អ្នកនាំពាក្យៈ លោក​កឹម សុខា កំពុង​ផ្គើន​ប្រឆាំង​វប្បធម៌​សន្ទនា និង​ជា​អ្នកនយោបាយ​ជ្រុលនិយម

0

អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុងតែ​ផ្គើន​ប្រឆាំង​វប្បធម៌​សន្ទនា និង​បាន​បន្ត​រិះគន់ គណបក្សកាន់អំណាច​ថា ផ្តាច់ការ និង​កុម្មុយនីស្ត​។ លោក​កឹម សុខា ពិត​ជាមាន​ចេតនា​ឲ្យស្ថានការណ៍​នយោបាយឡើង​កម្ដៅ ដោយ​ការនិយម​ជ្រើស​យក វប្បធម៌​ហិង្សា គំនុំ និង​សងសឹក ខណ​:​ផ្ទៃក្នុង​បក្សប្រឆាំង ខ្វែងគំនិត​គ្នា រវាង​មេបក្ស​គាំទ្រ វប្បធម៌​សន្ទនា ឯ​អនុប្រធាន​បក្ស ប្រឆាំង​វប្បធម៌​នេះ និង​ញុះញង់​ឲ្យ​មាន​ហិង្សា​ជាថ្មី​។​
​    ​
​ការ​ប្រតិ​កម្មនេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក កឹម សុខា បាន​ថ្លែង​នៅក្នុង ពិធី​ប្រកាស​សុពលភាព ប្រធាន និង​អនុប្រធាន ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥​។ នៅក្នុង​ពិធី​នោះ លោក​កឹម សុខា បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ប្រែប្រួល​យុទ្ធសាស្ត្រ និង​គោលនយោបាយ នៃ​ការផ្លាស់ប្ដូរ​របស់ខ្លួន​ទេ​។ លោក​ចាត់ទុកថា ប្រជាពលរដ្ឋ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មួយ ដ៏​ពិតប្រាកដ​។ ហេតុនេះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​អនុវត្ត នៃ​ការ ផ្លាស់ប្ដូរ​នេះ ដូច​ការទាមទារ​រប​ស់​ប្រជាពលរដ្ឋ មិន​ប្រែប្រួល​ឡើយ​។​

​លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បុគ្គល​គ្រប់រូប​ទាំង អ្នកនយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ធម្មតា ធ្វើ​សកម្មភាព​អ្វីមួយ គួរ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់ ប៉ុន្តែ​ចំពោះ​សំដី​របស់លោក កឹម សុខា ដែល​បាន​និយាយថា រក្សា​ជំហរ​ដដែល គឺ​នៅក្នុង​ការផ្លាស់ប្តូរ យើង​បាន​មើលឃើញថា នេះ​គឺជា​ពាក្យឃោសនា​របស់លោក​កឹម សុខា ក៏ប៉ុន្តែ​ការ ផ្លាស់ប្តូរ​ណាមួយ​ដែល​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​សង្គមជាតិ  ឬមួយ​ក៏​ជាការ​ផ្លាស់ប្តូរ​ណាមួយ ដែល​ប្រើ​កម្លាំងបំពាន​លើ​រដ្ឋធម្មនុញ្ញ គឺ​ការផ្លាស់ប្តូរ​នោះ ស្ថិតនៅក្នុង​វិធានការ​នៃ​ច្បាប់​។

​លោក​យល់ថា នៅក្នុង​ដំណាក់កាល ដែល​លោក កឹម សុខា កំពុងតែ​ស្ថិតនៅក្នុង នីតិវិធី​នៃ​ការស៊ើបអង្កេត​សួរនាំ  និង​ដំណើរការ​ផ្លូវច្បាប់ នៅឡើយ​នោះ លោក​យល់ថា ការផ្គើន​ចំពោះ​នីតិវិធី​ផ្លូវច្បាប់ វា​គឺជា​រឿង​មួយ​របស់អ្នកនយោបាយ​ជ្រុលនិយម​។​
​    ​
​ទាក់ទង​វិធានការ​ផ្លូវច្បាប់ លោក ទិ​ត សុធា បាន​បញ្ជាក់ថា វា​អាស្រ័យទៅលើ​សកម្មភាព ជាក់ស្តែង​បន្ត​ទៅមុខទៀត របស់លោក កឹម សុខា តើ​បន្ទាប់ពី​គាត់​បាន​និយាយថា នឹង​បន្ត​ចលនា​ផ្លាស់ប្តូរ​នេះ តើ​គាត់​នឹងធ្វើ​សកម្មភាព​អ្វី​ទៀត ជា​សកម្មភាព​ញុះញង់ បង្កចលាចល​នាំ​ឲ្យ​សង្គម​វឹកវរ ឬមួយ​ក៏​គ្រាន់តែ​ជា សារ​នយោបាយ ដើម្បី​ទាញ​ទឹកចិត្ត​មហាជន ឲ្យ​មានការ​យល់ច្រឡំ​ថា គាត់​ពិតជា​មានបំណង​នឹង​បាន​ទៅ ជា​គណបក្ស​មួយ ដែល​អាចដឹកនាំ​ប្រទេស​បាន ក៏ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ នៅ​យុគ​សម័យនេះ គឺ​គេ​មិន​ជឿ​ទៅលើ​ការឃោសនា បោកប្រាស់​ទេ​។ សំខាន់​ប្រជាពលរដ្ឋ យល់ថា គណបក្ស​ណា ដែល​ផ្តល់នូវ​អត្ថប្រយោជន៍ ពិត​ដល់​រូបគាត់​។ ហើយ​រឿង​អតីតកាល ដែល​លោក កឹម សុខា គាត់​បាន​ដឹកនាំ​កម្លាំង​មហាជន នៅក្នុង​ការតវ៉ា នៅតាម​ដងផ្លូវ ការបង្ក​ភាព ចលាចលនៅក្នុង​សង្គម ការបង្កើត​ឲ្យ​មានហិង្សា​រហូតដល់​មាន​អ្នកស្លាប់ នេះហើយ​ដែលជា​អំពើហិង្សា ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​។ បើ​សកម្មភាព​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម នោះ ​គឺ​លោក កឹម សុខា នឹង​ប្រឈម​ចំពោះ​នីតិវិធី ផ្លូវច្បាប់​ជា​បន្តទៀត ពីព្រោះ​រឿង​គាត់​កំពុងតែ​ស្ថិតនៅ ក្នុង​សំណាញ់​ច្បាប់​នៅ ឡើយ​ទេ​។​

​លោក​កឹម សុខា បាន​ថ្លែង​ទៅកាន់​សមាជិក​របស់ខ្លួន នៅក្នុង​ពិធី​ប្រកាស​សុពលភាព ប្រធាន និង​អនុប្រធាន ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២១ ខែមេសា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ប្រែប្រួល​យុទ្ធសាស្ត្រ និង​គោល នយោបាយ នៃ​ការផ្លាស់ប្ដូរ​របស់ខ្លួន​ទេ​។ លោក​ចាត់ទុកថា ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន ការផ្លាស់ប្ដូរ​មួយ​ដ៏​ពិតប្រាកដ​។ ហេតុនេះ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​អនុវត្ត​នៃ​ការផ្លាស់ប្ដូរ​នេះ ដូច​ការទាមទារ​រប​ស់​ប្រជាពលរដ្ឋ មិន​ប្រែប្រួល​ឡើយ​៕

– See more at: http://www.cen.com.kh/local/01975091#sthash.cgOc5AQA.dpuf

You might also like More from author

Leave A Reply

Your email address will not be published.