទ្រ​នេះ ជា​ការ​ល្អ​ប្រសើរ​ត្រូវ​ចាប់ផ្តើម​ពី​លោក Doroshenko ផ្ទាល់។

លោក​បាន​លើក​ឡើង​ថា៖ «រឿង​រ៉ាវ​របស់​ខ្ញុំ​នៅ​ទីនេះ គឺមាន​រយៈ​ពេល​យូរ​មក​ហើយ»។

លោក Nikolai Doroshenko បាន​ផ្លាស់​មក​នៅ​កម្ពុជា​នៅ ខែ​ឧសភា ឆ្នាំ​១៩៩៣។ ចាប់​ពី​ពេល​នោះ​មក លោក​បាន​ទទួល​សញ្ជាតិ​កម្ពុជា ហើយ​កសាង​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​មួយ​ដែល​មាន​អាជីវកម្ម​ចាក់​ប៉េតុង រហូត​ដល់​ការ​អភិវឌ្ឍ​ខុនដូ។

លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាជ្ញាធរ ក្រុង​ព្រះ​សីហនុ ដោយ​កូន​ប្រុស​របស់​លោក​អាយុ ៣២​ឆ្នាំ ឈ្មោះ Ostap Doroshenko គឺជា​មេ​ក្រុម​ម្នាក់​ក្នុង​កង​កម្លាំង​នគរបាល​មូលដ្ឋាន។

លោក Ostap ជនជាតិ​រុស្ស៊ី សម្បុរ​ស្លេក​ស្លាំង ដែល​ចូល​ចិត្ត​រថយន្ត​ប្រណីត ទឹក​មុខ​ប្រកប​ដោយ​អំនួត​ក្នុង​ឯកសណ្ឋាន​នគរបាល​កម្ពុជា ខណៈ​ដែល​គាត់​បង្ហាញ​ពី​មេដាយ​ធំ​មួយ ដែល​លោក​ថា ជា​មេដាយ​កិត្តិយស​ថ្នាក់​កំពូល​ទី២។

ពួកគេ​បាន​លើក​ឡើង​ថា​គ្រួសារ Doroshenko ស្រឡាញ់​កម្ពុជា។ ប៉ុន្តែ​ជីវិត​របស់​ពួកគេ​នឹង​ផ្លាស់​ប្តូរ​ជា​រៀង​រហូត​ដោយសារ​ការ​មក​ដល់​របស់​បុរស​ម្នាក់ ដែល​ធ្លាប់​ជា​សេដ្ឋី​មាន​បំផុត​របស់​រុស្ស៊ី គឺ Sergei Polonsky។

20150310_07

លោក Polonsky បាន​ចាប់​ផ្តើម​ទិញ​កោះ​ដំបូង​នៅ​កម្ពុជា​នៅ​ទសវត្សរ៍ ឆ្នាំ​២០០០ ដោយ​ធ្វើការ​ជាមួយ​នឹង​លោក Doroshenko ដើម្បី​អភិវឌ្ឍន៍​កោះ​ទាំង​នោះ។

លោក Polonsky គឺជា​ដៃគូ​ល្អ​ម្នាក់ ដែល​មាន​ប្រាក់​កាស​ច្រើន ហើយ​ចង់​បង់​ប្រាក់​ច្រើន​ដើម្បី​សាងសង់​ផ្ទះ​បែប James Bond នៅ​លើ​កោះ​ដែក​គោល និង​រមណីយដ្ឋាន​ប្រណីត​នៅ​កោះ​កម្ពុជា។

ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ពាណិជ្ជករ​រុស្ស៊ី​ទាំង​ពីរ​នេះ មាន​ភាព​ល្អក់​កករ​នៅ ឆ្នាំ​២០១២ នៅ​ពេល​លោក Polonsky ជាប់​ពន្ធនាគារ ដោយ​សារ​តែ​យក​កាំបិត​បង្ខំ​ឲ្យ​អ្នក​នេសាទ​កម្ពុជា​ហក់​ចេញ​ពី​ទូក។

បើ​ទោះ​បី​ជា​ទីបំផុត​គាត់​ត្រូវ​បាន​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ ក៏​គាត់​មិន​ដែល​លើក​លែង​ដល់​អ្នក​ដែល​គាត់​ថា បាន​រៀបចំ​ឲ្យ​គាត់​ជាប់​ឃុំ​នោះ​ឡើយ។

