រថយន្ត​ក្រុង​គឺជា​ក្តី​បារម្ភ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ

1
Cambodia Website Design

ភ្នំពេញៈ កាលៈទេសៈ​ដែល​​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សម្លាប់​ជីវិត​មនុស្ស កាលពី​ថ្ងៃ​អង្គារ​ក្នុង​ខេត្ត​ស្វាយរៀង​គឺ​​អ្នក​បើកបរ​សម្រេចចិត្ត​​បើក​រថយន្ត​របស់​​ខ្លួន​​ទៅ​បុក​ឡាន​ដែល​កំពុង​​ធ្វើ​ចរាចរណ៍ ដើម្បី​ឲ្យ​ផុត​ពី​អ្នក​ជិះ​ម៉ូតូ​យឺត​គឺជា​កាលៈទេសៈ​ដែល​​​មនុស្ស​គ្រប់​គ្នា​ដែល​ធ្លាប់​បាន​ជិះ​រថយន្ត​ក្រុង​រថយន្ដ​វេន ឬ​រថយន្ត​ឈ្នួល​លើ​ផ្លូវជាតិ​កម្ពុជា​បាន​ដឹង​​។

ផលវិបាក​គឺ​មនុស្ស​ស្លាប់ ១៨ នាក់ និង​របួស​ច្រើន​នាក់ នៅពេល​ដែល​រថយន្ត​ក្រុង​បាន​បុក​ហែក​​ច្រៀក​ឡាន​ដឹក​អ្នក​​ដំណើរ​​ក៏​គេ​ធ្លាប់​ដឹង​ឮ​ផង​ដែរ​។

លោក សៅ សុវណ្ណរតនៈ មន្រ្តី​បច្ចេកទេស​ផ្នែក​​សុវត្ថិភាព​ផ្លូវថ្នល់ និង​ការ​បង្ការ​របួស​នៃ​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​ជីវិត​មនុស្ស​ ២​ ២២៦ នាក់​កាលពី​ឆ្នាំ​មុន ចំនួន ១១ ​ភាគរយ​គឺ​ទាក់ទង​នឹង​​យានយន្ត​បើក​​វ៉ា​​យានយន្ត​ដទៃ​ទៀត​​ដោយ​ខុស​ច្បាប់​ ហើយ​រថយន្ត​ក្រុង​គឺជា​បញ្ហា​នៃ​​ក្តីបារម្ភ​ជាពិសេស នា​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ។​​

Cambodia Website Design

កាលពី​ឆ្នាំ ២០១៣ កន្លង​មក ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ចេញ​​សេចក្តី​​ព្រមាន​​ដល់​ក្រុមហ៊ុន​រថយន្ដ​ក្រុង​ចំនួន​បួន ដែល​មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ច្រើន​លើសលប់ ដែល​បណ្តាល​មកពី​ការ​បើកបរ​ធ្វេសប្រហែស។

បើ​ទោះបី​មាន​ការ​សន្យា​ជា​បណ្តោះអាសន្ន​​ក្នុង​ការ​បង្ក្រាប​​​លើ​គ្រោះថ្នាក់​សម្លាប់​មនុស្ស​​បែប​នេះ​​ក៏ដោយ ក៏​ប៉ុន្តែ​អ្នក​ដែល​​ប្រើប្រាស់​ដង​ផ្លូវ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សោកនាដកម្ម​កាលពី​ថ្ងៃ​អង្គារ​គឺជា​លទ្ធផល​នៃ​​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​បើកបរ​ផ្សេង​ទៀត ក្នុង​ចំណោម​អ្នក​បើកបរ​ដែល​ផ្អែក​លើ​ទម្លាប់​។

លោក សារិន ​ដែល​ជា​អ្នក​បើក​រថយន្ត​ក្រុង​​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​​​ភ្នំពេញ​សូរិយា ដែល​បើក​លើ​ផ្លូវ​រវាង​រាជធានី​ និង​ខេត្ត​សៀមរាប បាន​​និយាយ​ថា គាត់​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​​ដោយ​ប្រុងប្រយ័ត្ន​ពេល​​ដែល​​សម្រេច​ថា តើ​ត្រូវ​បើក​វ៉ា​លើ​ផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ម៉ូតូ និង​ឡាន​បើក​យឺតៗ​ឬ​យ៉ាង​ណា?

