លោក​ ហោ ណាំហុង​៖ ខ្មែរ​ដាំដំណាំ​ចូល​ដី​វៀតណាម

0
Cambodia Website Design

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់ពី​មូលហេតុ​ដែល​នាំឲ្យ​​​សមត្ថកិច្ច និង​ពលរដ្ឋ​វៀតណាម បាញ់​ថ្នាំ​គីមី​ពុល​លើ​ដំណាំ​កសិករ​ខ្មែរ​ នៅ​ខេត្ត​ត្បូង​ឃ្មុំ តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ពេល​ថ្មីៗ​នេះ គឺ​​ដោយសារ​​ពលរដ្ឋ​ខ្មែរ​បាន​ដាំដំណាំ​​ចូល​ដី​វៀតណាម​ជាង ១៦ ​ហិកតា។

ការបញ្ជាក់​នេះ ជា​ការឆ្លើយតប​ទៅ​នឹង​​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១២ ​រូប ដែល​​បាន​ដាក់​លិខិត​តាមរយៈ​រដ្ឋសភា ស្នើឲ្យ​ក្រសួង​ការបរទេស​​កម្ពុជា​ចាត់វិធានការ​​​ចំពោះ​ការរំលោភ​ឈ្លានពាន​របស់​​កងកម្លាំង​សមត្ថកិច្ច​វៀតណាម​ មកលើ​ផលដំណាំ​របស់​ប្រជាកសិករ​ខ្មែរ​ចំនួន ១០ ​ហិកតា កាលពី​ថ្ងៃ​ទី​ ១៩ មេសា។

នៅក្នុង​លិខិត​របស់​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្ញើ​ជូន​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​ ៤ ឧសភា បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​អាជ្ញាធរ​មូលដ្ឋាន​ឃើញ​ថា ខ្សែ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ចំណុច​ភូមិ​ជើង ឃុំជាំ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដើរ​តាម​ផែនទី​ខ្នាត​ ១/១០០០០០​ (ផែនទី​​ភូមិសាស្ត្រ​​ឥណ្ឌូ​ចិន) ដែល​គណៈកម្មាធិការ​ព្រំដែន​​ បាន​បោះបង្គោល​លេខ ៩៤ និង​ ៩៥ ​រួច​ហើយ ​ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ បាន​​កាន់កាប់​ជាក់ស្តែង​​ចំនួន ១០០ ​ហិកតា ចូល​​ដី​វៀតណាម ទើប​​​គណៈកម្មាធិការ​ព្រំដែន​បាន​​ឯកភាព​ជាមួយ​​ភាគី​វៀតណាម កែ​សម្រួល​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ ៩៤ និង​ ៩៥ ទៅ​តាម​ខ្សែ​ព្រំដែន ដែល​ប្រជាពលរដ្ឋ​​ខ្មែរ​បាន​កាន់កាប់​ជាក់ស្តែង ស្រប​តាម MOU ឆ្នាំ​ ២០១១។

Cambodia Website Design

លិខិត​បញ្ជាក់​ថា ៖«ក៏​ប៉ុន្តែ​​នៅពេល​ថ្មីៗ​នេះ ក្នុង​ឆ្នាំ​ ២០១៥ ពលរដ្ឋ​​យើង​បាន​ដាំដំណាំ​ចូល​ដី​វៀតណាម ចំនួន ១៦,៦ ​ហិកតា​ថែម​​ទៀត​ដែល​​នាំឲ្យ​វៀតណាម​មាន​ប្រតិកម្ម​បាញ់​ថ្នាំ​ពុល​​លើ​ដំណាំ​កសិករ​យើង​» ​។

អ្នក​តំណាងរាស្ត្រ​គណបក្ស សង្គ្រោះជាតិ​​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែល​បាន​ដាក់​លិខិត​​ទៅ​ក្រសួង​ការបរទេស បាន​​សម្តែង​ការភ្ញាក់ផ្អើល​​នៅពេល​ដែល​លោក ហោ ណាំហុង ថា​ ពលរដ្ឋ​ខ្មែរ ​ធ្វើ​ស្រែចម្ការ​លើ​​ដី​វៀតណាម។

