ទី​បូជនីយដ្ឋាន​ជប៉ុន​យ៉ាស៊ូគូនី នៅ​តែ​ធ្វើឲ្យ​ចិន ​និង​កូរ៉េ​ក្តៅ​ក្រហាយ

7
Cambodia Website Design

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មានរដ្ឋ​មន្រ្តី​ជប៉ុន​២​នាក់ ​បាន​ធ្វើ​ដំណើរ​ ​ទៅ​បំពេញ​គារវកិច្ច​នៅ​ទី​បូជនីយដ្ឋាន​ យ៉ាស៊ូគូនី។ បូជនីយដ្ឋាន ​យ៉ាស៊ូគូនី ​គឺ​ជា​ទី​រំលឹក​ដល់​វីរៈភាព​ របស់​ទាហាន​ជប៉ុន ​ដែល​បាន​ស្លាប់​ពលី​ជីវិត​ ដើម្បី​ជាតិ​ ក្នុង​កំឡុង​ពេល​សង្រ្គាម ​ប៉ុន្តែសម្រាប់​ចិន ​និង​កូរ៉េ ​ទាហាន​ជប៉ុន​ទាំង​នោះ​ហើយ ​ដែល​បាន​ចូល​ទៅ​ ទន្រ្ទាន​ទឹកដី ​និង​កាប់​សម្លាប់​ប្រជាជន​គេ។ ការ​ធ្វើ​ដំណើ​ទៅ​ផ្ទួនៗ​គ្នា​ នៅ​យ៉ាស៊ូគូនី ​បាន​ធ្វើ​ឡើង​ស្របគ្នា ​ជាមួយ​នឹង​ជំនួប​រវាង​លោក នាយក​រដ្ឋមន្រ្តី​ជប៉ុន ​និង​លោក​ប្រធានាធិបតី​ចិន​ ដើម្បី​រក​វិធី​ផ្សះផ្សារ​គ្នា​ឡើងវិញ។

បន្ទាប់​ពី​សមាជិក​សភា​ជប៉ុន ​ជាង​១០០នាក់​ បាន​ទៅ ​ធ្វើ​ការ​គោរព​បូជា​ នៅ​ទី​បូជយនីដ្ឋាន​ យ៉ាស៊ូគូនី ​កាល​​ពី​ថ្ងៃពុធ ទី​ ២២​មេសា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៣ ​មេសា ​នេះ ​មាន​រដ្ឋមន្រ្តី​ជប៉ុន​ពីររូប ​ដែល​គេ​ស្គាល់​ថា ​មាន​និន្នាការ​ជាតិ​និយម​ បាន​ធ្វើ​ដំណើរ​ទៅ​សម្តែង​គារវកិច្ច ​នៅ​ទី​បូជនីយដ្ឋាន ​យ៉ាស៊ូគូនី។ ទី​មួយ​គឺ​លោកស្រី ​អេរីកូ យ៉ាម៉ាតានី ​មាន​តួនាទី​ទទួល​បន្ទុក​សន្តិសុខ​សាធារណៈ ​និង​លោកស្រី​ ហារុកូ អារីម៉ូរ៉ា ​រដ្ឋមន្រ្តី​កិច្ចការ​នារី។ លោក​ហ្ស៊ីនហ្សូ អាបេ ​ក៏​ធ្លាប់​បាន​ព្រមាន​រដ្ឋមន្រ្តី​ទាំង​ពីរ ​ថា​កុំឲ្យ​ទៅ ​ទី​បូជនីយដ្ឋាន ​យ៉ាស៊ូគូនី ​ឲ្យ​សោះ។
សូម​​បញ្ជាក់​ថា ​ទី​បូជនីយដ្ឋាន​ យ៉ាស៊ូគូនី​ ដែល​ស្ថិត​នៅ​កណ្តាល​ក្រុង​តូក្យូ ​គឺ​ជា​ទី​សម្រាប់​រំលឹក​ដល់​វីរភាព​ និង​ការ​ពលី​ជីវិត​របស់ ​ទាហាន​ជប៉ុន​ ដែល​បាន​តស៊ូ​ ក្នុង​សង្រ្គាម ​សរុប​ទាំង​អស់ ​ចំនួន​ ២​លាន​៥​សែន​​នាក់។​ ក្នុង​ចំណោម​នោះ ​មាន​១៤​នាក់​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មេឧក្រិដ្ឋកម្ម​សង្គ្រាម​ ក្នុង​ជំនាន់​​សង្រ្គាម​លោក​លើក​ទីពីរ។ សូម​រំលឹក​ថា ​ក្នុង​រវាង​ពី​ឆ្នាំ​ ១៩១០ ​ដល់​ឆ្នាំ ​១៩៤៥ ​ជប៉ុន​បាន​ពង្រីក​ដែន​អាណាចក្រ​របស់​ខ្លួន ​ដោយ​បាន​បញ្ជូន​ទាហាន​រាប់​សែន​នាក់​ ​ទៅ​ឈ្លានពាន​ឧបទ្វីប​កូរ៉េ ​និង​ដែនដី​ចិន​ ស្ទើរ​តែ​ពាក់​កណ្តាល។ ទាហាន​ជប៉ុន ​បាន​ប្រើប្រាស់​អំពើ​ព្រៃផ្សៃ ​កាប់​សម្លាប់​មនុស្ស​ គ្មាន​រើសមុខ​ ចាប់​រំលោភ​ស្រ្តី ​និង​កុមារ ​ដែល​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់​ទាំង​នេះ ​នៅ​ដក់​ជាប់​ ក្នុង​ចិត្ត​ប្រជាជន​ចិន ​និង​កូរ៉េ​គ្រប់ៗ​រូប។

