វាសនា ទ្រព្យ​សម្បត្តិ Polonsky នៅ​កម្ពុជា

0
Cambodia Website Design

ភ្នំពេញៈ ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​ធ្នូ មហាសេដ្ឋី​រុស្ស៊ី​និរទេស​ខ្លួន Sergei Polonsky បាន​ប្រាប់​ពី​គម្រោង​ការ​របស់​លោក​សម្រាប់​ផែនការ​ដ៏​មហិច្ឆតា «គម្រោង​ប្រជុំ​កោះ» ដើម្បី​តភ្ជាប់​កោះ​ជាច្រើន​ដែល​លោក​អះអាង​ថា លោក​បាន​គ្រប់គ្រង​បណ្ដាញ​អេកូ​ទេសចរណ៍​មាន​តម្លៃ​១ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នេរ​ក្នុង​សមុទ្រ​កម្ពុជា។

លោក​លើក​ឡើងថា គម្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្លួន​ឯង​មួយ​នេះ​នឹង​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ដែល​កំពុង​ស្វែងរក​អ្វី​មួយ​ជាជាង​វិស្សមកាល​ធម្មតា។ លោក​ថ្លែង​ថា៖ «នៅ​ទីនេះ​នឹង​មិន​ត្រូវ​មាន​ជាតិ​សាសន៍​ណា​មួយ​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​កំណត់​ជំនឿ​សាសនា​នោះ​ដែរ និង​មិន​មែន​ជា​ការ​ឈ្លាន​ពាន​ដូច​សង្គ្រាម​នោះ​ទេ»។

លោក​បន្ត​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ចំពោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ»។

Cambodia Website Design

ប៉ុន្តែ​បន្ទាប់​ពី​ការ​និរទេស​មហាសេដ្ឋី​រូប​នេះ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ជោគ​វាសនា​ទ្រព្យ​សម្បត្តិ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់។

លោក Polonsky បាន​អះអាង​ថា នឹង​គ្រប់គ្រង​ឬ​គ្រប់គ្រង​រួម​គ្នា​លើ​ឆ្នេរ​កោះ​នៅ​ក្នុង​សមុទ្រ​ចំនួន​៨ ដែល​កោះ​ពីរ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់។

នៅ​លើ​កោះ​ដែក​គោល ដែល​ជា​ការិយាល័យ​កណ្ដាល​របស់​លោក និង​ស្ថិត​ក្រោម​ជម្លោះ​ផ្លូវ​ច្បាប់​ជាមួយ​អតីត​ដៃគូ​របស់​លោក​ឈ្មោះ Nikolai Doroshenko លោក​បាន​សាងសង់​ជម្រក​សត្វ​ព្រៃ​យ៉ាង​ចម្លែក បញ្ចប់​ដោយ​មាន​ការ​បំពាក់​ឧបករណ៍​ការិយាល័យ​ពេញ​លេញ​សម្រាប់​បុគ្គលិក​រដ្ឋបាល​ស្រប​ច្បាប់​របស់​លោក និង​អាង​ហែល​ទឹក​មាន​ដំបូល។

នៅ​លើ​កោះ​ដំឡូង​ដែល​មាន​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា និង​ជា​ជំហាន​ដំបូង​នៅ​ក្នុង​គម្រោង​ប្រជុំ​កោះ លោក Polonsky ទើប​នឹង​បញ្ចប់​ការ​បង្កើត​រមណីយដ្ឋាន​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ ដែល​ភ្ញៀវ​ទេសចរ​អាច​ជួល​ផ្ទះ​តូច​មួយ​ក្នុង​ចំណោម​ផ្ទះ​តូចៗ​ចំនួន​២៥​ក្នុង​តម្លៃ​៤០​ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។

តំណាង​មួយ​រូប​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កោះ​ដំឡូង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សណ្ឋាគារ​នេះ​បច្ចុប្បន្ន​បាន​បិទ​ទ្វារ ហើយ​ដោយ​សារ​តែ​ការ​និរទេស​របស់​លោក Polonsky។

