លោក​នាយករដ្ឋមន្ត្រី​ថា ការ​បំភ្លៃ​បង់​ពន្ធ​កើតឡើង​គ្រប់​ទីកន្លែង

0
Cambodia Website Design

ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ដោយ​ប្រយោល​ទៅ​ដល់​​មន្ត្រី​ពន្ធដារ ចំពោះ​ករណី​ក្លែង​បង្កាន់ដៃ​​​បង់​ពន្ធ​នានា ដែល​បាន​កើត​មាន​ឡើង​គ្រប់​ច្រកល្ហក​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​កន្លងមក ដោយ​លោក​បាន​លើក​យក​ករណី​ឪពុកមារ​របស់​​លោក​មក​លាតត្រដាង ដើម្បី​ឲ្យ​មន្ត្រី​ទាំងអស់​បាន​ឃើញ​អំពី​ស្ថានភាព​ដែល​បាន​កើតឡើង ប៉ុន្តែ​ពុំ​មាន​ការ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​ដែល​បាន​ធ្វើ​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ថ្លែង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ថា ប៉ុន្មាន​ថ្ងៃ​មុន​លោក​ទៅ​សម្រាក​នៅ​កំពង់សោម មាន​រឿង​ដីធ្លី​ប្រហែល​ជិត​មួយ​ហិកតា តម្លៃ​ទិញ​គឺ​ ៤ ​ម៉ឺន​ដុល្លារ បើ​គិត​ជា​ប្រាក់​រៀល​ ១៦០ លាន​រៀល។ រឿង​នោះ​គឺជា​រឿង​ឪពុកមា​របស់​លោក​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែ​ម្តង ដែល​បង្កាន់ដៃ​បង់ពន្ធ ដាក់​តែ​ ៤៥ ​លាន​រៀល​។

លោក​នាយករដ្ឋមន្ត្រី​ថា៖ «ខ្ញុំ​សួរ​ថា​ម៉េច​អ៊ីចឹង គាត់​ថា​គេ​ប្រាប់​អ៊ីចឹង​ដើម្បី​ឲ្យ​បង់​ពន្ធ​តិច​។ ខ្ញុំ​ថា​ពូឯង​ហ្នឹង​លួច​ពន្ធ រួម​ឃុបឃិត​ជាមួយ​មន្ត្រី​ពន្ធដារ​របស់​ខេត្ត​ព្រះសីហនុ លួច​ពន្ធ​»។

Cambodia Website Design

លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ត​ទៀត​ថា​តម្លៃ ពិតថា​ ៤ ​ម៉ឺន​ស្មើ​ហ្នឹង​ ១៦០ ​លាន​ដល់​តម្លៃ​គិត​ពន្ធ​គឺ​តែ​ ៤៥ ​លាន ដល់​បង់​ពន្ធ​បង់​ពន្ធ​តែ​ ១ ​លាន​ ៨ សែន​រៀល​។ដូច្នេះ លួច​ ៣ ​ភាគ​ ៤ ​នៃ​ពន្ធ​។ ប៉ុន្តែ​លោក​ពុំ​បាន​សួរ​អំពី​ចំណុច​ថា​ក្រៅ​ពី​ហ្នឹង​គាត់​សូក​គេ​ប៉ុន្មាន។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​អត់​បាន​សួរ​អាហ្នឹង ចាំ​ពេល​ត្រឡប់​ទៅវិញ​ខ្ញុំ​តេ​សួរ កាល​ហ្នុង​ពូឯង​បង់​ពន្ធ​អា​ ១៦០ ​​លាន នៅ​តែ​ ៤៥ ​លាន បង់​ ១ ​លាន​ ៨ សែន​ហ្នឹង​ពូឯង​សូក​គេ​ប៉ុន្មាន? ព្រោះ​គេ​សុទ្ធតែ​បង់​អ៊ីចឹង បើ​បង់​​​គ្រប់​វា​ស្មើ​នឹង​ប៉ុន្មាន​លាន សល់​​ប៉ុន្មាន​លាន គេ​ទុក​ត្រឹមតែ​ ១ ​លាន​​​ឬ ២ ​លាន អីហ្នឹង​គេ​ចែក​គ្នា​ពាក់​កណ្តាល​ម្នាក់​​អារឿង​វា​អ៊ីចឹង​»​។

