ព្រះអង្គម្ចាស់​រណឫទ្ធិ​អំពាវនាវ​ឲ្យ​បក្ស​សង្គ្រោះជាតិ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ

0

ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ​​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ឲ្យ​​ចូលរួម​​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​របស់​ព្រះអង្គ ​និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ដោយ​ទុក​ឲ្យ​​លោក ​ម៉ម សូណង់​ ធ្វើ​ជា​​គណបក្ស​ប្រឆាំង​​។

មាន​ព្រះ​បន្ទូល​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​យាង​​ត្រឡប់​មកពី​ប្រទេស​ចិន​កាលពី​​ថ្ងៃ​ពុធ​ ព្រះអង្គម្ចាស់​​នរោត្តម​ រណឫទ្ធិ ​បាន​លើក​ទឹកចិត្ត​ឲ្យ​​សមរង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​គេ​កំពុង​​​មើល​ឃើញ​ថា​ស្និទ្ធស្នាល​ជាមួយ​នឹង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច តាមរយៈ​វប្បធម៌​នៃ​កិច្ចចរចា​​ឲ្យ​ចូលរួម​​ដើម្បី​បង្កើត​​​រដ្ឋាភិបាល​ចម្រុះ​​ត្រី​ភាគី​​ដែល​មាន​​គណបក្ស​​ហ៊ុនស៊ិនប៉ិច CNRP និង​ CPP ដោយ​ទុក​ឲ្យ​លោក ​ម៉ម សូណង់ដូ ​ដែល​គ្រោង​នឹង​បង្កើត​គណបក្ស​នយោបាយ​មួយ​ធ្វើ​ជា​​​គណបក្ស​​ប្រឆាំង​។

ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ថា ដោយសារ​តែ​ភាពស្និទ្ធស្នាល​នេះ បាន​ជំរុញ​ឱ្យ​លោក ​ម៉ម សូណង់ដូ​ បង្កើត​គណបក្ស​នយោបាយ​មួយ​​ដើម្បី​ប្រកួតប្រជែង​យក​អាសនៈ​ពី CNRP និង CPP ហើយ​ថា គណបក្ស​របស់​លោក ម៉ម សូណង់ដូ អាច​នឹង​​ក្លាយ​​​ជា​គណបក្ស​ប្រឆាំង​។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ ​«​ខ្ញុំ​ក៏​ដឹង​ដែរ​ថា លោក ​ម៉ម សូណង់ដូ នឹង​បង្កើត​គណបក្ស​ប្រឆាំង​មួយ ព្រោះ​គាត់ បាន​​មើល​ឃើញ​ថា​គណបក្ស​ប្រឆាំង [បច្ចុប្បន្ន​] ​របស់​ឯកឧត្តម​ សម រង្ស៊ី ​ហាក់​ដូចជា​ប្រើ​ពាក្យ​ផ្អែម​ដូចជា​ប្តី​ ប្រពន្ធ​ដែល​កំពុង​តែ​​​ក្រេប​ទឹកឃ្មុំ​ជាមួយ​គ្នា​រវាង​សម្តេច​នាយករដ្ឋមន្ត្រី​ [ហ៊ុន សែន​​] ​និង​ឯកឧត្ដម​សម រង្ស៊ី​»​។

