ហេតុ​អ្វី​បាន​ជា​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​លើ​សាសនា​ជាតិ​ ដូច​មនុស្ស​សម័យ​មុនៗ​?

7
Cambodia Website Design

ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​រដ្ឋ​។ ប្រជាជន​ជាង​ ៩០​ ភាគ​រយ​គោរព​ព្រះពុទ្ធ​សាសនា​។ ប៉ុន្តែ​ បើ​និយាយ​ពី​យុវវ័យ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​វិញ ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍ មិន​យល់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ជាតិ​សាសនា​របស់​ខ្លួន​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាល់​តែ​សោះ​។​

តើ​កត្តា​អ្វីខ្លះ​នាំ​ឲ្យ​យុវជន​សម័យថ្មី​មិនសូវ​ចាប់អារម្មណ៍​លើ​សាសនា​ជាតិ​ដូច​មនុស្ស​សម័យ​មុនៗ​?

«​បុណ្យ​សាសនា​របស់​ខ្មែរ​យើង​មិន​សូវ​សប្បាយ​ដូចជា​បុណ្យ​សាសនា​ដទៃ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់ ​យុវតី​វ័យ ​២២​ ឆ្នាំឈ្មោះ រស់ ស្រី​តូច ដែល​ជា​កម្មការិនី​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​។

Cambodia Website Design

នាង​បាន​បន្តថា​៖ «​បុណ្យ​សាសនា​ដទៃ​ (​ណូអែល) ទាក់​ទាញ​អារម្មណ៍​ខ្ញុំ ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ពី​ប្រវិត្តិ តែ​បើ​បុណ្យ​ខ្មែរ​អី​ជា​ដើម​នឹង​ទោះ​ផ្សាយ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ដែរ​ព្រោះ​មិនសូវ​ទាក់​ទាញ​»​។​

ខណៈ​ដែល​ស្រី​តូច ហាក់​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​រឿង​សាសនា​ដោយ​សារ​​គេ​យល់​ថា បុណ្យ​សាសនា​ខ្មែរ​មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​សប្បាយ​រីករាយ​នោះ យុវតី​សម្បុរស្រអែម សៀង​ សុខ​ចេង ដែល​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​កម្ពុជា ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ស្រដៀង​គ្នា​នេះដែរ​ថា​៖ «​ខ្ញុំ​មិន​ចាប់​អារម្មណ៍​គឺ​ដោយ​សារ​ខ្ញុំ​មិន​ជឿ​លើ​សាសនា​ណាមួយ​តែ​ម្តង​»​។

នាង​ថា​៖ «​ខ្ញុំ​មិន​ជឿ​លើ​សាសនា​នោះ​ទេ ហើយ​ក៏​មិន​ជឿ​ថា​មាន​ឋាន​នរក ​ឋាន​សួ​គ៌ា​​អី​ដែរ គឺ​មនុស្ស​មានតែ​មួយ​ជាតិ​តែប៉ុណ្ណោះ​»។​

នាង​បន្តថា​៖ «​ខ្ញុំ​មិន​ជឿ​ ព្រោះថា ខ្ញុំ​សិក្សា​ច្រើន ហើយ​​ខ្ញុំ​ជឿ​លើ​វិទ្យាសាស្ត្រ​ជាង​ការ​ជឿ​អបិយ​ជំនឿ​។ ខ្ញុំ​មិន​ជឿ​លើ​សាសនា​ណា ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​គោរព​ព្រះសង្ឃ ព្រោះ​នេះ​បង្ហាញ​ពី​អត្ត​ច​រិ​ត​ខ្មែរ​»​។​

ទោះ​បី​ជា យុវវ័យ​ខ្មែរ​បច្ចុប្បន្ន​មាន​ជំនឿ​លើ​សាសនា ឬ​មិន​មាន​ជំនឿ​លើ​សាសនា​ព្រះពុទ្ធ​ក្តី ក៏​កាលៈទេសៈ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ជំនឿ​របស់​ខ្លួន​ដោយ​ប្តូរ​ទៅ​កាន់​ជំនឿ​មួយ​ទៀត​ដោយ​មិន​ដឹង​ខ្លួន​។​