បុគ្គលិក​នៅ​លើ​កោះ​ដែក​គោល និង​កោះ​ដំឡូង​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ជាមួយ​នឹង​នាវា​ល្បាត​កង​ទ័ព​ជើង​ទឹក​នៅ​ជុំវិញ​តំបន់​នោះ។

លោក Pierre Kann ជា​សហការី​ជនជាតិ​កម្ពុជា​របស់​លោក Polonsky ដែល​បាន​ចូលរួម​ក្នុង​ការ​ជួយ​សាងសង់​កោះ​ដំឡូង​បាន​ថ្លែង​ថា៖ «បុគ្គលិក​បរទេស​របស់​លោក Polonsky ទាំង​អស់ បុគ្គលិក​ទាំង​អស់​កំពុង​នៅ​លើ​ដី​គោក ឬ​នៅ​ក្នុង​គុក​អស់​ហើយ»។

កោះ​របស់​លោក Polonsky ត្រូវ​បាន​ទិញ​លើ​កិច្ច​សន្យា​ជួល​រយៈពេល​៩៩​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​រួម​មាន លក្ខខណ្ឌ​មួយ​ចែង​ថា កោះ​ទាំង​នេះ​ត្រូវ​អភិវឌ្ឍ បើ​មិន​ដូច្នេះ​ទេ​កោះ​ទាំង​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​ដក​យក​វិញ។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ឯកជន​រដ្ឋាភិបាល​បាន​ថ្លែង​ថា នៅ​ក្នុង​ករណី​របស់​លោក Polonsky ការ​អភិវឌ្ឍ​អាច​នឹង​ត្រូវ​បាន​កាន់​កាប់​ដោយ​រដ្ឋាភិបាល​តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ហើយ​បន្ទាប់​មក​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ផ្សេង​ទៀត។

លោក​លើក​ឡើង​ថា៖ «យើង​មិន​ដឹង​ព័ត៌មាន​លម្អិត​ពី CDC នៅ​ឡើយ​ទេ ប៉ុន្តែ​មក​ពី​វិស័យ​ឯកជន​របស់​យើង យើង​ចង់​មើល​ឃើញ​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន»។ លោក​បាន​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ «ដឹង​ច្បាស់​អំពី​ប្រវតិ្ត​របស់​វិនិយោគិន» ដែល​មាន​បំណង​អភិវឌ្ឍ​កោះ​កម្ពុជា។

ក្នុង​ចំណោម​ផែនការ​ជាច្រើន​ពី​មុន ដើម្បី​អភិវឌ្ឍ​កោះ​របស់​កម្ពុជា​នៅ​ក្នុង​រមណីយដ្ឋាន​ទេសចរណ៍​រួម​គ្នា ដែល​រួម​មាន​គម្រោង​គាំទ្រ​ដោយ​វិនិយោគិន​រុស្ស៊ី​លើ​កោះ​ពស់ និង​កោះ​តាង គ្មាន​កោះ​ណា​មួយ​ត្រូវ​បាន​បញ្ចប់​គម្រោង​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ប៉ុន្តែ លោក James Padden អ្នក​អង្កេត​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE បាន​ថ្លែង​ថា ប្រវតិ្ត​របស់​លោក Polonsky នឹង​ទំនង​ជា​មិន​រារាំង​ដល់​វិនិយោគ​ដ៏​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​កសាង​កោះ​នោះ​ទេ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «មាន​ចំណាប់​អារម្មណ៍​មួយ​ចំនួន​នៃ​ការ​អភិវឌ្ឍ​កោះ និង​ចាប់​ផ្ដើម​អភិវឌ្ឍ​លើ​កោះ​ទាំង​នោះ។ ខ្ញុំ​គិត​ថា វា​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​រយៈពេល​ប្រហែល​ជា​៥​ឆ្នាំ​ក្រោយ»។ លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​[លោក Polonsky] គឺជា​ប្រភេទ​តួ​ខូវប៊យ​ដ៏​សាហាវ​មួយ​រូប»៕

You might also like More from author

Comments are closed.