លោក​ ហោ ណាំហុង ចេញមុខ​ការពារ​​លិខិត​របស់លោក​ដែល​ថាប្រជាជនខ្មែរ​​ដាំដំណាំលើដីវៀតណាម​​

0
Cambodia Website Design

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បាន​ចេញ​មុខ​ការពារ​លិខិត​​របស់លោក​ដែលបានដាក់​ទៅសភា កាលពីកន្លងទៅ​ ពាក់​ព័ន្ធ​នឹង​ការ​អះអាង​ថា​ប្រជាជនខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​​ត្បូងឃ្មុំ បាន​ដាំដំណាំចូល​ទឹក​ដី​វៀតណាម។​

លោក ហោ ណាំហុង បាន​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធីតុមូលដែល​រៀបចំ​ដោយ​​ទីស្តីការគណៈរដ្ឋមន្រ្តី ​ហើយ​វីដេអូក្លីប​នៃ​កម្មវិធីតុមូលនោះ​ត្រូវ​បានផ្សព្វផ្សាយ​ជាសាធារណៈនៅថ្ងៃ​ព្រហស្បតិ៍នេះ។ កម្មវិធីតុមូល​នោះ​​មាន​វត្តមាន លោក ហោ ណាំហុង លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ និង​លោក ឡុង​ វិសាលោ អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​។​ ​

លោក ហោ ណាំហុង មានប្រសាសន៍ថា​​ក្រោយ​ពីលោក​ទទួល​បាន​លិខិត​ពីតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​​ជាតិ លោក​បាន​ពិភាក្សា​ជាមួយ​លោក វ៉ា គឹមហុង និង​លោក​ ឡុង វិសាលោ ដោយ​​ពិនិត្យលើ​ផែន​ទី និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​បញ្ជាក់​ថា​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​បញ្ជាក់​ថា​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ១៩៦៣-១៩៦៩។ លោក​បញ្ជាក់​ថាលោក​​មិន​ដែល​ធ្វើ​ការ​នេះដោយ​ឯកឯងនោះទេ។ លោក​មានប្រសាសន៍ថា​«ខ្ញុំ​មិន​ដែលអត្តនោម័តិទេ»។​

Cambodia Website Design

លោក ហោ ណាំហុង បាន​ថ្លែង​ដោយ​ទឹកមុខ​ហាក់​ដូច​ជា​ចង់​យំ ពេល​​រំឭក​ពីជម្លោះ​ដីក្បែរ​ប្រាសាទព្រះវិហារ​ជាមួយ​ប្រទេសថៃ​ កាលពីឆ្នាំ​២០១១ថា«យើង​ធ្វើ​ការ​តស៊ូ​ខាងផ្លូវ​ច្បាប់​ទាំងយប់ទាំងថ្ងៃ បើ​គិត​អំពី​ឯកសារ​ដាក់​ជូន​តុលាការ​អន្តរជាតិទីក្រុងឡាអេ ប្រហែល​ជាខ្ពស់ជាងមួយ​ម៉ែត្រ យើង​ខ្ញុំ​អានទាំងយប់​ទាំងថ្ងៃ ទាំងសៅរ៍ ទាំងអាទិត្យ។ ហើយ​នៅ​ពេល​ត្រូវ​ឆ្លើយ​ផ្ទាល់​មាត់​នៅ​តុលាការអន្តរជាតិទីក្រុង​ឡាអេ ពេលខ្លះ​យើង​ខ្ញុំទាំងអស់គ្នា​មានមុខ​នៅ​ទីនេះ ព្រម​ទាំងអ្នកច្បាប់របស់យើង អត់បាយទេ ហូប​នំបុ័ងមួយ​ ទឹកមួយកែវ​ ធ្វើ​ការ​ម៉ោង​១២​ ម៉ោង​១យប់»។ លោក​បន្ត​ថា«ការការពារ​ព្រំដែន​កម្ពុជា បូរណភាព​ទឹកដីកម្ពុជា មិន​មែន​ជា​សិទ្ធិផ្តាច់មុខ​របស់បុគ្គលណាមួយ​ ឬ​គណបក្សណាមួយ​ទេ»។

លោក ហោ ណាំហុង ឲ្យ​ដឹង​ទៀតថា​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ដែល​ធ្វើ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ធ្វើ​ឲ្យកម្ពុជា​​បាត់​បង់ទឹកដីនោះ​ទេ។​ ​ លោក​បាន​ចោទប្រកាន់​គណបក្សសង្រ្គោះជាតិមិន​អនុវត្ត​វប្បធម៌សន្ទនាឲ្យ​បាន​ពេញលេញ ដោយ​ដើរ​ញុះញង់​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ក្រោយ​ពី​ទទួល​បានលិខិតរបស់លោក។​