លោក Polonsky បាន​ថ្លែង​ថា៖ «អ្នក​រាល់​គ្នា​យល់​ថា នៅ​ពេល​ដំបូង ដែល​ខ្ញុំ​ជាប់​ឃុំ គឺ​ដោយ​សារ​តែ Doroshenko អ្នក​យល់​ទេ?» ដោយ​អះអាង​ថា មេធាវី​របស់​លោក Nikolai ជួយ​សរសេរ​សេចក្តី​ថ្លែង​របស់​អ្នក​នេសាទ​ទៅ​ឲ្យ​នគរបាល»។

Polonsky ថា៖ «នៅ​ពេល​ខ្ញុំ​ជាប់​ឃុំ គាត់​លក់​កោះ​ខ្ញុំ»។

លោក Doroshenko បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា លោក Polonsky បាន​ធ្វើ​ការ​បក​ស្រាយ​ខុស​ពី​ស្ថានការណ៍​ហើយ​បាន​ច្រាន​ចោល​ជំនួយ​របស់​ពួក​គេ។

លោក Ostap បាន​បញ្ជាក់​ថា៖ «នៅ​ពេល​គាត់​ឃើញ​មុខ​យើង គាត់​និយាយ​ថា អា​ចង្រៃ​មក​កាន់​ឪពុក​ខ្ញុំ និង​រូប​ខ្ញុំ»។

លោក Nicolai បាន​អះអាង​ថា លោក Polonsky បាន​បញ្ជូន​ឃាតក​មក​សម្លាប់ Ostap ដែល​រួច​ផុត​ទាំង​លំបាក។ លោក Polonksy បាន​ប្តឹង​គាត់​ពី​បទ​បរិហារ​កេរ្តិ៍ ហើយ​ក្រុម​អ្នក​ច្បាប់​របស់​គាត់​ថា ការ​វាយ​ប្រហារ​គឺជា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​វិវាទ​ផ្លូវ​ច្បាប់​ដែល​កំពុង​បន្ត​កើត​ឡើង​ដែល ឥឡូវ​នេះ មាន​រឿង​ក្តី ប្រហែល ១៦ ករណី​នៅ​តុលាការ​ខេត្ត។

ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

ប៉ុន្តែ​នៅ​លើ​កោះ​កម្ពុជា​មួយ​ចម្ងាយ​ប្រហែល ៦០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា លោក Polonksy មិន​ឲ្យ​វិវាទ​នោះ​ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ​ទេ។

គឺ​នៅ ខែ​ធ្នូ ដែល​លោក​បាន​បើក​សិក្ខាសាលា​សម្រាប់​សហគ្រិន។ ជនជាតិ​រុស្ស៊ី​រាប់សិប​នាក់​បាន​បង់​ប្រាក់ ២៥០០ ដុល្លារ​ក្នុង​មួយ​នាក់​ដើម្បី​មក​ចូល​រួម​សិក្ខាសាលា​បណ្តុះ​បណ្តាល​រយៈ​ពេល ១០ ថ្ងៃ​ជាមួយ​នឹង​លោក Polonsky។ ចំពោះ​សិក្ខាសាលា​អាជីវកម្ម អ្នក​ចូល​រួម​ជាច្រើន មាន​ការ​ភ្ញាក់​ផ្អើល។ អ្នក​ចាញ់​ត្រូវ​រត់​ជុំវិញ​ដើម​ឈើ​ធំ​មួយ​នៅ​កណ្តាល​កោះ​ជា​ទណ្ឌកម្ម។

ក្នុង​សិក្ខាសាលា​មួយ អ្នក​ចូល​រួម​អង្គុយ​ជុំវិញ​គំនរ​ភ្លើង​នៅ​កណ្តាល​ព្រៃ ហើយ​បាន​សួរ Polonsky អំពី​ប្រធានបទ​ទស្សនវិជ្ជា គឺ​សូក្រាត អត្ថន័យ​ជីវិត ការ​ជោគ​ជ័យ​លើ​អាជីវកម្ម។ នៅ​ពេល​នោះ លោក Polonsky បាន​ឈរ​និង​ស្រែក​យ៉ាង​ខ្លាំង។

