លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​ពី​ចិន​កាន់​តែ​ច្រើន

0
Cambodia Website Design

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​មក​ពី​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ (SSEZ) ដែល​ជា​ការ​វិនិយោគ​រួម​ដោយ​ប្រទេស​ចិន និង​វិនិយោគិន​ក្នុង​ស្រុក។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ជំនួប​ជា​មួយ​លោកស្រី Gao Yan អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​លោក​ហ៊ុន សែន។

លោក អ៊ាង សុផល្លែត បាន​ដក​ស្រង់​សម្ដី​លោកនាយក​រដ្ឋមន្ដ្រី​ថា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ស្នើ​ដល់​លោកស្រី Gao ថា ប្រទេស​ទាំង​ពីរ​មាន​សក្ដានុពល​ធំ​ដែល​អាច​ធ្វើ​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត ជា​ពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

Cambodia Website Design

លោកនាយក​រដ្ឋមន្ដ្រីក៏​ថ្លែង​ដែរ​ថា កាល​ពី​ឆ្នាំ២០១២ ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​យល់​ព្រម​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ឡើង​ដល់​ ៥ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៧។

លោកស្រី Gao Yan បាន​ប្រាប់​លោកនាយក​រដ្ឋមន្ដ្រី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នឹង​ធ្វើ​ការងារ​ជា​មួយ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​រៀបចំ​ឯកសារ​ការងារ​មួយ​ចំនួន​ដើម្បី​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី​បន្ត​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​សង្ឃឹម​ថា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា​ស្រប​ជា​មួយ​នឹង​គោល​នយោបាយ​ផ្លូវ​សូត្រ​របស់​ចិន​សម្រាប់​សតវត្សរ៍​ទី ២១ »។

SSEZ នេះ​គឺ​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន និង​ក្រុមហ៊ុន​ក្នុងស្រុក គ្រប់​គ្រង​ដោយ​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​សរុប ៣២០ លាន​ដុល្លារ​អាមេរិក​ដែល​បាន​ចាប់​ផ្ដើម​សាង​សង់​ កាល​ពី​ដើម​ឆ្នាំ​ ២០០៨ លើ​ផ្ទៃ​ដី​ដែល​បាន​គ្រោង​សរុប​ ១១,១៣​ គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​ប្រតិបត្តិការ​នៅ​ក្នុង​ដំណាក់​កាល​ទី ១​ កាល​ពី​ឆ្នាំ ២០០៩។

នាយក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន SSEZ លោក DAI Yue’ E បាន​ថ្លែង​កាល​ពី​ខែឧសភា​ឆ្នាំមុន​ថា មាន​សហគ្រាស​ជាង​៣០​កំពុង​ប្រតិបត្តិ​ការ​ដែល​ស្រូប​យក​កម្មករ​កម្ពុជា​ចំនួន ​៩០០០ នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

គិត​មក​ត្រឹម​ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៤ ពន្ធ និង​តម្លៃ បង់​ដោយ​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ SSEZ មាន​ជិត​ ៣ លាន​ដុល្លារ​អាមេរិក និង​ទំហំ​នៃ​ការ​នាំ​ចេញ​ នាំ​ចូល​សរុប​ជិត​ ២៥០ លាន​ដុល្លារ​អាមេរិក។

ប្រទេស​ចិន​បាន​វិនិយោគ​ទឹក​ប្រាក់​សរុប ​៩,១៧ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ​ ២០១២ នៅ​កម្ពុជា ដែល​ការ​វិនិយោគ​របស់​ចិន​ភាគ​ច្រើន​មាន​ដូច​ជា កសិកម្ម រ៉ែ ហេដ្ឋារចនាសម្ព័ន្ធ និង​ផលិតផល​កាត់​ដេរ។ នេះ​បើ​តាម CDC៕

You might also like More from author

Comments are closed.