សង្រ្គាម​ត្រជាក់​នៅ​មជ្ឈិមបូព៌ា៖ ​វិបត្តិ​ព្រែកជីក​ស៊ុយអេ​ឆ្នាំ១៩៥៦

9
Cambodia Website Design

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ការ​រីករាលដាល​នៃ​សង្រ្គាម​ត្រជាក់ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាមួយ​នឹង​វិបត្តិ​ព្រែកជីកស៊ុយអេ​នៅ​អេហ្ស៊ីប នៅ​ឆ្នាំ​១៩៥៦។

សង្រ្គាមត្រជាក់ ដែល​​បាន​ចាប់ផ្តើម​ផ្ទុះឡើង​ជា​ដំបូង​នៅ​ក្នុង​តំបន់​អឺរ៉ុប បាន​ចាប់ផ្តើម​រាលដាល​ចេញ​ទៅដល់​តំបន់​អាស៊ី ជាមួយ​នឹង​ការ​ឡើង​មក​កាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ​១៩៤៩ និង​សង្រ្គាម​កូរ៉េ នៅ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣។

នៅ​ក្រោយ​សង្រ្គាម​កូរ៉េ មហាអំណាច​ធំៗ​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត សុទ្ធតែ​បាន​ឆ្លងកាត់​នូវការ​ផ្លាស់ប្តូរ​ដ៏​សំខាន់ គឺ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ។ នៅ​សហរដ្ឋអាមេរិក លោក Dwight Eisenhower អតីត​មេទ័ព​ឆ្នើម​នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ បាន​ជាប់ឆ្នោត​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​មករា​ឆ្នាំ​១៩៥៣ ​ជំនួស​លោក Harry Truman ដែល​ផុតអាណត្តិ។ នៅ​សហភាព​សូវៀត លោក Nikita Khrushchev បាន​ឡើង​មក​ធ្វើ​ជា​លេខា​បក្ស​កុម្មុយនិស្ត​ជំនួស​ស្តាលីន​ដែល​ត្រូវ​ទទួលមរណភាព កាល​ពីខែមីនា ឆ្នាំ​១៩៥៣។

Cambodia Website Design

ក្រោយ​ពី​បានឡើង​មក​កាន់អំណាច លោក​ Khrushchev បាន​ព្យាយាម​ពង្រឹង​ប្លុក​កុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាងកើត តាមរយៈ​ការ​បង្កើត​បក្ស​សម្ព័ន្ធ​វ៉ាសូវី នៅ​ឆ្នាំ​១៩៥៥ ដើម្បី​ជា​កម្លាំង​ទប់ទល់​នឹង​បក្ស​សម្ព័ន្ធ​អូតង់​របស់​លោកខាងលិច។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា​នោះ លោក Khrushchev ក៏ហាក់ដូចជា​​បាន​បង្ហាញ​នូវ​ជំហរផ្សះផ្សា​ជាមួយ​ប្លុក​លោកសេរី​ផងដែរ ដោយ​បាន​ដកទ័ព​ចេញ​ពីប្រទេស​អូទ្រីស និង​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អាល្លឺម៉ង់​ខាងលិច។ លើសពីនេះ​ទៅទៀត នៅ​ក្នុង​កិច្ចប្រជុំ​​ជាមួយ​អាមេរិក អង់គ្លេស និង​បារាំង ដែល​បើក​ធ្វើ​នៅ​ហ្សឺណែវ នៅ​ឆ្នាំ​១៩៥៥ លោក Khrushchev បាន​លើកឡើង​អំពី​ការ​ចង់​ឃើញ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី អាច​​រស់​នៅ​ក្នុង​សុខសន្តិភាព​ជាមួយ​គ្នា។ គោលការណ៍នេះ​ត្រូវបាន​​លោក Khrushchev ​បញ្ជាក់​សាជាថ្មី​ម្តងទៀត នៅ​ក្នុង​អំឡុង​មហាសន្និបាត​បក្ស​កុម្មុយនិស្ត​សូវៀត នៅ​ឆ្នាំ​១៩៥៦។ នៅ​ក្នុង​មហាសន្និបាត​នោះ លោក Khrushchev ក៏​បាន​ថ្លែង​រិះគន់​ផងដែរ ចំពោះ​ការ​ដឹកនាំ​តាមបែបផ្តាច់ការ​និង​ឃោរឃៅ​របស់​ស្តាលីន។