ចំណែក​ឯ​នៅ​លើ​ដី​គោក រឿង​ក្តី​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋី​រូប​នេះ​កំពុង​គរ​ដូច​ដំបូក គឺ​លោក Polonsky ត្រូវ​បាន​បង្គាប់​ឲ្យ​ចេញ​ពី​កោះ​ដែក​គោល ដែល​ក៏​ត្រូវ​បាន​ទាមទារ​សិទិ្ធ​ដោយ​លោក Doroshenko ផង​ដែរ។

លោក​បាន​បដិសេធ​មិន​ចេញ​ទេ ប៉ុន្តែ​មិន​យូរ​ទេ ជំនោរ​សមុទ្រ​ហាក់​បី​ដូច​ជា​ជួយ​លោក គឺ​ចៅក្រម​ម្នាក់​ទៀត​ចោទ​ប្រកាន់​លោក Nikolai ពីបទ​រំលោភ​ទំនុក​ចិត្ត​ទាក់​ទង​នឹង​កោះ ៤ ដែល​លោក​អះអាង​ថា ជា​សហ​កម្មសិទិ្ធ​ជាមួយ​នឹង​លោក Polonsky។

កាន់​តែ​ធ្ងន់​ជាង​នេះ គឺ​អាជ្ញាធរ​បាន​បង្ហាញ​ខ្លួន​នៅ​ផ្ទះ​ពស់ ហើយ​បាន​រឹប​អូស​យក​ឡាន Humvee ដែល​លោក Polonsky បាន​អះអាង​ថា គឺជា​កម្មសិទ្ធិ​របស់​គាត់។

ប៉ុន្តែ វិវាទ​ផ្លូវ​ច្បាប់​នេះ​នឹង​បាត់បង់​ការ​ចាប់​អារម្មណ៍ ដោយសារ​ករណី​ថ្មី​មួយ​ផ្សេង​ទៀត​មក​ដល់។

នៅ​លើ​កោះ​ពស់ ដែល​ត​ភ្ជាប់​នឹង ក្រុង​ព្រះសីហនុ ដោយ​ស្ពាន​ថ្ម​ធំ​មួយ រចនា​ឡើង​ពី​ឫស្សី​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កោះ​ខ្សាច់​ស​មួយ​នេះ។ គឺ​ពិធី​តន្រី kaZantip បាន​មក​កម្ពុជា ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ថ្មី។

លោក Oleg Tikhanov ដែល​ជា​ពាណិជ្ជ​ករ​ម្នាក់​មាន​អាជីវកម្ម​តាំង​ពី បារ៍​រហូត​ដល់​សាសា​មត្តេយ្យ​និយាយ​ថា៖ «អ្នក​អាច​ហៅ​បញ្ហា​នេះ​ថា ជា​ការ​ប៉ុន​ប៉ង​សម្លាប់ ការ​ប៉ុន​ប៉ង​វាយដំ​ពីព្រោះ​មនុស្ស​ទាំង​នោះ​បាន​វាយ​ក្បាល​របស់​គាត់​ដោយ​ចេតនា ហើយ​ពួកគេ​ធ្វើ​ការ​វា​ប្រកប​ដោយ​ជំនាញ»។

នោះ​គឺជា​ហេតុ​ការណ៍ កាល​ពី ថ្ងៃទី១៣ កុម្ភៈ នៅ​កាស៊ីណូ Queenco ខេត្ត​ព្រះ​សីហនុ ជា​កន្លែង​លក់​សំបុត្រ​សម្រាប់​ចូលរួម​ពិធី​បុណ្យ kaZantip ជម្លោះ​សាហាវ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​បុរស​ពី​ក្រុម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​នេះ ហើយ​វា​បាន​បណ្តាល​ឲ្យ​បុរស ៣ នាក់​រង​របួស។ នេះ​បើ​តាម​សម្ដី​នគរបាល។

ក្រុម​ទាំង​ពីរ ដែល​ក្រុម​មួយ​តំណាង​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍ Lotus Tours សម្រាប់​ការ​ទៅ​លេង​បុណ្យ kaZantip និង​ម្ខាង​ទៀត​តំណាង​ឲ្យ​ក្រុម​ហ៊ុន Oceania របស់​លោក Tikhanov ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា។

Vladimir Palancica នាយក​ក្រុមហ៊ុន Lotus Tours បាន​ទូរស័ព្ទ​មក​កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅ​វេលា​ម៉ោង ១១:៣០ យប់​ហើយ​បាន​ហុច​ទូរស័ព្ទ​នោះ​ទៅ Polonsky ដែល​បាន​ប្រើ​ក្រុមហ៊ុន​ទេសចរណ៍​សម្រាប់​គម្រោង​របស់​គាត់​កាល​ពី​មុន។