យុវជន រី ឧស្សាហ៍ និសិ្សត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​ជា​គ្រិស្ត​សាសនិក​មួយ​រូប​នៅ មជ្ឈមណ្ឌល​គ្រិស្តសាសនា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​មក​រៀន​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​​ ២០១១ ហើយ​ខ្ញុំ​ក្រ គ្មាន​កន្លែង​ស្នាក់​នៅ បន្ទាប់​មក​ខ្ញុំ​ក៏​ចូល​គ្រិះ​សាសនា ​​គេ​ក៏​បាន​ផ្តល់​កន្លែង​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​»​។​

លោក​បន្តថា​៖ «​តាម​ពិត​ទៅ​ខ្ញុំ​មិន​សូវ​មាន​ជំនឿ​រឹងមាំ​លើ​សាសនា​គ្រិស្ត ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​រស់​នៅ​យូរ​ទៅ ​ខ្ញុំ​ចាប់​ផ្តើម​សិក្សា​ពី​សាសនា​​គ្រិស្ត​ច្រើន​ជាង​សាសនា​ព្រះពុទ្ធ​»​។​

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ឪពុក​ម្តាយ​ខ្ញុំ​មិន​បានដឹង​រឿងនេះ​ទេ ហើយ​បើ​គាត់​ដឹង​ប្រហែល​ខ្ញុំ ​អាច​មាន​បញ្ហា​ដោយ​គាត់​មិន​ចូលចិត្ត ប៉ុន្តែ​យ៉ាង​ណា​នៅ​ពេល​ខ្ញុំ​នៅ​គ្រិស្ត ​ខ្ញុំ​គោរព​គ្រិស្ត ពេល​នៅ​ព្រះពុទ្ធ ខ្ញុំ​គោរព​ព្រះពុទ្ធ​»​។​

ការ​មិន​ជឿ​លើ​សាសនា ការ​មិន​ចង់​ដឹង​រឿង​ទាក់ទង​នឹង​សាសនា​ព្រះពុទ្ធ​គឺ​កត្តា​មួយ ប៉ុន្តែ​កត្តា​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ អ្នក​កាន់​ព្រះ​ពុទ្ធ​​សាសនា​​ខ្លួនឯង​មួយ​ចំនួន​បាន​ជាន់​ឈ្លី​សាសនា តាម​រយៈ​ការ​ប្រព្រឹត្តិ​មិន​សមរម្យ ប្រាសចាក​គន្លង​ព្រះពុទ្ធសាសនា​មួយ​ចំនួន​ដូច​កន្លង​មក ដូច​មាន​នៅ​ក្នុង​រូប​ភាព​ដែល​មហាជន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​បង្ហាញ​ពី​សកម្មភាព​ព្រះសង្ឃ​ទទួល​ទាន​សុរា​ជាដើម​។

កត្តា​អាក្រក់​ទាំង​នេះ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​យុវជន​បាត់បង់​ជំនឿ​បន្តិច​ម្តងៗ ហើយ​នាំ​ឲ្យ​គេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ព្រះពុទ្ធសាសនា​។​ «​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា សាសនា​គេ​ពូកែ និង​មាន​យុទ្ធសាស្រ្ត​ផ្សព្ធផ្សាយ​ព័ត៌មាន​ជាង​សាសនា​ព្រះពុទ្ធ ដូចជា​ថ្ងៃ​ ២៥ ​ធ្នូ​ អ៊ីចឹង (​បុណ្យ​ណូអែល​) គេ​ផ្សព្ធផ្សាយ​គ្រប់​ទីកន្លែង​អ៊ីចឹង​ទៅ​»​។ នេះ​ជា​សង្ឃ​ដីកា​របស់​ព្រះចៅ​អធិការ​វត្ត​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​មាន​បញ្ហា​។​

​ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ទៀត​ថា​៖ «​ការ​ដែល​យុវវ័យ​មិន​សូវ​ចាប់​អារម្មណ៍​ យក​ចិត្ត​ទុក្ខ​ដាក់​លើ​សាសនា​ព្រះពុទ្ធ​មិន​មែន​ជា​កំហុស​ស្ថាប័ន​ណា​មួយ​ទេ យើង​ត្រូវ​ផ្តោត​លើ​ក្រសួង ឬ​ស្ថាប័ន​ទាំង​អស់​ត្រូវ​ចូល​រួម​គ្នា​ផ្សព្ធផ្សាយ​ទើប​ទៅ​រួច​ព្រោះ​មាន​ការ​ពាក់​ព័ន្ធ ដូច​ជា​ទី​មួយ​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ ទី​ពីរ​ក្រសួង​ធម្មការ​និង​សាសនា ទី​បី​ក្រសួង​អប់រំ ​យុវជន និង​កីឡា ទី​បួន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​»​។​

លោក អួង វិបុល អ្នក​នាំ​ពាក្យ​ក្រសួង​​ធម្មការ និង​សាសនា បាន​និយាយ​ថា កន្លង​មក ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើ​ការ​បំពេញ​បេសកកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អប់រំ សីលធម៌ ចរិយាធម៌ និង​គោល​ទស្សនៈ​ល្អ​របស់​ព្រះពុទ្ធ​សាសនា​ដល់​សិស្សានុសិស្ស​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា​។​

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា​៖ «​ពេល​ដែល​យើង​ចុះ​ធ្វើ​តាម​សាលារៀន [​យើង​]​ឃើញ​យុវជន យុវនិស្សិត មាន​ការ​ចូល​រួម​ច្រើន​​»​។ ក៏​ប៉ុន្តែ​លោក​ថា ក៏​មាន​យុវជន​​មួយ​ចំនួន ដែល​មិន​សូវ​ទទួល​ជ្រួត​ជ្រាប​ពី​បញ្ហា​សាសនា​នេះ ដែល​បណ្ដាល​ឱ្យ​ពួក​គេ​មិន​សូវ​ខ្វាយ​ខ្វល់​ប្រតិបត្តិ​សាសនា​បាន​ដូច​ចាស់​ជាន់​ដើមឡើយ​។​

លោក វិបុល បាន​ចង្អុល​ទៅ​កាន់​កត្តា​ធំៗ​ចំនួន​៣​រួម​មាន ​កង្វះ​ការ​អប់រំ​អំពី​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា កត្តា​បច្ចេកវិទ្យា និង​ការងារ​ដែល​នាំ​ឱ្យ​យុវជន​មិន​ខ្វល់​ខ្វាយ​ពីសាសនា និង​កត្តា​សកលភាវូបនីយកម្ម ដែល​នាំ​ឱ្យ​យុវជន​មាន​ជម្រើស​ច្រើន​ហើយ​ធុញ​ទ្រាន់​មិន​ចង់​ប្រតិបត្តិ​ពុទ្ធសាសនា​បន្ត​ទៅ​ទៀត​។​

លោក​បាន​និយាយ​ទៀត​ថា​៖ «យុវជន​ជំនាន់​ថ្មី​របស់​យើង​ភ្លើត​ភ្លើន ចង់​សាក​ល្បង​អ្វី​ដែល​ថ្មី​ប្លែក ដែល​វា​ជា​កត្តា​មួយ​ដល់​ការគោរព​ប្រតិបត្តិ ​[សាសនា​] ​ដែរ​»​។​

លោក​វិបុល​ អ្នក​នាំ​ពាក្យ​ក្រសួង​​ធម្មការ និង​សាសនា​ បាន​​លើក​ឡើង​ថា៖ «​ទៅ​ថ្ងៃ​មុខ​ទៅ ក្រសួង​ធម្មការ​ និង​សាសនា មាន​គម្រោង​នឹង​បន្ត​ចុះ​អប់រំ និង​ពង្រីក​សកម្មភាព​របស់​ខ្លួន ដែល​មាន​ព្រះសង្ឃ​ជា​សេនាធិការ​ប្រតិបត្តិ​ការ​អប់រំ​ដោយ​ផ្ទាល់​ និង​ក៏​ដូច​ជា​ដាក់​ចូលក្នុង​កម្ម​វិធី​សិក្សា ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ដើម្បី​ជា​ការ​អប់រំ​»៕

Comments

comments

You might also like More from author