Cambodia Website Design

ការ​ដែល​អ្នក​នយោបាយ​ជប៉ុន​ ទៅ​ធ្វើ​ការ​គោរព​បូជា ​នៅ​ទី​បូជនីយដ្ឋាន​ ដើម្បី​រំលឹក​ពី​វីរៈភាព​របស់​ទាហាន​​ទាំង​នោះ ​ត្រូវ​បាន​ចិន ​និង​កូរ៉េ ​មើល​ឃើញ​ថា ​ជា​ការ​ភ្គើន​ប្រវត្តិសាស្ត្រ​ ដោយ​ឥត​អៀនខ្មាស​របស់​ជប៉ុន។ កន្លង​មក ​អ្នក​នយោបាយ​ជាតិ​និយម​ជប៉ុន​មួយ​ចំនួន ​តែងតែ​ បញ្ឆេះ​កំហឹង​នេះ  ​ហើយ​ធ្វើ​ឲ្យ​គំនុំ​រវាង ​ចិន ​កូរ៉េ ​និង​ជប៉ុន រ៉ាំរ៉ៃ​គ្មាន​ថ្ងៃ​ជា​សះស្បើយ។ លោក​ ហ្ស៊ីនហ្សូ អាបេ ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​បច្ចុប្បន្ន​ ក៏​ធ្លាប់​បាន​ទៅ​ទី​បូជនីយដ្ឋាន​នោះ ​នៅ​ឆ្នាំ ២០១៣​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​ទៅ​សម្តែង​គារវកិច្ច​ផ្ទួនៗ​គ្នា​ នៅ ​យ៉ាស៊ូគូនី ​នេះ​ បាន​ធ្វើ​ឡើង​ ជួន​ពេល​គ្នា ​ដែល​លោក​ហ្ស៊ីនហ្សូ អាបេ ​បាន​ជួប​ពិភាក្សា​គ្នា ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីន ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី ថ្ងៃ​ពុធ​ទី​២២​មេសា។ ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​ជួប​គ្នា​ អស់​រយៈពេល ​ជាង​ ៣០​នាទី ​ក្នុង​គោល​បំណង ​ស្វែងរក​វិធី ​ធ្វើ​យ៉ាងណា ​ឲ្យ​ប្រទេស​ទាំងពីរ​ បាន​ស្ងប់​ចិត្ត​ ឈប់​គំគួន​គ្នា​តទៅ​ទៀត។

គេ​មិន​រំពឹង​ថា​ វត្តមាន​របស់​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​ នៅស្ថានីយ៍​ យ៉ាស៊ូគូនី​ លើក​នេះ​  អាច​ជះ​ឥទ្ធិពល​អាក្រក់​ ដល់​កិច្ច​ប្រឹងប្រែង​ផ្សះផ្សា ​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ទេ ​ព្រោះ​រដ្ឋមន្រ្តី​ជប៉ុន​ទាំង​ពីរ ​បាន​អះអាង​ថា ​នេះ​ជា​ទង្វើ​ ​ដែល​មាន​លក្ខណៈ​បុគ្គល ​មិនមែន​ក្នុង​នាម​រដ្ឋាភិបាល​ជប៉ុន​ឡើយ។ ទោះបី​ជា​យ៉ាងណា​ លោក ​ប្រធានាធិបតី​ចិន បាន​ថ្លែង​ថា ​លោក​សង្ឃឹម​ថា ​អ្នក​នយោបាយ​ជប៉ុន​ ហ៊ាន​ទទួល​ស្គាល់​នូវ​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ជប៉ុន​​ ក្នុង​អតីតកាល៕

Comments

comments

You might also like More from author