Polonsky បាន​និយាយ​ដោយ​ក្នុង​សំឡេង ខឹង ថា ការ​វាយ​ប្រហារ​នេះ​គឺ​ធ្វើ​ឡើង​ដោយ «ក្រុម​ឧក្រិដ្ឋជន​ឆ្កួតៗ​ធំ​មួយ​ក្រុម»។

Vladimir បាន​យក​ទូរស័ព្ទ​នោះ​វិញ​និង​បាន​អះអាង​ថា មេ​ដឹក​នាំ​ការ​វាយ​ប្រហារ​នោះ​បាន​និយាយ​ថា គាត់​ជា​មេ​សន្តិសុខ​នៅ Snake House ដែល​ជា​មូលដ្ឋាន​របស់ Doroshenkos។ Tikhanov ថ្លែង​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ចាប់​ផ្តើម​ដោយ Vladimir។

កាមេរ៉ា​សន្តិសុខ​បាន​បង្ហាញ​ក្រុម​បុរសៗ​ដែល​ធ្វើ​ការ​ឲ្យ Vladimir បាន​ទៅ​ព័ទ្ធ​បុគ្គលិក​ម្នាក់​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន Oceania ហើយ​ភ្លាមៗ​នោះ បាន​ដាល់​គាត់​ដួល។ ប៉ុន្តែ Vladimir បាន​ថ្លែង​ថា ក្រុម​បុរសៗ​ទាំង​នោះ​បាន​វាយ​ដើម្បី​ការពារ​ខ្លួន ខណៈ​ក្រុម​បុរស​របស់​ក្រុមហ៊ុន Oceania ប្រដាប់​ដោយ​អាវុធ។ ពួកគេ​មក​ជាមួយ​កាំភ្លើង​និង​កាំបិត។

Roman Dragomir ដែល​ជា​ពាណិជ្ជករ​ក្នុង​ស្រុក​ម្នាក់ ដែល​អះអាង​ថា បាន​សម្រប​សម្រួល​ទំនាក់​ទំនង​រវាង​កម្មវិធី kaZantip ជាមួយ​ក្រុមហ៊ុន Oceania បាន​និយាយ​ថា Vladimir បាន​នាំ​យក​ក្រុម​អ្នក​បោក​ចំបាប់ ១៥ នាក់​ពី​ប្រទេស​ថៃ ដើម្បី​បំភ័យ​ក្រុមហ៊ុន Oceania។

Dragomir ដែល​ចង្អុល​បង្ហាញ​ថា បុគ្គលិក Snake House ដែល​ដឹក​នាំ Queenco គឺជា​អ្នក​វាយ​ប្រហារ។

ប៉ុន្តែ Fyodor Pankratov ដែល​ជា​បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន Oceania បាន​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​ថា Dragomir បាន​ដឹក​នាំ «ផែនការ​វាយ​ប្រហារ​នេះ» និង​ជា​អ្នក​ដែល​ទាមទារ​ប្រាក់។

ចំពោះ​បុរស​ម្នាក់​ទៀត​វិញ និយាយ​ថា អ្នក​រាល់​គ្នា​ដែល​ឃើញ​ឧប្បត្តិ​ហេតុ​នេះ​បាន​ឲ្យ​ដឹង​ថា វា​ជា​ផ្នែក​មួយ​នៃ​ពួក​ម៉ាហ្វីយ៉ា​រុស្ស៊ី​នៅ​ខេត្ត​ព្រះសីហនុ។

ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង «ការ​រាំ​ស្រាត»

ចំពោះ​ពិធី​បុណ្យ kaZantipនេះ ដូច​បាន​លើក​ឡើង​កាល​ពី​មុន​ដោយ​អាជ្ញាធរ​ដែល​ភ័យ​ខ្លាច​ថា មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង «ការ​រាំ​ស្រាត» ឥឡូវ​នេះ​វា​បង្ហាញ​ថា​ពិត​ប្រាកដ​មែន។

បួន​ថ្ងៃ​បន្ទាប់​ពី​ឧប្បត្តិហេតុ​នៅ Queenco អាជ្ញាធរ​បាន​ហាម​ប្រាម​ពិធី​បុណ្យ​នេះ ដោយ​ដាក់​ពង្រាយ​នគរបាល​នៅ​លើ​ស្ពាន​ទៅ​កោះ​ពស់។