កាយវិកា​ទាំងនេះ​​របស់​លោក Khrushchev បាន​ធ្វើ​ឲ្យ​គេ​នឹកគិត​ថា សហភាព​សូវៀត​ប្រហែល​ជា​កំពុងរៀបចំ​ធ្វើ​កំណែទម្រង់​ទ្រង់ទ្រាយធំ ដើរចេញ​ពី​គន្លង​នយោបាយ​និង​មនោគមន៍​វិជ្ជា​របស់​ស្តាលីន ហើយ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​សហភាព​សូវៀត និង​លោកខាងលិច​​ប្រហែល​ជា​អាច​នឹង​ត្រូវ​ធូរស្រាលមកវិញ។ ក៏ប៉ុន្តែ ក្តីរំពឹង​នេះ​ត្រូវ​រលាយ​បាត់ទៅវិញ នៅពេល​ដែល​វិបត្តិ​ព្រែកជីកស៊ុយអេបាន​ផ្ទុះឡើង នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។

ព្រែកជីកស៊ុយអេ​គឺ​ច្រកផ្លូវ​ដ៏សំខាន់​មួយ ក្នុងការ​ដឹកជញ្ជូន​តាមផ្លូវទឹក ឆ្លងកាត់​ដោយ​ត្រង់​ពី​សមុទ្រ​មេឌីទែរ៉ាណេ ទៅកាន់​សមុទ្រ​ក្រហម។ ព្រែកជីកនេះ​ត្រូវ​បាន​សាងសង់​ឡើង កាលពីឆ្នាំ​១៨៦៩ ​ដោយ​ក្រុមហ៊ុន​ឯកជន​បារាំង ក្នុង​កិច្ចសន្យា​សម្បទាន​ផ្តល់​ដោយ​រដ្ឋាភិបាល​អេហ្ស៊ីប។
នៅ​ឆ្នាំ​១៩៥៥ សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​សំឡឹង​ឃើញ​អេហ្ស៊ីប​ថាជា​ចំណុច​យុទ្ធសាស្រ្ត​ក្នុងការ​ប្រឆាំង​នឹង​ឥទ្ធិពល​កុម្មុយនិស្ត​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​បាន​ព្យាយាម​ចែចង់​មេដឹកនាំ​អេហ្ស៊ីប ដោយ​បាន​សន្យា​ផ្តល់​ជំនួយ​យ៉ាងច្រើន​ នៅ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។ មេដឹកនាំ​អេហ្ស៊ីប​វិញ​​ចង់​រក្សា​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត​​ក៏​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ទាំង​ជាមួយ​អាមេរិក និង​ទាំង​ជាមួយ​សហភាព​សូវៀត។ អេហ្ស៊ីប​​បាន​ព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ​ពី​សហភាព​សូវៀត ហើយ​ថែម​ទាំង​បាន​ជជែក​អំពី​លទ្ធភាព​ក្នុង​ការ​ទទួល​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​​ពី​ម៉ូស្គូ​ថែម​ទៀតផង​។ មើល​ឃើញ​បែបនេះ អាមេរិក និង​អង់គ្លេស ដែល​សង្ស័យ​ថា អេហ្ស៊ីប​កំពុង​លេងល្បិច​ស៊ី​ទាំងសងខាង ​ក៏​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ជំនួយដែល​ធ្លាប់​បាន​សន្យា​ពីមុន។ ឆ្លើយតប​មកវិញ មេដឹកនាំ​អេហ្ស៊ីបបាន​សម្រេច​​បញ្ឈប់​ការ​ធ្វើ​សម្បទាន​​​ព្រែកជីក​ស៊ុយអេ ដោយ​ដកហូត​ការ​គ្រប់គ្រង​​ពី​ក្រុមហ៊ុន​ឯកជន ​យក​​មកដាក់​​ជា​សម្បត្តិរដ្ឋ។ នៅ​ខែតុលា ឆ្នាំ​១៩៥៦ បារាំង និង​អង់គ្លេស ដោយ​សហការ​ជាមួយ​អ៊ីស្រាអែល ​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​អេហ្ស៊ីប ដើម្បី​ដណ្តើម​កាន់កាប់​​ព្រែកជីក​ស៊ុយអេ​ ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ពី​តំបន់មជ្ឈិមបូព៌ា ទៅកាន់​តំបន់​អឺរ៉ុប។

