ថោង​ សារ៉ាត់ ច្រាន​ចោល​បទ​ចោទ​កាន់​អាវុធ​ខុស​ច្បាប់

0
Cambodia Website Design

ភ្នំពេញៈ ក្នុង​អំឡុង​សវនាការ​កាល​ពី​ម្សិលមិញ នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​មេ​គំនិត​នៅ​ក្នុង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ​ បាន​បដិសេធ​ចំពោះ​បទ​ចោទ​ប្រកាន់​ដទៃ​ទៀត ​អំពី​ការ​កាន់​កាប់​អាវុធ​ខុស​ច្បាប់។

ឪពុក​ម្តាយ​របស់​លោក ថោង សារ៉ាត់ លោក ថោង ចម្រើន និង​អ្នកស្រី កែវ សារី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ «ការ​កាន់​កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​មិន​មាន​ការ​អនុញ្ញាត ក៏​បាន​ចូល​រួម​នៅ​តុលាការ​កាល​ម្សិលមិញ​ជា​មួយ​លោក ថោង សារ៉ាត់ ផង​ដែរ។ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​អះអាង​ថា​គ្មាន​ទោស កំហុស​ដែរ ហើយ​បាន​សុំ​ឲ្យ​តុលាការ​លើក​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​ពួក​គេ ហើយ​ដោះលែង​ពួក​គេ​ពី​ពន្ធនាគារ។

ចៅ​ក្រម ឃី ឆែ បាន​ប្រាប់​តុលាការ​ថា នគរបាល​បាន​ចុះ​ទៅ​ផ្ទះ​របស់​អ្នក​ទាំង​បី​កាល​ពី​ខែធ្នូ បន្ទាប់​ពី​ករណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា ម៉េងជឺ ដោយ​រក​ឃើញ​គ្រាប់​កាំភ្លើង​និង​អាវុធ​ចំនួន​ ១៥ដើម​ក្នុង​នោះ​កាំ​ភ្លើង AK-47 ចំនួន​បួន​ដើម។ លោក​ថា ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​ពួក​គេ​មាន​អាជ្ញា​ប័ណ្ណ​ស្រប​ច្បាប់​កាន់​កាប់​តែ​ពីរ​ប៉ុណ្ណោះ។

Cambodia Website Design

ជា​ការ​ឆ្លើយ​តប​នឹង​សម្តី​របស់​ចៅក្រម លោក សារ៉ាត់ ដែល​ជា​អតីត​ឧត្តម​សេនីយ៍ទោ និង​ជា​ម្ចាស់​បុរី៩៩៩ បាន​ថ្លែង​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ខុស។ លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​បដិសេធ ចំពោះ​បទ​ចោទ​ប្រកាន់​លើ​រូប​ខ្ញុំ​នេះ ​ពី​ព្រោះ​ខ្ញុំ​មិន​បាន​កាន់​កាប់​កាំភ្លើង។ ខ្ញុំ​មិន​បាន​ទុក​កាំភ្លើង​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ»។ «ខ្ញុំ​មិន​ដឹង​អំពី​កាំភ្លើង​ដែល​រឹប​អូស​ដោយ​នគរបាល​ពី​ផ្ទះ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ទេ»។

លោក សារ៉ាត់ បាន​ថ្លែង​ថា អង្គរក្ស​របស់​លោក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា ម៉េងជឺ គឺ​មាន​អាជ្ញាប័ណ្ណ​កាន់​កាប់​កាំភ្លើង។

បន្ទាប់​ពី​ការ​បដិសេធ​របស់​កូន​ប្រុស ម្តាយ​របស់​លោក អ្នកស្រី សារី អាយុ ៥៥ឆ្នាំ បាន​ថ្លែង​ថា អ្នកស្រី​ទទួល​ស្គាល់​តែ​កាំភ្លើង​ខ្លី​ពីរ​ដើម ដែល​មាន​អាជ្ញាប័ណ្ណ ដែល​ត្រូវ​បាន​រឹប​អូស​ពី​ផ្ទះ​របស់​អ្នកស្រី។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អាវុធ​ទាំង​នោះ ខ្ញុំ​ទទួល​ស្គាល់​តែ​ពីរ ថា​ជា​អាវុធ​ផ្ទាល់​របស់​ខ្ញុំ និង​ប្តី​របស់​ខ្ញុំ​ពី​ព្រោះ​យើង​បាន​ស្នើ​សុំ​ពី​ក្រសួង​ការពារ​ជាតិ សម្រាប់​គោល​បំណង​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ»។

អ្នកស្រី​បន្ថែម​ថា៖«ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ទេ។ ខ្ញុំ​គ្រាន់​តែ​ជា​ជន​រងគ្រោះ​នៃ​ការ​ចោទ​ប្រកាន់​ និង​ការ​ចាប់​ខ្លួន​ក្នុង​ករណី​នេះ​ប៉ុណ្ណោះ។ ខ្ញុំ​សូម​ស្នើ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​លើ​រូប​ខ្ញុំ​និង​ដោះ​លែង​ខ្ញុំ»។

លោក លីម វណ្ណា មេធាវី​ការ-ពារ​ក្តី​ឲ្យ​លោក ចម្រើន និង​អ្នកស្រី សារី បាន​ថ្លែង​ថា អាវុធ​មួយ​ចំនួន​ក្នុង​ចំណោម​អាវុធ​ទាំង​អស់​ដែល​រឹបអូស​ពី​ផ្ទះ​កូន​ក្តី​របស់​លោក​ត្រូវ​បាន​ដាក់​ដោយ​នគរបាល​ដើម្បី​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​។

លោក​ថ្លែង​ថា៖ «មិន​មាន​ភ័ស្តុតាង​ពិត​ប្រាកដ​បង្ហាញ​ថា កូន​ក្តី​របស់​ខ្ញុំ​បាន​កាន់​កាប់​ និង​រក្សា​អាវុធ​ទាំង​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ទេ។ ខ្ញុំ​សូម​ស្នើ​តុលាការ​លើក​ចោល​បទ​ចោទ​ប្រកាន់​នេះ ហើយ​ដោះ​លែង​ពួក​គាត់​ភ្លាម»។

ឧត្តមសេនីយ៍ទោ មាស វណ្ណា នាយក​រង​ខុទ្ទកាល័យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​កាំភ្លើង ៩ ដើម​ដល់​លោក សារ៉ាត់​កាល​ពី​ខែមិថុនា ឆ្នាំ ២០១៤ និង​២​ដើម​ទៅ​ឪពុក​ម្តាយ​របស់​គាត់។ លោក​ថ្លែង​ថា អាជ្ញាប័ណ្ណ​សម្រាប់​អាវុធ​ទាំង​១១​ដើម​នោះ​នៅ​មាន​សុពលភាព​នៅ​ឡើយ។

សាលក្រម​នឹងត្រូវ​ចេញ​នៅ​ថ្ងៃទី១៥ មិថុនា៕

You might also like More from author

Comments are closed.