ក្រសួង​ការបរទេស​​ព្រមាន​ទីភ្នាក់ងារ​អ.ស.ប​​​​រឿង​សេចក្ដី​ព្រាងច្បាប់​អង្គការ-​សមាគម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដាស់តឿន​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចំនួន ៤​រូប ឲ្យ​បញ្ឈប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ការ​ដាស់តឿន​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នា​ទីស្ដីការ​ក្រសួង​ការបរទេស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា។

ការ​កោះ​ហៅ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចូល​ជួប​ទាំង​ក្រុម​នៅ​ពេល​នេះ ធ្វើ​ឡើង ៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​ការបរទេស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ពួកគេ ដើម្បី​បញ្ជាក់​អំពី​កំហុស​ឆ្គង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ចំនួន ៤​រូប​នោះ រួម​មាន​តំណាង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) តំណាង​អង្គការ យូនីសេហ្វ (UNICEF) អ្នកស្រី រ៉ាណា វ្លៅវើរ៍ (Rana Flowers) តំណាង​អង្គការ​មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ (UNFPA) លោក ម៉ាក ដឺវើវ (Marc Derveeuw) និង​តំណាង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ស្ត្រី (UN Women) អ្នកស្រី វែនី គូស៊ូម៉ា (Wenny Kusuma)។

​ពួកគេ​ត្រូវ​បាន​ក្រសួង​ការបរទេស​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខុស​ឆ្គង​ផ្ទុយ​ទៅ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ក្នុង​នាម​ជា​តំណាង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​ពួកគេ​បាន​ផ្ដល់​យោបល់ និង​រិះគន់​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ។

​ក្រសួង​ការបរទេស​លើក​ឡើង​ថា ក្នុង​នាម​ជា​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ពួកគេ​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​គោរព​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​ក្រសួង​ការបរទេស​អះអាង​ថា ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ គ្មាន​ពាក្យ​ណា​មួយ​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ ធ្វើ​អន្តរាគមន៍​លើ​កិច្ចការ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​នៃ​រដ្ឋ​ណា​មួយ​ឡើយ។

​លើស​ពី​នេះ ក្រសួង​ការបរទេស​អះអាង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា មិន​បាន​អនុញ្ញាត​ឲ្យ​តំណាង​របស់​ស្ថាប័ន​នេះ​ធ្វើ​ការ​ទិតៀន​តាម​រយៈ​បណ្ដាញ​សារព័ត៌មាន​ប្រឆាំង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​របស់​កម្ពុជា ដែល​ក្រសួង​ការបរទេស អះអាង​ថា គ្មាន​ពាក់ព័ន្ធ​អ្វី​ទាល់តែសោះ​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស កុមារ ប្រជាជន​កម្ពុជា ឬ​ស្ត្រី​ឡើយ។

​បន្ថែម​ពី​លើ​នេះ​ទៀត ក្រសួង​ការបរទេស​បញ្ជាក់​ថា ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ពុំ​មាន​ពាក្យ​ណា​មួយ​តម្រូវ​ឲ្យ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល មុន​នឹង​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ទៅ​កាន់​រដ្ឋសភា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ឧសភា ថា ការ​កោះ​ហៅ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំង ៤​រូប នៅ​ពេល​នេះ គឺ​គ្រាន់តែ​ចង់​ដាស់តឿន​អំពី​ការ​បំពេញ​កាតព្វកិច្ច​ការងារ​របស់​ពួកគេ​នៅ​កម្ពុជា ប៉ុណ្ណោះ៖ «គ្រាន់តែ​ជា​ការ​រំលឹក​ពី​តួនាទី​របស់​គាត់ ប៉ុន្តែ​អា​រឿង​គោរព ឬ​មិន​គោរព​អា​នេះ​ជា​កិច្ចការ​របស់​គាត់ សំខាន់​រដ្ឋាភិបាល​យើង​បាន​ដាស់​តឿន​គាត់ រំលឹក​គាត់​អំពី​អ្វី​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​កម្ពុជា អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​លិខិត​តែងតាំង អ្វី​ដែល​មាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា ដែល​អង្គការ​គាត់​បាន​ធ្វើ​ជាមួយ​រដ្ឋាភិបាល​កន្លង​មក សំខាន់​តែ​ប៉ុណ្ណឹង»

​យ៉ាង​ណា​ក៏ដោយ នៅ​បន្ទាប់ពី​មាន​ជំនួប​ជាមួយ​លោក ហោ ណាំហុង ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ឲ្យ​ដឹង​ថា តំណាង​ទីភ្នាក់ងារ​ទាំង ៤​រូប​របស់​អង្គការ​សហប្រជាជាតិ បាន​អះអាង​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ការងារ​ស្ថិត​ក្នុង​អាណត្តិ​របស់​ខ្លួន។ ពួកគេ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ដែរ​ថា នឹង​នៅ​តែ​ផ្ដល់​ការ​ឧបត្ថម្ភ គាំទ្រ​របស់​ខ្លួន​សម្រាប់​កិច្ច​សន្ទនា​ជាមួយ​សង្គម​ស៊ីវិល​លើ​ច្បាប់​ដ៏​មាន​សារសំខាន់​មួយ​នេះ។

បើ​ទោះ​ជា​បែប​នេះ​ក្តី លោក កុយ គួង មិន​បាន​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​អាច​ចាត់​វិធានការ​បែប​ណា​ចំពោះ​ពួកគេ​នោះ​ឡើយ ប្រសិនបើ​ពួកគេ​នៅ​តែ​បន្ត​រិះគន់​លើ​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ។

ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា ក៏​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ឯកអគ្គរដ្ឋទូត​រូប​នេះ​ដែល​រដ្ឋាភិបាល​អះអាង​ថា បាន​ទិតៀន​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តាម​បណ្ដាញ​សារព័ត៌មាន។ ក្រសួង​ការបរទេស​បាន​ចាត់​ទុក​ពាក្យ​សម្ដី​របស់​លោក វីល្លៀម ថត ថា​មាន​លក្ខណៈ​ព្រហើន​ខ្លាំង​ទៀត​ផង។

​ទោះជា​បែប​នេះ​ក្តី លោក កុយ គួង បញ្ជាក់​ថា ក្រសួង​ការបរទេស​មិន​ទាន់​មាន​ព័ត៌មាន ថា​តើ​ត្រូវ​កោះ​ហៅ​លោក វីល្លៀម ថត ចូល​ជួប ឬ​ក៏​យ៉ាងណា​នោះ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​តាក់តែង​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ច្បាប់​នេះ ត្រូវ​បាន​ក្រសួង​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ។ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ បើ​ទោះ​ជា​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្តី៕

You might also like More from author

Comments are closed.