នៅថ្ងៃ​ទី៥ ខែវិច្ឆិកា ១៩៥៦ នៅ​ពេល​ដែល​កងទ័ព​បារាំង អង់គ្លេស និង​អ៊ីស្រាអែល​វាយដណ្តើម​កាន់កាប់​តំបន់​ជុំវិញ​ព្រែកជីកស៊ុយអេ លោក Khrushchev បាន​គំរាម​មេដឹកនាំ​ប្រទេស​ទាំង៣​នេះ​ត្រង់ៗ​ថា ប្រសិនបើ​ពួកគេ​មិន​ដកទ័ព​ថយចេញ​ពី​អេហ្ស៊ីប​ទេ សូវៀត​នឹង​​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​ពួកគេ។ ប្រឈមមុខនឹង​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នេះ មេដឹកនាំ​សហរដ្ឋ​អាមេរិក​មិនត្រឹមតែ​មិនចេញ​មុខការពារ​ប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះទេ ក៏ប៉ុន្តែ ថែមទាំង​បាន​ដាក់​សម្ពាធ​​ទៅលើ​​បារាំង អង់គ្លេស និង​អ៊ីស្រាអែល​ឲ្យ​ដកថយចេញ​ពី​អេហ្ស៊ីប ដោយ​ព្រមាន​ថា បើ​ពួកគេ​មិនដកថយ​ទេ ពួកគេ​នឹង​ត្រូវ​ទទួលរងនូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ សហរដ្ឋ​អាមេរិក​មិន​ចេញមុខ​ជួយ​បារាំង អង់គ្លេស និង​អ៊ីស្រាអែល ដោយសារ​តែ​ខឹង​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី​នេះ ដែល​បើក​​ធ្វើ​សកម្មភាព​យោធា​នៅ​អេហ្ស៊ីប ដោយ​មិន​ប្រាប់​អាមេរិក​ឲ្យដឹង​ជាមុន។

ប្រឈមមុខ​នឹង​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​មេដឹកនាំ​សូវៀតផង និង​ការ​គំរាម​ដាក់ទណ្ឌកម្ម​​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ផង បារាំង អង់គ្លេស និង​អ៊ីស្រាអែល​ក៏​បាន​ដកទ័ព​ចេញ​ពី​អេហ្ស៊ីប ហើយ​វិបត្តិ​ព្រែកជីកស៊ុយអេ​ក៏​ត្រូវ​បិទបញ្ចប់។

វិបត្តិ​ព្រែកជីកស៊ុយអេ គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​រាលដាល​សង្រ្គាម​ត្រជាក់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដោយ​ចាប់​ពី​ឆ្នាំ​១៩៥៧ លោក Eisenhower បាន​ដាក់ចេញ​នូវ​នយោបាយ​ថ្មីមួយ​គឺ​អាមេរិក​ត្រូវ​តែ​ផ្តល់​ជំនួយ​ទាំងខាង​ហិរញ្ញវត្ថុ និង​ខាង​យោធា ដល់​បណ្តា​ប្រទេស​អារ៉ាប់​ទាំងឡាយណា ដែល​ប្រឈមមុខ​នឹង​ឥទ្ធិពល​កុម្មុយនិស្ត។

វិបត្តិ​ព្រែកជីកស៊ុយអេ​​ក៏​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ​ដែរ នៅ​ក្នុង​នយោបាយការបរទេស​បារាំង​ចំពោះ​សហរដ្ឋ​អាមេរិក។ ភាពជូរចត់​នៅ​អេហ្ស៊ីប​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បារាំង​កំណត់​ក្នុង​ចិត្ត​ថា ពួកគេ​មិន​អាច​រំពឹងតែ​ទៅលើ​អាមេរិក​ ដើម្បី​​ជួយ​ការពារ​សន្តិសុខ​របស់​បារាំង​បាន​នោះទេ​។ បារាំង ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ Charles de Gaulle ក៏​បាន​រៀបចំ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន ហើយ​ព្រមទាំង​បាន​​សហការជាមួយ​អាល្លឺម៉ង់​ខាងលិច ក្នុងការ​​ជំរុញ​ឲ្យ​ពង្រឹង​ការធ្វើ​​សមាហរ័ណកម្ម​អឺរ៉ុប ឈានទៅ​បង្កើត​​សហគមន៍​អឺរ៉ុប ដែល​ជា​សម្ព័ន្ធភាព​រវាង​ប្រទេស​អឺរ៉ុប​គ្នាឯង ដើម្បី​កុំ​ឲ្យ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅលើ​អង្គការ​អូតង់​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។

សន្ធិសញ្ញា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង​រ៉ូម នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​១៩៥៧ (ដោយ​មាន​ប្រទេស​ជា​សមាជិក​ស្ថាបនិក​ចំនួន ៦ គឺ​បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី ប៊ែលហ្ស៊ិក លុចសំបួ និងហូឡង់) ហើយ​នៅ​ឆ្នាំ​១៩៦០ បារាំង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​​ប្រកប​ដោយ​ជោគជ័យ​ ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទី៤ បន្ទាប់​ពី​សហរដ្ឋអាមេរិក សហភាព​សូវៀត និង​អង់គ្លេស៕

ស្ដាប់៖

Comments

comments

You might also like More from author