លោក​បាន​បន្ថែម​ទៀត​ថា ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ចង់​ឲ្យ​រថយន្ត​ក្រុង​របស់​ខ្លួន​បាន​មក​ដល់​​គោលដៅ​តាម​កាលកំណត់​អ្នក​បើកបរ​​ «​មិន​ដែល​ត្រូវ​បាន​ស្តីបន្ទោស [នៅពេល​ដែល​ពួកគេ​មក​ដល់​យឺត​ពេក​នោះ​] ព្រោះ​ពួកគេ​យល់​ពី​ស្ថានភាព និង​ការ​លំបាក​របស់​យើង»។

ប៉ុន្តែ​លោក សារិន មិន​គិត​ថា វិធីសាស្រ្ត​បែប​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាទូទៅ​ទេ។

លោក​បាន​ថ្លែង​ថា៖ ​«​អ្នកបើក [រថយន្ដ] មួយ​ចំនួន​ផ្សេង​ទៀត មិន​​ខ្វល់​អំពី​សុវត្ថិភាព​របស់​អ្នកដទៃ​នៅលើ​ផ្លូវ​នោះ​ទេ​»។

ករណី​នោះ​មិនមែន​ជា​​ការ​ភ្ញាក់ផ្អើល​ចំពោះ​លោក អៀន រឹម ទេ ដែល​ប្រពន្ធ​លោក​ឈ្មោះ ម៉ន ស៊ីវុន អាយុ ២៧ ឆ្នាំ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ១៨ នាក់ នៅ​ខេត្ត​ស្វាយរៀង។ ​

លោក រឹម បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​គាត់ និង​អ្នក​ដទៃ​ទៀត បាន​ជ្រើសរើស​ជិះ​ជាមួយ​អ្នក​បើក​ឡាន​នោះ ព្រោះ​គាត់​មាន​កេរ្តិ៍ឈ្មោះ​បើក​មាន​សុវត្ថិភាព។ ប៉ុន្តែ​​ លោក​បាន​បន្ត​ទៀត​ថា ដោយ​​មាន​អ្នក​ផ្សេង​ទៀត​ជាច្រើន​នាក់​បើកបរ​ដោយ​ប្រុងប្រយ័ត្ន មិនមែន​ជា​ការ​ធានា​ថា បាន​ទៅ​ដល់​ដោយ​សុវត្ថិភាព​នោះ​ឡើយ​។

លោក រឹម ឲ្យ​ដឹង​ថា៖ «​ចរាចរណ៍​មិន​​អាច​ថ្លែង​បាន​ទេ បច្ចុប្បន្ន​នេះ។ មាន​រថយន្ត​ដឹក​ទំនិញ​ និង​រថយន្ត​ក្រុង​ធុនធ្ងន់​ជាច្រើន​គ្រឿង [​បើក​វ៉ា​ខុស​ច្បាប់​] លើ​ផ្លូវ​»​។

រដ្ឋាភិបាល​បាន​សន្យា​ពី​មុន​ថា​នឹង​ដោះស្រាយ​បញ្ហា​​ស្លាប់​នៅ​តាម​​ផ្លូវ​​ជាពិសេស​​ការ​ស្លាប់​ដែល​​បណ្តាល​មកពី​គ្រោះថ្នាក់​បុក​នឹង​រថយន្ត​ក្រុង ទោះបី​ជា​ចំនួន​អ្នក​ស្លាប់​នៅ​តែ​ខ្ពស់។ កាលពី​ឆ្នាំ​មុន​ (ឆ្នាំ ២០១៤) ចំនួន​គ្រោះថ្នាក់ គឺ​ជាង ៤៨០០ លើក និង​ចំនួន​​មនុស្ស​ស្លាប់ គឺ​ជាង ២១០០ នាក់ គឺជា​ចំនួន​កើនឡើង​ធៀប​នឹង​ឆ្នាំ ២០១៣​។

បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​សម្លាប់​មនុស្ស​រយៈពេល​​មួយ​សប្តាហ៍ កាលពី​ឆ្នាំ​ ២០១៣ មន្រ្តី​​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប្រអប់ខ្មៅ ដែល​មិន​ដូចជា​ប្រអប់​​ខ្មៅ​ក្នុង​យន្តហោះ​នោះ នឹង​ត្រូវ​កំណត់​ឲ្យ​ដំឡើង​នៅលើ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​នៅ​កម្ពុជា។

លោក ហ៊ឹម យ៉ាន ដែល​អតីត​ប្រធាន​​នាយកដ្ឋាន​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្រសួង​មហាផ្ទៃ​បាន​​ថ្លែង​ថា៖ «យើង​​ចង់​ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រអប់​ខ្មៅ​លើ​រថយន្ត​ក្រុង ដើម្បី​តាមដាន​​អ្នក​បើកបរ និង​​​ដឹង​ថា​តើ​ពួកគេ​កំពុង​បើកបរ​ដោយ​របៀប​ណា និង​​ដើម្បី​ពិនិត្យ​​ល្បឿន​ដែល​ពួកគេ​បើកបរ​ផង​ដែរ​»។

ទោះ​យ៉ាងណា ប្រធាន​​នាយកដ្ឋាន​ថ្មី គឺ​ឧត្តមសេនីយ៍ឯក លោក​ រុន រត្ន័ វាសនា បាន​ថ្លែង​​កាលពី​ម្សិលមិញ​ថា លោក​មិន​ដែល​​បាន​ឮ​ពី​គម្រោង​នេះ​ទេ។