ខណៈ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​នោះ​បន្ត​ធ្វើ​នៅ ថ្ងៃទី២៦ កុម្ភៈ គេ​បាន​ដឹង​ថា Oleg Tikhanov គឺជា​មនុស្ស​ដែល​ត្រូវ​ចង់​ចាប់​ខ្លួន​ដោយ​នគរបាល​អ៊ីន​ធើរ​ប៉ូល​ចំពោះ​សកម្មភាព​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​រុស្ស៊ី។

Tikhanov ដែល​មិន​បាន​ឆ្លើយ​ទូរស័ព្ទ​ឬ​អ៊ីមែល ចាប់​តាំង​ពី​មាន​ដីកា​ចាប់​ខ្លួន​របស់​នគរបាល​អ៊ីន​ធើរ​ប៉ូល ឥឡូវ​នេះ​ត្រូវ​បាន​ពាក្យ​ចចាម​អារ៉ាម​ថា បាន​រត់​គេច​មក​រាជធានី​ភ្នំពេញ។

នគរបាល​បាន​និយាយ​ថា ក្រុម​ជនជាតិ​រុស្ស៊ី​បាន​បើក​ការ​បាញ់​នៅ​វេលា​ម៉ោង ១១ យប់​ទៅ​លើ​រថយន្ត Lexus ដែល​បើក​ដោយ​ជនជាតិ​ទួកគី ដែល​បាន​ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ឈរ​ជិត​នោះ​រង​របួស។

បុរស​ទួកគី នោះ​ត្រូវ​បាន​គេ​និយាយ​ថា ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​នគរបាល​នៅ​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​ក្រុម​វាយ​ប្រហារ​ជនជាតិ​រុស្ស៊ី​នោះ​មិន​ត្រូវ​បាន​រក​ឃើញ។

ការ​បញ្ចប់​ពិធី​ជប់​លៀង?

Tikhanov មិន​មែន​ជា​ជនជាតិ​រុស្ស៊ី​តែ​ម្នាក់​ទេ​ដែល​ត្រូវ​ចង់​ចាប់​ខ្លួន​ដោយ​នគរបាល​អ៊ីន​ធើរ​ប៉ូល។ ជាមួយ​គ្នា​នេះ​ដែរ Polonsky រហូត​មក​ដល់​ពេល​នេះ​កំពុង​គេច​ខ្លួន​ពី​នគរបាល​អ៊ីន​ធើរ​ប៉ូល។ Ostap បាន​ថ្លែង​កាល ខែ​មករា ថា៖ «នគរបាល​អ៊ីន​ធើរ​ប៉ូល​កំពុង​ស្វែង​រក​គាត់»។

ទោះ​យ៉ាង​ណា​ក្តី នៅ ថ្ងៃទី៤ មីនា នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ទីក្រុង Moscow រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Sergey Lavrov បាន​ថ្លែង​ថា នៅ​ទីបំផុត​មាន​ផែនការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​កម្ពុជា ដើម្បី​និរទេស Polonsky។ ថា​តើ Polonsky កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា? គឺ​គេ​នៅ​ចាំ​មើល​ទៀត។

លោក Valentin Hitorin ជា​អ្នក​កាសែត​ជនជាតិ​រុស្ស៊ី ដែល​បាន​ចូល​រួម​សិក្ខាសាលា​ពាណិជ្ជកម្ម​កាល ខែ​ធ្នូ របស់​លោក Polonsky បាន​ថ្លែង​ថា វា​ហាក់​បី​ដូច​ជា​ថា ការ​បង្ក​ជម្លោះ​ដោយ​ក្រុម​ជនជាតិ​រុស្ស៊ី​អាច​នឹង​ស្ងប់​ស្ងាត់​ចាប់​ពី​ពេល​នេះ​ទៅ។ លោក​មាន​សុទិដ្ឋិ​និយម​ថា ការ​បង្ក​ជម្លោះ​ទាំង​អស់​នោះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ណា​មួយ។ លោក Valentin ថ្លែង​ថា៖ «ប្រទេស​នេះ​មិន​ត្រូវ​ការ​សង្គ្រាម​នៃ​ក្រុម​ទាំង​នោះ​ទេ»៕

You might also like More from author

Leave A Reply

Your email address will not be published.