លោក​នាយករដ្ឋមន្ត្រី​ថា ការ​សួរ​នាំ​របស់​លោក​នោះ​មិនមែន​ដាក់​​ពិន័យ​មន្ត្រី​តាំងពី​ជំនាន់​ណា​ជំនាន់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ឲ្យ​ឃើញ​អំពី​ស្ថានភាព​បែប​នេះ ហើយ​រឿង​នេះ​មាន​នៅ​គ្រប់​តែ​ច្រកល្ហក។ រាល់​ថ្ងៃ​ហ្នឹង​អ្នក​ជួល​ផ្ទះ​ជួល​អត់​ដែល​និយាយ​ពិត​ទេ ប្រកាស​​ផ្សេង លក់​ដី​បាន​ ៥ ​លាន ប្រាប់​គេ​បាន​​តែ​ ២ ​លាន​ទេ​ដើម្បី​បង់​ពន្ធ​ ២ ​លាន​​។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បាន​ខ្ញុំ​ថា​យើង​​​នៅ​​ទីនេះ​មិន​ចាំបាច់​បង្កើន​ពន្ធ​ទេ យក​ឲ្យ​​អស់​តែ​ពន្ធ​ទៅ​​បាន​​ហើយ​​ អាហ្នឹង​គឺ​ខ្ញុំ​ឃើញ​ផ្ទាល់​តែ​ម្តង​ហើយ​បាន​កាន់​អា​ក្រដាស​ហ្នឹង​​ទៀត។ កាន់​ទាំង​អាប្លង់​ដី​ប្លង់​អី​ហ្នឹង​ទៀត»។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ។

យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​បាន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ទទួល​បាន​ ៣២៣ ​លាន​ដុល្លារ​ក្នុង​ប្រាក់​ចំណូល​ពន្ធ​បាន​នា​អំឡុង​ពេល​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០១៥ នេះ​បាន​កើនឡើង​​ ៤៨ ភាគរយ ពី​ឆ្នាំ ២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៤។

លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ទង្វើ​នេះ​លោក​ទទួល​ស្គាល់​ថា​វា​ពិតជា​បាន​កើត​មាន​នៅក្នុង​សង្គម​កម្ពុជា​មែន គឺ​គេ​តែងតែ​រាយការណ៍​នូវ​តម្លៃ​មិន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ការ​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​មាន​តម្លៃ​តិច ហើយ​នៅ​សល់​​ប៉ុន្មាន​ដាក់​នៅក្នុង​ហោប៉ៅ​របស់​ខ្លួន​។

លោក​ កុល បាន​និយាយ​ថា៖ «​ទង្វើ​នេះ​វា​បាន​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ​ដើម្បី​ទប់ស្កាត់​បាន​នោះ​យើង​ត្រូវតែ​ចាត់​វិធានការ​ឲ្យ​មាន​ការ​ដាក់​ទោសទណ្ឌ ហើយ​ដើម្បី​ចាប់​កំហុស​បាន​យើង​ត្រូវតែ​ធ្វើ​សវនកម្ម ដោយ​មាន​អធិការ​កិច្ច​ផ្ទៃ​ក្នុង​ឬ​ក៏​ឯករាជ្យ​»។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​បាន​រកឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​ ២០១៤ ។ កម្ពុជា​មាន​ប្រជាជន​ជិត ២០ ភាគរយ ឬ​ជិត ៣ ​លាន​នាក់ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​ប្រជាជន​រាប់​លាន​នាក់​ផ្សេង​ទៀត​កំពុង​រស់នៅ​កៀក​បន្ទាត់​ក្រីក្រ៕

You might also like More from author

Comments are closed.