ខ្យាដំរី និង​ដង្កូវដួង​រស់រវើក​ក្នុង​មាត់​ជា​រសជាតិ​ថ្មី​ប្លែក​នៅ​ភ្នំពេញ

2
Cambodia Website Design

ភ្នំពេញ: គ្រាន់តែ​ដង្កូវដួង​ធាត់​យ៉ាង​ទ្រលុកទ្រលន់​រវើករវ័ណ្ឌ​ពេញ​ក្នុង​ចាន​នៅ​ភោជនីយដ្ឋាន New Singapore City ខណៈ​អ្នក​ខ្លះ​បង្ហាញ​អារម្មណ៍​ញញើតញញើម អ្នក​ខ្លះ​ទៀត​បែរ​ស្រក់​ទឹក​មាត់​ចង់​ចាប់​យក​ចង្កឹះ​កៀប​អាកន្ធាត់​មួយ​មក​ដាក់​ទំពា​ក្នុង​មាត់​។

ប៉ុន្ដែ​ដើម្បី​ឲ្យ​គ្នា​ផុត​ទុក្ខ​ផុត​ភ័យ សូម​បញ្ជូន​ដួង​ទាំង​នេះ​ទៅ​ឋានសួគ៌​ដោយ​គ្រាន់តែ​ទំពា​មួយ​ម៉ាត់​ឲ្យ​ហៀរ​ទឹក​ក្នុង​មាត់​ជា​ការស្រេច​។ ភ្ញៀវ​ខ្លះ​ថែម​ទាំង​និយាយ​ថា វា​មាន​រសជាតិ​ឈ្ងុយ​ដូង​ទៀត​ផង​។

ដោយ​ចាត់ទុក​ដង្កូវដួង ជា​អាហារ​សម្បូរ​ប្រូតេអ៊ីន កាបូនអ៊ីដ្រាត វីតាមីនបេ និង​វីតាមីនសេ លោក សុផល ជា​ម្ចាស់​ហាង បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សម្រេច​បន្ថែម​​ដង្កូវ​រស់​ទាំងនេះ​ទៅក្នុង​មុខម្ហូប​ប្រចាំ​ភោជនីយដ្ឋាន ពីព្រោះ​ភ្ញៀវ​តែងតែ​ចង់​ភ្លក្ស​ម្ហូប​ដែល​ផ្ដល់​ប្រយោជន៍​ចំពោះ​សុខភាព​ពួកគេ​»។

Cambodia Website Design

លោក​និយាយ​ថា ដួង​ដែល​ខ្មែរ​យើង​​មិន​សូវ​បរិភោគ​​ជា​អាហារ​ដ៏វិសេស​សម្រាប់​អ្នក​មាន​ទ្រព្យធន និង​​ភ្ញៀវ​ចិន ខណៈ​ដង្កូវ​ធំៗ​ជា​គ្រឿង​ក្លែម​ស្រាបៀរ​ដ៏​ស័ក្ដិសម​បំផុត​។

ម្ចាស់​ភោជនីយដ្ឋាន​រូប​នេះ បាន​លើក​ឡើង​ថា​៖ «​ពួកគេ​ចូលចិត្ដ​បរិភោគ​អាហារ​ល្អៗ ហើយ​ក្នុង​នោះ​ក៏​មាន​ដង្កូវដួង​ដូង និង​ដួងសោម​ផង​ដែរ​ ពីព្រោះ​ភ្ញៀវ​ចិន​​ថា បើ​បុរស​ញ៉ាំ​វា វា​ធ្វើ​ថាមពល​មាំមួន​ដល់​ពួកគេ ហើយ​បើ​ស្ដ្រី​ញ៉ាំ​វា វា​ធ្វើឲ្យ​មាន​ស្បែក​ស្អាត​ដោយសារ​ជាតិ​ប្រូតេអ៊ីន​»។