លោក​ថា ការឆ្លើយតប​ដោយ​​ផ្អែក​ទៅលើ​ផែនទី​​​ខ្នាត ១/១០០០០០ ដែល​មាន​ប្រភព​ចេញពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​ នេះ គឺ​​ពុំ​អាច​ទទួល​យក​បាន​ទេ ព្រោះ​សន្ធិសញ្ញា​នេះ​ធ្វើ​​ឡើង​​ក្នុង​អំឡុង​​ពេល​​បរទេស​​ត្រួតត្រា​​​នៅ​​កម្ពុជា និង​​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការការពារ​បូរណភាព​ទឹកដី​កម្ពុជា​ទេ​។

លោក​ថា ៖«ខ្ញុំ​នឹង​ប្រើប្រាស់​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិគ្រោះ​​​​ជាមួយ​អ្នកច្បាប់ ដើម្បី​តវ៉ា​​រឿង​ហ្នឹង​​​​ថែម​ទៀត ព្រោះ​ថា​វា​​​​ជា​រឿង​មួយ​​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋខ្មែរ​ និង​អធិបតេយ្យ​​ជាតិ​របស់​យើង​»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ សហព័ន្ធ​និសិ្សត​បញ្ញវន្ត​កម្ពុជា ក៏​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​ កាលពី​ថ្ងៃ​ម្សិលមិញ​សម្តែង​​ការសោកស្តាយ​ចំពោះ​ការបញ្ជាក់​​របស់​ លោក ហោ ណាំហុង និង​បាន​អំពាវនាវ​ដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ដក​ប្រមុខ​ការទូត​រូប​នេះ​ចេញ​ពី​តំណែង​ដោយ​ចោទ​ថា អសមត្ថភាព និង​បាន​ប្រព្រឹត្ត​ខុសច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា ៥២ ដែល​ចែង​ថា «រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ និង​​សុខុមាលភាព​របស់​​ប្រជាពលរដ្ឋ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មិន​អាច​សុំ​ការអធិប្បាយ​បាន​ទេ។

កាលពី​ថ្ងៃ​ទី​ ២១ ​មេសា ប្រជាពលរដ្ឋ​​ចំនួន ៧០ ​គ្រួសារ រស់នៅ​ភូមិ​ជើង ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ បាន​​ប្តឹង​ផ្ទាល់មាត់​ទៅកាន់​អ្នកតំណាងរាស្ត្រ​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​វៀតណាម​បាញ់​​ថ្នាំគីមី​​ពុល​​លើ​​ដំណាំ​ពោត ដំឡូង និង​ស្រូវ​របស់​​​ពួកគាត់ ហើយ​ក្រុម​អ្នកតំណាងរាស្រ្ត ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ពី​ករណី​នេះ​ផង​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិជើង​ដែល​​រងគ្រោះ​ដោយសារ​វៀតណាម​​បាញ់​ថ្នាំគីមី​​កម្ទេច​ផលដំណាំ លោក ទេក សេក អាយុ ៤៧ ឆ្នាំ បាន​អះអាង​​ថា ដី​នៅ​តំបន់​នោះ​គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​ដូនតា​មក ដោយ​​បាន​​ដាំដុះ និង​អាស្រ័យ​​ផល។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០០៦ ​មក វៀតណាម​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​កសិករ​ខ្មែរ​ជា​បន្តបន្ទាប់​​ រហូត​ដល់​​ប្រើប្រាស់​ថ្នាំគីមី​ពុល​បាញ់​សម្លាប់​ផលដំណាំ​​​​ទៀត​ផង​។

លោក​ថា៖ «ដី​នេះ​មិនមែន​ប្រជាពលរដ្ឋ​ទៅ​ចាប់​យក​នោះ​ទេ គឺ​ដី​កេរអាករ​ឪពុកម្តាយ​ខ្ញុំ​ចែក​ឲ្យ ឥឡូវ​ឪពុក​អាយុ​ ៧០ ​ឆ្នាំ​ហើយ ហើយ​​បើ​​រដ្ឋាភិបាល​ថា​ដី​នេះ​ជា​​ដី​វៀតណាម ខ្ញុំ​ក៏​មិន​ដឹង​ដែរ ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​​ជូន​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​​ពឹងផ្អែក​លើ​ការដាំដំណាំ​លើ​ដី​នេះ»៕

You might also like More from author

Comments are closed.