ព្រះអង្គ​ បាន​បញ្ជាក់​ថា ប្រសិន​បើ​លោក សម រង្ស៊ី ​និង​លោក ហ៊ុន សែន នៅតែ​ប្រើ​ពាក្យ​​ផ្អែមល្ហែម និង​ទន់ភ្លន់​បែប​​នេះ​តទៅ​ទៀត លោក ម៉ម សូណង់ដូ ប្រហែល​ធ្វើ​​ជា​បក្សប្រឆាំង លោក​សមរង្ស៊ី​ នឹង​​លែង​ជា​បក្សប្រឆាំង​ទៀត​ហើយ​​។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ ​«[ព្រះរាជបិតា​នរោត្តមសីហនុ​] ចង់​ឱ្យ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​។ យើង​ត្រូវការ​​បក្ស​ប្រឆាំង ​ប៉ុន្តែ​ប្រសិន​បើ​ភាគី​ទាំងអស់​រួបរួម​គ្នា​ នោះ​វា​ជា​ការសប្បាយ​​ខ្លាំង​ណាស់​​។ ​ប្រសិន​បើ​​​​លោក ម៉ម សូណង់ដូ ជា​​គណបក្ស​​ប្រឆាំង​ ឯកឧត្តម​ សម រង្ស៊ី​ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​​កម្ពុជា​ នឹង​បង្កើត​រាជរដ្ឋាភិបាល​​​រាជរដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គ្នា ​ខ្ញុំ​ សូម​ស្វាគមន៍ ពីព្រោះ​វា​ស្រប​តាម​បំណង​​​​របស់​​ព្រះបិតា​»​។

ព្រះអង្គ​ បាន​​មាន​​ព្រះបន្ទូល​សំដៅ​ដល់ សម្តេចឪ ​នរោត្តមសីហនុ ដែល​​​ធ្លាប់​ បាន​​​លើក​ទឹកចិត្ត​​ឲ្យ​​លោក សម រង្ស៊ី​ កាលពី​​ថ្ងៃ​ទី ៥ ​វិច្ឆិកា ២០០៣ ក្នុង​ព្រះបរមរាជវាំង​ឲ្យ​រួបរួម​គ្នា​ដើម្បី​​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​មួយ​ ហើយ​ថា​ នៅពេល​នោះ ​លោក សម រង្ស៊ី​ ក៏​បាន​ព្រមព្រៀង​ផង​ដែរ ប៉ុន្តែ​នៅពេល​ដែល​​គាត់​ បាន​ចាកចេញ​ពី​ព្រះបរមរាជវាំង ​គាត់ ​បាន​​ប្រែក្រឡាស់​​សម្តី ដែល​​ត្រង់​នេះ​ហើយ​​​បាន​ជា​គាត់​ក្លាយ​ជា​​គណបក្ស​ប្រឆាំង​។

ទ្រង់​រណឫទ្ធិ​ បាន​មាន​​​ព្រះបន្ទូល​​បន្ថែម​​ទៀត​ថា ​ប្រសិន​បើ​លោក សម រង្ស៊ី​ គ្រោង​នឹង​រួបរួម​ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី​ មិនចាំបាច់​​​ប្រមាថ​លោក ហ៊ុន ​សែន ថា «​ជា​អ្នក​លក់ជាតិ​ ចោរ​​លួចជាតិ​ទេ»​។

ព្រះអង្គ ក៏​បាន​បញ្ជាក់​ដែរ​ថា ​លោក ម៉ម សូណង់ដូ ​ចង់​ជួប​ព្រះអង្គ​ហើយ​ថា ប្រសិន​​បើ លោក ម៉មសូណង់ដូ ចង់​ជួប​ នោះ​ព្រះអង្គ​នឹង​ព្រម​ជួប​។

ទ្រង់​រណឫទ្ធិ​បាន​​បញ្ជាក់​ថា​៖ ​«​ប្រសិន​បើ [យើង​] និយាយ​ ខ្ញុំ​ ចង់​សួរ​​គាត់​ថា​ បើ​ប្រឆាំង​ ប្រឆាំង​​យ៉ាង​​ម៉េច? ខ្ញុំ​ ចង់​ដឹង​ផង​ដែរ​»​។

ប៉ុន្តែ​លោក យឹម ​សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​ចំអក​ដាក់​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ដែល​​អាសនៈសភា​របស់​ព្រះអង្គ បាន​បាត់បង់​ទាំងអស់ ​ដោយសារ​តែ​ការ​បង្កើត​រដ្ឋាភិបាល​​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះ​គឺជា​លទ្ធផល​​របស់​ហ៊ុនស៊ិនប៉ិច ​ដែល​ដឹកនាំ​ដោយ​ទ្រង់​រណឫទ្ធិ។

