មេ​វេ​ដ​ឌ័​រ​ឈ្នះ​ប៉ាក់​គី​អាវ​ក្រោម​សំឡេង​រិះគន់​ដូច​ព្យុះ

4
Cambodia Website Design

ស្តេច​ប្រដាល់​អា​មេ​រិ​ក ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ បាន​យកឈ្នះ​ការ​ប្រកួត​ដ៏​កក្រើក​ប្រចាំ​សតវត្ស​លើ​ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អាវ ដោយ​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២ ឧសភា នៅ​សង្វៀន MGM Grand Hotel & Casino ស្ថិត​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គា​ស រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ម៉ោង​នៅ​កម្ពុជា ដោយ​ប្រមូល​យក​ខ្សែក្រវាត់​ពិភពលោក​ប្រចាំ​ស្ថាប័ន WBO WBA និង WBC ។

ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ត្រូវ​បាន​ផ្តល់​ពិន្ទុ​ឈ្នះ​ជា​ឯកច្ឆន្ទ​ដោយ​ចៅក្រម​៣​រូប ។ ចៅក្រម​ទី​១ ឱ្យ​ពិន្ទុ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ១១៨​ទល់​១១០ ចៅក្រម​ទី​២ ឱ្យ​ពិន្ទុ​១១៦​ទល់​១១២ និង​ចៅក្រម​ទី​៣ ឱ្យ​ពិន្ទុ​១១៦​ទល់​១១២ ។ ដូច្នេះ​ជ័យជម្នះ​លើក​នេះ​ធ្វើ​ឱ្យ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ រក្សា​កំណត់​ត្រា​ជា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ដល់​ទៅ​៤៨​លើក ។

ការ​ប្រកួត​រវាង​ស្តេច​ប្រដាល់​ទាំង​២​រូប​នេះ​ជាប់​ឯតទគ្គ​កម្ម​ជា​ការ​ប្រកួត​រក​ប្រាក់​បាន​ច្រើន​បំផុត​ដល់​ទៅ​៤០០​លាន​ដុល្លារ ហើយ​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​យ៉ាងតិច​១២០​លាន​ដុល្លារ ។

Cambodia Website Design

មេ​វេ​ដ​ឌ័​រ និង ប៉ាក់​គី​អាវ វ៉ៃ​គ្នា​ដូច​ឆ្មា​ចាប់​កណ្តុរ​ធ្វើ​ឱ្យ​ទស្សនិកជន​ខកចិត្ត
ក្រោយ​ការ​តាមដាន និង​ការ​ប្រកាស​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត​រវាង​ស្តេច​ប្រដាល់​ទាំង​ពីរ​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ។ ជាក់ស្តែង អតីត​ជើងឯក​ពិភពលោក​ខាង​ប្រដាល់​ជនជាតិ​បារាំង លោក JULIEN LORCY អ្នក​ធ្វើ​អត្ថាធិប្បាយ​ការ​ប្រកួត​របស់​ទូរទស្សន៍​បារាំង MA CHAINE SPORT និយាយ​ថា ការ​ប្រកួត​នេះ​គួរ​ឱ្យ​ខកចិត្ត និង​សោកស្តាយ​ដែល​ស្តេច​ប្រដាល់​ទាំង​២ ពុំ​បាន​វាយ​គ្នា​ដោយ​ពិតប្រាកដ​ឡើយ ។

លោក​សួរ​ថា តើ​លោក​អ្នកមាន​អារម្មណ៍​បែប​ណា​ក្រោយ​ការ​ប្រកួត​ដែល​សង្ឃឹមថា ល្អមើល​ហើយ​ខំ​រង់ចាំ​នោះ ? ចំណែក​លោក​គិត​ថា ឈុត​ឆាកប្រយុទ្ធ​គ្នា​រៀបចំ​ដោយ​មាន​បច្ចេកទេស​ជ្រុល ទីបំផុត​ធ្វើ​ឱ្យ​ធុញទ្រាន់​ខ្លាំង​ណាស់​មិន​សម​នឹង​ទឹកប្រាក់​ដែល​ស្តេច​ប្រដាល់​ទាំង​២​ទទួល​បាន​ទេ ។ លោក​ខកចិត្ត​ណាស់​ចំពោះ​ការ​ប្រកួត​នេះ ។

