តៃកុង​ត្រូវ​ចោទ​ខណៈ​នគរបាល​កំពុង​ស៊ើប​ទំនិញ​រាប់​តោន​ក្នុង​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

5
Cambodia Website Design

ស្វាយ​រៀងៈ អ្នក​បើក​រថយន្ដ​ក្រុង ជន​ជាតិ​វៀតណាម ដែល បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​១៨នាក់​ស្លាប់កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិលមិញ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស។

ក្រុម​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ទំនិញ​រាប់​តោន ដែល​បាន​រក​ឃើញ​នៅ​លើ​រថយន្ត​ក្រុង​នោះ ចង់​ដឹង​ថា​តើ​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​ឬ​យ៉ាង​ណា?

លោក Le vanghing អាយុ​ ៤៣ ឆ្នាំ​ បាន​បើក​បរ​រថយន្ដ​ក្រុង​ពី​ទី​ក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់បន្ទាប់​ពី​លោក​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ។

Cambodia Website Design

លោក ទៀ ហៀបសៀ មន្ត្រី​ចរាចរណ៍​ខេត្ត​ស្វាយរៀង បាន​ថ្លែង នៅ​តុលាការ​ខេត្ត កាល​ពី​ម្សិលមិញ​ថា៖ «គាត់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ហើយ ហើយ​ឥឡូវ​នេះ គាត់​ជាប់​នៅ​ពន្ធនាគារ​ខេត្ត»។

លោក ហៀបស៊ី បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​វៀតណាម​លោក លេ ត្រូវ​បាន​ចោទ​ប្រកាន់​បន្ទាប់​ពី​គាត់​ជាប់​ឃុំ ក្រោយ​ពេល​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​អង្គារនៅ​ឯ​កន្លែង​កើត​ហេតុ។

លោក​ស្រី ហេង ផល្លា ចៅក្រម​ស៊ើប​អង្កេត​ខេត្ត ដែល​ស៊ើប​អង្កេត​ករណី​លោក លេ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ ខណៈដែល​លោក អង រី ព្រះរាជអាជ្ញារង​ខេត្ត មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន។

នៅ​ពេល​គ្រោះថ្នាក់​ឡាន​ដឹក​មនុស្ស ៣៩នាក់ ហើយ ១៥នាក់​បាន​ស្លាប់​ភ្លាមៗ និង​បី​នាក់​ទៀត បាន​ស្លាប់ នៅពេល​កំពុង​ទទួល​ការ​ព្យាបាល សង្គ្រោះ​បន្ទាន់។

មាន​មនុស្ស​តែ​ប្រាំ​មួយ​នាក់​គត់​ដែល​ជិះ​លើ​រថយន្ត​ក្រុង ដែល​ផ្ទុក​ទំនិញ​ជិត​ប្រាំបី​តោន ដែល​រួម​បញ្ចូល​សម្លៀក​បំពាក់​ជាង​ប្រាំ​មួយ​តោន និង​របស់​របរ​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះមាន​សាប៊ូ សោ​ទ្វារ និង​សៀវភៅ។ បច្ចុប្បន្នអាជ្ញាធរ​កំពុង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ថា​តើ ទំនិញ​ត្រូវ​បាន​នាំ​ចូល​ដោយ​ស្រប​ច្បាប់ ឬ​យ៉ាង​ណា?

លោក ងួន វុធ មន្ត្រី​គយបាន​ថ្លែង​ម្សិល​មិញនៅ​ខេត្ត​ស្វាយរៀង​ថា៖ «យើង​កំពុង​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ការិយាល័យ​គយ​ដើម្បី​ពិនិត្យ​ធៀប​នឹង​ឯកសារ»។

ក្នុង​ពេល​ដំណាល​គ្នា​រថយន្ដ​ក្រុង​ត្រូវ​បាន​គេ​អូស​ចេញ​ពី​កន្លែង​កើត​ហេតុ កាល​ពី​ថ្ងៃ​អង្គារ​ទៅ​រក្សា​ទុក​នៅ​ក្រៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ដើម្បី​ទប់​ស្កាត់​ការដុត​បំផ្លាញ​ដោយ​អ្នក​ភូមិ ដែល​ខឹង​សម្បា​ដោយ​សារ​គ្រោះ​ថ្នាក់​នេះ។

គេ​ឮ​នគរបាល​ម្នាក់​និយាយ​ថា៖ «ប្រសិន​បើ​ពួក​គេ​ដុត​បំផ្លាញ​រថយន្ត​ក្រុង ផ្ទះ​អ្នក​ភូមិ​នៅ​ជិត​ផ្លូវ​នឹង​ត្រូវ​ឆេះ​ផង​ដែរ»។ ការ​ចោទ​ប្រកាន់​លោក Le vanghing បាន​ធ្វើ​ឡើង ខណៈ​ដែល​មាន​ការ​ទាម​ទារ​យុតិ្តធម៌​ពី​មិត្ដ​ភក្ដិ​ជន​រង​គ្រោះ​និង​សមាជិក​គ្រួសារ។

លោក ហ៊ីង ប្រុស អាយុ ៤៩ ឆ្នាំ កាល​ពី​ព្រឹក​ម្សិលមិញ នៅ​ឯ​ពិធី​បុណ្យ​សព​ដែល​ប្រារព្ធ​ធ្វើ​សម្រាប់​ជន​រង​គ្រោះ​ម្នាក់ នៅ​វត្ត​ស្វាយ ស្រុក​ស្វាយជ្រំ បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរដាក់​ពន្ធនាគារ​អ្នក​បើក​បរ​មួយ​ជីវិត ដោយ​សារ​តែ​គាត់​បាន​បង្ក​គ្រោះ​ថ្នាក់ និង​សម្លាប់​អ្នក​ភូមិ​ជា​ច្រើន​នាក់»៕

You might also like More from author

Comments are closed.