​លោក វ៉ា គឹមហុង បានច្រាន​ចោល​ការ​ចោទប្រកាន់មួយ​ចំនួន​ដែល​លើកឡើង​ថា​រដ្ឋាភិបាល​ធ្វើ​ការងារព្រំដែន​ដោយ​​ស៊ុំគ្រលំជាមួយ​រដ្ឋាភិបាល​ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ទឹកដី។ លោក​​ថា​មាន​តែ​ក្រុមការងារជំនាញនោះទេ ដែលមានចំណេះដឹងធ្វើ​កិច្ច​ការនេះ។​

​អនុប្រធាន​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័សរបស់ទីស្តីការគណៈ​រដ្ឋមន្រ្តី ​ លោក កែវ រ៉េមី មានប្រសាសន៍នៅក្នុងកម្មវិធីតុមូលនោះថា​ប្រជាជនកម្ពុជា​មួយចំនួន​មាន​ផ្នត់គំនិត​រើសអើងពូជសាសន៍ ដោយ​​ប្រឆាំងនឹង​បញ្ហា​ទាំងឡាយណា ដែលពាក់​ព័ន្ធ​នឹងវៀតណាម។

លិខិត​របស់​ហោ ណាំហុង ដែលដាក់ទៅរដ្ឋសភា ឲ្យ​ដឹង​ថាក្រុម​ការងារ​រក​ឃើញថា​ខ្សែ​ព្រំ​ដែន​កម្ពុជា​វៀតណាម នៅ​តំបន់​ខាង​លើ​នេះ​ ដើរ​តាម​ផែន​ទី​ខ្នាត​១/១០០០០០ SGI(ផែន​ទីភូមិ​សាស្រ្ត​ឥណ្ឌូចិន​)ដែល​គណៈ​កម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​បោះ​បង្គោល​លេខ​៩៤ និង​៩៥​រួច​អស់​ហើយ​។ លិខិត​បន្ត​ថា​ប៉ុន្តែ​ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​កាន់​កាប់​ជាក់​ស្តែង​ចំនួន​១០០ហិកតា​ចូល​ដី​វៀតណាម គណៈ​កម្មាធិការ​ព្រំដែន​ក៏​បា​ន​ឯក​ភាព​ជាមួយ​ភាគីវៀតណាម​កែ​សម្រួល​ខ្សែ​ព្រំ​ដែន​នៅ​ចន្លោះ​បង្គោល​៩៤និង​៩៥​​ទៅ​តាម​ខ្សែ​ព្រំ​ដែន​ ដែល​ប្រជា​ជន​កម្ពុជា​​បាន​កាន់​កាប់​ជាក់​ស្តែង ​ស្រប​តាម​MOUឆ្នាំ​២០១១។

លិខិតបញ្ជាក់​ថា​«ប៉ុន្តែ​នៅ​ពេល​ថ្មីៗនេះ ក្នុង​ឆ្នាំ​២០១៥ ពលរដ្ឋ​យើង​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម​ចំនួន​១៦,៦ហិកតាថែម​ទៀត ដែល​នាំ​ឲ្យ​វៀតណាម​មានប្រតិកម្ម​បាញ់ថ្នាំ​ពុល​លើ​ដី​ដំណាំ​កសិករ​យើង»

គួររំឭកថា លិខិត​របស់​ក្រុម​តំណាង​រាស្រ្ត​ឲ្យ​ដឹង​ថា​​​បន្ទាប់​ពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ ក្រុម​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ប្រជាពលរដ្ឋ ​ កាលពី​​ថ្ងៃ​ទី​២៦ ខែ​មេសា ​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ជុំវិញ​ករណី​កងកម្លាំង​សមត្ថកិច្ច​វៀតណាម​បាន​ពលរដ្ឋ​នាំខ្លួន​ចុះ​ធ្វើ​សកម្មភាព​បាញ់​ថ្នាំ​គីមី​ពុល​ បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​ លិខិត​ឲ្យដឹង​ទៀតថាក្រោយពី​បាន​ចុះ​ពិនិត្យ​​ផ្ទាល់​នៅ​កន្លែងកើតហេតុ​ឃើញ​ថាផលដំណាំ​១០​ហិកតា​ត្រូវបាន​បំផ្លាញ និង​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ដោយផ្ទាល់​ចំនួន​៩​គ្រួសារ។ ក្រុមតំណាងរាស្រ្ត​​ចាត់ទុក​ករណីនេះ​បានបង្ហាញ​ថាកងកម្លាំង​សមត្ថកិច្ច​វៀត​ណាម​បាន​រំលោភបំពាន​មាក់ងាយ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ​របស់​កម្ពុជា។

ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​លើ​ដី​ដែលរដ្ឋាភិបាលអះអាង​​ថា​ជាដីវៀតណាម​នោះ ​បាន​លើក​ឡើង​ថា​ដី​ដែ​ល​ពួកគេ​កំពុង​រស់នៅនោះជា​ដី​របស់ខ្មែរ ហើយ​ពួក​គេ​បាន​រស់​នៅ​យូរមក​ហើយ៕

ប្រភព: http://vodhotnews.com/29651
ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី21 ឧសភា 2015