នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យ​មន្រ្តីរដ្ឋាភិបាល​ធ្វើ​អក្ខរកម្មព័ត៌មានវិទ្យា​

0

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ រៀនសូត្រ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការទាក់ទង​គ្នា​ជាមួយ​នាយក​​រដ្ឋមន្ត្រី ខណៈ​លោក​បាន​រិះគន់​តំណាងរាស្ត្រ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ខ្លះ​មិនទាន់​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​នៅ ឡើយ​​ទេ​រហូត​មកដល់ពេលនេះ​។​

hunsen_140925-2015-03-12
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា សម័យ​បច្ចេក​វិទ្យា​ទំនើប​ឥឡូវនេះ ទាមទារ​ឲ្យមាន​រដ្ឋាភិបាល​អេឡិចត្រូនិ​ក​(E-government) ដើម្បី​ងាយស្រួល​ទាក់ទង​គ្នា និង​កាត់បន្ថយ​ពេលវេលា​។ លោក​បន្តថា សូម្បី​តែ​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន មិនទាន់​ចេះ​បើក​​កុំព្យូទ័រ​ដែល​ត្រូវបាន​បំពាក់​ក្នុង​រដ្ឋសភា និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ទៀតផង ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​ ​« ​ដល់​អញ្ចឹង​វា​ពិបាក​ធ្វើការ ហើយ​យើង​សុទ្ធតែ E-Government E-commerce E ស្អី​ក៏​E ទាំងអស់ ដល់​មនុស្ស​វា​មិន​E វា​ចប់​ត្រឹម​ប៉ុណ្ណឹង​…​អញ្ចឹង​ខ្ញុំ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ ឲ្យ​ធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូចជា​អ៊ីម៉េល ហ្វេ​សប៊ុក Viber WhatsApp និង Line នឹង​ជួយ​សម្រួល​ការសុំ​យោបល់​ពី​នាយក​រដ្ឋមន្ត្រី ជាជាង​ការ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចំណាយ​ពេល​និយាយ​តាម​ទូរ​ស័ព្ទ។ លោក​បញ្ជាក់ថា​«​ឲ្យ​ចេះ​ប្រើ​អាហ្នឹង​ទៅ​ល្បឿន​វា​លឿន ហើយក៏​មិន​ចាំបាច់​ចេញ​ទៅ​និយាយ​ទូរ​សព្ទ ព្រោះ​​ខ្ញុំ​អត់​មាន​ពេល​ទេ​»

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា លោក សឿង សារឿ​ន យល់ឃើញថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការចាប់ផ្តើម​ឲ្យមាន​រដ្ឋាភិបាល​អេឡិចត្រូនិច​ នេះហើយ តែ​រដ្ឋាភិបាល​នៅ​ខ្វះខាត​បុគ្គលិក​មាន​សមត្ថភាព ឧបករណ៍​បម្រើឲ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​វគ្គ​បណ្តុះបណ្តាល​អំពី​រដ្ឋាភិបាល​អេឡិចត្រូនិច​នេះ​នៅ​មាន​តិច។ ​ លោក​បន្តថាក្រសួង​ស្ថាប័ន​មួយចំនួន​ដូចជា ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត បានចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​កត់ត្រា​ទិន្ន័យ​ប្រជាពលរដ្ឋ និង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាដើម ។​

​លោក​បន្ថែមថា«​ហើយ​មាន​ក្រសួង​ខ្លះ​ ដែល​ឃើញ​គាត់​ចាប់ផ្តើម ហើយ​គួរឲ្យ​អបអរសាទរ គឺ​ក្រសួង​មហាផ្ទៃ គឺ​គាត់​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​ទិន្ន័យ​មូលដ្ឋាន​រហូតដល់​ថ្នាក់ឃុំ សង្កាត់​អីហ្នឹង ដើម្បី​ឲ្យមាន​ទិន្ន័យ​ហ្នឹង​សម្រាប់​គ្រប់គ្រង​ជា​រួម​នៅក្នុង​ដំណើរ​ ការអភិវឌ្ឍ​ហ្នឹង អញ្ចឹង​ឃើញ​មាន​ខ្លះ​» ។​

លោក សឿង សារឿ​ន យល់ថា រដ្ឋាភិបាល​អេឡិចត្រូនិច​នេះ​នឹង​ជួយ​ឲ្យ​អ្នកវិនិយោគ​ងាយស្រួល​សម្រេចចិត្ត ​ក្នុង​ការ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ដោយសារ​តែ​ពួគេ​អាចរ​កព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ ណែ​ត ងាយស្រួល​​ក្នុង​ការទាក់ទង​ការងារ​របស់​ក្រសួង​ស្ថាប័ន​ដោយ​ប្រើ​មនុស្ស​តិច ចំណេញ​ពេលវេលា និង​ជំរុញ​​ឲ្យ​ប្រជា​ពល​​រដ្ឋ​ចូលរួម​បាន​កាន់តែ​ច្រើន​ក្នុង​ការអភិវឌ្ឍ ។​

មន្រ្តី​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ នៃ​ក្រសួង​ប្រៃ​ណីយ៍ និង​ទូរគមនាគមន៍ លោក អ៊ុក ដូ​រ៉ានី បានឲ្យដឹង​ថា គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៥ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​មាន​ជាង​៥​លាន​នាក់  ដែល​ចំនួន​នេះ​បាន​កើនឡើង​​៣១​ភាគរយ ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ​២០១៣ មាន​៣​លាន​៨​សែន​នាក់ ៕ ប្រភពៈ VOD