លោក យឹម សុវណ្ណ បាន​មាន​​ប្រសាសន៍​ថា​៖ ​«​សម្តេច​ក្រុម​ព្រះ [រណឫទ្ធិ​] បាន​បាត់បង់​អាសនៈ​ទាំងអស់​ពី​សភា​។ ដូច្នេះ​ព្រះអង្គ ​បាន​បាត់បង់​អាសនៈ​ទាំងអស់​រួច​ទៅ​ហើយ ​ហើយ​ព្រះអង្គ​បាន​ផ្តល់​នូវ​ដំបូន្មាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​] ដោយ​ជំរុញ​​ឲ្យ​​ចូលរួម​ក្នុង​រដ្ឋាភិបាល​នោះ​​មាន​​ន័យ​​ថា​ គាត់​ចង់​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បែកបាក់​។

ព្រះអង្គ អាច​​ព្យាយាម​​ធ្វើ​យ៉ាងណា​ឲ្យ​​​គណបក្ស​របស់​ព្រះអង្គ​ឈ្នះ​​អាសនៈ​។ ព្រះអង្គ​មិន​ចាំបាច់​​ធ្វើ​ជា​​​គ្រូ [គណបក្ស​សង្គ្រោះ​ជាតិ​]»​។

លោក ម៉ម សូណង់ដូ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ រូប​លោក មិន​​បាន​និយាយ​ថា លោក ចង់​​ជួប​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា រូប​លោក សុខចិត្ត​​ជួប​ជាមួយ​​ទ្រង់​រណឫទ្ធិ​​ដើម្បី​​មិត្តភាព​រវាង​អ្នកនយោបាយ​ និង​អ្នកនយោបាយ​ បើសិន​ជា​ព្រះអង្គម្ចាស់​ ចង់​ទៅ​ជួប​។

លោក ម៉ម សូណង់ដូ បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​យល់​ថា ​សម្តេច​ក្រុមព្រះ [រណឫទ្ធិ​] គឺជា​អ្នកនយោបាយ​​ជើង​ចាស់​។ ទោះបី​ជា ព្រះអង្គ​មិន​បាន​ជោគជ័យ​ [ក្នុង​នយោបាយ​] ក៏​ពិតមែន ក៏​ព្រះអង្គ​នៅ​មាន​​​បទពិសោធ។

ខ្ញុំ មិន​ចង់​ជួប​ព្រះអង្គ​ទេ តែ​ប្រសិន​បើ​ព្រះអង្គ​មាន​​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ជួប​នោះ វា​មិន​ពិត​ទេ​»​។

ឆ្លើយតប​ទៅ​នឹង​ការអត្ថាធិប្បាយ​របស់​ទ្រង់​រណឫទ្ធិ​ដែល​​ថា គណបក្ស​របស់​លោក ម៉ម សូណង់ដូ​ អាច​ក្លាយ​ជា​​គណបក្ស​ប្រឆាំង លោក ម៉ម សូណង់ដូ​ បាន​​បញ្ជាក់​ថា វា អាស្រ័យ​លើ​ចំនួន​អាសនៈ​ដែល​​គណបក្ស​របស់​លោក ឈ្នះ​ ដោយ​លោក បាន​សង្កត់​ធ្ងន់​ថា ​ប្រសិន​បើ​​គណបក្ស​គេ ឈ្នះឆ្នោត​ច្រើន នោះ​គេ នឹង​ដឹកនាំ​ប្រទេស ដោយ​លោក មិន​យល់​ទាស់​ទេ​ក្នុង​ការ​ធ្វើ​ជា​បក្ស​ប្រឆាំង​៕

You might also like More from author

Leave A Reply

Your email address will not be published.