ដួង​ដែល​មាន​ប្រភព​មកពី​ខេត្ដ​កំពង់ធំ រស់​នៅក្នុង​គល់ដូង និង​​ត្រូវ​បាន​រក្សា​ទាំង​រស់​នៅឯ​ភោជនីយដ្ឋាន​។ ពួកវា​មាន​សណ្ឋាន​​ដូចជា​ដង្កូវដួង​យក្ស​អូស្ដ្រាលី​។ នៅពេល​អ្នក​មិន​បរិភោគ​ឲ្យ​ទាន់​ពេល វា​នឹង​សក​។ បើ​ទោះបី​ជា​ពួក​វា​អាច​រស់​ដល់ ៣ សប្ដាហ៍ ហាង​មិន​ដែល​ទុក​វា​បាន​យូរ​​លើស​ពី​ ១ ​​សប្ដាហ៍​ទេ ដោយសារ​តម្រូវការ​ខ្ពស់​ពី​ភ្ញៀវ​។

ដង្កូវដួង​ដូង​តូចៗ​មាន​តម្លៃ ៥០០០ ​រៀល ក្នុង​មួយ​ចាន ហើយ​ដួងសោម​ធំៗ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាង មាន​តម្លៃ ២ ​ម៉ឺន​រៀល​ (ឬ ៥ ដុល្លារ​) ក្នុង​មួយ​ចាន​។ ពួក​វា​អាច​ទទួលទាន​ទាំង​ឆៅ ឬ​អាំង​ជ្រលក់​ប៊័រ​។

លោក សុផល បាន​អះអាង​ថា​៖ «​រសជាតិ​ដង្កូវ​ឆៅ​ដែល​ទំពា​មួយ​ម៉ាត់​បែក​គ្រឿង​ក្នុង​ខ្ចាយ​ពេញ​មាត់ ខុស​គ្នា​ឆ្ងាយ​ពី​ការ​ចម្អិន​ជា​ចៀន ឬ​ក៏​អាំង​ ប៉ុន្ដែ​ដួង​ឆៅ​នៅ​រក្សា​រសជាតិ​ដើម ដូចជា សាច់​ដូង​អ៊ីចឹង​»។

ក្រៅពី​ដង្កូវ​ដួង ហាង​របស់​លោក​ក៏​​រក្សា​ខ្យាដំរី​ទាំង​រស់​ក្នុង​ធុង​លើ​ធ្នើរ ដូចជា ការ​ចិញ្ចឹម​បង្កង​ផង​ដែរ​។ សត្វ​ល្អិត​អាសិរពិស​រស់​នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស​កម្ពុជា​ទាំងនេះ មាន​រសជាតិ​ស្រដៀង​នឹង​សាច់មាន់ និង​បង្កង​ទឹក​សាប​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​សត្វ​ខ្យាដំរី​ជា​​ឱសថ​ផង និង​អាហារ​​ផង​​​មាន​ជីវជាតិ​ច្រើន ព្រមទាំង​ផ្ដល់​ប្រយោជន៍​ជា​ថាមពល​កម្ដៅ​រាងកាយ​។ ​ជនជាតិ​ចិន​រមែង​ប្រើ​វា​ពេល​ពួកគេ​ឈឺ ហើយ​វា​អាច​ព្យាបាល​ការ​រាករូស​ផង​ដែរ​»។

ប៉ុន្ដែ លោក សុផល បាន​ព្រមាន​កុំ​ឲ្យ​ទទួលទាន​ជាមួយ​ទឹកដោះគោ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​ពុល​។

ភោជនីយដ្ឋាន​ទីក្រុង​សិង្ហបុរី​ថ្មី មាន​អាស័យដ្ឋាន​ផ្លូវ​លេខ ៣៦៨ ក្បែរ​កែង​ផ្លូវ ១១៣ ដែល​ចាប់​បើក​ទ្វារ​ពី​ម៉ោង ៣ រសៀល​ទៅ​ម៉ោង ១១ យប់ រៀងរាល់​ថ្ងៃ៕

Comments

comments

You might also like More from author