លោក ឈួន វ៉ូន អគ្គនាយករង​​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជួន ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​និយាយ​ថា ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ត្រូវ​បាន​អនុម័ត កាលពី​ខែ​មករា នឹង​បន្ថយ​​ចំនួន​គ្រោះថ្នាក់​នៅលើ​ផ្លូវ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បាន​លើក​ឡើង​ថា ប្រសិន​បើ​ជន​ណា​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា មាន​កំហុស​​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលឲ្យ​មនស្ស​ស្លាប់ ពួកគេ​នឹង​ប្រឈម​​ទោស​​ជាប់​ពន្ធនាគារ ពី​មួយ ទៅ​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ លាន​ទៅ ១៥ លាន​រៀល។ ករណី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​​នាក់​ត្រូវ​មាន​​ទោស​ជាប់​ពន្ធនាគារ​ពី​ពីរ​ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ១០ ​លាន​​រៀល​ទៅ ២៥ លាន​រៀល។

ជាការពិត ​Le vanghing អ្នក​បើកបរ​រថយន្ដ​ក្រុង​ដែល​​បង្ក​​គ្រោះថ្នាក់​សម្លាប់​មនុស្ស កាលពី​ថ្ងៃ​អង្គារ កំពុង​អង្គុយ​ក្នុង​គុក​ពី​បទ​ចោទ​បើកបរ​មិន​ប្រុងប្រយ័ត្ន។

ចំពោះ​លោក រ័ត្នវាសនា បាន​សន្យា​ថា ការ​រួមផ្សំ​រវាង​ការ​អប់រំ និង​ការ​អនុវត្ត​ច្បាប់​នឹង​បន្ថយ​ចំនួន​ស្លាប់​រៀងរាល់​ឆ្នាំ (កម្មករ​កាត់ដេរ​ ៧៤ នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​មុន)។

ដោយ​សន្យា​ផ្តោត​ខ្លាំង​លើ​ការ​រំលោភ​​ល្បឿន​បើកបរ និង​ការ​បើកបរ​ក្រោម​ឥទិ្ធពល​គ្រឿង​ស្រវឹង​លោក​បាន​បន្ត​ថា៖ «យើង​ត្រូវ​សហការ​គ្នា​រួម​ទាំង​មន្រ្តី​អនុវត្ត​ច្បាប់ មិន​ត្រឹមតែ​ផាក​ពិន័យ​ទេ​។ យើង​អាច​មើល​ឃើញ​ថា ប្រហែល ៥០ ទៅ ៦០ ​ភាគរយ​នៃ​គ្រោះថ្នាក់​លើ​ផ្លូវ​គឺ​បណ្តាល​មកពី​ល្បឿន​»។

ក្រុមហ៊ុន Giant Ibis ​បាន​ឲ្យ​ដឹង​​ថា ស្ថានការណ៍​បច្ចុប្បន្ន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ផ្ទាល់​ត្រូវ​មាន​ភាព​សកម្ម​។

លោក យយ វិបុល អ្នក​គ្រប់គ្រង​ផ្នែក​ដឹកជញ្ជូន​នៅ​​ក្រុមហ៊ុន​រថយន្ដ​ក្រុង នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាលពី​ម្សិលមិញ ថា អ្នក​បើកបរ​ទទួល​​ការ​បណ្តុះបណ្តាល ហើយ​បើក​រថយន្ត​ក្រុង ដែល​មាន​ប្រព័ន្ធ GPS ដែល​​តាមដាន​ល្បឿន​របស់​​​​រថយន្ត ហើយ​​ត្រូវ​គេ​ស្តីបន្ទោស ប្រសិន​បើ​ពួកគេ​បើក​លើស​ល្បឿន​កំណត់។ អ្នក​​បើកបរ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​បើក​វ៉ា​យានយន្ត​នៅ​ពី​មុខ​ខ្លួន ប្រសិន​បើ​បើក​លើ​ផ្លូវ​ត្រង់ ហើយ​​ពួកគេ​អាច​មើល​ឃើញ​ថា គ្មាន​រថយន្ត​​​នៅ​​ពី​មុខ​ពី​ចម្ងាយ​ទេ។

លោក សារិន អ្នក​បើកបរ​ឲ្យ​ក្រុមហ៊ុន​សូរិយ៉ា បាន​ថ្លែង​ថា ការ​​សម្រេចចិត្ត​ប្រចាំ​ថ្ងៃ​ទាំងនោះ នៅ​ទីបំផុត ទម្លាក់​ការ​ទទួល​ខុសត្រូវ​មក​លើ​បុរស​ម្នាក់​។

លោក​បាន​បន្ថែម​ថា៖ «យើង​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន នៅពេល​ដែល​យើង​បើក​នៅ​​ចំណែក​ផ្លូវ​ម្ខាង​ទៀត​។ [​អ្នក​បើកបរ​មួយ​ចំនួន] គ្រាន់តែ​បើក​លឿន ព្រោះ​ពួកគេ​គិត​ថា​រថយន្ដ​ក្រុង​ទំហំ​ធំ​ធ្វើឲ្យ​មិន​សូវ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​ពួកគេ​មិន​គិត​ពី​គ្រោះថ្នាក់​ដែល​ពួកគេ​នឹង​បង្ក​ដល់​​អ្នកដទៃ​ទេ»។

You might also like More from author

Comments are closed.