Heineken មិន​អាច​រក​បាន​ទូលំ​ទូលាយ​ដូច​មុន​ទេ

3
Cambodia Website Design

ភ្នំពេញៈ រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ជម្លោះ​លើ​សិទ្ធិ​ចែកចាយ​ស្រាបៀរ​របស់​ប្រទេស​ហូឡង់​នៅ​កម្ពុជា ធ្វើ​ឲ្យ​វត្តមាន​ស្រាបៀរ Heineken មិន​អាច​រក​បាន​ឲ្យ​ទូលំ​ទូលាយ​ដូច​មុន​ទៀត​ឡើយ។

Cambodia Brewery Limited (CBL) ដែល​ជា​ក្រុមហ៊ុន​ចែក​ចាយ​ស្រាបៀរ​នេះ​ផ្ដាច់​មុខ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ថា៖ «យើង​សោក​ស្ដាយ​ដែល​ស្រាបៀរ Heineken នៅ​ពេល​បច្ចុប្បន្ន​មិន​អាច​រក​បាន​ជា​ទូទៅ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា»។

ជម្លោះ​អំពី​ស្រាបៀរ Heineken បាន​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក Attwood Import Export (AIE) បាន​បាត់បង់​សិទ្ធិ​ក្នុងការ​ចែក​ចាយ​ស្រាបៀរ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ខ្លួន​បាន​នាំ​ចូល​តាំង​ពី​ឆ្នាំ​១៩៩៤។

Cambodia Website Design

ពេល​កិច្ច​ព្រម​ព្រៀង​១០​ឆ្នាំ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Attwood បាន​ផុត​កំណត់​កាលពី​ខែ​ធ្នូ សិទ្ធិ​ចែក​ចាយ​ត្រូវ​បាន​ទៅ​លើ​ក្រុមហ៊ុន CBL។

ក្រុមហ៊ុន CBL បាន​បដិសេធ​ដោយ​មិន​ប្រាប់​ពី​អ្វី​ដែល​នៅ​ពី​ក្រោយ​នៃ កង្វះ​ការ​ចែក​ចាយ​ស្រាបៀរ Heineken នេះ​ទេ ទោះបីជា​វា​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អតីត​ក្រុមហ៊ុន​ចែកចាយ​ដើម្បី​នាំ​យក​ស្រាបៀរ Heineken ត្រឡប់​មក​វិញ​ក៏​ដោយ។

លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CBL ឲ្យ​ដឹង​ថា បញ្ហា​នៃ​ការ​ចែកចាយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​នេះ​ប្រហែល​មួយ​ខែ​មក​ហើយ។

ក្រុមហ៊ុន Attwood បដិសេធ​ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​កាលពី​ម្សិលមិញ។

កាល​ពី​ខែ​មករា ក្រុមហ៊ុន​នេះ​បាន​កើត​ជម្លោះ​ខ្លាំង​ដោយ​សារ​តែ​ការ​បាត់បង់​កិច្ច​ព្រមព្រៀង​ដែល​រក​ប្រាក់​បាន​ច្រើន​របស់​ខ្លួន។ ពេល​នោះ​ក្រុមហ៊ុន​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​លើក​ឡើង​ថា៖ «ខ្លួន​បាន​រំពឹង​ថា​នឹង​បាន​ពិគ្រោះ​យោបល់​ទាន់​ពេល​វេលា ក្នុង​នាម​ជា​ដៃគូ​រយៈពេល​វែង​របស់​ស្រាបៀរ Heineken ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «ភាព​ជោគជ័យ​របស់​យីហោ​ស្រាបៀរ​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ជា​ស្រាបៀរ​មាន​គុណភាព​លេខ១​គឺ​ដោយ​សារ​ការ​ធ្វើ​ការងារ​ខ្លាំង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់ AIE តែ​ប៉ុណ្ណោះ»។

ជម្លោះ​នេះ​បាន​ធ្លាក់​ដល់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ សម្រប​សម្រួល​លក្ខណៈ​មិត្តភាព​លើ​បញ្ហា​នេះ។

ខណៈ​មាន​ជម្លោះ​កើត​ឡើង នៅ​តាម​ភោជនីយដ្ឋាន និង​ពាណិជ្ជករ​ផ្សេង​ទៀត​ទើប​តែ​បាន​ដឹង​រឿង​នេះ។

លោក​ស្រី Carrol Sahaidak Beaver នាយក​ប្រតិបត្តិ​នៅ​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​ថ្លែង​ថា ភោជនីយដ្ឋាន​ជាច្រើន​បាន​រាយការណ៍​ពី​អវត្តមាន​ទាំង​ស្រុង​របស់​ស្រាបៀរ​ប្រទេស​ហូឡង់​នេះ។ លោក​ស្រី​បន្ត​ថា៖ «វា​មាន​រយៈពេល​ប្រហែល​ជា​២​សប្ដាហ៍​ដែល​ពួក​គេ​មិន​បាន​ទទួល​ស្រាបៀរ Heineken ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​គ្រប់​ទីកន្លែង»។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទៅ​ដល់​ហាង​លក់​ស្រា Supercheap ដែល​ជា​ហាង​បោះ​ដុំ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​ឃើញ​មាន​ស្រាបៀរ Heineken នោះ​ទេ។

លោក កូវ ដារ៉ា ជំនួយ​ការ​ឃ្លាំង​ថ្លែង​ថា៖ «បាទ មនុស្ស​ជាច្រើន​ស្វែងរក ប៉ុន្តែ​យើង​មិន​មាន​នោះ​ទេ។ យើង​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។ វា​ដូច​គ្នា​ដែរ​តាម​ហាង​ផ្សេង​ទៀត»។

ក្រុមហ៊ុន Attwood គ្រប់គ្រង​ដោយ​លោក ស្រី លឹម ឈីវហូ ជា​ពាណិជ្ជករ​ឈាន​មុខ​គេ​មួយ​រូប​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជា​មហាសេដ្ឋី​មួយ​រូប​ក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​១០​របស់​កម្ពុជា​ដោយ​រដ្ឋាភិបាល​អាមេរិក​នៅ​ក្នុង​ការ​លេច​ធ្លាយ​ទូរលេខ​មួយ​កាលពី​ឆ្នាំ​២០០៧។

ក្រុមហ៊ុន Attwood ដែល​ចែក​ចាយ​ស្រា​វិស្គី Johnnie Walker និង​ស្រា Hennessey កំពុង​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ចែក​ចាយ​ស្រា​បៀរ​បរទេស​ផ្សេង​ទៀត​វិញ។

យោង​តាម​អ្នក​នាំ​ពាក្យ​ផ្នែក​ទំនាក់​ទំនង​សាធារណៈ ក្រុមហ៊ុន​នេះ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចែក​ចាយ​ផ្ដាច់​មុខ​ជាមួយ​ក្រុមហ៊ុន​ស្រាបៀរ Corona នៅ​ថ្ងៃ​សុក្រ​៕

You might also like More from author

Comments are closed.