ESPN៖ Mayweather ត្រៀម​ឲ្យ Pacquiao ប្រកួត​សងសឹក

Cambodia Website Design

ក្រុងឡូសអេនជឺលេស: កីឡាករ Floyd Mayweather​បាន​និយាយ​ថា រូប​គេ​មាន​បំណង​ផ្តល់​ឲ្យ Manny Pacquiao ឡើង​ប្រកួត​សាជាថ្មី ក្រោយពី​ការ​ចេញ​​សេចក្តី​ប្រកាស​របស់​​តារា​ប្រដាល់​ដ៏ឆ្នើម​របស់​ហ្វីលីពីន​រូប​នេះ​​ថា ការ​រងរបួស​ស្មា​បាន​រំខាន​​ដល់​​ការ​បង្ហាញ​នូវ​សមត្ថភាព​របស់​គេ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​កាលពី​ចុង​សប្តាហ៍​មុន​​។ នេះ​បើ​យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​​របស់​ទូរទស្សន៍ ESPN កាលពី​ថ្ងៃ​អង្គារ​ កន្លង​ទៅ​។

ESPN បាន​រាយការណ៍​ថា Mayweather បាន​ប្រាប់​លោក Stephen A. Smith ដែល​ជា​អ្នក​កាសែត តាមរយៈ​ការ​ផ្ញើសារ​​មួយ​ថា រូប​គេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ឡើង​សង្វៀន​ប្រកួត​ម្តង​ទៀត ក្រោយពី Pacquiao ជាសះស្បើយ​ពី​ការ​វះ​ដើម្បី​ព្យាបាល​ទៅលើ​​​របួស​រហែក​សាច់ដុំ​ស្មា​។

បើ​យោង​ទៅ​តាម ESPN កីឡាករ Mayweather បាន​ឲ្យ​ដឹង​ក្នុង​​សារ​នោះ​ថា៖ «ខ្ញុំ​នឹង​ប្រកួត​ជាមួយ​នឹង​រូប​គេ​ក្នុង​រយៈពេល​ ១ ​​​ឆ្នាំ​ទៀត ក្រោយពី​ការ​វះកាត់​របស់​គេ​»​​។

Cambodia Website Design

ការ​ត្រៀម​ខ្លួន​ដ៏ពិតប្រាកដ​​របស់ Mayweather ក្នុង​ការ​ឡើង​សង្វៀន​ប្រកួត​ជាមួយ​នឹង Pacquiao ម្តង​ទៀត ហាក់​ដូចជា​​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​ដែល​រូប​គេ​បាន​​ធ្វើ​បន្ទាប់ពី​ការ​ទទួល​ជ័យជម្នះ​របស់​គេ​ក្នុង​ទីក្រុង Las Vegas កាលពី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា) ដែល​នៅពេល​នោះ​​រូប​គេ​បាន​បញ្ជាក់​ថា៖ «រូប​គេ​មាន​ផែនការ​ក្នុង​ការ​ចូលនិវត្តន៍​ ក្រោយពី​ការ​ប្រកួត​មួយ​លើក​ទៀត​ក្នុង​ខែ​កញ្ញា​»​។

ក្រោយ​ពី​ការ​ឈ្នះ​ពិន្ទុ​ជា​​ឯកច្ឆន្ទ​របស់​គេ Mayweather បាន​និយាយ​ថា៖ «ការ​ប្រកួត​លើក​ចុងក្រោយ​របស់​ខ្ញុំ​គឺ​ក្នុង​ខែ​កញ្ញា ហើយ​បន្ទាប់​មក វា​​ដល់​​ពេល​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូលនិវត្តន៍​»​។ កីឡាករ​​វ័យ​៣៨ ​ឆ្នាំ​រូប​នេះ ដែល​នៅ​សល់​ជ័យជម្នះ​ត្រឹមតែ​ ១ ​លើក​ទៀត​ដើម្បី​​តាម​ស្មើ​កំណត់ត្រា​នៃ​​ឈ្នះ​ ៤៩ ​លើក មិន​ដែល​ចាញ់​របស់​​លោក Rocky Marciano នោះ បាន​និយាយ​កាលពី​មុន​ថា រូប​គេ​មិន​ចង់​បំបែក​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់​កីឡាករ​​ទម្ងន់​ធ្ងន់​រូប​នេះ​ឡើយ​។

ទោះបី​ជា​យ៉ាងណា ខណៈ​ដែល​​វា​មាន​ភាព​ស្រពេចស្រពិល​ថា តើ​ការ​ជួប​គ្នា​សាជាថ្មី​ណា​​មួយ​ជាមួយ​នឹង Pacquiao អាច​នឹង​​បង្កើត​ឲ្យ​មាន​​កម្រិត​នៃ​ការ​ចាប់​អារម្មណ៍ និង​ប្រាក់​​ចំណូល​ដូច​ក្នុង​ការ​ប្រកួត​លើក​ទី​ ១ ​​របស់​ពួកគេ​ ឬ​យ៉ាងណា​នោះ? វា​នឹង​នៅ​តែ​ផ្តល់​ចំណូល​​​ដ៏​ស័ក្តិសម​មួយ​ដល់​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​។

ក្រុម​ការងារ​របស់ Pacquiao កាលពី​ថ្ងៃ​ចន្ទ​ បាន​​ចេញ​​សេចក្តី​ប្រកាស​មួយ​ដើម្បី​អះអាង​ថា កីឡាករ​ហ្វីលីពីន​រូប​នេះ បាន​រងរបួស​រហែក​សាច់ដុំ​​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ត្រង់​ស្មា​របស់​គេ​។

ក្រុម​ការងារ​របស់ Pacquiao បាន​ត្អូញត្អែរ​ថា ក្រុម​ប្រឹក្សា​​អត្តពលកម្ម​រដ្ឋ Nevada បាន​រារាំង​មិន​ឲ្យ​កីឡាករ​រូប​នេះ​​ទទួល​ការ​ព្យាបាល​លើ​បញ្ហា​របួស​នេះ​តាមរយៈ​ការ​ចាក់ថ្នាំ​ប្រឆាំង​ការ​ហើម​ដែល​ត្រូវ​បាន​​យល់​ព្រម​ដោយ​​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ជំនួយ​កម្លាំង​សហរដ្ឋ​អាមេរិក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ បុរស​នៅ​រដ្ឋ Nevada បាន​​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង Pacquiao កាលពី​ថ្ងៃ​អង្គារ ដើម្បី​​ទាមទារ​សំណង​ខូចខាត​ក្នុង​ទឹកប្រាក់​រាប់​លាន ពីព្រោះ​ពួកគេ​បាន​​និយាយ​ថា រូប​គេ​​មាន​បំណង​បិទបាំង​​​ការ​របួស​ស្មា មុន​ពេល​រូប​គេ​បរាជ័យ​ក្រោម​ស្នាដៃ​របស់ Mayweather​។

វា​ជា​ករណី​ចុងក្រោយ​បំផុត​បន្ទាប់ពី​ការ​ទទួល​ជ័យជម្នះ​របស់ Mayweather និង​បន្ទាប់ពី Pacquiao បញ្ជាក់​​ពី​​បញ្ហា​របួស​របស់​គេ​៕

You might also like More from author

Comments are closed.