ស្តេច​ប្រដាល់​ទាំង​២​ពុំ​បាន​វ៉ៃ​គ្នា​ដោយ​ពិតប្រាកដ​ឡើយ ។ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ នៅ​តែ​មាន​ទម្លាប់​វ៉ៃ​ដូច​រាល់ដង ហើយ ប៉ាក់​គី​អាវ មើលទៅ​ពុំ​បាន​វ៉ៃ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ឱ្យ​អស់ពី​សមត្ថភាព​ដែរ ។ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ គិតតែ​ពី​ចល័ត​ចុះឡើង​គេច​ចេញ​ច្រើន ចំណែក ប៉ាក់​គី​អាវ ក៏​ពុំ​បាន​បញ្ចេញ​កណ្តាប់ដៃ​ដូច​ទម្លាប់​ដែរ ពិសេស​ពេល​វ៉ៃ​គូប្រកួត​នៅ​ត្រង់​ជ្រុង​សង្វៀន ។ អតីត​អ្នក​ប្រដាល់​ជើងឯក​ពិភពលោក​រូប​នេះ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ដែល​វ៉ៃ​គ្រាន់តែ​ការពារ​ខ្លួន​ជាមួយ​ការ​វាយ​សង​តិចតួច​បុ​៉​ណ្ណោះ ។ ពួក​គេ​ទាំង​ពីរ​វ៉ៃ​គ្នា​ដូច​ឆ្មា​ចាប់​កណ្តុរ ក្នុង​ការ​ប្រកួត​ទាំង​១២​ទឹក​។ ជា​រឿង​ពុំគួរ​ឱ្យ​ជឿ ។ ចំពោះ​ការ​សម្រេច​ជា​ឯកច្ឆន្ទ​របស់​ចៅក្រម​ទាំង​៣​រូប​ឱ្យ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ឈ្នះ លោក​និយាយ​ថា គេ​មិន​ត្រូវ​ស្តាប់​ពាក្យ​ទាំងឡាយ​ដែល​ចៅក្រម​ទាំង​៣​នាក់​នោះ​និយាយ​ឡើយ ។ ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ជា​អ្នក​រស់នៅ​ឡាស​វេ​ហ្គា​ស សម្រាប់​លោក​យល់​ថា ទាំង​២​នាក់​នោះ​គ្មាន​នរណា​គ្រាន់បើ​ជាង​នរណា​ឡើយ ។ ការ​ប្រកួត​នេះ​បើ​និយាយ​ឱ្យ​ឡូ​ហ្ស៊ិ​ក​គួរ​ទុកជា​មោឃៈ ។

ប៉ាក់​គី​អាវ អះអាង​ថា របួស​ស្មា​ជា​មូលហេតុ​នាំ​ឱ្យ​ខ្លួន​ចាញ់ មេ​វេ​ដ​ឌ័​រ
ប៉ាក់​គី​អាវ បញ្ជាក់​ក្រោយ​ចប់​ការ​ប្រកួត​ថា របួស​ស្មា​គឺជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ខ្លួន​ប្រកួត​ចាញ់ មេ​វេ​ដ​ឌ័​រ ដោយ​អះអាង​ថា របួស​នេះ​បាន​បណ្តាល​ឱ្យ​រូបគេ​មិន​អាច​ប្រើ​កណ្តាប់​ដៃស្តាំ​បាន​ដូច​ការ​ប្រកួត​លើក​មុន​ៗ ។

តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន BBC កីឡាករ​ហ្វ៊ី​លី​ពី​នរូ​ប​នេះ​បញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​របួស​ស្មា​ខាងស្តាំ​៣​ស​ប្តា​ហ៍​មុន​ការ​ប្រកួត ។ របួស​នេះ​បាន​ធូរស្បើយ​ហើយ ប៉ុន្តែ​មិន​បាន​១០០​ភាគរយ​នោះ​ទេ​» ។

ប៉ាក់​គី​អាវ បាន​និយាយ​ថា ខ្លួន​ចង់​ចាក់​ថ្នាំ​នៅ​មុន​ការ​ប្រកួត តែ​គណៈកម្មការ​កីឡា​រដ្ឋ​ណេ​វ៉ា​ដា (NAC) បដិសេធ ។

ឯ​លោក​បប់ អា​រ៉ាំ អ្នក​រៀបចំ​ការ​ប្រកួត​របស់ ប៉ាក់​គី​អាវ បាន​អះអាង​ថា រូប​គាត់​បាន​ជូនដំណឹង​ពីរ​បួស ប៉ាក់​គី​អាវ ទៅ​គណៈកម្មការ​៥​ថ្ងៃមុន​ការ​ប្រកួត និង​ថា ប៉ាក់​គី​អាវ មិន​អាច​ប្រើ​កណ្តាប់​ដៃស្តាំ​បាន​ល្អ​ដូច​មុន​ៗ​ឡើយ ។

ចំណែក​លោក​ហ្វ្រា​ន​ស៊ី​ស្កូ អា​ហ្គី​ឡា ប្រធាន​គណៈកម្មការ​បាន​និយាយ​ថា រូប​លោក​បានដឹង​ថា ប៉ាក់​គី​អាវ របួស​ស្មា​ស្តាំ​តែ​២​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​ប្រកួត ។
ព្រម​ពេល​ជាមួយ​គ្នា​នេះ មេ​វេ​ដ​ឌ័​រ បាន​បញ្ជាក់​ផង​ដែរ​ថា រូបគេ​ក៏​បាន​ប្រកួត​ទាំង​របួស​ដៃ​ដែរ ។ គេ​បន្ត​ថា ៖ «​ប្រសិនជា ប៉ាក់​គី​អាវ​ឈ្នះ ខ្ញុំ​ច្បាស់​ជា​គោរព​គេ និង​និយាយ​ថា រូបគេ​គឺជា​ជន​ពូកែ​ម្នាក់​» ។ ភ្លាម​ៗ​ក្រោយ​ចប់​ការ​ប្រកួត មេ​វេ​ដ​ឌ័​រ ប្រកាស​ថា ការ​ប្រកួត​១​លើក​ចុង​ក្រោយ​របស់​ខ្លួន​មុន​ចូល​និវត្តន៍​នឹង​ធ្វើ​ឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០១៥ ។

ប្រជាជន​ហ្វ៊ី​លី​ពី​ន​ខឹងសម្បា​ចោទប្រកាន់​ចៅក្រម​ថា ដាក់​ពិន្ទុ​លម្អៀង
អ្នក​ទស្សនា​ភាគច្រើន រួម​ទាំង​ប្រជាជន ហ្វ៊ី​លី​ពី​ន​ដែល​គាំទ្រ ប៉ាក់​គី​អាវ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​ចៅក្រម​ផ្តល់​ពិន្ទុ​ឱ្យ ប៉ាក់​គី​អាវ ចាញ់ មេ​វេ​ដ​ឌ័​រ ។ អ្នកខ្លះ​ស្រែ​កថា ការ​ផ្តល់​ពិន្ទុ​នេះ​គ្មាន​ភាព​យុត្តិធម៌​ទេ ដោយ​ពួក​គេ​អះអាង​ថា ប៉ាក់​គី​អាវ សក្តិ​សម​នឹង​ទទួល​បាន​តំណែង​ជា​ស្តេច​ប្រដាល់​ប្រចាំ​សតវត្ស​។ អ្នកខ្លះ​ទ្រហោយំ​ដោយ​ទាមទារ​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ ព្រោះ​គេ​មើលឃើញ​ថា ការ​ប្រកួត​លើក​នេះ​គ្មាន​ភាព​យុត្តិធម៌​សូ​ម្បី​តែ​បន្តិច ។

ជា​ការ​កត់សម្គាល់ មិនមែន​តែ​ប្រជាជន​ហ្វ៊ី​លី​ពី​ន​ទេ ដែល​ចាត់​ទុក​ការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​ថា​មាន​ភាព​លម្អៀង មិន​យុត្តិធម៌​នោះ ប្រជាជន​ស្ទើរ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​រាប់​ទាំង​ប្រជាជន​កម្ពុជា​ភាគច្រើន​ផង ក៏​បាន​ចាត់​ទុក​ថា​ការ​ដាក់​ពិន្ទុ​នោះ​មិន​ត្រឹមត្រូវ​ដូច​គ្នា​ដែរ ៕

Comments

comments

You might also like More from author